របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា ការនាំចេញឈើប្រណីតទៅចិនកើនឡើងជាងបីដង
ការនាំចេញឈើគ្រញូង និងឈើមានតម្លៃខ្ពស់ផ្សេងៗទៀតពីកម្ពុជាទៅកាន់ប្រទេសចិន បានកើនឡើងជាងបីដងកាលពីឆ្នាំមុន នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិដែលត្រូវបានដកស្រង់នៅក្នុងរបាយការណ៍ថ្មីមួយដែលបន្ទោសការធ្វើឲ្យឈើប្រណីតមួយចំនួនជិតផុតពូជ ទៅលើការអនុវត្តច្បាប់ធូររលុងនៅទូទាំងតំបន់ទន្លេមេគង្គ និងតម្រូវការកើនឡើងខ្លាំងនៅក្នុងប្រទេសចិន។ … នៅក្នុងរបាយការណ៍មួយមានចំណងជើងថា “ផ្លូវឆ្ពោះទៅការផុតពូជ៖ អំពើពុករលួយនិងអំពើហិង្សាបំផ្លាញឈើគ្រញូងនៅក្នុងតំបន់ទន្លេមេគង្គ” ដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ ទីភ្នាក់ងារសើុបអង្កេតផែ្នកបរិស្ថាន ហៅកាត់ថា EIA បានបន្ទោសការជួញដូរឈើខុសច្បាប់នេះភាគច្រើនទៅលើប្រទេសចិន ដែលស្រឡាញ់ចូលចិត្តហុងមុ (Hongmu) ជាភាសាចិនដែលមានន័យសំដៅដល់គ្រឿងសង្ហារិមដ៏ប្រណីតមួយប្រភេទ និងប្រភេទឈើប្រណីតប្រើដើម្បីផលិតវា។ … អង្គការសិទ្ធិបរិស្ថានដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍នេះ បានបញ្ជូនក្រុមការងាររបស់ខ្លួនមកកាន់ទូទាំងតំបន់នេះ ដែលពេលខ្លះជាភ្នាក់ងារសម្ងាត់ដើម្បីសើុបអង្កេតពីផ្លូវជួញដូរឈើប្រណីតទាំងនេះ។ អង្គការនេះព្រមានថា ឈើគ្រញូង និងប្រភេទឈើក្រហមអាចនឹងក្លាយជាឈើបន្ទាប់ដែលស្ថិតក្នុងបញ្ជីឈ្មោះឈើជិតផុតពូជ។ … យោងតាមការវិភាគរបស់ EIA លើទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្នុងចំណោមឈើផលិតគ្រឿងសង្ហារិមហុងមុ ៣,៥លានមែ៉ត្រគូប ដែលប្រទេសចិនបាននាំចូលចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០១៣ ជិតពាក់កណ្តាលមានប្រភពចេញពីប្រទេសកម្ពុជា និងមួយចំនួនផ្សេងទៀតចេញពីតំបន់ទន្លេមេគង្គ។ យោងតាមទិន្នន័យនេះបង្ហាញថា ការនាំចេញរបស់កម្ពុជានូវឈើគ្រញូង និងឈើប្រណីតផ្សេងៗទៀតសម្រាប់ផលិតគ្រឿងសង្ហារិមហុងមុ បានកើនឡើងជាងបីដងចន្លោះពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ ពីចំនួន៦.៨០០ម៉ែត្រគូបដល់ ២០.៧០០ម៉ែត្រគូប ជាតួលេខខ្ពស់បំផុតសម្រាប់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក។ … នៅក្នុងឆ្នាំដដែលនោះ ប្រទេសកម្ពុជាបានចូលរួមជាមួយប្រទេសចំនួន១៧៦ផ្សេងទៀតដែលជាហត្ថលេខីនៃអនុសញ្ញាស្តីពីការជួញដូរសត្វ និងរុក្ខជាតិជិតផុតពូជជាអន្តរជាតិ ហៅកាត់ថា CITES ដើម្បីការពារឈើគ្រញូងដូចមាននៅក្នុងឧបសម្ព័ន្ធ២។ នោះមានន័យថា ការជួញដូរឈើទាំងនេះជាអន្តរជាតិ ត្រូវតែមានអាជ្ញាប័ណ្ណនាំចេញជាក់លាក់។… នៅក្នុងរបាយការណ៍របស់ខ្លួន EIA បន្ថែមថា ប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀតកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ច្បាប់និងអនុសញ្ញារបស់ខ្លួនដោយសារតែការលក់ឈើកាប់ខុសច្បាប់ ទាំងនេះដែលអាជ្ញាធររបស់ខ្លួនរឹបអូសបានជាប្រចាំ។ …
Zsombor Peter
http://www.cambodiadailykhmer.com/news/14310/