ក្រុម​គ្រួសារ​ មិត្តភក្តិ​ ​និង​ក្រុម​អ្នកគាំទ្រ​ ហែ​ក្បួន​ដាក់​កម្រងផ្កា​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក​ជា​វិជ្ជា​

​កាលពី​១០​ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃ​ទី​២២​ខែមករា​ ​ឆ្នាំ​២០០៤ ​លោក​ ​ជា​ ​វិជ្ជា​ ​ប្រធាន​សហជីព​សេរី​កម្មករ​ ​បាន​ដើរទៅ​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​នៅ​ជិត​វត្ត​លង្កា​  ​ហើយ​កាសែត​ដែល​គាត់​អាន​នៅ​ថ្ងៃ​នោះ​មាន​ចំណងជើង​ថា​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជា​ឲ្យ​កាត់​បន្ថយ​ការ​ចំណាយ​ ​មន្ត្រី​សុខាភិបាល​ព្យាយាម​ដោះស្រាយ​ការ​ផ្ទុះ​ឡើងជា​លើក​ដំបូង​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នៅ​អាស៊ី​អាគ្នេយ៍​ ​និង​ការ​ត្រៀមលក្ខណៈ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ចិន​។​

​មួយ​ថ្ងៃ​ក្រោយមក​ ​លោក​ ​ជា​ ​វិជ្ជា​ ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ចេញ​ថ្ងៃ​នោះ​ដែល​មាន​ចំណងជើង​ថា​ “ ​ឃាតករ​បាញ់​សម្លាប់​ ​លោក​  ​ជា​ ​វិជ្ជា​ ​ប្រធាន​សហជីព​សេរី​កម្មករ​”​។​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​មាន​ប្រជាប្រិយភាព​ ​និង​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​ជា​យូរ​មក​ហើយ​នោះ​ ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​២២ ​ខែមករា​ ​ឆ្នាំ​២០០៤​។​

​លោក​ ​ជា​ ​វិជ្ជា​ ​ត្រូវ​បាន​ឃាតករ​បាញ់​ចំនួន​ពីរ​គ្រាប់​។​ ​គ្រាប់កាំភ្លើង​ទាំង​ពីរ​ត្រូវ​បាន​បុរស​ម្នាក់​ដែល​មិន​មាន​ពាក់​ម៉ាស់​មុខ​បាញ់​យ៉ាង​កៀក​ ​គឺ​មួយ​គ្រាប់​ត្រូវ​ចំ​ទ្រូង​ ​និង​មួយ​គ្រាប់​ទៀត​ត្រូវ​ចំ​ក្បាល​។​

​អ្នក​កាន់ទុក្ខ​ជាង​១០.០០០​នាក់​បាន​ចូលរួម​ហែសព​ប្រធាន​សហជីព​រូប​នេះ​។​ដើម្បី​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការ​ធ្វើឃាត​លោក​ ​ជា​ ​វិជ្ជា​ ​លោក​ ​ជា​ ​មុនី​ ​ប្អូនប្រុស​របស់​លោក​ ​ជា​ ​វិជ្ជា​ ​និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​បច្ចុប្បន្ន​ ​រួម​ជាមួយ​មិត្តភក្តិ​ ​សហការី​ ​និង​អ្នកគាំទ្រ​ប្រហែល​១០០​នាក់​បាន​ហែ​ក្បួន​ពី​ការិយាល័យ​សហជីព​សេរី​កម្មករ​នៅ​ផ្លូវ​លេខ​៣៦០ ​ទៅ​កាន់​ផ្លូវ​លេខ​៥១​កាត់​តាម​តូប​លក់​កាសែត​ ​កន្លែង​ដែល​ឃាតករ​បាញ់​សម្លាប់​លោក​នៅ​ជិត​វត្ត​លង្កា​  ​ហើយ​បាន​បញ្ចប់​នៅ​កន្លែង​តម្កល់​រូបសំណាក​លោក​ ​ជា​ ​វិជ្ជា​ ​នៅ​ទល់មុខ​វត្ត​នេះ​។​ …​

ឃី សុវុទ្ធី និង Denise Hruby
http://www.cambodiadailykhmer.com/latest/9738/