សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំវេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១
ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំវេទិកាសកលស្តីពី អាហារូបត្ថម្ភកុមារ លើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយសហការជាមួយ Global Child Nutrition Foundation (GCNF) និង World Food Programme Centre of Excellence against Hunger (WFP CoE)។
វេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១ ត្រូវបានរៀបចំឡើង ដើម្បីជាវេទិកាចែករំលែកអំពីបទពិសោធន៍ក្នុងការអនុវត្ត បញ្ហាប្រឈម និងឧត្តមានុវត្តនៃកម្មវិធីផ្តល់អាហារនៅសាលារៀន។ ការប្រារព្ធវេទិកានៅឆ្នាំ២០១៩នេះ ជាកាលានុវត្តភាពដែលប្រទេសនីមួយៗផ្តោតការយកចិត្តទុកដាក់ លើបទពិសោធន៍នៃការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន ក្នុងការពង្រឹងប្រសិទ្ធភាពនៃ ការអនុវត្ត ការបង្កើនភាពជាម្ចាស់នៃប្រទេសលើហិរញ្ញប្បទាន និងការប្រតិស្ឋានកម្មវិធីនេះនៅក្នុង ប្រព័ន្ធអប់រំជាតិ និងការគាំពារសង្គម ប្រកបដោយគោលនយោបាយស៊ីជម្រៅ បរិយាបន្ន និងនិរន្តរភាព។ វេទិកាសកលនេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋមន្រ្តី និងមន្រ្តីអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍ មកពីប្រទេសចំនួន ៦០ និងអ្នកចូលរួមចំនួន ៣៨០ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា