អង្គការ៖ សកម្មភាពចុះស៊ើបអង្កេតរបស់ក្រុមហ៊ុន កូកាកូឡា រងការរំខានពីសំណាក់ក្រុមនគរបាល
អង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមអ្នកត្រួតពិនិត្យមកពីក្រុមហ៊ុន កូកាកូឡា (Coca-Cola) បានចុះទៅខេត្តឧត្តរមានជ័យកាលពីថ្ងៃសុក្រ ដើម្បីស៊ើបអង្កេតករណីចោទប្រកាន់ថា មានការទន្ទ្រានយកដីធ្លី ពីសំណាក់ក្រុមហ៊ុនចម្ការអំពៅ ដែលផ្គត់ផ្គង់ទំនិញ ឲ្យក្រុមភេសជ្ជដ៏ធំលំដាប់សាកលលោកមួយនេះ ក៏ប៉ុន្តែ ក្រុមសវនករបានលុបចោលកិច្ចប្រជុំជាមួយសហគមន៍ ដោយសារតែនគរបាលបានបង្ហាញវត្តមានយ៉ាងច្រើន។ លោក ជន បូរ៉ា ដែលធ្វើការនៅសមាគមអភិវឌ្ឍន៍កុមារ (Children’s Development Ass-ociation) បានឲ្យដឹងថា លោកបានជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុនកូកាកូឡា ដែលបានចុះមកស៊ើបអង្កេតទាំងនេះ នៅការិយាល័យអង្គការរបស់លោក នៅក្នុងក្រុងសំរោង កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពួកគេដោយសង្ខេបអំពីករណីចោទប្រកាន់ថា ក្រុមហ៊ុនចម្ការអំពៅដែលមានចំនួនបី បានធ្វើសកម្មភាពទន្ទ្រានយកដីរបស់ប្រជាជនក្នុងមូលដ្ឋានជាច្រើនរយគ្រួសារ។ … នៅពេលក្រុមអ្នកត្រួតពិនិត្យទាំងនេះព្យាយាមជួបប្រជាជនរងគ្រោះផលប៉ះពាល់ដោយផ្ទាល់ នៅឃុំកូនគ្រៀល ពួកគេត្រូវបានអមដំណើរដោយនគរបាលមូលដ្ឋានដែលមិនត្រូវបានអញ្ជើញឲ្យចូលរួម ប្រហែល៣០នាក់ ហើយទីបំផុត ពួកគេក៏បានរំសាយកិច្ចប្រជុំនេះ នេះបើយោងតាមលោក បូរ៉ា។ លោក បូរ៉ា បានមានប្រសាសន៍បន្ថែមទៀតថា “តំណាងក្រុមហ៊ុនបានប្រាប់ពួកយើងថា ពួកគេមានផែនការជួបនិយាយជាមួយប្រជាជនរងផលប៉ះពាល់ ដើម្បីសួរពួកគាត់អំពីអង្គហេតុពិត ក៏ប៉ុន្តែ ពួកគេបានលុបចោលកិច្ចប្រជុំនេះ និងបានត្រឡប់មករាជធានីភ្ន្ំពេញវិញ កាលពីថ្ងៃសៅរ៍ ដោយសារតែអាជ្ញាធរ និងនគរបាលបានដើរតាមពីក្រោយពួកគេ”។ …