អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ឆ្នាំ ២០២១
នៅខែធ្នូ ឆ្នាំ ១៩៩៤ អង្គការសហប្រជាជាតិបានសម្រេចថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នឹងត្រូវប្រារព្ធនៅថ្ងៃទី ០៩ ខែសីហា ជារៀងរាល់ឆ្នាំ។ កាលបរិច្ឆេទនេះ គឺជាថ្ងៃនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីប្រជាជនជនជាតិដើមភាគតិច នៅឆ្នាំ ១៩៨២ ។ ប្រជាជននៅទូទាំងពិភពលោក ត្រូវបានលើកទឹកចិត្តឱ្យចែករំលែកសារ របស់អង្គការសហប្រជាជាតិ ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិរបស់ជនជាតិដើមភាគតិច។
ប្រធានបទនៅឆ្នាំ ២០២១ នេះ គឺ “កុំទុកនរណាម្នាក់ចោល៖ ជនជាតិដើមភាគតិច និងការអំពាវនាវឱ្យមានកិច្ចសន្យាសង្គមថ្មី”។
កិច្ចសន្យាសង្គម គឺជាកិច្ចព្រមព្រៀងដែលមិនបានកត់ត្រា ដែលមនុស្សបង្កើតឡើង ក្នុងការសហការគ្នា ដើម្បីផលប្រយោជន៍សង្គម និងសេដ្ឋកិច្ច។ ជនជាតិដើមភាគតិចមិនដែលត្រូវបានបញ្ចូលក្នុងកិច្ចសន្យាសង្គមនេះទេ ហើយថែមទាំងទទួលរងផលប៉ះពាល់ ដោយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសជាច្រើនផងដែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងចំណោមប្រជាជនឈានមុខគេតែប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំមកនេះ សង្គមបានព្យាយាមដោះស្រាយបញ្ហាទាំងនេះ តាមរយៈការសុំទោស ការផ្សះផ្សា និងកែទម្រង់កម្រិតអន្តរជាតិ។ ថ្វីត្បិតតែកិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានធ្វើឡើងក៏ដោយ មិនមែនអ្វីៗទាំងអស់ត្រូវបានចាប់ផ្តើម ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ។ កិច្ចសន្យាសង្គម ដោយផ្អែកលើអ្នកចូលរួមពិតប្រាកដ និងភាពជាដៃគូរួមទាំងជនជនជាតិដើមភាគតិច គឺចាំបាច់ណាស់។
នៅថ្ងៃទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមអបអរសាទរជនជាតិដើមភាគតិច និងបង្ហាញពីសារៈសំខាន់ និងភាពចម្រុះនៃសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ អូឌីស៊ីផ្តល់នូវប្រភពទិន្នន័យបើកទូលាយ ដែលទាក់ទងនឹងជនជាតិដើមភាគតិច ដើម្បីបង្កើនការយល់ដឹងរបស់ជនជាតិដើមភាគតិច ពង្រឹងអំណាចដល់សហគមន៍ និងធ្វើឱ្យសំលេងរបស់ពួកគេមានឥទ្ធិពល។
អូឌីស៊ី បានផ្តល់ព័ត៌មាន អំពីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីចំនួន ២៧ ជាមួយផែនទីអន្តរកម្ម ដើម្បីគាំទ្រជនជាតិដើមភាគតិច។ ព័ត៌មានចំនួន ៥៥៦ ទាក់ទងនឹងជនជាតិដើមភាគតិចត្រូវបានគេបោះពុម្ពផ្សាយ នៅលើគេហទំព័រអូឌីស៊ី ដែលបានលើកពីបញ្ហា និងការអភិវឌ្ឍរបស់ជនជាតិដើមភាគតិច។ ផែនទីស្តីពី តំបន់ជនជាតិដើមភាគតិចនៅកម្ពុជា ដីសមូហភាពជនជាតិដើមភាគតិចដែលបានចុះបញ្ជី និងស្វ័យអត្តសញ្ញាណនៃសហគមន៍ជនជាតិដើមភាគតិច ពង្រឹងការយល់ដឹងអំពីសង្គមទាក់ទងនឹងប្រធានបទនេះ។
អូឌីស៊ី បានបង្កើតមាតិការជាច្រើន ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទាក់ទងនឹងជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេស។ ទំព័រប្រធានបទជនជាតិភាគតិច នៅលើគេហទំព័ររបស់អូឌីស៊ី ផ្តោតលើទិដ្ឋភាពទូទៅនៃជនជាតិដើមភាគតិច ច្បាប់ និងគោលនយោបាយ ទាក់ទងនឹងជនជាតិដើមភាគតិចនៅកម្ពុជា។ ទំព័រប្រធានបទដីសមូហភាព កំណត់អត្តសញ្ញាណទ្រព្យសម្បត្តិ សហគមន៍ជនជាតិដើមភាគតិចដែលទទួលបានប័ណ្ណកម្មសិទ្ធិរួម និងបញ្ហាប្រឈមក្នុងការការពារសិទ្ធិសហគមន៍ជនជាតិដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជាតំបន់ធំៗ ដីជនជាតិដើមភាគតិចជាច្រើនរងផលប៉ះពាល់ ដូចមានរៀបរាប់នៅលើទំព័រប្រធានបទ ការរុករករ៉ែតាមបែបឧស្សាហកម្ម។
ដើម្បីគាំទ្រដល់ការគ្រប់គ្រងទិន្នន័យជនជាតិដើមភាគតិច សិទ្ធរបស់ជនជាតិដើមភាគតិច និងតម្រូវការដែលមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីទិន្នន័យរបស់ជនជាតិដើមភាគតិច គំនិតផ្តួចផ្តើមនៃការអភិវឌ្ឍ (អូឌីអាយ) និងអូឌីស៊ី បានសហការជាមួយអង្គការជនជាតិដើមកម្ពុជា និងសហគមន៍ជនជាតិដើមភាគតិច បកប្រែគោលការណ៍ CARE សម្រាប់ការគ្រប់គ្រងទិន្នន័យជនជាតិដើមជាភាសាខ្មែរ។ អូឌីស៊ី និងអង្គការជនជាតិដើមកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រមូលទិន្នន័យ និងជំនាញអក្ខរកម្មទិន្នន័យ ដើម្បីបង្កើតឃ្លាំងទិន្នន័យកណ្តាលសម្រាប់ថ្នាក់តំបន់។ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ អូឌីស៊ី បានសហការជាមួយអង្គការជនជាតិដើមកម្ពុជា រៀបចំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ រយៈពេលកន្លះថ្ងៃ ស្តីពី “សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើមភាគតិច”។
ដោយអូឌីស៊ីនឹងបន្តចងក្រង និងបង្កើតប្រភពទិន្នន័យបើកចំទូលាយ ដែលអាចជឿទុកចិត្តបាន និងបច្ចុប្បន្នភាព យើងចង់ជម្រុញឱ្យមានការសហការ និងសកម្មភាពបន្ថែមទៀត ដើម្បីការពារសហគមន៍ និងវប្បធម៌របស់ជនជាតិដើមភាគតិច សិទ្ធិ និងការរស់នៅរបស់ពួកគេ។