កិច្ច​ពិភាក្សា​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​តំបន់​ទន្លេមេគង្គ​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ “​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​”​ នៅ​ក្នុង​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ នៅ​ Borneo​ Convention​ Centre​ Kuching​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ការ​ពិភាក្សា​របស់​យើង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ដោយ​បង្ហាញ​ពី​កិច្ចការ​ដែល​អង្គការ​អូ​ឌី​ស៊ី​កំពុង​តែ​ធ្វើ​។​ កិច្ច​ពិភាក្សា​នេះ​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​វឌ្ឍនភាព​ និង​កា​រវិ​វត្ត​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ឱកាស​ដើម្បី​សិក្សា​រៀនសូត្រ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។​ សំណួរ​សំខាន់ៗ​ចំនួន​បី​ត្រូវ​បាន​ពិភាក្សា​ ដែល​សំណួរ​គឺ​ទាក់ទង​នឹង​ក្រប​ខណ្ឌ​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ គម្លាត​នៃ​ការ​ស្រាវជ្រាវ​ និង​អាទិភាព​សម្រាប់​ជំរុញ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ការ​ចែករំលែក​ចំណេះដឹង​និង​ឱកាស​ និង​បញ្ហា​ប្រឈម​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​។​

​ដោយសារ​តែ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ​លើ​បរិស្ថាន​នៅ​មាន​កម្រិត​ ការ​បង្កើត​និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ចាំបាច់​ណាស់​សម្រាប់​គម្រោង​វិនិយោគ​សំខាន់ៗ​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក៏​មាន​ឥទ្ធិពល​ផ្សេងៗ​គ្នា​លើ​គម្រោង​ផង​ដែរ​។​ ការ​អភិវឌ្ឍ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​លំហូរ​វិនិយោគ​។​ ក្រៅពី​ការ​រួមចំណែក​ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ហេតុ​ប៉ះពាល់​បរិស្ថាន​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​វិនិយោគ​ទាំង​កម្រិត​តូច​ និង​កម្រិត​ធំ​។​ កម្រិត​តូច​ផ្តោត​លើ​ទំនាក់ទំនង​រវាង​ការ​ទាក់ទាញ​នៃ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ និង​តម្លៃ​បរិស្ថាន​ ចំណែកឯ​កម្រិត​ធំ​ផ្តោត​លើ​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​អំពី​ថា​ តើ​ការ​វិនិយោគ​បរទេស​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រទេស​ដែរ​ឬទេ​។​

ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិយុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ (២០១៦-២០២៣)​ អនុក្រឹត្យ​លេខ​៧២​ ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​ គឺជា​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ ប្រទេស​កម្ពុជា​។​ ក្រម​នេះ​អាច​ធ្វើ​ឱ្យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក្លាយជា​តម្រូវការ​សម្រាប់​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​។​ ដំណើរការ​នៃ​ការ​រៀបចំ​របាយការណ៍​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​តែ​គិតគូរ​ជា​ពិសេស​ និង​ផ្តល់​ឱកាស​សម្រាប់​ជន​ងាយ​រង​គ្រោះ​ ក្រុម​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​ចូលរួម​។​ លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​បង្ហាញ​ជូន​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ក៏​ដូច​ជា​សាធារណជន​ទូទៅ​ផង​ដែរ​។​

ទោះបីជា​ដំណើរការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដោយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ដូច​ជា​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ក៏​ដោយ​ ក៏​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គំនិត​ផ្តួចផ្តើម​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ទើបតែ​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០១០​ ជាមួយនឹង​ការ​បោះពុម្ព​របាយការណ៍​ជាក់លាក់​នៃ​វិស័យ​មួយ​ចំនួន​ ដូច​ជា​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។​ ក្រប​ខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជលផល​នៅ​កម្ពុជា​ឆ្នាំ​២០១០-២០២៤​ ក៏​ត្រូវ​បាន​បោះពុម្ព​ផង​ដែរ​ ដែល​ជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ដៃគូ​អភិវឌ្ឍន៍​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ក៏​ដូច​ប្រទេស​ដទៃ​ទៀត​ ចាប់ផ្ដើម​ដោយ​ការ​ផ្តោត​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​

​បច្ចុប្បន្ន​ អង្គការ​អូ​ឌី​ស៊ី​កំពុង​គាំទ្រ​ដល់​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ក្នុង​ការ​បង្កើត​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ នាយកដ្ឋាន​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​គោលការណ៍​ណែនាំ​បច្ចេកទេស​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​លើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​។​ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​ គោលការណ៍​ណែនាំ​ទាំងនេះ​នឹង​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​។​ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ធានា​ថា​ធនធានធម្មជាតិ​របស់​យើង​នឹង​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​

អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ចំពោះ​ផែនការ​គ្រប់គ្រង​ និង​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នឹង​មាន​និរន្តរភាព​ ប្រសិនបើ​មានការ​ដឹកនាំ​មាន​លក្ខណៈ​ជា​ក្រសួង​-​ស្ថាប័ន​។​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ទទួល​បានការ​បណ្តុះបណ្តាល​ និង​មានបទពិសោធន៍​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដោយសារ​តែ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិនមែន​ជា​រឿង​ដូច​គ្នា​នោះ​ទេ​ ហើយ​របាយការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នីមួយៗ​ក៏​មាន​លក្ខណៈ​ប្លែក​ពី​គេ​ផង​ដែរ​។​ កម្ពុជា​គួរតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​គោលនយោបាយ​នេះ​ ព្រោះ​វា​មាន​តួនាទី​សំខាន់​ណាស់​ ស្រប​ពេល​ដែល​វា​អាច​ផ្តល់​ឱកាស​ និង​តម្លៃ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​។​ យើង​សាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ក្នុង​ការ​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​បរិស្ថាន​ និង​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​លទ្ធផល​នៃ​គោលការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ក្នុងអំឡុងពេល​ពិភាក្សា​ អ្នកចូលរួម​ក៏​បាន​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ និង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​ផង​ដែរ​។​