ការរុករកប្រេងនៅប្រទេសកម្ពុជា
នៅភូមិភាគអាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយដែលសំបូរទៅដោយធនធានធម្មជាតិដូចជា ត្បូង ឧស្ម័ន រ៉ែប្រេង ឧស្ម័នផូស្វ័រ(Phosphate) ឧស្ម័នម៉ង់ហ្គាណែស(manganese) រ៉ែដែក និងឈើ។1 ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនភីធីធីរបស់ប្រទេសថៃ(Thailand’s PTT) ក្រុមហ៊ុនផេត្រូ(Petro)របស់ប្រទេសវៀតណាម និងក្រុមហ៊ុនសាជីវកម្មប្រេងឆៅសមុទ្រជាតិរបស់ប្រទេសចិន (CNOOC) បានស្វែងរកប្រភពប្រេងដែលអាចមាននៅក្នុងទឹកដីប្រទេសកម្ពុជា។2 ក្រុមហ៊ុនឈេហ្វរ៉ុន(Chevron)ដែលជាក្រុមហ៊ុនប្រេងលំដាប់យក្សមួយរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ពីវត្តមានរបស់ប្រេងនៅក្នុងតំបន់ A ដែលមានទីតាំងស្ថិតនៅជិតខេត្តព្រះសីហនុ។3 ទោះបីជាយ៉ាងណាក្ដី ការរុករកប្រេងនៅតែជាប់គាំងមិនមានលទ្ធផលអ្វីរហូតដល់ចុងឆ្នាំ២០២០ នៅពេលប្រេងឆៅដំណក់ដំបូងត្រូវបានស្រង់ចេញពីបាតសមុទ្រក្នុងដែនទឹកនៃប្រទេសកម្ពុជា។4 អត្ថបទនេះ នឹងស្វែងយល់អំពីសាវតាសង្ខេបនៃការរុករកប្រេង សក្ដានុពលនៃផលចំណេញខាងសេដ្ឋកិច្ច និងការវាយតម្លៃផលប៉ះពាល់បរិស្ថានដោយក្របខ័ណ្ឌគតិយុត្តិ។
ផែនទីអន្តរកម្មប្លុកប្រេង និងឧស្ម័ននៅកម្ពុជា (២០០៧-២០២០)
សាវតានៃការរុករកប្រេងនៅកម្ពុជា
នៅក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនឈេហ្វរ៉ុន(Chevron)បានប្រកាសថា ខ្លួនបានរកឃើញប្រេងនៅក្នុងតំបន់ A នៅក្នុងឈូងសមុទ្រប្រទេសថៃ។5 ទោះបីជាយ៉ាងនេះក្ដី ការផលិតប្រេងមិនបានកើតឡើងទេ ដោយសារតែរដ្ឋាភិបាល និងក្រុមហ៊ុនឈេហ្វរ៉ុនខកខានក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការបែងចែកប្រាក់ចំណូល។ ទីបំផុតលទ្ធផលនេះ បានធ្វើឱ្យក្រុមហ៊ុនប្រេងយក្សរបស់អាមេរិកបោះបង់ចោលចំណាប់អារម្មណ៍លើគម្រោងរបស់ខ្លួន។6
កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរីឈ្មោះ KrisEnergy បានទិញសិទ្ធិក្នុងការរុករកប្រេងពីក្រុមហ៊ុនឈេហ្វរ៉ុន ហើយបានក្លាយជាប្រតិបត្តិករនៅក្នុងតំបន់ប្រេង A របស់ប្រទេសកម្ពុជា។ សក្តានុពលនៃការទាញយកប្រេងនៅសមុទ្រត្រូវបានគេមើលឃើញកាន់តែច្រើន នៅពេលដែលរដ្ឋាភិបាល និងក្រុមហ៊ុន KrisEnergy ឈានដល់កិច្ចព្រមព្រៀងលម្អិតលើផលិតកម្ម និងហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យក្រុមហ៊ុន KrisEnergy រៀបចំខ្លួន ដើម្បីទាញយកប្រេងចេញពីផ្ទៃដី ៣,០៨៣ គីឡូម៉ែត្រការ៉េ។ ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមដំណើរការ ការអភិវឌ្ឍអប្សរា ដំណាក់កាលទី ០១ ដែលក្រុមហ៊ុនរំពឹងថានឹងអាចទាញយកប្រេង និងឧស្ម័នបានប្រហែល ៣០,០០០ បារ៉ែល។7
រូបភាពដោយ: KrisEnergy។
នៅឆ្នាំ២០១៩ ក្រុមហ៊ុនរុករករ៉ែដែលមានមូលដ្ឋាននៅប្រទេសកាណាដា Angkor resources ក៏ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរុករកប្រេង និងឧស្ម័នផងដែរ។ នៅក្នុងកិច្ចព្រមព្រៀង ក្រុមហ៊ុន Angkor Resources ទទួលបានសិទ្ធិសម្រាប់រុករកប្រេង និងឧស្ម័ននៅក្នុងតំបន់ទី ០៨ ដែលជាទីតាំងនៅលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុដែលមានទំហំប្រហែល ៧,៣០០ គីឡូម៉ែត្រការ៉េ។89នៅឆ្នាំ២០២០ ក្រុមហ៊ុនអភិវឌ្ឍន៍ធនធានថាមពលកម្ពុជាដែលគ្រប់គ្រងដោយចិន បានទទួលអាជ្ញាបណ្ណរុករករ៉ែរយៈពេល ០៣ ឆ្នាំសម្រាប់តំបន់ D ដែលមានទំហំ ៥,៥០០ គីឡូម៉ែត្រការ៉េ នៅក្នុងឈូងសមុទ្រប្រទេសថៃ។10
អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច
ដោយមានផលិតកម្មប្រេង កម្ពុជារំពឹងថានឹងបង្កើនប្រាក់ចំណូលរបស់ខ្លួនបានរាប់រយលានដុល្លារ អាស្រ័យលើបរិមាណផលិតកម្ម តម្លៃប្រេង និងថ្លៃដើម។11 ឯកឧត្តមរដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ការបម្រុងប្រេងក្នុងតំបន់Aអាចនឹងបង្កើតប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលកម្ពុជាប្រមាណ ៥០០ លានដុល្លារអាមេរិក ក្នុងអាយុកាលនៃគម្រោង។12
បន្ទាប់ពីដំណើរការអស់រយៈពេល ១០ ឆ្នាំ ក្រុមហ៊ុន KrisEnergy បានទាញយកដំណក់ប្រេងឆៅដំបូងពីតំបន់ A នៅអណ្តូងប្រេងអប្សរារបស់កម្ពុជានៅចុងឆ្នាំ ២០២០ ដែលធ្វើអោយប្រទេសកម្ពុជាក្លាយជាអ្នកផលិតប្រេងទី ៨ នៅក្នុងតំបន់អាស៊ាន។ លទ្ធផលនេះអាចនឹងបើកទ្វារសម្រាប់វិនិយោគិនផ្សេងទៀត និងក្រុមហ៊ុនលំដាប់ពិភពលោកក្នុងវិស័យប្រេង និងឧស្ម័ន។ លោក ចៀប សួរ(Cheap Sour) អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា ផលិតកម្មធនធានប្រេងអាចឡើងដល់ ៧,៥០០ បារ៉ែលក្នុងមួយថ្ងៃពីអណ្តូងចំនួន ៥ ។13 ការរុករកប្រេងប្រកបដោយជោគជ័យនឹងអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចេញប្រេងទៅប្រទេសដទៃទៀតដោយ អាចទ្រទ្រង់ដល់ជំហរផ្នែកហិរញ្ញវត្ថុ និងកាត់បន្ថយតម្រូវការនាំចូលប្រេង។14 ជាអកុសល ការចូលរួមរបស់ប្រទេសកម្ពុជាក្នុងផលិតកម្មប្រេង ទំនងជាមានត្រឹមតែផលិតកម្មប្រេងឆៅប៉ុណ្ណោះទេ ដោយក្រសួងរ៉ែ និងថាមពលបានចង្អុលបង្ហាញថាដោយសារតែប្រទេសកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធ ដំណើរការប្រេង។15
ផលប៉ះពាល់ទៅលើបរិស្ថាន
ការរុករកធនធានអាចជះឥទ្ធិពលអាក្រក់ទៅដល់បរិស្ថាន មិនថានៅលើដី តំបន់សមុទ្រ ឬក៏ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ ផលប៉ះពាល់បែបនេះ អាចកើតឡើងចាប់ពីដំណាក់កាលរុករកតាមរយៈឧបករណ៍ប្រតិបត្តិការរុករក (decommissioning of the operation)។ ការបញ្ចេញសារធាតុកខ្វក់អាចមានភាពខុសប្លែកគ្នា រវាងតំបន់ឆ្នេរសមុទ្រ និងនៅក្នុងសមុទ្រដោយសារតែបរិស្ថានខុសគ្នា។ ផលប៉ះពាល់នៃអេកូឡូស៊ីរួមមាន ការបំភាយខ្យល់ ការបង្កើតសំលេងរំខាន ការបង្ហូរទឹកស្អុយ កាកសំណល់រឹង និងរាវ និងការកំពប់ប្រេងជាដើម។ សម្រាប់ផលប៉ះពាល់រយៈពេលវែង អាចកើតមានឡើងចំពោះប្រព័ន្ធអេកូឡូស៊ីសមុទ្រ ប្រសិនបើមិនមានដំណោះស្រាយសមស្របជុំវិញការបំផ្លាញនោះទេ។
ទាំងកាកសំណល់ និងសម្ភារៈ ឬ វត្ថុធាតុដើមដែលផ្ទុកសារធាតុពុល និងគ្រោះថ្នាក់ ដែលបានបោះបង់ចោលនៅសមុទ្រ អាចបង្កគ្រោះថ្នាក់ដល់អ្នកនេសាទ និងនាវាផងដែរ។ សត្វមានជីវិតជាច្រើនប្រភេទអាចត្រូវបានបំផ្លាញដោយការហៀរប្រេង។16 លើសពីនេះទៅទៀត ការហៀរប្រេងអាចធ្វើឱ្យមានមហន្តរាយដល់អនាគតដ៏យូរអង្វែងនៃជីវិតក្នុងសមុទ្រទាំងអស់ ដោយហេតុថាការបំពុលអាចប៉ះពាល់ដល់ការបន្តពូជរបស់សត្វក្នុងសមុទ្រ និងអាចបំផ្លាញការផ្គត់ផ្គង់ស្បៀងអាហារនៃជីវិតក្នុងសមុទ្រផងដែរ។17 រាល់ការកើតឡើងនៃការហៀរសារធាតុពុល ឬ គ្រោះថ្នាក់រួមមានប្រេង នឹងធ្វើឲ្យមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចទៀតផង។18
របាយការណ៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖ គម្រោងអភិវឌ្ឍន៍ប្លុក A ប្រទេសកម្ពុជា
ក្របខ័ណ្ឌគតិយុត្តិ
ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការទាញយកធនធានមិនកកើតឡើងវិញ រាជរដ្ឋាភិបាលបានអនុម័តច្បាប់ដើម្បីគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុន។ ក្នុងនោះ មានច្បាប់ និងការធ្វើវិសោធនកម្មប្រេងក្នុងឆ្នាំ ១៩៩១ និងច្បាប់ក្នុងឆ្នាំ ២០០១ ស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែ។ ច្បាប់ទាំងពីរនេះមានគោលដៅគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែ ត្រួតពិនិត្យប្រតិបត្តិការ និងសកម្មភាពពាក់ព័ន្ធទាំងអស់។19 ច្បាប់ស្តីពីប្រេង និងការគ្រប់គ្រងផលិតផលប្រេង ក៏ត្រូវបានអនុម័តផងដែរ ដើម្បីគ្រប់គ្រងទៅលើអាជីវកម្មប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសជាតិ។20
នៅក្នុងឆ្នាំ២០១៨ សេចក្តីព្រាងច្បាប់ស្តីពីប្រេង និងឧស្ម័នថ្មី ត្រូវបានផ្សព្វផ្សាយសម្រាប់ការពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នឧស្សាហកម្មដទៃផ្សេងទៀត។ មានការអះអាងពីបណ្តាញសារព័ត៌មានថារាជរដ្ឋាភិបាលកំពុងពិចារណាបង្កើតក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយរដ្ឋ ហើយក្រុមហ៊ុននេះនឹងចូលរួមក្នុងការរុករក និងមានឱកាសរកស៊ីរួមគ្នាសម្រាប់គម្រោងនានាក្នុងវិស័យប្រេង និងឧស្ម័នផងដែរ។21 ច្បាប់ប្រេងនិងឧស្ម័នថ្មីផ្សេងទៀត នឹងគ្រប់គ្រងមុខងារផ្សេងៗទៅលើគម្រោងឬអាជីវកម្មបែបនេះ។22
អត្ថបទសរសេរដោយ៖ លោក ជោត្ត ច័ន្ទសម្បត្តិ អ្នកហាត់ការផ្នែកមាតិកា និងស្រាវជ្រាវនៅអូឌីស៊ី។
ឯកសារយោង
- 1. គេហទំព័រ Azomining, «ប្រទេសកម្ពុជា៖ ធនធានរ៉ែ និងប្រេងឥន្ធនៈ» ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១២។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 2. Turton, S., «ប្រេងក្នុងប្រទេសកម្ពុជា៖ សុបិន្តដែលបដិសេធមិនស្លាប់» ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩។បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 3. លោក Keeton-Olsen,D., «ការទាញយកប្រេងនៅសមុទ្រលើកដំបូងរបស់ប្រទេសកម្ពុជាត្រូវពន្យារពេលដោយសារការរីករាលដាលនៃជំងឺរាតត្បាត» ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 4. លោក May,K., «ប្រទេសកម្ពុជាទាញយកតំណក់ប្រេងជាលើកដំបូងដែលជាការចាប់ផ្ដើមផលិតកម្ម» ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 5. អង្គការ Resources for Development Consulting, «របាយការណ៍ទស្សនវិស័យចំណូលពីប្រេងសម្រាប់ប្រទេសកម្ពុជា៖ ការវិភាគសេដ្ឋកិច្ចនៃតំបន់ប្រេងនៅសមុទ្រ» ខែធ្នូ ឆ្នាំ២០១៥។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 6. លោក REUTERS, «ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរីទិញយកក្រុមហ៊ុនឈេហ្វរ៉ុននៅក្នុងតំបន់ប្រេងប្រទេសកម្ពុជា» ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៤។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 7. ក្រុមហ៊ុន KrisEnergy «ប្រទេសកម្ពុជា៖ ក្រុមហ៊ុន KrisEnergy កំណត់លក្ខខណ្ឌសម្រាប់ការអភិវឌ្ឍតំបន់ប្រេងរបស់ប្រទេសកម្ពុជា» ខែសីហា ឆ្នាំ២០១៧។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 8. Thou, V., «កិច្ចព្រមព្រៀងប្រេងត្រូវបានគេរំពឹងទុកជាមួយក្រុមហ៊ុនកាណាដា» ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 9. ក្រុមហ៊ុន ANGKOR GOLD CORP, «ក្រុមហ៊ុនអង្គរទទួលការយល់ព្រមសម្រាប់សម្បទានប្រេងនិងឧស្ម័ននៅកម្ពុជា» ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 10. Thou, V., «ក្រុមហ៊ុនចិនបានផ្តល់សិទ្ធិឱ្យរុករកតំបន់D» ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 11. អង្គការ Resources for Development Consulting, «ទស្សនវិស័យចំណូលពីប្រេងសម្រាប់ប្រទេសកម្ពុជា៖ ការវិភាគសេដ្ឋកិច្ចនៃតំបន់ប្រេងនៅសមុទ្រ» ខែធ្នូ ឆ្នាំ២០១៥។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 12. លោក Kotoki, K., «កិច្ចព្រមព្រៀងសម្រាប់អណ្តូងប្រេងត្រូវបានចុះហត្ថលេខា» ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 13. May, K., «ប្រទេសកម្ពុជាទាញយកតំណក់ប្រេងជាលើកដំបូងដែលជាការចាប់ផ្ដើមផលិតកម្ម» ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 14. Turton, S., «ប្រេងក្នុងប្រទេសកម្ពុជា៖ សុបិន្តដែលបដិសេធមិនស្លាប់» ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១។
- 15. Chea. V., «ក្រសួងនិយាយថាប្រទេសកម្ពុជានឹងត្រូវនាំចេញប្រេងរបស់ខ្លួន» ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 16. ក្រសួងរ៉ែ និងថាមពល, «សុខភាពបរិស្ថាន និងសង្គម» ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 17. Yem. D. នៃសកលវិទ្យាល័យ Maritime, «សំណើការពារបរិស្ថានសមុទ្រពីផលប៉ះពាល់នៃការបំពុលប្រេងនៅកម្ពុជា» ឆ្នាំ២០០០។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 18. ក្រសួងរ៉ែ និងថាមពល, «សុខភាពបរិស្ថាន និងសង្គម» ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 19. អង្គការទិន្នន័យអំពីការអភិវឌ្ឍ «ច្បាប់ស្ដីពីការគ្រប់គ្រងរ៉ែ និងធ្វើអាជីវកម្មធនធានរ៉ែ» ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០០១។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 20. អង្គការទិន្នន័យអំពីការអភិវឌ្ឍ «ច្បាប់ស្ដីពីប្រេង និងការគ្រប់គ្រងផលិតកម្មប្រេង» ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 21. លោក ជា វណ្ណៈ «រដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីប្រេង» ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
- 22. ធនាគារអភិវឌ្ឍន៍អាស៊ី «កម្ពុជា៖ ការវាយតម្លៃលើថាមពល យុទ្ធសាស្ត្រ និងផែនទី» ខែធ្នូ ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។