សិក្ខាសាលា​ស្តី​ពី​ «ការ​បើក​ទូលាយ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​ជំរុញ​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ការងារ​អភិបាលកិច្ច​បរិស្ថាន​ក្នុង​​ប្រទេស​កម្ពុជា​»

​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​រយៈពេល​កន្លះ​ថ្ងៃ​ស្តី​ពី​ «ការ​បើក​ទូលាយ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​ជំរុញ​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ការងារ​អភិបាលកិច្ច​បរិស្ថាន»​។​ ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ចំនួន​ ៣៥​ នាក់​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ រួម​មាន​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​ ​សហគមន៍​​មូលដ្ឋាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ដូច​ជា​ពី​វិស័យ​ឯកជន​ និង​សាធារណៈ​។​ ទោះបី​មាន​វិធាន​ការណ៍​ និង​ការ​រឹត​បណ្តឹង​ការ​ជួប​ជុំ​​ដើម្បី​​​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ យ៉ាងណា​ក្តី​ អូ​ឌី​ស៊ី​ នៅ​តែ​អាច​គ្រប់គ្រង​ក្នុង​ការ​ធ្វើ​សិក្ខាសាលា​នេះ​ឡើង​បាន​ ដោយ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សិក្ខាសាលា​មាន​គោលបំណង​ទី​មួយ​ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​អំពី​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ ស្រប​តាម​សេចក្តី​អត្ថាធិប្បាយ​ និង​យោបល់​ត្រលប់​ដែល​ទទួល​បាន​នៅ​ក្នុង​សិក្ខាសាលា​សម្ពោធ​ និង​ធ្វើ​បទ​បង្ហាញ​ពី​សំណុំ​ព័ត៌មាន​ទិន្នន័យ​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដែល​មាន​ផ្តល់​ជូន​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​។​ ទី​ពីរ​ គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​របាយការណ៍​ EIA​ និង​យុទ្ធសាស្ត្រ​នានា​ដើម្បី​ពង្រឹង​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​ពិភាក្សា​ដោយ​ផ្អែក​លើ​អំ​នះ​អំ​នាង​ ឬ​ភស្តុ​តាង​។​ ហើយ​គោលបំណង​ទី​ ៣​ គឺ​ដើម្បី​អំពាវនាវ​ឱ្យ​មានការ​សហការ​បន្ថែម​ទៀត​ពី​ភាគី​ពាក់ព័ន្ធ​ រួម​មាន​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​ ក្នុង​ការ​ចែករំលែក​របាយការណ៍​ EIA​ ពេញលេញ​។​

លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការអូឌីស៊ី ឡើងថ្លែងសុន្ទរកថាស្វាគមន៍។

លោក​ ប៉ែន​ រតនា​ អ្នកសម្របសម្រួល​កម្មវិធី​អភិបាលកិច្ច​ធនធាន​ នៃ​ការិយាល័យ​ Heinrich​ Boell​ Stiftung​ នៅ​កម្ពុជា ថ្លែងសុន្ទរកថាប្រកាសបើកកម្មវិធី។

​សិក្ខា​សិលា​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​សុន្ទរកថា​ស្វាគមន៍​របស់​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​បានឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ឱកាស​នៃ​ការ​រៀបចំ​សិក្ខា​នេះ​ជា​លើក​ទី​ ២​ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​លើក​ទី​ ១​ ដែល​ធ្លាប់​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១៩​។​ លោក​បាន​ពន្យល់​ថា​ អូ​ឌី​ស៊ី​ បាន​ប្រមូល​ និង​ផ្សព្វផ្សាយ​សំណុំ​ទិ​ន្ន​ន័យ​​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ហើយ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​អំពី​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ថ្មី​នេះ​ បាន​បន្ថែម​ទៅ​លើ​ការងារ​ដែល​ អូ​ឌី​ស៊ី​ មាន​ស្រាប់​។​ របាយការណ៍​ EIA​ ដែល​មាននៅ​លើ​អ៊ីនធឺណិត​ផ្តល់​ឱកាស​ដល់​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ រួម​ទាំង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ ដើម្បី​ស្វែង​យល់​ពី​អត្ថប្រយោជន៍​ និង​បញ្ហា​ប្រឈម​របស់​គម្រោង​ និង​ចូលរួម​ក្នុង​ដំណើរការ​រាយការណ៍​ និង​តាមដាន​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​បាន​។​

នៅ​ក្នុង​សុន្ទរកថា​បើក​របស់​ លោក​ ប៉ែន​ រតនា​ អ្នកសម្របសម្រួល​កម្មវិធី​អភិបាលកិច្ច​ធនធាន​ នៃ​ការិយាល័យ​ Heinrich​ Boell​ Stiftung​ នៅ​កម្ពុជា​ បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​របាយការណ៍​ EIA​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​សាធារណជន​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​យ៉ាង​សកម្ម​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​អភិបាលកិច្ច​បរិស្ថាន​។​ លោក​ក៏​បាន​គូសបញ្ជាក់​ពី​ការ​ចូលរួម​របស់​អង្គភាព​របស់​លោក​ ក្នុង​ការ​ធ្វើការ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​​រៀប​ចំ​​សេចក្តីព្រាងច្បាប់​ស្តី​ពី​ EIA​ និង​សេចក្តី​ព្រាង​ក្រម​​ស្តី​ពី​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​

លោក​ វី​ល្លៀម​ វ៉ា​ដ​ ប្រធានដឹកនាំគម្រោង Green​ Equity​ Asia​ (GEA)​ កំពុងថ្លែងសុន្ទករថាគន្លឹះអំពីការចូលរួមជាសាធារណៈនៅក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)។

អ្នកស្រី​ តេ​ថា​ណា​ ម៉េ​ប្រា​ទូ​-​ សេ​ហ្កា​យ៉េ​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៅមជ្ឈមណ្ឌល CSSI ផ្តល់សុន្ទរកថាគន្លឹះអំពីតួនាទីនៃការវាយតម្លៃហេតុប៉ះពាល់នៃបរិស្ថាន (EIA) ដើម្បី​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

​​កិច្ច​បន្ទាប់​មក​ទៀត​ លោក​ វី​ល្លៀម​ វ៉ា​ដ​ ប្រធាន​ដឹក​នាំគម្រោង​​​ Green​ Equity​ Asia​ (GEA)​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ពិសេស​មួយ​នៃ​វិទ្យាស្ថាន​ East-West​ Management​ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​សាធារណៈ​ និង​តម្លាភាព​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​។​ ក្នុង​សុន្ទរកថា​នេះ​ដែរ​ លោក​ វី​ល្លៀម​ បាន​បន្ថែម​ថា​គម្រោង​នានា​ចាំបាច់​ត្រូវការ​វាយតម្លៃ​ទាក់ទង​នឹង​ហេតុ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ក៏​ដូច​ជា​បរិស្ថាន​។​ ម្យ៉ាងវិញទៀត​ការ​ចេញផ្សាយ​របាយការណ៍​ EIA​ ក៏​អាច​ជម្រុញ​ការ​ពិភាក្សា​ក្នុង​ចំណោម​សាធារណជន​ និង​អាច​ឱ្យ​ពួក​គេ​ផ្តល់​ធាតុ​ចូល​សម្រាប់​ការ​សម្រេច​ចិត្តល្អ​ប្រសើរ​ជាង​មុន​។​

​បន្ទាប់​មក​ទៀត​ អ្នកស្រី​ តេ​ថា​ណា​ ម៉េ​ប្រា​ទូ​-​ សេ​ហ្កា​យ៉េ​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៅ​មជ្ឈមណ្ឌល​កូ​ឡុំ​បៀ​ស្តី​ពី​ការ​វិនិយោគ​ប្រកបដោយ​ចីរភាព​ (CSSI)​ បាន​ពន្យល់​ដោយ​សង្ខេប​ពី​ការងារ​របស់​អ្នកស្រី​លើ​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​សំខាន់ៗ​នៃ​គម្រោង​ EIA​ នា​ពេល​ថ្មីៗ​នេះ​របស់​គម្រោង​ CCSI​។​ អ្នកស្រី​បាន​សង្កត់ធ្ងន់​ថា​ តម្លាភាព​គឺជា​ជំហាន​ដំបូង​ចាំបាច់​ក្នុង​ការ​សម្រប​សម្រួលការ​ចូលរួម​ជា​សាធារណ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ ដែល​ក្នុង​នោះ​អ្នកចូលរួម​ និង​សម្លេង​មក​ពី​គ្រប់​មជ្ឈដ្ឋាន​គួរតែ​ត្រូវ​បាន​តំណាង​ឱ្យ​ចូលរួម​នៅ​ក្នុង​ការពិគ្រោះ​យោបល់​។​ លើស​ពី​នេះ​ អ្នកស្រី​ក៏​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឱ្យ​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​របាយការណ៍​ EIA​ អាច​ចូល​ប្រើប្រាស់​បាន​ ក្នុង​ទម្រង់​មួយ​ដែល​មិន​មាន​ភាព​លំអៀង​ ស្រប​តាម​បរិបទ​ អាច​ចូល​មើល​បាន​ និង​មាន​លក្ខណៈ​សម​ស្រប​ទៅ​នឹង​វប្បធម៌​។​

បន្ទាប់​មក​ក្រុមការងារ​ អូ​ឌី​ស៊ី​ បាន​បង្ហាញ​ពី​ទិន្នន័យ​ដែល​មាននៅ​លើ​វេទិកា​បើក​ទូលាយ​របស់​ខ្លួន​ ដោយ​ផ្តោត​លើ​ទិន្នន័យ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ តំបន់​សេដ្ឋកិច្ច​ពិសេស​វា​រី​អគ្គិសនី​ ជាដើម​។​ ក្រុមការងារ​ក៏​បាន​ពន្យល់​ផង​ដែរ​ពីមុខ​ងារ​របស់​គេហទំព័រ​ ដូច​ជា​ផែនទី​អន្តរ​កម្ម​ និង​របៀប​ទាញ​យក​ទិន្នន័យ​។​

​កិច្ច​ពិភាក្សា​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​​នៃ​សិក្ខា​សាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​ដូច​ជា​ លោក​ សុខ​ វ​ណ្ណា​រ៉ា​ អគ្គនាយក​ក្រុមហ៊ុន​ សា​ស្ទី​ណាត៍​ហ្គ្រី​ន​ (​ក្រុមហ៊ុន​ EIA),​ លោក​ ហុ​ក​ ម៉េ​ង​ហ៊ាន់​ ប្រធាន​កម្មវិធី​​បរិស្ថាន​និង​កសិកម្ម​នៃ​​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGOF)​ និង​ លោក​ ឈួ​ន​ សុ​ផា​ផៃ​ មន្ត្រី​មក​ពី​អង្គការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ (DPA)​ ហើយ​ក្នុង​នោះ​មាន​ លោក​ ធី​ ទ្រី​ ជា​អ្នកសម្របសម្រួល​ក្នុង​កិច្ច​ពិភាក្សា​។​

សំដៅ​ទៅ​លើ​ការ​អនុវត្ត​ EIA​ លោក​ វ​ណ្ណា​រ៉ា​ បាន​លើក​ឡើង​ថា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​បណ្តាល​ឱ្យ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នូវ​តម្រូវការ​លើ​សេវា​ពិគ្រោះ​យោបល់​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​យ៉ាង​គំ​ហុ​ក​នៃ​គម្រោង​ថ្មីៗ​ និង​ការ​ពន្យា​ពេល​ទៅ​លើ​ការ​សិក្សា​វាយតម្លៃ​ EIA​ ទៅ​លើ​គម្រោង​ដែល​មាន​ស្រាប់​។​ លោក​បាន​ពន្យល់​ទៀត​ថា​ ​​«ការ​រឹតត្បិត​ការ​ប្រមូលផ្តុំ​សាធារណៈ​បាន​រារាំង​សកម្មភាព​របស់​យើង​ ដូច​ជា​ការ​ស្ទង់​មតិ​នៅ​ក្បែរ​ទីតាំង​គម្រោង​ ការពិគ្រោះ​យោបល់​សាធារណៈ​ និង​ការ​ប្រជុំ​ពិគ្រោះ​យោបល់​នៅ​អន្តរក្រសួង​។​ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ការ​ប្រជុំ​ពី​ចម្ងាយ​ ឬ​ការ​តេ​ទូរស័ព្ទ​» ។​ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក​បាន​ស្នើ​ឱ្យ​ក្រសួងបរិស្ថាន​ពិចារណា​លើ​ការ​ធ្វើ​វិសោធនកម្ម​ ឬ​កែសម្រួល​នីតិវិធី​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​ EIA​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​បទបញ្ជា​បរិស្ថាន​ផ្សេងៗ​។​

​តំណាង​មក​ពី​ បណ្តាញ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​និស្សា​រណកម្ម​ សង្គម​ និង​បរិស្ថាន​ (DPA-EISEI)​ លោក​ សុ​ផា​ផៃ​ បាន​លើក​ឡើង​ថា​ ក្រៅពី​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​ បណ្តាញ​របស់​លោក​ក៏​ប្រឈម​នឹង​បញ្ហា​គួរ​ឱ្យ​កត់សម្គាល់​ផ្សេង​ទៀត​ផង​ដែរ​ទៅ​លើ​ការ​អនុវត្ត​នៃ​ការ​ត្រួតពិនិត្យ​ EIA​ នៅ​ក្នុង​ឧស្សាហកម្ម​និស្សា​រណកម្ម​ ដូច​ជា​ជំនាញ​បច្ចេកទេស​ ធនធាន​ហិរញ្ញវត្ថុ​ និង​កង្វះ​ការ​យល់​ដឹង​។​

លោក​បាន​លើក​ឡើង​ថា​ ​«ក្នុង​ន័យ​នេះ​អ្វី​ដែល​អង្គការ​សង្គម​ស៊ី​វិល​អាច​ធ្វើ​បាន​ គឺ​ពិនិត្យ​លើ​សេចក្តី​ព្រាង​របាយការណ៍​បរិស្ថាន​ដែល​ចែករំលែក​ដោយ​នាយកដ្ឋាន​ EIA​ និង​បន្ទាប់​ពី​នោះ​ទៀត​​ធ្វើការ​ផ្ទៀងផ្ទាត់​​នៅ​ទី​តាំង​គម្រោង​​។​ ឧទាហរណ៍​យើង​អាច​ចូល​ទៅ​ទីតាំង​ក្រុមហ៊ុន​ ហើយ​​អង្កេត​ថា​តើ​ក្រុមហ៊ុន​ធ្វើ​ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​របាយការណ៍​ EIA​ ឬ​អត់​។​ ហើយ​ចំពោះ​ករណី​ខ្លះ​ទៀត​ យើង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​នោះ​ឡើយ​»​។​

​ក្នុង​នោះ​ដែរ​ លោក​ ម៉េ​ង​ហ៊ាន់​ បាន​បន្ថែម​ទៀត​ថា​ភាព​មាន​កំណត់​ក្នុង​ការ​ទទួល​បាន​នូវ​របាយការណ៍​ចុង​ក្រោយ​ EIA​ កង្វះ​ការ​យល់​ដឹង​អំពី​ EIA​ ការ​ចូលរួម​ជា​សាធារណៈ​នៅ​ទាប​នៅឡើយ​ក្នុង​ដំណើរការ​ពិគ្រោះ​យោបល់​ និង​បញ្ហា​ប្រឈម​ក្នុង​ការ​ត្រួតពិនិត្យ​ និង​ការ​អនុវត្ត​គោលនយោបាយ​ សុទ្ធសឹងតែ​រារាំង​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​ការ​ធ្វើ​ឱ្យ​ត្រូវ​គ្នា​ទៅ​នឹង​គោលការណ៍​ក្នុង​តំបន់​ និង​អន្តរជាតិ​។​ លោក​បាន​លើក​ឡើង​ទៀត​ថា​ អ្នកជំនាញ​បច្ចេកទេស​/​អ្នក​ស្រាវជ្រាវ​ និង​អ្នក​សិក្សា​ក៏​គួរ​ចូលរួម​យ៉ាង​សកម្ម​ផង​ដែរ​ក្នុង​ការ​ចូលរួម​ និង​ពិគ្រោះ​យោបល់​ទៅ​លើ​ EIA​។​

បន្ទាប់​ពី​ការ​ពិភាក្សា​ អ្នកចូលរួម​ត្រូវ​បាន​ផ្តល់​វេទិកា​ដើម្បី​ចូលរួម​ក្នុង​ការ​សន្ទនា​ ចែករំលែក​យោបល់​ មតិ​តប​ សំណើរ​ និង​សួរ​សំណួរ​ទៅ​កាន់​វាគ្មិន​។​ វា​ជា​ការ​បំផុសគំនិត​មួយ​នៅ​ពេល​ដែល​ លោក​ ច័ន្ទ​រ័​ត្ន​ អ្នកគ្រប់គ្រង​កម្មវិធី​នៅ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ស្នើ​ឱ្យ​មានការ​ចូលរួម​កាន់តែ​ទូលំទូលាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ដំណើរការ​ EIA​ ។​ លោក​បាន​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន​ ស្រប​ពេល​ដែល​គូសបញ្ជាក់​អំពី​ចំណុច​ខ្វះខាត​នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​បាន​ចូលរួម​ឱ្យ​បាន​ផុសផុល​ក្នុង​ដំណើរការ​របស់​ EIA​ ។​ បន្ថែម​លើស​ពី​ការ​ចែករំលែក​របាយការណ៍​ EIA​ លោក​ក៏​បាន​ស្នើ​ឱ្យ​មានការ​ចែករំលែក​ជា​សាធារណៈ​នូវ​កំណត់​ត្រា​កិច្ចប្រជុំ​ (meeting​ minutes)​ ទៅ​លើ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ធ្វើ​របាយការណ៍​ EIA​ ផង​ដែរ​។​ តាម​ការ​លើក​ឡើង​របស់​លោក​ ការ​ចែករំលែក​នេះ​នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ផ្តល់​ឱ្យ​ប្រជាជន​ទូទៅ​នូវ​ឧបករណ៍​សំខាន់​មួយ​ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ EIA​ ដែល​នៅ​ក្នុង​ន័យ​នេះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​ទាមទារ​ការ​ទទួលខុសត្រូវ​ទៅ​លើ​បញ្ហា​បរិស្ថាន​ទាំង​ពី​សំណាក់​ក្រុមហ៊ុន​ និង​ក្រសួង​។​

​តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN)​ មក​ពី​ខេត្តកំពង់ធំ​ លោក​ ហឿ​ន​ សុភាព​ ក៏​បាន​អត្ថាធិប្បាយ​អំពី​តួនាទី​សំខាន់​របស់​សហគមន៍​ដែល​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ និង​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ទទួលខុសត្រូវ​ចំពោះ​ពួក​គេ​។​ អ្នកតំណាង​ម្នាក់​ទៀត​ក៏​បាន​សង្កត់ធ្ងន់​បន្ថែម​ទៀត​ លើ​ភាព​ចាំបាច់​ក្នុង​ការ​កសាង​សមត្ថភាព​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍​ ដោយ​បញ្ជាក់​ថា​ប្រសិនបើ​សហគមន៍​មួយ​ណា​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​គម្រោង​នោះ​ សមាជិក​របស់​ខ្លួន​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​ច្បាប់បរិស្ថាន​ដែល​ពាក់ព័ន្ធ​នានា​។​

ជា​ការ​ពិត​ណាស់​ សិក្ខាសាលា​នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​មានការ​ចូលរួម​យ៉ាង​ខ្លាំង​ ដូចដែល​អ្នកចូលរួម​មាន​ភាព​សកម្ម​ និង​ចំណាប់អារម្មណ៍​ខ្ពស់​ទៅ​លើ​ប្រធានបទ​លើកយក​មក​ពិភាក្សា​។​ ពេញ​មួយ​សិក្ខាសាលា​រយៈពេល​កន្លះ​ថ្ងៃនេះ​ អ្នកចូលរួម​ពិតជា​មាន​ភាព​ស្វាហាប់​ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ ខណៈ​ដែល​វាគ្មិន​បាន​ផ្តល់​ការ​យល់​ដឹង​សំខាន់ៗ​ជា​ពិសេស​ទាក់ទង​នឹង​បញ្ហា​ប្រឈម​ និង​ការ​លើក​ជា​អនុសាសន៍​ទៅ​លើ​ដំណើរការ​ EIA​ នៅ​ប្រទេស​កម្ពុជា​។​ សិក្ខាសាលា​នេះ​បាន​ផ្តល់​នូវ​ឱកាស​ប្រកបដោយ​ផ្លែផ្កា​សម្រាប់​អ្នកចូលរួម​ ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​សារៈសំខាន់​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ផល​ប៉ះពាល់​របស់​វា​ទាក់ទង​នឹង​បរិស្ថាន​ ខណៈ​អ្នកចូលរួម​ស្នើ​ឱ្យ​របាយការណ៍​ EIA​ បើក​ទូលាយ​ជា​សាធារណៈ​។​ អ្នកចូលរួម​បាន​ឯកភាព​ពី​សារៈសំខាន់​នៃ​ការ​បើក​ទូលាយ​របាយការណ៍​ EIA​ ឱ្យ​មានការ​ស្វែង​រកបាន​នៅ​លើ​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​ និង​តួនាទី​សំខាន់​ក្នុង​ការ​ដែល​វា​អាច​លើកកម្ពស់​អភិបាលកិច្ច​ប្រកបដោយ​តម្លាភាព​ទៅ​លើ​ធនធានធម្មជាតិ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ថ្នាក់​ជាតិ​ និង​ពិភពលោក​។​

​​មុន​សិក្ខា​សាលា​ត្រូវបានបញ្ចប់​​​​ លោក​ស្រី​ ស៊ីវ​ វឌ្ឍនា​ ​មន្ត្រីផ្នែក​​ស្រាវជ្រាវ​ និង​មាតិកានៃអង្គការទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូឌីស៊ី) បានឡើង​​ថ្លែងសុន្ទរកថា​អរ​គុណ​ដល់​វាគ្មិន​កិត្តិយស​ និង​​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​សិក្ខា​សាលា​ដ៏​មាន​អត្ថន័យ​នេះ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាប់អារម្មណ៍​ និង​ធាតុ​ចូល​ជា​ច្រើន​​។​ លោក​ស្រី​ រួមទាំង​អង្គការទិន្នន័យអំពី​ការ​អភិវឌ្ឍ​ ​​​​​សង្ឃឹម​​យ៉ាង​មុត​មាំ​ថា​​ ​ការ​ចូលរួម​ដែល​មានការ​ជូនដំណឹង​បាន​គ្រប់​ជ្រុងជ្រោយ​ដល់​ភាគី​ពាក់​ព័ន្ធ​​​ និង​មាន​បរិ​យា​ប័ន្ន​នៅ​ក្នុង​ដំណើរការ​នៃ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ នឹង​នាំ​ឱ្យ​ទំនាក់ទំនង​ និង​ការ​ស្វែង​យល់​អំពី​គ្នា​ រវាង​រដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ និង​វិស័យ​ឯកជន​កាន់តែ​សកម្ម​ និង​ប្រសើរ​ជាង​មុន​ ហើយ​ជា​លទ្ធផល​វា​នឹង​នាំ​ទៅ​ដល់​អភិបាលកិច្ច​បរិស្ថាន​កាន់តែ​មាន​តម្លាភាព​នយោបាយ​ និង​គណនេយ្យ​ភាព​ និង​អភិបាលកិច្ច​បរិស្ថាន​ដែល​គិតគូរ​ទាំង​អំពី​អត្ថប្រយោជន៍​សង្គម​ និង​កំណើន​សេដ្ឋកិច្ចជាតិ​។​​

តើ​អ្វី​ទៅ​ជា​ EIA​, ហេតុ​អ្វី​បានជា​វា​ចាំបាច់​ត្រូវ​បើក​ទូលាយ​ដល់​សាធារណៈ​?

​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ឬ​ហៅ​កាត់​ថា​ “EIA”​ ត្រូវ​បាន​គេ​ទ​ទូល​ស្គាល់​ជា​ទូទៅ​ថា​ ជា​ឧបករណ៍​មួយ​ដែល​នឹង​ធានា​បាន​នូវ​ការ​អភិវឌ្ឍន៍​ដែល​ប្រកបដោយ​និរន្តរភាព​ជាមួយនឹង​ការ​រិច​រិល​បរិស្ថាន​នៅ​កម្រិត​អប្បបរមា​។​ វា​ជា​ឧបករណ៍​ដ៏​សំខាន់​ដើម្បី​ព្យាករណ៍​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​រៀបចំ​ផែនការ​និង​ការ​រចនា​គម្រោង​ ស្វែងរក​មធ្យោបាយ​និង​យន្តការ​ដើម្បី​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ​ ធ្វើ​យ៉ាងណា​ឱ្យ​ការ​រៀបចំ​ផែនការ​គម្រោង​សម​ស្រប​ទៅ​នឹង​បរិស្ថាន​នៅ​មូលដ្ឋាន​ ហើយ​ធ្វើការ​បង្ហាញ​ពី​ការ​ព្យាករណ៍​ទាំងនោះ​ជាមួយនឹង​ជម្រើស​ដល់​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ EIA ​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់​ ហើយ​ភាគច្រើន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ​ ហើយ​វា​ត្រូវ​បាន​ពង្រឹង​ការ​អនុវត្ត​បន្ថែម​ដោយ​ ច្បាប់​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​គោលការណ៍​ណែនាំ​អនុវត្តន៍​ល្អ​បំផុត​ ដែល​តម្រូវ​ឱ្យ​មានការ​ពិគ្រោះ​យោបល់​និង​ការ​ចូលរួម​ជា​សាធារណៈ​។​ ជាក់ស្តែង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ដែល​តំណាង​ឱ្យ​តួអង្គ​រដ្ឋាភិបាល​ ក៏​បាន​បើក​ជា​សាធារណៈ​សម្រាប់​ការ​ផ្តល់​ជា​មតិយោបល់​និង​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា​ ជា​ពិសេស​ពី​សំណាក់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​ ដើម្បី​ធានា​ថា​កង្វល់​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ដំបូង​ និង​នៅ​ក្នុង​របាយការណ៍​ពេញលេញ​។​

​ទោះបី​ការ​ប្រើប្រាស់​ EIA​ កំពុង​កើនឡើង​ក៏​ដោយ​ ក៏​លទ្ធភាព​ទទួល​បាន​របាយការណ៍​ EIA​ នៅ​តែ​មាន​កម្រិត​ ។​ ជា​ទូទៅ​អត្ថបទ​ស្តី​ពី​ការងារ​បច្ចេកទេស​ និង​វិធានការ​នានា​នៅ​ក្នុង​របាយការណ៍​ EIA​ ធ្វើ​អោយ​សាធារណៈជន​មានការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទាំងនោះ​។​ បើ​ទោះបីជា​របាយការណ៍​ទាំងនេះ​ ត្រូវ​ដាក់​អោយ​ប្រើប្រាស់​ជា​សាធារណៈ​ដោយ​រដ្ឋាភិបាល​ហើយ​ក៏​ដោយ​ ភាគី​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​នៅ​តែ​ពុំ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​អំពី​ខ្លឹមសារ​នៃ​របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​នៃ​បរិស្ថាន​ ហើយ​មូលហេតុ​នេះ​ក៏​ជា​កត្តា​រារាំង​ដល់​ការ​ចូលរួម​ពេញលេញ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ជជែក​វែកញែក​អំពី​គោលនយោបាយ​ និង​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​ និង​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម​ជា​សាធារណៈ​។​

ប្រធាន​បទ​ពាក់​ព័ន្ធ​