សេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខា និងប្រកាសបើកជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ លោកជំទាវ Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយឯកឧត្តម ណាត ប៊ុនរឿន រួមគ្នាប្រកាសបើកជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានឥតសំណងពីប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ ដោយសាងសង់អគារសិក្សាវិទ្យាល័យចំនួន ២៦ និង មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូចំនួន ១ នៅរាជធានីភ្នំពេញ ១ នៅខេត្តកំពង់ចាម និង ១ ទៀតនៅខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បានចុះហត្ថលេខាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើឯកសារមួយចំនួនដូចជា៖
- ថវិកាហិរញ្ញប្បទានឥតសំណងចំនួន ២,៥ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
- កិច្ចព្រមព្រៀងសម្រាប់រៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។
- កិច្ចព្រមព្រៀងសម្រាប់ការអនុវត្តគម្រោងជួសជុលព្រះបរមរាជវាំងនៅអង្គរខេត្តសៀមរាប។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ ២០០១ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានសន្យាផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការមានទឹកប្រាក់សរុបចំនួនប្រមាណ ៥ ២៧៦ លាន ដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់សរុបមានចំនួនប្រមាណ ១ ២២១ លានដុល្លារអាមេរិក។
ក្រសួងពាណិជ្ជកម្ម