ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​គម្រោង​សហប្រតិបត្តិការ​សម្រាប់​គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​

​ថ្ងៃ​ទី​ ១២​ ខែ​ មក​រា​ ឆ្នាំ​២០២៣,​ នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ន​វា​និវត្តន៍​ មាន​ប្រារ​ព្វ​ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​ ក្រោម​អធិបតីភាព​ ឯ​.​ឧ​ អ៊ុំ​ សុ​ថា​ រដ្ឋលេខាធិការ​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ នវានុវត្តន៍​ និង​ លោកស្រី​ KAMEI​ Haruko​ ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA)​ ប្រចាំ​នៅ​កម្ពុជា​។​

គម្រោង​នេះ​ គឺជា​គម្រោង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ទី​ ៥​ ក្នុង​វិស័យ​ទឹក​ស្អាត​ចាប់ពី​ឆ្នាំ​ ២០០៣​។​ គោលដៅ​រំពឹង​ទុក​របស់​គម្រោង​ គឺ​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ មាន​សុវត្ថិភាព​ និរន្តរភាព​ និង​តម្លៃ​សមរម្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​រៀបចំ​នូវ​គោលការណ៍​ណែនាំ​ និង​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ ដោយ​រួម​បញ្ចូល​ទាំង​ការ​កំណត់​ដែន​សមត្ថកិច្ច​រវាង​អង្គភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​សាធារណៈ​ និង​ ប្រតិបត្តិ​ករ​ឯកជន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។​ គម្រោង​រយពេល​បី​ឆ្នាំ​នេះ​ នឹង​រួមចំណែក​ដល់​ការ​ អនុវត្ត​នូវ​គោលនយោបាយ​ទឹក​ស្អាត​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ធ្វើ​អោយ​គុណភាព​ជីវិត​របស់​ប្រជាជន​ កម្ពុជា​កាន់តែ​ប្រសើ​ឡើង​។​

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា​

ទាញយក៖ pdf