ការ​រុករក​ប្រេង​នៅ​ប្រទេស​កម្ពុជា

នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដូច​ជា​ ត្បូង​ ឧស្ម័ន​ រ៉ែ​ប្រេង​ ឧស្ម័ន​ផូស្វ័រ​(Phosphate)​ ឧស្ម័ន​ម៉​ង់​ហ្គា​ណែ​ស​(manganese)​ រ៉ែ​ដែក​ និង​ឈើ​។​1 ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ មក​ ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា​ ក្រុមហ៊ុន​ភី​ធី​ធី​របស់​ប្រទេស​ថៃ​(Thailand’s​ PTT)​ ក្រុមហ៊ុន​ផេ​ត្រូ​(Petro)​របស់​ប្រទេស​វៀតណាម​ និង​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ឆៅ​សមុទ្រ​ជាតិ​របស់​ប្រទេស​ចិន​ (CNOOC)​ បាន​ស្វែងរក​ប្រភព​ប្រេង​ដែល​អាច​មាននៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។​2​ ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(Chevron)​ដែល​ជា​ក្រុមហ៊ុន​ប្រេង​លំដាប់​យក្ស​មួយ​របស់​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ពី​វត្តមាន​របស់​ប្រេង​នៅ​ក្នុង​តំបន់​ A​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ខេត្ត​ព្រះ​សីហ​នុ​។​3​ ទោះបីជា​យ៉ាងណា​ក្ដី​ ការ​រុករក​ប្រេង​នៅ​តែ​ជាប់​គាំង​មិន​មាន​លទ្ធផល​អ្វី​រហូត​ដល់​ចុងឆ្នាំ​២០២០​ នៅ​ពេល​ប្រេង​ឆៅ​ដំណក់​ដំបូង​ត្រូវ​បាន​ស្រង់​ចេញពី​បាតសមុទ្រ​ក្នុង​ដែនទឹក​នៃ​ប្រទេស​កម្ពុជា​។​4​ អត្ថបទ​នេះ​ នឹង​ស្វែង​យល់​អំពី​សាវតា​សង្ខេបនៃ​ការ​រុករក​ប្រេង​ សក្ដានុពល​នៃ​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច​ និង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​ក្របខ័ណ្ឌគតិយុត្តិ​។​

ផែនទី​អន្តរ​កម្ម​ប្លុកប្រេង និងឧស្ម័ននៅកម្ពុជា (២០០៧-២០២០)

​សាវតា​នៃ​ការ​រុករក​ប្រេង​នៅ​កម្ពុជា​

​នៅ​ក្នុង​ឆ្នាំ​២០០៤​ ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(Chevron)​បាន​ប្រកាស​ថា​ ខ្លួន​បាន​រក​ឃើញ​ប្រេង​នៅ​ក្នុង​តំបន់​ A​ នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​ថៃ​។​5​ ទោះបីជា​យ៉ាងនេះ​ក្ដី​ ការ​ផលិត​ប្រេង​មិន​បាន​កើតឡើង​ទេ​ ដោយសារ​តែ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​ខកខាន​ក្នុង​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បែងចែក​ប្រាក់​ចំណូល​។​ ទីបំផុត​លទ្ធផល​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​អា​មេ​រិ​ក​បោះបង់​ចោល​ចំណាប់អារម្មណ៍​លើ​គម្រោង​របស់​ខ្លួន​។​6

​កាលពី​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ឈ្មោះ​ KrisEnergy​ បាន​ទិញ​សិទ្ធិ​ក្នុង​ការ​រុក​​រក​ប្រេង​ពី​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​ ហើយ​បាន​ក្លាយជា​ប្រតិបត្តិ​ករ​នៅ​ក្នុង​តំបន់​ប្រេង​ A​ របស់​ប្រទេស​កម្ពុជា​។​ សក្តានុពល​នៃ​ការ​ទាញ​យក​ប្រេង​នៅ​សមុទ្រ​ត្រូវ​បាន​គេ​មើលឃើញ​កាន់តែ​ច្រើន​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ KrisEnergy​ ឈាន​ដល់​កិច្ចព្រមព្រៀង​លម្អិត​លើ​ផលិតកម្ម​ និង​ហិរញ្ញវត្ថុ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ KrisEnergy​ រៀបចំ​ខ្លួន​ ដើម្បី​ទាញ​យក​ប្រេង​ចេញពី​ផ្ទៃដី​ ៣,០៨៣​ គីឡូ​ម៉ែត្រការ៉េ​។​ ក្រុមហ៊ុន​ KrisEnergy​ បាន​ចាប់ផ្តើម​ដំណើរការ​ ការ​អភិវឌ្ឍ​អប្សរា​ ដំណាក់កាល​ទី​ ០១​ ដែល​ក្រុមហ៊ុន​រំពឹង​ថា​នឹង​អាច​ទាញ​យក​ប្រេង​ និង​ឧស្ម័ន​បាន​ប្រហែល​ ៣០,០០០​ បារ៉ែល​។​7

រូបភាពដោយ: KrisEnergy

​នៅ​ឆ្នាំ​២០១៩​ ក្រុមហ៊ុន​រុករក​រ៉ែ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កា​ណា​ដា​ Angkor​ resources​ ក៏​ទទួល​បានការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​រុករក​ប្រេង​ និង​ឧស្ម័ន​ផង​ដែរ​។​ នៅ​ក្នុង​កិច្ចព្រមព្រៀង​ ក្រុមហ៊ុន​ Angkor​ Resources​ ទទួល​បាន​សិទ្ធិ​សម្រាប់​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​ទី​ ០៨​ ដែល​ជាទី​តាំងនៅ​លើ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ទំហំ​ប្រហែល​ ៧,៣០០​ គីឡូ​ម៉ែត្រការ៉េ​។​89​នៅ​ឆ្នាំ​២០២០​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ធនធាន​ថាមពល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ចិន​ បាន​ទទួល​អាជ្ញា​បណ្ណ​រុករក​រ៉ែ​រយៈពេល​ ០៣​ ឆ្នាំ​សម្រាប់​តំបន់​ D​ ដែល​មាន​ទំហំ​ ៥,៥០០​ គីឡូ​ម៉ែត្រការ៉េ​ នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​ថៃ​។​10

​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​

​ដោយ​មាន​ផលិតកម្ម​ប្រេង​ កម្ពុជា​រំពឹង​ថា​នឹង​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​បាន​រាប់រយ​លាន​ដុល្លារ​ អាស្រ័យ​លើ​បរិមាណ​ផលិតកម្ម​ តម្លៃ​ប្រេង​ និង​ថ្លៃដើម​។​11 ឯកឧត្តម​រដ្ឋមន្ត្រី​ លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ ការ​បម្រុង​ប្រេង​ក្នុង​តំបន់​A​អាច​នឹង​បង្កើត​ប្រាក់​ចំណូល​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៥០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​អាយុកាល​នៃ​គម្រោង​។​12

​បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​ ១០​ ឆ្នាំ​ ក្រុមហ៊ុន​ KrisEnergy​ បាន​ទាញ​យក​ដំណក់​ប្រេង​ឆៅ​ដំបូង​ពី​តំបន់​ A​ នៅ​អណ្តូងប្រេង​អប្សរា​របស់​កម្ពុជា​នៅ​ចុងឆ្នាំ​ ២០២០​ ដែល​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ក្លាយជា​អ្នក​ផលិត​ប្រេង​ទី​ ៨​ នៅ​ក្នុង​តំបន់​អាស៊ាន​។​ លទ្ធផល​នេះ​អាច​នឹង​បើកទ្វារ​សម្រាប់​វិនិយោគិន​ផ្សេង​ទៀត​ និង​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ក្នុង​វិស័យ​ប្រេង​ និង​ឧស្ម័ន​។​ លោក​ ចៀប​ សួរ​(Cheap​ Sour)​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​មាន​ប្រសាសន៍​ថា​ ផលិតកម្ម​ធនធាន​ប្រេង​អាច​ឡើង​ដល់​ ៧,៥០០​ បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ពី​អណ្តូង​ចំនួន​ ៥​ ។​13​ ការ​រុករក​ប្រេង​ប្រកបដោយ​ជោគជ័យ​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​នាំ​ចេញ​ប្រេង​ទៅ​ប្រទេស​ដទៃ​ទៀត​ដោយ​ អាច​ទ្រទ្រង់​ដល់​ជំហរ​ផ្នែក​ហិរញ្ញវត្ថុ​ និង​កាត់​បន្ថយ​តម្រូវការ​នាំ​ចូល​ប្រេង​។​14 ជា​អកុសល​ ការ​ចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​ផលិតកម្ម​ប្រេង​ ទំនងជា​មាន​ត្រឹមតែ​ផលិតកម្ម​ប្រេង​ឆៅ​ប៉ុណ្ណោះ​ទេ​ ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចង្អុលបង្ហាញ​ថា​ដោយសារ​តែ​ប្រទេស​កម្ពុជា​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ ដំណើរការ​ប្រេង​។​15

​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​

​ការ​រុករក​ធនធាន​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​បរិស្ថាន​ មិន​ថា​នៅ​លើ​ដី​ តំបន់​សមុទ្រ​ ឬ​ក៏​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​សមុទ្រ​។​ ផល​ប៉ះពាល់​បែប​នេះ​ អាច​កើតឡើង​ចាប់ពី​ដំណាក់កាល​រុករក​តាម​រយៈ​ឧបករណ៍​ប្រតិបត្តិការ​រុករក​ (decommissioning​ of​ the​ operation)​។​ ការ​បញ្ចេញ​សារធាតុ​កខ្វក់​អាច​មាន​ភាព​ខុស​ប្លែក​គ្នា​ រវាង​តំបន់ឆ្នេរ​សមុទ្រ​ និង​នៅ​ក្នុង​សមុទ្រ​ដោយសារ​តែ​បរិស្ថាន​ខុស​គ្នា​។​ ផល​ប៉ះពាល់​នៃ​អេកូឡូស៊ី​រួម​មាន​ ការ​បំ​ភាយ​ខ្យល់​ ការ​បង្កើត​សំលេង​រំខាន​ ការ​បង្ហូរទឹក​ស្អុយ​ កាក​សំណល់​រឹង​ និង​រាវ​ និង​ការ​កំពប់​ប្រេង​ជាដើម​។​ សម្រាប់​ផល​ប៉ះពាល់​រយៈពេល​វែង​ អាច​កើត​មាន​ឡើង​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​សម​ស្រប​ជុំវិញ​ការ​បំផ្លាញ​នោះ​ទេ​។​

ទាំង​កាក​សំណល់​ និង​សម្ភារៈ​ ឬ​ វត្ថុធាតុដើម​ដែល​ផ្ទុក​សារធាតុពុល​ និង​គ្រោះថ្នាក់​ ដែល​បាន​បោះបង់​ចោល​នៅ​សមុទ្រ​ អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកនេសាទ​ និង​នាវា​ផង​ដែរ​។​ សត្វ​មានជីវិត​ជា​ច្រើន​ប្រភេទ​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ហៀរ​ប្រេង​។​16​ លើស​ពី​នេះ​ទៅ​ទៀត​ ការ​ហៀរ​ប្រេង​អាច​ធ្វើ​ឱ្យ​មាន​មហន្តរាយ​ដល់​អនាគត​ដ៏​យូរអង្វែង​នៃ​ជីវិត​ក្នុង​សមុទ្រ​ទាំងអស់​ ដោយហេតុ​ថា​ការ​បំពុល​អាច​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ​របស់​សត្វ​ក្នុង​សមុទ្រ​ និង​អាច​បំផ្លាញ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​នៃ​ជីវិត​ក្នុង​សមុទ្រ​ផង​ដែរ​។​17​ រាល់​ការ​កើតឡើង​នៃ​ការ​ហៀរ​សារធាតុពុល​ ឬ​ គ្រោះថ្នាក់​រួម​មាន​ប្រេង​ នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​ និង​សេដ្ឋកិច្ច​ទៀត​ផង​។​18

របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​៖ ​គម្រោង​អភិវឌ្ឍន៍​ប្លុក​ A​ ប្រទេស​កម្ពុជា

​ក្របខ័ណ្ឌគតិយុត្តិ​

​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​ការ​ទាញ​យក​ធនធាន​មិន​កកើត​ឡើង​វិញ​ រាជរដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​ដើម្បី​គ្រប់គ្រង​សកម្មភាព​របស់​ក្រុមហ៊ុន​។​ ក្នុង​នោះ​ មានច្បាប់​ និង​ការ​ធ្វើ​វិសោធនកម្ម​ប្រេង​ក្នុង​ឆ្នាំ​ ១៩៩១​ និង​ច្បាប់​ក្នុង​ឆ្នាំ​ ២០០១​ ស្តី​ពី​ការ​គ្រប់គ្រង​ និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​។​ ច្បាប់​ទាំង​ពីរ​នេះ​មាន​គោលដៅ​គ្រប់គ្រង​ និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ ត្រួតពិនិត្យ​ប្រតិបត្តិការ​ និង​សកម្មភាព​ពាក់ព័ន្ធ​ទាំងអស់​។​19​ ច្បាប់​ស្តី​ពី​ប្រេង​ និង​ការ​គ្រប់គ្រង​ផលិតផល​ប្រេង​ ក៏​ត្រូវ​បាន​អនុម័ត​ផង​ដែរ​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​អាជីវកម្ម​ប្រេងឥន្ធនៈ​បន្ថែម​ទៀត​ ដើម្បី​ធានា​និរន្តរភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​សម្រាប់​ប្រទេស​ជាតិ​។​20

នៅ​ក្នុង​ឆ្នាំ​២០១៨​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រេង​ និង​ឧស្ម័ន​ថ្មី​ ត្រូវ​បាន​ផ្សព្វផ្សាយ​សម្រាប់​ការពិគ្រោះ​យោបល់​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ វិស័យ​ឯកជន​ និង​ស្ថាប័ន​ឧស្សាហកម្ម​ដទៃ​ផ្សេង​ទៀត​។​ មានការ​អះអាង​ពី​បណ្តាញសារព័ត៌មាន​ថា​រាជរដ្ឋាភិបាល​កំពុង​ពិចារណា​បង្កើត​ក្រុមហ៊ុន​ប្រេង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចូលរួម​ក្នុង​ការ​រុករក​ និង​មានឱកាស​រកស៊ី​រួម​គ្នា​សម្រាប់​គម្រោង​នានា​ក្នុង​វិស័យ​ប្រេង​ និង​ឧស្ម័ន​ផង​ដែរ​។​21 ​ច្បាប់​ប្រេង​និង​ឧស្ម័ន​ថ្មី​ផ្សេង​ទៀត​ នឹង​គ្រប់គ្រង​មុខងារ​ផ្សេងៗ​ទៅ​លើ​គម្រោង​ឬ​អាជីវកម្ម​បែប​នេះ​។​22

អត្ថបទ​សរសេរ​ដោយ​៖​ លោក ជោ​ត្ត​ ច័ន្ទ​សម្បត្តិ​​​ អ្នក​ហាត់​ការ​​ផ្នែកមាតិកា និងស្រាវជ្រាវនៅ​អូឌីស៊ី​។​ 

ឯកសារយោង