សកម្មជន​ធ្វើ​ពិធីបួងសួង​សុំ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ២១​នាក់​

​អ្នក​ភូមិ​ បឹង​កក់​ បុរី​កីឡា​ ថ្មគោល​ ព្រះសង្ឃ​ និង​ក្រុម​សហជីព​ ប្រមាណ​ជាង​ ២០០​ អង្គ​ នាក់​ ដែល​អ្នកខ្លះ​ស្លៀក​ស​ពាក់​ស​ និង​មានការ​តុបតែង​ជា​តួអង្គ​អ្នកតា​ដំបង​ដែក​ បាន​នាំ​គ្នា​រៀបចំ​ពិធីបួងសួង​ដល់​វត្ថុ​ស័ក្តិ​សិ​ទិ្ធ​ក្នុង​លោក​ សូម​ឲ្យ​ជួយ​ជំរុញ​ចិត្ត​មន្ត្រី​ល្អ​ ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ​ចំនួន​ ២១​ នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​។​ ​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​មុខ​រូបសំណាក​ «​តេ​ជោ​មាស​ និង​ តេ​ជោ​យ៉​ត​»​ នៅ​មុខ​វត្ត​ ឧណ្ណាលោម​ បន្ទាប់​ពី​ការ​ប៉ុនប៉ង​ជួប​ប្រជុំ​គ្នា​រៀបចំ​ពិធី​នៅ​មុខ​តុលាការ​កំពូល​ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​រារាំង​។​ ​លោក​ ពេជ្រ​ លឹ​ម​ឃួ​ន​ តំណាង​ពលរដ្ឋ​រង​គ្រោះ​មក​ពី​សហគមន៍​ បុរី​កីឡា​ ដែល​បាន​តុបតែង​ ធ្វើ​ជា​អ្នកតា​ដំបង​ដែក​ បាន​អង្គុយ​បួងសួង​ ដោយ​កាន់​ភ្លើងទៀន​ជា​ច្រើន​ដើម​ នៅ​ក្នុង​ដៃ​ បន្ទាប់​មក​ បាន​លេប​ភ្លើង​ចូល​ទៅ​ក្នុង​មាត់​ ដើម្បី​ពន្លត់ភ្លើង​។​ ភ្លាមៗ​នោះ​ លោក​ លឹ​ម​ឃួ​ន​ ដែល​ក្រុម​អ្នកចូលរួម​ភាគច្រើន​បាន​និយាយ​ថា​ គាត់​ត្រូវ​បាន​រូប​អ្នកតា​ដំបង​ដែក​ចូល​សណ្ឋិត​ ក្នុង​រូប​កាយ​នោះ​ បាន​ស្រែក​ឡើង​ថា​៖​ «​យក​អ្នក​ទាំង​ ២១​ នាក់​មក​»​។​ សម្រែក​នេះ​ ធ្វើ​ឲ្យ​អ្នកចូលរួម​មានការ​ភ្ញាក់ផ្អើល​ ព្រោះ​ពួក​គេ​មិន​បាន​រៀបចំ​សត្វ​ស្លាប​ចំនួន​ ២១​ ក្បាល​ សម្រាប់​ធ្វើ​ជា​តំណាង​ជន​ទាំង​ ២១​ នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​ នោះ​ទេ​។​

ឃុត សុភចរិយា
http://www.postkhmer.com/national/1-national-news/111402-2014-03-04-03-49-11