វិធានការរឹតបន្តឹងការធ្វើដំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា (កូវីដ-១៩)
ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានារបស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា ដោយចាប់ផ្តើម អនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៥៩ ដូចខាងក្រោម៖
១-ផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ ក្នុងរយៈពេលមួយខែ។
២-ជនបរទេសដែលមានបំណងធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនប័ត្របញ្ជាក់ សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាមីខ្លួន ដែល មានសុពលភាពមិនលើសពី ៧២ ម៉ោងមុនពេលធ្វើដំណើរ បញ្ជាក់ថាខ្លួនពុំមានវីរុសកូរ៉ូណា (កូវីដ-១៩)ទេ។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងដែលបញ្ជាក់ ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។
៣-តម្រូវការ វិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាពមិនត្រូវបានអនុវត្ត ចំពោះជនបរទេស ដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) ឬទិដ្ឋាការផ្លូវការ (ទិដ្ឋាការ ប្រភេទ B) របស់កម្ពុជា។
៤-នៅពេលចូលមកព្រះរាជាណាចក្រកម្ពុជា ជនបរទេសនឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាព ដោយមន្ត្រីមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មុននឹងអនុញ្ញាតឱ្យចូលក្នុងប្រទេស។ ជនបរទេស នោះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមវិធានការចត្តាឡីស័ក ឬវិធានការនានា ដែល បានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់វីរុសនេះ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ