សេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា”
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា”។
ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ប្រព័ន្ធនេះមានគោលបំណងលើកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋមួយនេះ មានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្ដូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្ដល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។ ប្រព័ន្ធនេះក៏មានមុខងារផ្ដល់អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យបោះពុម្ពវិក្កយបត្រជាក្រដាសឡើយ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ