គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ

កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៧​ស្តីពី «​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0.

ដោយ​មាន​ប្រជាជន​ ៧៦​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​កំពុង​រស់នៅ​តាម​តំបន់​ជនបទ1 ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅ​តាម​ទី​ជនបទ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​ ខណៈ​ដែល​ជីវភាព​រស់នៅ​របស់​ពួក​គេ​ ជិត​ ២​ ភាគ​ ៣​ គឺ​ពឹងផ្អែក​ទៅ​លើ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​2​ នៅ​ចំពោះ​មុខការ​ពង្រីក​គម្រោង​អភិវឌ្ឍន៍​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​បន្ត​សម្របសម្រួល​ដោយ​លំហូរ​មូលធន​និង​ការ​វិនិយោគ​ ការ​ការពារ​បរិស្ថាន​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ពិតជា​មានការ​ចាំបាច់​ណាស់​សម្រាប់​សុខុមាលភាព​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​។​

ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​គឺ​សំបូរ​បែប​និង​មាន​ភាព​ខុស​ប្លែក​គ្នា​ រាប់​បញ្ចូល​ទាំង​ព្រៃឈើ​និង​ពពួកសត្វ​ រ៉ែ​ ផ្កាថ្ម​និង​ សត្វព្រៃ​ជា​ច្រើន​ប្រភេទ​។​ ទោះបី​ដី​ជិត​ ៤០​ភាគ​រយ​​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បានការ​ពារ​ក្រោម​ច្បាប់​ក៏​ដោយ​ ការ​រិច​រិល​បរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ​កំពុង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ គំរាមកំហែង​ដល់​ជីវចម្រុះ​ សត្វព្រៃ​ និង​ធនធានធម្មជាតិ​។​ ការ​បំ​លែង​ដី​ព្រៃ​សម្រាប់​គោលបំណង​កសិកម្ម​ សកម្មភាព​រុករក​រ៉ែ​ និង​ការ​ទាញ​យក​រ៉ែ​ កំពុង​បង្កើន​អត្រា​នៃ​ការ​រិច​រិល​ដី​ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ រួម​ជាមួយនឹង​ការ​ប្រមូល​ផល​ឈើ​ខុសច្បាប់​ ការ​បរបាញ់​សត្វព្រៃ​ និង​ការ​នេសាទ​ហួស​កំរិត​ សកម្មភាព​ទាំងនេះ​កំពុង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ជីជាតិ​ដី​ ការ​ប្រមូលផ្តុំ​នៃ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស​ និង​ស្ថេ​រ​ភាព​នៃ​អាង​ស្តុក​ផ្ទៃ​រងទឹក​ភ្លៀង​។​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ងាយ​រង​គ្រោះ​ខ្ពស់​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​កើនឡើង​នៃ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​។​ នៅ​ពេល​ដែល​រដូវវស្សា​មានការ​ផ្លាស់​ប្តូរ​ ហើយ​ការ​ប្រមើល​ពី​បរិមាណ​ទឹកភ្លៀង​បាន​តិចតួច​ នោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​បាន​មក​ពី​ការ​ដាំ​ដុះ​ស្រូវ​ នេសាទ​និង​កសិកម្ម​នឹង​ត្រូវ​បាន​គំរាមកំហែង​។3

​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​សារៈសំខាន់​នៃ​ធនធានធម្មជាតិ​ និង​ជីវចម្រុះ​របស់​ប្រទេស​។​ តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​ធនធានធម្មជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ដែល​ចែង​អំពី​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បង្កើត​ផែនការ​គ្រប់គ្រង​ច្បាស់លាស់​ក្នុង​ការ​ថែរក្សា​ដី​ ទឹក​ ខ្យល់​ ភូ​គ​ព្ព​សាស្ត្រ​ ប្រព័ន្ធ​អេកូឡូស៊ី​ រ៉ែ​ ថាមពល​ ប្រេង​និង​ឧស្ម័ន​ ថ្ម​និង​ខ្សាច់​ ត្បូង​ ព្រៃឈើ​និង​អនុ​ផល​ព្រៃឈើ​ សត្វព្រៃ​ ត្រី​ និង​ធនធាន​ជលផល​។​4

​ក្រប​ខណ្ឌ​ច្បាប់បរិស្ថាន​

​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រទេស​កម្ពុជា​ដំណាក់កាល​ទី​ ៤​ បង្កប់​នូវ​ការ​អភិវឌ្ឍន៍​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ និង​មាន​និរន្តរភាព​សម្រាប់​ប្រទេស​ដោយ​កំណត់​ទិស​ដៅ​អភិបាលកិច្ច​បរិស្ថាន​ក្នុង​វិស័យ​ចំនួន​ ៤៖

  1. ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​កសិកម្ម​ និង​ជនបទ​
  2. ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ធនធាន​វប្បធម៌​ប្រកបដោយ​និរន្តរភាព​
  3. ​ការ​គ្រប់គ្រង​នគរូបនីយកម្ម​
  4. ធានា​និរន្តរភាព​បរិស្ថាន​និង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ​។​

​ក្រប​ខណ្ឌ​ច្បាប់​និង​គោលនយោបាយ​បច្ចុប្បន្ន​សម្រាប់​អភិបាលកិច្ច​បរិស្ថាន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គោលនយោបាយ​ឯកសារ​និង​ផែនការ​ដូច​ខាងក្រោម៖​

ក្រសួងបរិស្ថាន​ គឺជា​ក្រសួង​ដែល​មានការ​ទទួលខុសត្រូវ​រួម​សម្រាប់​អភិបាលកិច្ច​បរិស្ថាន​។​ ទោះ​យ៉ាងណា​ ដោយ​ទទួលស្គាល់​ថា​អភិបាលកិច្ច​បរិស្ថាន​នេះ​ ជា​បញ្ហា​អន្តរ​វិស័យ​ដែល​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​ខ្លាំងក្លា​ ​ក្រសួង​ពាក់​ព័ន្ធ​​ផ្សេង​​ៗ​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​កិច្ចការ​នេះ​ រួម​មាន​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួង​ធនធានទឹក​និង​ ឧតុនិយម​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ក្រសួងបរិស្ថាន​ទទួល​បន្ទុក​រៀបចំ​ផែនការ​គ្រប់គ្រង​បរិស្ថាន​ថ្នាក់​ជាតិ​ និង​ថ្នាក់​តំបន់​ ដើម្បី​កំណត់​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ និង​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។5​​ មុន​ពេល​ចេញ​សេចក្តីសំរេច​ណាមួយ​ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ទាក់ទង​នឹង​ការ​អភិរក្ស​ ការ​អភិវឌ្ឍ​ ការ​គ្រប់គ្រង​ រឺ​ប្រើប្រាស់​ធនធានធម្មជាតិ​ ក្រសួង​ទាំងអស់​ត្រូវធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ​ក្រសួងបរិស្ថាន​។​6​ ច្បាប់​សំខាន់​ទាក់ទង​នឹង​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ គឺ​ច្បាប់ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ឆ្នាំ​ ១៩៩៦​ ​ (“​ ច្បាប់​ស្តី​ពី​បរិស្ថាន​”)​ ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​រចនា​ផែនការ​ជាតិ​ និង​តាម​វិស័យ​។​

​ប្រទេស​កម្ពុជា​បាន​កំណត់​តំបន់​ការពារ​របស់​ខ្លួន​ជាដំបូង​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ឆ្នាំ​ ១៩៩៣​ ដោយ​ខ្លឹមសារ​នេះ​ត្រូវ​បាន​ពង្រីក​នៅ​ក្នុង​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ (២០០៨)​ ដើម្បី​ការ​គ្រប់គ្រង​សហគមន៍​តំបន់​ការពារ​។​ ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ ចែង​ថា​ក្រសួងបរិស្ថាន​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​តំបន់​ការពារ​របស់​ប្រទេស​កម្ពុជា​7 ខណៈ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​មាន​យុត្តាធិការ​លើ​ព្រៃ​ការពារ​ និង​ជម្រក​ត្រី​។​ ក្នុង​ឆ្នាំ​ ១៩៩៩​ ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​អនុសញ្ញា​រ៉ា​ម​សារ​ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ប្តេជ្ញា​ប្រើប្រាស់​តំបន់ដីសើម​ និង​ធនធានទឹក​ប្រកបដោយ​និរន្តរភាព​។​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​តំបន់​រ៉ា​ម​សារ​ចំនួន​ ៥​ ដែល​មាន​ទំហំ​សរុប​ ៨៥.២៣៥​ ហិ​កតារួម​មាន​ស្ទឹង​ត្រែង​ បឹង​ឆ្មា​ កោះ​កាពិ​ ព្រែក​ទាល់​ និង​ស្ទឹង​សែន​ ដែល​ត្រូវ​បាន​កំណត់​ថា​ជា​តំបន់​សំខាន់​នៅ​ទូ​ទាំង​ពិភពលោក​។​8​ ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ជលផល​ត្រូវ​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ព្រៃឈើ​ ២០០២​ និង​ច្បាប់​ស្តី​ពី​ជលផល​ឆ្នាំ​ ២០០៦​។​ សិទ្ធិ​របស់​សហគមន៍​ក្នុង​ការ​ការពារ​និង​គ្រប់គ្រង​ព្រៃឈើ​ និង​នេសាទ​ ត្រូវ​បាន​ទទួលស្គាល់​នៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ និង​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សហគមន៍​នេសាទ​។​

ផែន​ទី​​អន្តរកម្ម​តំបន់​​ការពារ​ធម្មជាតិ​​ក្នុង​​ប្រទេស​កម្ពុជា​​ (១៩៩៣​-​២០២១)​

​គម្រោង​ដែល​អាច​បង្កហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​មាន​សក្តានុពល​ត្រូវ​តែ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ ដោយ​មិន​គិត​ថា​ វា​ត្រូវ​បាន​ផ្តល់​មូលនិធិ​ជា​សាធារណៈ​ ឬ​ឯកជន9​​ ដូចដែល​បាន​ចែង​នៅ​ជំពូក​ ៣​ នៃ​ច្បាប់​ស្តី​ពី​បរិស្ថាន​។​ របាយការណ៍​ EIA​ ត្រូវ​តែ​រួម​បញ្ចូល​ការ​ពិចារណា​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​និង​ជនជាតិភាគតិច​ និង​ឬ​ជនជាតិ​ដើម​ភាគតិច​។​10 ដើម្បី​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​ ក្របខ័ណ្ឌ​ EIA​ ត្រូវ​បាន​បន្ត​បន្ថែម​បទ​ប្បញ្ញត្តិ​ស្តី​ពី​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ចូលរួម​ជា​សាធារណៈ​ (​សេចក្តី​ព្រាង​លើក​ទី​ ១០)​។​11

​នៅ​ខែកុម្ភៈ​ឆ្នាំ​ ២០២០​ ក្រសួងបរិស្ថាន​បាន​ចេញ​ប្រកាស​លេខ​ ០២១​ ស្តី​ពី​ការ​ធ្វើ​ចំណាត់ថ្នាក់​នៃ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។​12 ការ​ធ្វើ​ចំណាត់ថ្នាក់​គម្រោង​វិនិយោគ​ដោយ​ផ្អែក​លើ​លក្ខណៈ​ និង​វិសាលភាព​របស់​គម្រោង​ និង​កំណត់​ថា​តើ​ការ​វិនិយោគ​ទាំងនោះ​នឹង​ត្រូវ​ធ្វើការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​បឋម​ (IEIA)​ ឬ​ EIA​ ពេញលេញ​។​ បទ​ប្បញ្ញត្តិ​ថ្មី​នេះ​បញ្ជាក់​ពី​ភាព​មិន​ច្បាស់លាស់​ពី​មុន​អំពី​តម្រូវការ​ផ្នែក​ច្បាប់​និង​ព័ត៌មាន​លំអិត​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ការពារ​បរិស្ថាន​ (EPC)​។​ ​ប្រកាស​លេខ​ ០២១​ គឺជា​ការ​កែសម្រួល​ថ្មី​នៃ​អនុក្រឹត្យ​លេខ​ ៧២​ ចុះ​ពី​ថ្ងៃ​ទី​ ១១​ ខែសីហា​ ឆ្នាំ​ ១៩៩៩​ និង​ប្រកាស​លេខ​ ១៤២៨​ ស្តី​ពី​ថ្លៃ​សេវា​សាធារណៈ​ ចុះ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​

​ជា​ចុង​ក្រោយ​គឺ​ យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​ជាតិ​បរិស្ថាន​ឆ្នាំ​ ២០១៦-២០២៣​ (NESAP)​ ដែល​មាន​គោលបំណង​ដើម្បី​ធានា​ថា​ ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​គឺជា​សរសរ​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​។​ ផែនការ​ជាតិ​ស្តី​ពី​បរិស្ថាន​ដែល​ជា​ផែនការ​ជាតិ​ដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០០២​ បាន​ផ្តល់​ផែនទី​បង្ហាញផ្លូវ​ដល់​ប្រទេស​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​13​ NESAP​ ផ្តល់​នូវ​ការ​វិភាគ​លំអិត​អំពី​ស្ថានភាព​បរិស្ថាន​នៅ​កម្ពុជា​ និង​បង្ហាញ​ពី​គោលនយោបាយ​អាទិភាព​ និង​ការ​កែ​លម្អ​អភិបាលកិច្ច​ និង​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ដែល​អាច​ជួយ​ប្រទេស​ឱ្យ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​បរិស្ថាន​។​ បំពង់​បង្ហូរ​ ថវិកា​ចំនួន​ ២៦០​ លាន​ដុល្លារ​នៃ​គំរោង​ និង​កម្មវិធី​បរិស្ថាន​បច្ចុប្បន្ន​ និង​ដែល​បាន​គ្រោងទុក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ NESAP​។​

​ក្របខ័ណ្ឌ​ច្បាប់​ស្ថិត​ក្នុង​ការ​ពង្រីក​បន្ថែម​

​ក្រសួងបរិស្ថាន​បាន​ចាប់ផ្តើម​ធ្វើ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ (ENR)​ ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ការពារ​បរិស្ថាន​ និង​អភិរក្ស​ ការ​គ្រប់គ្រង​និង​ការ​ស្តារ​ធនធានធម្មជាតិ​ និង​វប្បធម៌​ឡើង​វិញ​។​ សេចក្តី​ព្រាង​ក្រម​នេះ​រួម​មាន​គោលការណ៍​ទូទៅ​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ជីវចម្រុះ​ និង​ការ​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។​ ក្រសួង​បង្កើត​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ដើម្បី​ផ្តល់​ការ​ផ្សារ​ភ្ជាប់​និង​ការ​ការពារ​សម្រាប់​តំបន់​អភិរក្ស​ខ្ពស់​។​ វា​ក៏​ផ្តោត​លើ​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ការ​ចូលរួម​ជា​សាធារណៈ​ និង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ដំណើរការ​គ្រប់គ្រង​រួម​គ្នា​និង​នីតិវិធី​ដោះស្រាយ​វិវាទ​។

​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​មក​នូវ​ភាព​កាន់តែ​ប្រសើរ​ក្នុង​អភិបាលកិច្ច​បរិស្ថាន​តាម​រយៈ​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​ដាក់​កំហិត​ ការ​ការពារ​ និង​ការ​គ្រប់គ្រង​ជីវៈចម្រុះ​ និង​ធនធានធម្មជាតិ​។​ យ៉ាងណាមិញ​ បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​ច្បាប់​ជា​ច្រើន​ សេចក្តីព្រាងច្បាប់​លើក​ទី​ ១១​ មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅឡើយ​ទេ​ ខណៈ​ដែល​ក្តី​កង្វល់​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​ដោយ​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកជំនាញ​បរិស្ថាន​ រួម​ទាំង​ការ​ចូលរួម​នៅ​មាន​កម្រិត​របស់​តំណាង​សហគមន៍​ និង​នៅ​គ្រប់​ដំណាក់កាល​នៃ​គម្រោង​ កង្វះ​ការ​ទទួលស្គាល់​នៃ​ពាក្យបណ្តឹង​របស់​ជនជាតិ​ដើម​ភាគតិច​និង​ការ​ប្រើ​វាក្យ​ស័ព្ទ​មិន​ច្បាស់​។​14

​ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ផែនការ​គោល​សម្រាប់​តំបន់ឆ្នេរ​ ដែល​គ្របដណ្ដប់​លើ​ឆ្នេរ​ខ្សាច់​ទេសចរណ៍​ល្បីៗ​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ គោលបំណង​នៃ​ផែនការ​នេះ​ គឺ​ដើម្បី​លើកកម្ពស់​ការ​ការពារ​បរិស្ថាន​ និង​ធ្វើ​ឱ្យ​ឆ្នេរ​មាន​ភាព​ទាក់ទាញ​ ស្អាត​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​។​ ដី​ចម្ងាយ​ ៥០​ ម៉ែត្រ​ពី​សមុទ្រ​នឹង​ត្រូវ​ទុក​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​។​15​ នៅ​ដើមឆ្នាំ​ ២០២០​ ផែនការ​ថ្មី​មួយ​បាន​ចេញ​មក​ដែល​រួម​បញ្ចូល​ទាំង​ការ​ពង្រីក​តំបន់​មាត់​ឆ្នេរ​ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខណៈ​ពេល​ដែល​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​អេកូឡូស៊ី​។​16

​បទ​ប្បញ្ញត្តិ​បន្ថែម​ត្រូវការ​ជា​បន្ទាន់​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​ ការពារ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ការពារ​ជីវចម្រុះ​ និង​ធនធានធម្មជាតិ​របស់​ប្រទេស​ ទន្ទឹម​នឹង​ការ​ដោះស្រាយ​ហេតុ​ប៉ះពាល់​បរិស្ថាន​សំខាន់ៗ​ ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​ជា​ពិសេស​វិស័យ​ទេសចរណ៍​និង​ឧស្សាហកម្ម​។​​

បានធ្វើបច្ចុប្បន្នភាព៖ ១០ កញ្ញា​ ២០២០១

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gLttp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!