សហជីពប្រាប់កម្មករទាំងអស់ឲ្យផ្អាកកូដកម្មជាបណ្តោះអាសន្ន
សហជីពនៅពីក្រោយកូដកម្មនៅតាមរោងចក្រកាត់ដេរកាលពីសប្តាហ៍មុន បានលើកឡើងថា សមាជិកមួយចំនួនធំរបស់ខ្លួនបានវិលត្រឡប់ទៅធ្វើការវិញនៅសប្តាហ៍នេះ ប៉ុន្តែ ពួកគេមិនបានច្រានចោលលទ្ធភាពនៃការបន្តធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែអប្បបរមានៅក្នុងខែនេះទេ។ កម្មកររាប់ម៉ឺននាក់បានធ្វើកូដកម្មដោយចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែធ្នូ ដើម្បីទាមទារសុំដំឡើងទ្វេដងលើប្រាក់ខែអប្បបរមាក្នុងឧស្សាហកម្មកាត់ដេរឲ្យដល់១៦០ដុល្លារ ជាកត្តាបង្ខំឲ្យរោងចក្រមួយចំនួនក្នុងចំណោមរោងចក្រជាង៥០០នៅទូទាំងប្រទេសត្រូវបិទទ្វារ ហើយរោងចក្រជាច្រើនទៀតត្រូវកាត់បន្ថយផលិតកម្ម។ កូដកម្មនេះបានផ្ទុះអំពើហិង្សា នៅពេលកងរាជអាវុធហត្ថបានបើកការបាញ់ប្រហារតម្រង់ទៅលើក្រុមបាតុករដែលគប់ដបសាំង និងដុំថ្មដាក់សមត្ថកិច្ចនៅខាងក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់បាត់បង់ជីវិត និងជាង៤០នាក់រងរបួស។ លោកស្រី ឆេង ឡាងអនុប្រធានសម្ព័ន្ធសហជីពវាយន ភណ្ ឌឯករាជ្យជាតិកម្ពុជា ជាសហជីពមួយក្នុងចំណោមសហជីពចំនួនប្រាំមួយនៅពីក្រោយកូដកម្មនេះបានមានប្រសាសន៍ថា ប៉ុន្តែ គិតរហូតមកទល់នឹងថ្ងៃច័ន្ទសប្តាហ៍នេះ កម្មករកាត់ដេរប្រមាណ៨០ ភាគរយនៅក្នុងរាជធានីភ្នំពេញ និងជាងពាក់កណ្តាលនៅតាមបណ្តាខេត្តបានត្រឡប់ទៅធ្វើការនៅតាមរោងចក្ររបស់ខ្លួនវិញហើយ។ …