សហគមន៍នេសាទចោទថាផលត្រីធ្លាក់តែបទល្មើសកើនឡើងដោយសារមានមន្ត្រីឃុបឃឹត
ទោះបីជាស្ថិតក្នុងរដូវបិទនេសាទក៏ដោយ ក៏បទល្មើសនេសាទបានកើតឡើងយ៉ាងអណាធិបតេយ្យនៅកម្ពុជា ដែលធ្វើឱ្យធនធានត្រីនៃប្រទេសនេះមានការធ្លាក់ចុះជាខ្លាំង។ ក្រុមប្រជានេសាទ តំណាងសហគមន៍នេសាទ និងតំណាងអង្គការសង្គមស៊ីវិលប្រមាណជាង១០០នាក់មកពីខេត្តនានាបានមកជួបជុំគ្នានៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ ដើម្បីបរិហារពីបទល្មើសទាំងនេះ។ ក្រោមការជួយទ្រទ្រង់ហិរញ្ញវត្ថុពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ក្រុមប្រជាសហគមន៍នេសាទទាំងនោះបានចុះទៅធ្វើសកម្មភាពប្រមូលភស្តុតាងចាប់ពីថ្ងៃទី១១ ដល់ទី១៥ខែមិថុនា ដែលជារដូវបិទនេសាទ នៅតំបន់គោលដៅចំនួនបីគឺនៅបឹងទន្លេសាប តាមដងទន្លេមេគង្គ និងខេត្តនៅជាប់ឆ្នេរសមុទ្រ។ ការរកឃើញនេះបានលាតត្រដាងពីបទល្មើសនេសាទយ៉ាងអណាធិបតេយ្យនៅជាច្រើនរយទីតាំងនៅតាមខេត្តជាប់បឹងទន្លេសាប តាមដងទន្លេមេគង្គ និងនៅតាមដែនឆ្នេរសមុទ្រកម្ពុជា ដែលប្រព្រឹត្តឡើងដោយឈ្មួញ ប្រជាសហគមន៍នេសាទនៅមូលដ្ឋានមួយចំនួន ដោយជនជាតិវៀតណាម និងជនជាតិថៃ។ …