គាំទ្រអ្នកសារព័ត៌មានតាមរយៈវគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យ

បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​លំហូរ​ទិន្នន័យ​ និង​ព័ត៌មាន​ជា​ច្រើន​ ហើយ​ការ​ផ្តោតអារម្មណ៍​របស់​អ្នក​អាន​មាន​រយៈពេល​ខ្លី​ អ្នក​សារព័ត៌មាន​មិន​គួរ​ប្រើប្រាស់​ពាក្យ​តែ​ម្យ៉ាង​ដើម្បី​បង្កើត​ការ​ទាក់ទាញ​អ្នក​អាន​នោះ​ទេ​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ដែល​អាច​ឱ្យ​អ្នក​សារព័ត៌មាន​រៀបរាប់​ពី​រឿងរ៉ាវ​ ដោយ​បំប្លែង​ទិន្នន័យ​ទៅ​ជា​ទស្សនី​យ​កម្ម​ដែល​មាន​អត្ថន័យ​ និង​ទាក់ទាញ​អ្នក​អាន​។​ ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​ទទួល​បាន​ជំនាញ​ដ៏​មាន​សារៈសំខាន់​នេះ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដោយ​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ “​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​”​ រយៈពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៩​ និង​ ៣០​ ខែសីហា​ ឆ្នាំ​២០២៤​ នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​ ១៣​នាក់​ និង​គ្រូ​បង្គោល​ និង​អ្នកសម្របសម្រួល​សរុប​ចំនួន​ ៧​នាក់​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​គោលបំណង​បង្កើន​ជំនាញ​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​បង្ហាញ​សាច់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​រៀបចំ​ឡើង​ ដើម្បី​ឱ្យ​សិក្ខាកាម​ទាំងអស់​បញ្ជ្រាប​ខ្លួន​នៅ​ក្នុង​ពិភព​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​ជាមួយនឹង​របៀបវារៈ​ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​។​

​ថ្ងៃ​ទី​ ១៖​ មូលដ្ឋាន​គ្រឹះ​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​

​ថ្ងៃ​ដំបូង​គឺ​ចាប់ផ្តើម​ជាមួយនឹង​ការ​ចុះ​ឈ្មោះ​ និង​សុន្ទរកថា​ស្វាគមន៍​របស់​អ្នកសម្របសម្រួល​កម្មវិធី​របស់​អូ​ឌី​ស៊ី​ អម​ដោយ​ការ​ណែនាំ​ខ្លួនឯង​របស់​សិក្ខាកាម​ទាំងអស់​ និង​តេស្ត​សាកល្បង​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាយតម្លៃ​ចំណេះដឹង​មូលដ្ឋាន​របស់​សិក្ខាកាម​ទាំងអស់​។​ វគ្គ​ពេល​ព្រឹក​ដឹកនាំ​ដោយ​អ្នកជំនាញ​អក្ខរកម្ម​ទិន្នន័យ​របស់​អូ​ឌី​ស៊ី​ បាន​គ្របដណ្តប់​លើ​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​ណែនាំ​អំពី​ឧបករណ៍​ Flourish​ សម្រាប់​ការ​បង្កើត​សាច់​រឿង​ដោយ​ប្រើប្រាស់​ទស្សនី​យ​កម្ម​។​ ពេល​រសៀល​បាន​រួម​បញ្ចូល​ការ​អនុវត្ត​លំ​ហាត់​ជា​ក្រុម​ ដែល​សិក្ខាកាម​អាច​អនុវត្ត​ពី​ការ​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការងារ​ជា​ក្រុម​របស់​ពួក​គេ​ ហើយ​បន្ទាប់​មក​បន្ត​ទៅ​ការ​អនុវត្ត​ជា​បុគ្គល​ជាមួយ​ឧបករណ៍​ Flourish​ ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​បង្កើត​ជំនាញ​ថ្មី​មួយទៀត​។​

​ថ្ងៃ​ទី​២៖​ ការ​អនុវត្ត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​

​ថ្ងៃ​ទី​ពីរ​បាន​ផ្តោត​លើ​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ ដោយ​មាន​បង្ហាញ​ផ្ទាល់​សម្រាប់​ការ​បង្កើត​ទស្សនី​យ​កម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដូច​ជា​ scatter​ plots​ និង​ treemaps​ ។​ សិក្ខាកាម​បាន​បន្ត​អនុវត្ត​ជា​បុគ្គល​ និង​ជា​ក្រុម​ ដោយ​ទទួល​បានការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​ក្នុង​ការ​បង្កើត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ការ​វាយតម្លៃ​ និង​ការ​ឆ្លុះ​បញ្ចាំង​ចុង​ក្រោយ​លើ​អ្វី​ដែល​បាន​រៀន​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​។​

 

“​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺជា​ការ​អប់រំ​ និង​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​សម្រាប់​បុគ្គល​គ្រប់​រូប​។​ សូម​អរគុណ​!”​ មតិ​ពី​សិក្ខាកាម​ម្នាក់​។​

​វគ្គ​បណ្តុះបណ្តាល​កន្លង​មក​៖

  1. វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣
  2. វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២
  3. ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ដោយ​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ