ផ្សារហ៊ុនស្ថិតក្នុងសភាពស្ងប់ស្ងាត់រយៈពេលពីរឆ្នាំតាំងពីចាប់ផ្តើម
ផ្សារមូលបត្រកម្ពុជាបានដំណើរការអស់រយៈពេលជិតពីរឆ្នាំមកហើយ តាំងពីត្រូវបានបើកសម្ពោធនៅក្នុងរាជធានីភ្នំពេញ នៅចំពោះមុខមន្ត្រីរដ្ឋាភិបាលពោរពេញដោយមោទនភាព មន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ និងក្រុមវិនិយោគិនមកពីទូទាំងតំបន់។ ក្តីរំពឹងកាលពីដំបូងគឺថា សហគ្រាសរដ្ឋទាំងបីនឹងត្រូវបានចុះបញ្ជីក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមដំណើរការ។ ប៉ុន្តែ មិនមានក្រុមហ៊ុនណាមួយបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់ចុះបញ្ជីនេះទេ។ នៅថ្ងៃទី១៨ខែមេសាឆ្នាំមុន នៅផ្សារមូលត្រកម្ពុជា មានឈ្មួញមូលបត្រជាច្រើន ហើយនៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្លឺសំឡេងជួងដាក់ឲ្យដំណើរការ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចចុះបញ្ជីនៅលើផ្សារមូលបត្រនេះ។ ប៉ុន្តែ បច្ចុប្បន្ន ផ្សារមូលបត្ររបស់ប្រទេសនេះស្ថិតក្នុងសភាពស្ងប់ស្ងាត់។ នៅពេលចូលទៅផ្សារមូលបត្រកម្ពុជាដែលស្ថិតនៅលើអគារវិមានកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ គេឃើញថា មានសភាពស្ងប់ស្ងាត់ ហើយជាន់សម្រាប់ជួញដូរមូលបត្រ ត្រូវបានបិទទ្វារតាំងពីខែធ្នូ ខណៈដែលឈ្មួញនៅឯក្រុមហ៊ុនមូលបត្រនានា ត្រូវបានស្នើឲ្យជួញដូរភាគហ៊ុននៅក្នុងការិយាល័យរបស់ខ្លួនផ្ទាល់ ដើម្បីកាត់បន្ថយថ្លៃចំណាយផ្សេងៗក្នុងការជួញដូរ។ …
ហ៊ុល រស្មី និង Alex Willemyns
http://www.cambodiadailykhmer.com/business/2661/