គាំទ្រអ្នកសារព័ត៌មានតាមរយៈវគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យ
បច្ចុប្បន្ននេះ នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលមានលំហូរទិន្នន័យ និងព័ត៌មានជាច្រើន ហើយការផ្តោតអារម្មណ៍របស់អ្នកអានមានរយៈពេលខ្លី អ្នកសារព័ត៌មានមិនគួរប្រើប្រាស់ពាក្យតែម្យ៉ាងដើម្បីបង្កើតការទាក់ទាញអ្នកអាននោះទេ។ ទស្សនីយកម្មទិន្នន័យ គឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលអាចឱ្យអ្នកសារព័ត៌មានរៀបរាប់ពីរឿងរ៉ាវ ដោយបំប្លែងទិន្នន័យទៅជាទស្សនីយកម្មដែលមានអត្ថន័យ និងទាក់ទាញអ្នកអាន។ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានជំនាញដ៏មានសារៈសំខាន់នេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិលពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៩ និង ៣០ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៣នាក់ និងគ្រូបង្គោល និងអ្នកសម្របសម្រួលសរុបចំនួន ៧នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនជំនាញរបស់អ្នកសារព័ត៌មានក្នុងការបង្ហាញសាច់រឿងដោយប្រើប្រាស់ទិន្នន័យ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើង ដើម្បីឱ្យសិក្ខាកាមទាំងអស់បញ្ជ្រាបខ្លួននៅក្នុងពិភពនៃទស្សនីយកម្មទិន្នន័យជាមួយនឹងរបៀបវារៈដែលផ្តោតការយកចិត្តទុកដាក់។
ថ្ងៃទី ១៖ មូលដ្ឋានគ្រឹះនៃទស្សនីយកម្មទិន្នន័យ
ថ្ងៃដំបូងគឺចាប់ផ្តើមជាមួយនឹងការចុះឈ្មោះ និងសុន្ទរកថាស្វាគមន៍របស់អ្នកសម្របសម្រួលកម្មវិធីរបស់អូឌីស៊ី អមដោយការណែនាំខ្លួនឯងរបស់សិក្ខាកាមទាំងអស់ និងតេស្តសាកល្បងមុនវគ្គបណ្តុះបណ្តាលដើម្បីវាយតម្លៃចំណេះដឹងមូលដ្ឋានរបស់សិក្ខាកាមទាំងអស់។ វគ្គពេលព្រឹកដឹកនាំដោយអ្នកជំនាញអក្ខរកម្មទិន្នន័យរបស់អូឌីស៊ី បានគ្របដណ្តប់លើការស្វែងយល់អំពីទិន្នន័យ គោលការណ៍នៃទស្សនីយកម្មទិន្នន័យ និងការណែនាំអំពីឧបករណ៍ Flourish សម្រាប់ការបង្កើតសាច់រឿងដោយប្រើប្រាស់ទស្សនីយកម្ម។ ពេលរសៀលបានរួមបញ្ចូលការអនុវត្តលំហាត់ជាក្រុម ដែលសិក្ខាកាមអាចអនុវត្តពីការបង្កើតទស្សនីយកម្មទិន្នន័យ ដែលឆ្លុះបញ្ចាំងពីការងារជាក្រុមរបស់ពួកគេ ហើយបន្ទាប់មកបន្តទៅការអនុវត្តជាបុគ្គលជាមួយឧបករណ៍ Flourish ដែលអនុញ្ញាតឱ្យពួកគេបង្កើតជំនាញថ្មីមួយទៀត។
ថ្ងៃទី២៖ ការអនុវត្តការនិទានរឿងដោយប្រើប្រាស់ទិន្នន័យ
ថ្ងៃទីពីរបានផ្តោតលើការនិទានរឿងដោយប្រើប្រាស់ទិន្នន័យ ដោយមានបង្ហាញផ្ទាល់សម្រាប់ការបង្កើតទស្សនីយកម្មប្រកបដោយភាពច្នៃប្រឌិត ដូចជា scatter plots និង treemaps ។ សិក្ខាកាមបានបន្តអនុវត្តជាបុគ្គល និងជាក្រុម ដោយទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅក្នុងការបង្កើតការនិទានរឿងដោយប្រើប្រាស់ទិន្នន័យ។ វគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់ដោយការធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល ការវាយតម្លៃ និងការឆ្លុះបញ្ចាំងចុងក្រោយលើអ្វីដែលបានរៀនក្នុងរយៈពេលពីរថ្ងៃនេះ។
“វគ្គបណ្តុះបណ្តាលនេះ គឺជាការអប់រំ និងពាក់ព័ន្ធទៅនឹងស្ថានភាពជាក់ស្តែងសម្រាប់បុគ្គលគ្រប់រូប។ សូមអរគុណ!” មតិពីសិក្ខាកាមម្នាក់។
វគ្គបណ្តុះបណ្តាលកន្លងមក៖
- វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
- វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង” នៅថ្ងៃទី២០-២១ និង ២៦ ខែធ្នូ ឆ្នាំ២០២២
- ការនិទានរឿងដោយប្រើប្រាស់ទិន្នន័យដោយអ្នកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យ