សកម្មជនធ្វើពិធីបួងសួងសុំឲ្យដោះលែងអ្នកជាប់ឃុំ ២១នាក់
អ្នកភូមិ បឹងកក់ បុរីកីឡា ថ្មគោល ព្រះសង្ឃ និងក្រុមសហជីព ប្រមាណជាង ២០០ អង្គ នាក់ ដែលអ្នកខ្លះស្លៀកសពាក់ស និងមានការតុបតែងជាតួអង្គអ្នកតាដំបងដែក បាននាំគ្នារៀបចំពិធីបួងសួងដល់វត្ថុស័ក្តិសិទិ្ធក្នុងលោក សូមឲ្យជួយជំរុញចិត្តមន្ត្រីល្អ ក្នុងជួររដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ដោះលែងក្រុមសកម្មជនសិទ្ធិមនុស្សនិងកម្មករចំនួន ២១ នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ត្រពាំងផ្លុង។ ពិធីនេះបានធ្វើឡើងនៅមុខរូបសំណាក «តេជោមាស និង តេជោយ៉ត» នៅមុខវត្ត ឧណ្ណាលោម បន្ទាប់ពីការប៉ុនប៉ងជួបប្រជុំគ្នារៀបចំពិធីនៅមុខតុលាការកំពូល ត្រូវបានក្រុមសមត្ថកិច្ចចម្រុះរារាំង។ លោក ពេជ្រ លឹមឃួន តំណាងពលរដ្ឋរងគ្រោះមកពីសហគមន៍ បុរីកីឡា ដែលបានតុបតែង ធ្វើជាអ្នកតាដំបងដែក បានអង្គុយបួងសួង ដោយកាន់ភ្លើងទៀនជាច្រើនដើម នៅក្នុងដៃ បន្ទាប់មក បានលេបភ្លើងចូលទៅក្នុងមាត់ ដើម្បីពន្លត់ភ្លើង។ ភ្លាមៗនោះ លោក លឹមឃួន ដែលក្រុមអ្នកចូលរួមភាគច្រើនបាននិយាយថា គាត់ត្រូវបានរូបអ្នកតាដំបងដែកចូលសណ្ឋិត ក្នុងរូបកាយនោះ បានស្រែកឡើងថា៖ «យកអ្នកទាំង ២១ នាក់មក»។ សម្រែកនេះ ធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើល ព្រោះពួកគេមិនបានរៀបចំសត្វស្លាបចំនួន ២១ ក្បាល សម្រាប់ធ្វើជាតំណាងជនទាំង ២១ នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រពាំងផ្លុង នោះទេ។
ឃុត សុភចរិយា
http://www.postkhmer.com/national/1-national-news/111402-2014-03-04-03-49-11