សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន ឯកឧត្តមស៊ី ជីងពីង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់តំបន់យើងទាំងមូលផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ