សេចក្តីថ្លែងការណ៍ស្តីពីការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។ សកម្មភាពបង្កហេតុនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ២០០០ កិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀងទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាដើម។ បន្ថែមលើនេះ សកម្មភាពរបស់ទាហានថៃ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃ ជារដ្ឋភាគី។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា