សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី បានជួបពិភាក្សា ឯកឧត្តមប្រធានាធិបតី ស៊ីជីនពីង និងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ អំពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីកំណត់ទិសដៅ នៃទំនាក់ទំនងកម្ពុជា-ចិន នាពេលអនាគត។ ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគ្នាជាយុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីធានាសុវត្ថិភាព នៃគម្រោងនិងបុគ្គលិក ព្រមទាំងផ្តល់តួនាទីឱ្យកាន់តែសំខាន់ដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្ម។ ពិនិត្យលទ្ធភាពអភិវឌ្ឍន៍ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាសចិន ដែលមានសមត្ថភាពបន្ថែមទៀត ក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ពិនិត្យលទ្ធភាពលើសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធិភាពសមារណកម្ម នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មកម្ពុជា-ចិន ដែលមានលក្ខណៈចម្រុះ។
ភាគិទាំងពីរក៏បានឯកភាពអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន (២០២៣-២០២៥)។ ជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ពាន អាងស្តុកទឹក ស្ថាន័យប្រព្រឹត្តកម្មទឹកកខ្វក់ និងខ្សែកាបអុបទិកក្រោមបាតសមុទ្រ។ អនុវត្តគម្រោងផ្លូវជនបទនានា ការផ្គត់ផ្តង់ទឹក សាលារៀន និងគម្រោងវេជ្ជសាស្ត្រនានានៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ