អាងស្តុកទឹកសេសាន២ក្លាយជាកន្លែងលាងឈើខុសច្បាប់






ស្រុកសេសាន, ខេត្តស្ទឹងត្រែង-រថយន្តធុនធំប្រឡាក់ដីស្រមកដែលដឹកឈើប្រណីត ធ្វើដំណើរទៅមកៗមិនដាច់តាមផ្លូវដីក្រហមក្នុងស្រុកដែលមានការកាប់បំផ្លាញព្រៃឈើយ៉ាងវិនាសមួយនេះ។ រថយន្តកង់១០រាប់សិបគ្រឿងដែលដឹកឈើធ្នង់ ជាប្រភេទឈើត្រូវប៉ាន់ ធ្វើដំណើរទៅមកៗតាមផ្លូវដែលមានជង្ហុកធំៗទាំងនេះ ជារៀងរាល់ថ្ងៃ។ ឈើមួយចំនួនក្នុងចំណោមឈើទាំងនេះគឺស្របច្បាប់ ប៉ុន្តែ មួយចំនួនធំខុសច្បាប់។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនរួមដ៏ធំនិងដ៏មានឥទ្ធិពលរបស់អ្នកឧកញ៉ា គិត ម៉េងដែលទទួលការអប់រំពីប្រទេសអូស្ត្រាលី មានសិទិ្ធពេញទីក្នុងការកាប់ និងលក់ឈើនៅក្នុងតំបន់អាងស្តុកទឹកមួយទំហំ៣៦.០០០ហិកតានៅទីនេះ។ អាងស្តុកទឹកនោះនឹងក្លាយជាកន្លែងស្តុកទឹកសម្រាប់ទំបន់វារីអគ្គិសនីសេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់នៅឆ្នាំ២០១៧ នៅពេលជញ្ជាំងទំនប់កម្ពស់៧៥ម៉ែត្រត្រូវបានសាងសង់រួចរាល់នៅខ្សែទឹកខាងក្រោមចម្ងាយប្រហែល១,៥គីឡូម៉ែត្រពីចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក ហើយដីដែលត្រូវបានឈូសឆាយនេះនឹងក្លាយជាអាងស្តុកទឹក។ ប៉ុន្តែ ពេលនេះបណ្តាអ្នកឃ្លាំមើលព្រៃឈើនៅទីនេះនិយាយតិចតួចណាស់អំពីការឈូសឆាយដីនៅក្នុងតំបន់អាងស្តុកទឹកសេសាន។ ផ្ទុយមកវិញពួកគេនិយាយថា ព្រៃឈើនៅភាគខាងជើងកំពុងរងការកាប់បំផ្លាញ ដោយអាងស្តុកទឹកនេះត្រូវបានគេប្រើប្រាស់ជាកន្លែងបិទបាំងសម្រាប់លាងឈើខុសច្បាប់។ …
ម៉ាតត៍ ប្លូមប៊ឺហ្គ និង ផាន់ អាណា
http://www.cambodiadaily.com/news/sesan-ii-reservoir-a-laundry-for-illegal-timber-60575/