អ្នក​ភូមិ​បិទផ្លូវ​នៅ​ខេត្តកោះកុង​ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន​ ដែល​បាន​ដុត​ផ្ទះ​របស់​ពួក​គាត់​

អ្នក​ភូមិ​ប្រមាណ​១៤០​នាក់​នៅ​ក្នុង​ខេត្តកោះកុង​បាន​លើកគ្នា​តវ៉ា​បិទផ្លូវ​ពីរ​ថ្ងៃ​ជាប់​គ្នា​កាលពី​ម្សិលមិញ​ ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន​មួយ​ ដែល​ពួក​គាត់​និយាយ​ថា​ បាន​ដុត​បំផ្លាញ​ផ្ទះសំបែង​របស់​ពួក​គាត់​ដើម្បី​បើកផ្លូវ​សម្រាប់​ការ​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​រូប​និង​ក្រុម​អ្នក​ភូមិ​។​ ​អ្នក​ភូមិ​ទាំងនេះ​បាន​បិទផ្លូវ​ពី​ទីរួមខេត្ត​ឆ្ពោះទៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ Union​  Develop-ment​ Group​ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​មួយ​ជាមួយ​អ្នក​ភូមិ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​ ជុំវិញ​ផែនការ​របស់​ក្រុមហ៊ុន​នេះ​ ដើម្បី​ប្រែក្លាយ​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​ខេត្តកោះកុង​ ទៅ​ជា​តំបន់​ទេសចរណ៍​មួយ​មាន​ទំហំ​ទឹកប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​ ដែល​រួម​មាន​សណ្ឋាគារ​ទីធ្លា​វាយ​កូន​ហ្គោ​ល​និង​អាកាសយានដ្ឋាន​មួយ​ផង​ដែរ​។​ ​គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​ ទី​ដែល​ក្រុមហ៊ុន​ Union Devlopment Group​ ទទួល​បានការ​អនុញ្ញាត​ឲ្យ​កាប់​ឆ្ការព្រៃ​ទំហំ​៤៥.០០០​ហិ​កតា​ ឬ​ប្រហែល​១​ភាគ​៤​នៃ​ឧទ្យាន​ជាតិ​នេះ​។​ ​លោក​ អ៊ិ​ន​ គង់​ចិត្រ​ មន្ត្រី​ឃ្លាំមើល​របស់​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​បាន​មាន​ប្រសាសន៍​ថា​ “​ពួក​គាត់​បិទផ្លូវ​នេះ​ដើម្បី​រារាំង​រថយន្ត​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ចូល​ទៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន​។​ ពួក​គាត់​កំពុង​ទាមទារ​សំណង​ចំពោះ​ការ​ដុត​បំផ្លាញ​ផ្ទះសំបែង​របស់​ពួក​គាត់​”​។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​បិទផ្លូវ​នេះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ពុធ​ ដែល​នៅ​ពេល​នោះ​អ្នក​ភូមិ​ប្រមាណ​១០៥​នាក់​បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​កង​សន្ដិសុខ​ក្រុមហ៊ុន​៤០​នាក់​ និង​ទាហាន​ប្រាំមួយ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៤៧​ ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ Union Devlopment Group​ ។​ តែ​ទោះជា​យ៉ាងណា​ គ្មាន​អ្នក​រង​របួស​ទេ​ក្នុង​ហេតុការណ៍​នេះ​។​ ...

ហ៊ល់ រស្មី
http://www.cambodiadailykhmer.com/news/10405/