សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងកម្ពុជា និង ស្វីស
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-ស្វីសលើកទី៣ ជាមួយ ឯកឧត្តម ហែនរីហ្ស ឆេលិនប៊ែន (Heinrich Schellenberg) រដ្ឋលេខាធិការទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស្វីស នៅទីស្តីការប្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
កិច្ចពិភាក្សាផ្តោតទៅលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យសុខាភិបាល អភិបាលកិច្ច វិមជ្ឈការ កសិកម្ម សន្តិសុខអាហារ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះមីន និងជំនួយអភិវឌ្ឍន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ស្វីស។ល។ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានស្នើឱ្យមានការរៀបចំវេទិកាធុរកិច្ចរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបន្តពិភាក្សាអំពីលទ្ធភាពបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈបន្ថែមទៀតអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ