ស្ត្រីក្នុងការអភិវឌ្ឍ

​លោកស្រី​បណ្ឌិត​ តាន់​ រស្មី​ ជា​អ្នក​ស្រាវជ្រាវ​ និង​សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​វិស្វកម្ម​គីមី​ និង​បច្ចេកវិទ្យា​ចំណីអាហារ​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ រូបថត​ពី​ USAID​ Asia​ កាលពី​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៦​។​ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0

ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ដែល​ពាក់ព័ន្ធ​

​តាម​ទស្សនៈ​របស់​រដ្ឋាភិបាល​ទាំងមូល​ រដ្ឋាភិបាល​កម្ពុជា​បន្ត​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ក្នុង​ប្រទេស​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ រួម​មាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ ២០១៩-២០២៣​ ដែល​ពង្រីក​កម្មវិធី​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​បង្កើន​ភាព​ជា​សហគ្រិន​ស្ត្រី​ រួម​ជាមួយនឹង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ក្នុង​ការ​គាំពារ​សង្គម​ និង​អាហារូបត្ថម្ភ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ប្រាកដប្រជា​ជាស​កល​ និរន្តរភាព​បរិស្ថាន​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​គូសបញ្ជាក់​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​។​ គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ផ្សេង​ទៀត​រួម​មាន​ ១)​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ស្តី​ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​សង្គម​ ២០២១-២០៣៥​ ដែល​ផ្តោត​លើ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ រួម​ជាមួយនឹង​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា​ ២០២២-២០៣៥​ ក្នុង​គោលបំណង​ “​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​ក្នុង​ជំនាញ​ឌី​ជី​ថ​ល​”​ ២)​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ២០១៩-២០២៥​ ដើម្បី​បង្កើន​ការ​ឆ្លើយ​តប​យេ​ន​ឌ័​រ​ ដែល​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​ការ​លើកកម្ពស់​ស្ត្រី​ទាក់ទង​នឹង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ ៣)​ផែនការ​យុទ្ធសាស្ត្រ​ប្រាំ​ឆ្នាំស្តី​ពី​សមភាព​យេ​ន​ឌ័​រ​ និង​ការ​លើកកម្ពស់​ស្ត្រី​ ២០១៩-២០២៣1​ ​ដោយ​ក្រសួង​កិច្ចការ​នារី​ (MoWA)​ ដើម្បី​លើកកម្ពស់​ការ​ឆ្លើយ​តប​យេ​ន​ឌ័​រ​ និង​បរិ​យា​បន្ន​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ ផែនការ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​ជាតិ​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច​។​2

​ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សេងៗ​ក៏​ដោយ​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ត្រឹមតែ​ ០,៤៦១​នៅ​លើស​ន្ទ​ស្សន៍​វិសមភាព​យេ​ន​ឌ័​រ​ (GII)​ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ ពី​តម្រូវការ​សកម្មភាព​បន្ថែម​ទៀត​ ដើម្បី​សម្រេច​បាន​សមភាព​យេ​ន​ឌ័​រ​អោយ​បាន​ប្រសើរ​ជាង​មុន​។​3

​ការ​អប់រំ​

​យោង​តាម​ទិន្នន័យ​ធនាគារពិភពលោក​ អត្រា​អក្ខរកម្ម​សម្រាប់​មនុស្ស​ពេញវ័យ​សំដៅលើ​ “​ភាគរយ​នៃ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ​ដែល​ទាំង​អាច​អាន​ និង​សរសេរ​បាន​ដោយ​មានការ​យល់​ដឹង​អំពី​ ប្រយោគ​សាមញ្ញ​ខ្លីៗ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​”​។​ គិត​ត្រឹម​ឆ្នាំ​២០២១​ អត្រា​អក្ខរកម្ម​ស្ត្រី​ពេញវ័យ​នៅ​កម្ពុជា​មាន​ ប្រហែល ​៧៩,៨%​ខណៈ​អត្រា​អក្ខរកម្ម​បុរស​ពេញវ័យ​មាន​ប្រហែល​ ៨៨,៤%​។​ ជា​កា​ប្រៀបធៀប​ អត្រា​អក្ខរកម្ម​ របស់​ស្ត្រី​ពេញវ័យ​នៅ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ មាន​ប្រមាណ ​៩៤,៥%​។​4

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កម្ពុជា​ បាន​រាយការណ៍​ថា​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​កម្រិត​បឋម​សិក្សា​សម្រាប់​សិស្ស​ស្រី​មាន​ប្រមាណ​ ៩៥,៩%​ និង​សិស្ស​ប្រុស​ប្រមាណ​ ៩៥,៥%​ សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣​។​ អត្រា​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​គឺ​ប្រហែល​៨៩,៤%​ សម្រាប់​សិស្ស​ស្រី​ និង​ប្រហែល ​៨៥.៣%​សម្រាប់​សិស្ស​ប្រុស​។​ នៅ​កម្រិត​បឋម​អត្រា​បោះបង់​ការ​សិក្សា​សម្រាប់​សិស្ស​ស្រី​គឺ ​៩,៥%ខ្ពស់​ជាង​អត្រា​សិស្ស​ប្រុស​ដែល​មាន​ប្រមាណ ​៥,៥%​។5​ តួនាទី​និង​ទំនៀមទម្លាប់​ ការ​រៀប​អាពាហ៍ពិពាហ៍​មុន​អាយុ​ ពលកម្ម​ដោយ​បង្ខិតបង្ខំ​និង​ការងារ​បំរើ​តាម​ផ្ទះ​ ការ​ជួញដូរ​មនុស្ស​ និង​អនាម័យ​ គឺជា​ឧបសគ្គ​ចម្បង​មួយ​ចំនួន​ ដែល​រារាំង​ក្មេង​ស្រី​ពី​ការ​ទទួល​បានការ​អប់រំ​ ឬ​បន្ត​ការ​សិក្សា​។​6

​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​ សិស្ស​ស្រី​មាន​អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​ប្រហែល ​៨៥,៩%​និង​មាន​អត្រា​បញ្ចប់​ការ​សិក្សា​ប្រហែល ៦០,៤%​។​ ចំពោះ​សិស្ស​ប្រុស​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀនមាន​ប្រហែល ​៨១,៤%​និង​អត្រា​បញ្ចប់​ការ​សិក្សា​មាន​ប្រហែល​ ៥១%​។​ ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​បាន​ធ្លាក់​ចុះ​ទាំង​សិស្ស​ប្រុស​ និង​សិស្ស​ស្រី​ ដោយ​អត្រា​ ៤៦,១%​សម្រាប់​សិស្ស​ស្រី​ និង​ ៣៦,៥%​សម្រាប់​សិស្ស​ប្រុស​។​7

​ប៉ុន្តែ​ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​អត្រា​បោះបង់​ការ​សិក្សា​ពី​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២១​ មាន​ភាព​ខុស​ប្លែក​គ្នា​ដែល​សិស្ស​ប្រុស​បាន​បោះបង់​ការ​សិក្សា​ច្រើន​ជាង​សិស្ស​ស្រី​ ដោយ​ប្រហែល​ ១៦,៩%​ នៃ​សិស្ស​ស្រី​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​បាន​បោះបង់​ការ​សិក្សា​ ចំណែក​អត្រា​នៃ​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស​ប្រុសគឺ​លើស​ពី ​១៩%​។​8 នោះ​ក៏​ព្រោះតែ​ក្មេង​ប្រុស​ជំទង់​ដែល​មាន​អាយុ​ពី​១៤-១៨​ឆ្នាំ​ទទួល​បាន​នូវ​តម្រូវការ​ច្រើន​ពី​និយោជក​ ជា​ពិសេស​ក្នុង​ចំពោះ​ការងារ​ធ្ងន់​ និង​គ្មាន​ជំនាញ​ ដែល​ទាមទារ​ការ​ធ្វើ​ដំណើរ​ និង​ធ្វើការ​វេន​យប់​ច្រើន​ នេះ​បើ​យោង​តាម​តំណាង​អង្គការ​យូ​ណេ​ស្កូ​កម្ពុជា​។​9

​ទោះបីជា​អត្រា​ចូល​រៀន​និង​បញ្ចប់​ការ​សិក្សា​របស់​សិស្ស​ស្រី​នៅ​បឋម​សិក្សា​ មធ្យមសិក្សា​បឋម​ភូមិ​ និង​ទុតិយភូមិ​ ខ្ពស់​ជាង​សិស្ស​ប្រុស​ តែ​អត្រា​នៅ​ថ្នាក់ឧត្តម​សិក្សា​មាន​និន្នាការ​ផ្ទុយ​ពី​នេះ​។​ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២​ ក្នុង​ចំណោម​សិស្ស​ចំនួន ​២០៦,៨៩៣​នាក់​ នៅ​ក្នុង​ថ្នាក់ឧត្តម​សិក្សា​សិស្ស​ស្រី​មាន​តែ ​៩៧.២៣៥នាក់​ ឬ ៤៦%ប៉ុណ្ណោះ​ ដែល​ភាគច្រើន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​។​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឬ​ថ្នាក់បណ្ឌិត​ ចំនួន​និស្សិត​ស្រី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។​ សម្រាប់​ឆ្នាំ​២០២១-២០២២​ ក្នុង​ចំណោម​សិស្ស​ ៩.៤៨៣​នាក់​ដែល​កំពុង​បន្ត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ មាន​ត្រឹមតែ ​២.៧១៨​នាក់​ ឬ​ ២៨,៦%​ ប៉ុណ្ណោះ​ជា​សិស្ស​ស្រី​។​ គម្លាត​នេះ​កាន់តែ​ធំ​សម្រាប់​ថ្នាក់បណ្ឌិត​ ព្រោះ​មាន​តែ​ប្រមាណ ​១១៦​នាក់​ក្នុង​ចំណោម​ ១.២១៣​នាក់​ ឬ​ ៩,៥%​ជា​សិស្ស​ស្រី​។​10

​ការងារ​

​ស្ត្រី​គឺជា​អ្នក​រួមចំណែក​ដ៏​សំខាន់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ យោង​តាម​ធនាគារពិភពលោក​ស្ទើរតែ​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​ប្រទេស​កម្ពុជា​ជា​ស្ត្រី​ ដែល​ស្មើនឹង​ ៤៧,១%​នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​ឆ្នាំ​២០២២​។11​ យោង​តាម​របាយការណ៍​សង្កេត​សេដ្ឋកិច្ច​សង្គមកិច្ច​របស់​កម្ពុជា​ អត្រា​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ស្ត្រី​ក្នុង​ឆ្នាំ​២០២១​ ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ប្រហែល​ ៤៨,៨%​នៃ​អត្រា​ចូលរួម​កម្លាំង​ពលកម្ម​សរុប​នៅ​ក្នុង​ប្រទេស​។​12

​យោង​តាម​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​អត្រា​ការងារ​ក្នុង​ឆ្នាំ​២០២១​ គឺ​ប្រហែល ​៧៩%​សម្រាប់​ស្ត្រី​ និង​ ៨៩%​សម្រាប់​បុរស​ដែល​ភាព​ខុស​គ្នា​រវាង​បុរស​និង​ស្ត្រី​មាន​ជាង​ ១០%​។​នៅ​ក្នុង​ឆ្នាំ​ដដែល​ អត្រា​គ្មាន​ការងារ​ធ្វើ​ មាន​ប្រហែល​០,៩%​សម្រាប់​បុរស​ និង​ប្រហែល ​១,២%​សម្រាប់​ស្ត្រី​ ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​ ជា​មធ្យម​ក្នុង​ឆ្នាំ​២០២១​ មាន​ប្រហែល​ ១%​។13​ នៅ​ឆ្នាំ​២០២៣​ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​និន្នាការ​ក្នុង​រង្វង់​២%​ និង​ ០,៩%​ នៅ​ឆ្នាំ​២០២៤​ នេះ​បើ​យោង​តាមការ​ព្យាករណ៍​នៃ​គំរូ​សេដ្ឋកិច្ច​។​14

​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​កម្ពុជា​បាន​កំណត់​និយម​ន័យ​ដល់​បុគ្គលិក​គណនី​ផ្ទាល់ខ្លួន​ឬ​បុគ្គល​ស្វ័​យ​និ​យោជន៍​ថា​ជា​ “​បុគ្គល​ដែល​ធ្វើការ​ក្នុង​រយៈពេល​ ៧​ ថ្ងៃ​ចុង​ក្រោយ​នេះ​ ដើម្បី​ចិញ្ចឹម​គ្រួសារ​និង​ដែល​គ្រប់គ្រង​សហគ្រាស​ផ្ទាល់ខ្លួន​ (​ឧទាហរណ៍​ កសិករ​ដាំ​ដុះ​ដី​ផ្ទាល់ខ្លួន​ ម្ចាស់​ហាង​តូចៗ​ ឬ​ ភោជនីយដ្ឋាន​តូចៗ​)​ ដោយ​គ្មាន​ការ​ទូទាត់​ឬ​ប្រាក់​ចំណូល​គ្រប់​ប្រភេទ​”​។​ យោង​តាម​ការ​ស្ទង់​មតិ​សេដ្ឋកិច្ច​សង្គមកិច្ច​កម្ពុជា​ឆ្នាំ​២០២១​ ការងារ​សម្រាប់​ស្ត្រី​រួម​មាន​និយោជិត​មាន​ប្រាក់​ឈ្នួល​ (៤០,៦%)​ និយោជក​ (០,២%)​ បុគ្គលិក​គណនី​ផ្ទាល់ខ្លួន​/​បុគ្គល​ស្វ័​យ​និ​យោជន៍​ (៣៨,៤%)​ និង​កម្មករ​គ្រួសារ​ដែល​មិន​ទទួល​បាន​ប្រាក់ខែ​ (២០,៩%)​។​ ស្ត្រី​ប្រហែល​ ៩០៥ពាន់​​នាក់​ ធ្វើការ​ជា​កម្មករ​គ្រួសារ​ដែល​មិន​មាន​ប្រាក់ខែ​ ដោយ​តួលេខ​នេះ​ច្រើន​ជាង​បុរស​ជិត​ ២​ ដង​ក្នុង​ស្ថានភាព​ការងារ​ដូច​គ្នា​ ដោយ​បុរស​មាន​ជាង​ ៤៤៩​ពាន់​នាក់​។​15

​គិត​ត្រឹម​ឆ្នាំ​២០២១​ ប្រហែល​ ៣៨,៣%​នៃ​កម្លាំង​ពលកម្ម​ស្ត្រី​សរុប​ ធ្វើការ​នៅ​ក្នុង​វិស័យ​កសិកម្ម​ ប្រហែល​ ៣៧,៥%​ធ្វើការ​ ក្នុង​វិស័យ​សេវាកម្ម​ និង​ប្រហែល​ ២៤,៣%​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​។​ ក្នុង​ចំណោម​ស្ត្រី​ប្រហែល​ ៤.៣៣៩​ពាន់​នាក់​ដែល​ធ្វើការ​នៅ​ឆ្នាំ​២០២១​ តិច​ជាង​ ១%​នៃ​ស្ត្រី​ដែល​មានការ​ងារ​ធ្វើ​ ឬ​ប្រហែល​ ២៧ពាន់​​នាក់​ ធ្វើការ​ក្នុង​មុខ​តំណែង​អ្នកគ្រប់គ្រង​ ផ្ទុយ​ពី​តួរ​លេខ​ ១,៣%ឬ​ ៥៩ពាន់​នាក់​ សម្រាប់​បុរស​។​ ស្ត្រី​ប្រហែល​ ១,៤៤៤ពាន់នាក់​ធ្វើការ​ជា​ "​កម្មករ​ជំនាញ​កសិកម្ម​ ព្រៃឈើ​ និង​នេសាទ​"​ ១,១១៧ពាន់​នាក់​ ជា​"​បុគ្គលិក​ផ្នែក​លក់​ និង​សេវាកម្ម​"​ និង​ ៩២១​ពាន់​នាក់​ជា"​កម្មករ​សិប្បកម្ម​ និង​ពាក់ព័ន្ធ​"​។​16

​ស្ត្រី​ភាគច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ធ្វើការ​ផ្នែក​កាត់ដេរ​ ដោយសារ​តែ​វិស័យ​កាត់ដេរ​ គឺជា​វិស័យ​ដ៏​ធំ​បំផុត​មួយ​ និង​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។​17 មុន​កូ​វី​ដ​-១៩​ រាតត្បាត​ វិស័យ​កាត់ដេរ​មាន​បុគ្គលិក​ប្រមាណ​ ៩០​ម៉ឺន​នាក់​ ក្នុង​នោះ​ប្រហែល​ ៨០%​ជា​ស្ត្រី​។​18

​សេដ្ឋកិច្ច​

​យោង​តាម​របាយការណ៍​ឆ្នាំ​២០២១​ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ គម្លាត​ប្រាក់​ឈ្នួល​យេ​ន​ឌ័​រ​នៅ​តែ​មាន​ទំហំ​ធំ​រវាង​បុរស​ និង​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លើ​គ្រប់​វិស័យ​ឧស្សាហកម្ម​ និង​មុខរបរ​នានា​។​ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០១៩​ បាន​រក​ឃើញ​ថា​ ស្ត្រី​កម្ពុជា​រកបាន​ប្រហែល​ ៨០%​នៃ​ប្រាក់​ឈ្នួល​ដែល​បុរស​រកបាន​ ខណៈ​ដែល​ស្ត្រី​មានទ្រព្យ​សម្បត្តិ​តិច​ជាង​បុរស​ និង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ច្រើន​ទៅ​លើ​ឱកាស​ការងារ​ដែល​មាន​ប្រាក់ខែ​ល្អ​។​ គម្លាត​ប្រាក់​ឈ្នួល​នេះ​កាន់តែ​ធំ​ចំពោះ​ការងារ​ ដែល​មាន​ប្រាក់ខែ​ខ្ពស់​ដោយ​ស្ត្រី​ទទួល​បាន​ប្រាក់​ឈ្នួល​តិច​ជាង​បុរស​។​ ក្នុង​ឆ្នាំ​២០១៧​ គម្លាត​ប្រាក់​ឈ្នួល​ យេ​ន​ឌ័​រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ប្រហែល​ ២៤%​មុន​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​១៩% ​ក្នុង​ឆ្នាំ​២០២០​។​ កត្តារួម​ចំណែក​ដ៏​សំខាន់​ចំពោះ​គម្លាត​ប្រាក់​ឈ្នួល​នេះ​ ត្រូវ​បាន​សន្មត​ថា​ជា​ការ​រើសអើង​យេ​ន​ឌ័​រ​នេះ​ បើ​យោង​តាម​ ទិន្នន័យ​របស់​ CSES​ សម្រាប់​ឆ្នាំ​២០១៩-២០២០​។​19

​បញ្ហា​ប្រឈម​សំខាន់ៗ​

​បន្ថែម​ពីលើ​គម្លាត​ប្រាក់​ឈ្នួល​យេ​ន​ឌ័​រ​សម្រាប់​ការងារ​ដូច​គ្នា​ស្ត្រី​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ដទៃ​ទៀត​រួម​មាន​ភាព​ងាយ​រង​គ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​ គម្លាត​ជំនាញ​ កង្វះ​ការ​គាំទ្រ​ដល់​សហគ្រិនភាព​ និង​កង្វះ​តំណាង​ក្នុង​មុខ​តំណែង​ជាន់ខ្ពស់​។​

​យោង​តាម​ការ​សិក្សា​របស់​ UN​ Women​ ដែល​មាន​ចំណងជើង​ថា​ "​ថាមវន្ត​យេ​ន​ឌ័​រ​ក្នុង​ការ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ និង​ថៃ​"​ ប្រទេស​កម្ពុជា​ត្រូវ​បាន​កំណត់​ថា​ជា​ ប្រទេស​ដើម​ គោលដៅ​ និង​ចំណត​នៃ​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​។​ ប្រទេស​ថៃ​ជា​ប្រទេស​គោលដៅ​សំខាន់​សម្រាប់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ពី​ប្រទេស​កម្ពុជា​។​ ជា​រៀង​រាល់​ឆ្នាំ​គេ​ប៉ាន់​ប្រមាណ​ថា​ជន​ចំណាកស្រុក​កម្ពុជា​ប្រមាណ​ ៥៥ពាន់​នាក់​ត្រូវ​បាន​​នាំ​ទៅកាន់​​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ហើយ​ចន្លោះ​ពី​ ៤%​ ទៅ​ ២៣%​ នៃ​ជន​ចំណាកស្រុក​ទាំងនោះ​អាច​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​។​ ការ​សិក្សា​បាន​គូសបញ្ជាក់​បន្ថែម​ថា​ “​ទំនួល​ខុស​ត្រូវ​ដែល​ដាក់​លើ​ស្ត្រី​ដើម្បី​បំពេញតម្រូវការ​ថែទាំ​គ្រួសារ​របស់​ពួក​គេ​ផ្សំ​ជាមួយ​ការ​រំពឹង​ទុក​ថា​ពួក​គេ​នឹង​ផ្តល់​ប្រាក់​ចំណូល​។​ កត្តា​នេះ​ រួម​ជាមួយ​ភាព​មាន​កម្រិត​នៃ​ឱកាស​ការងារ​ ដោយសារ​ការ​បែងចែក​យេ​ន​ឌ័​រ​ ក្នុង​ទីផ្សារ​ការងារ​ក្នុងស្រុក​ នាំ​ឱ្យ​ស្ត្រី​និង​កុមារី​ក្រីក្រ​ជា​ច្រើន​នាក់​ស្វែងរក​ការ​ធ្វើ​ចំណាកស្រុក​ ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ជួញដូរ​មនុស្ស​។"​20

​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​និង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​ រួម​មាន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​កុមារ​ អនុសញ្ញា​ស្តី​ពី​ពលកម្ម​ដោយ​បង្ខំ​ របស់​អង្គការ​ពលកម្ម​អន្តរជាតិ​២៩​ និង​១០៥​ អនុសញ្ញា​ស្តី​ពី​ទម្រង់​អាក្រក់​បំផុត​នៃ​ពលកម្ម​កុមារ​របស់​អង្គការ​ ពលកម្ម​អន្តរជាតិ​ និង​អនុសញ្ញា​អាស៊ាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ជា​ពិសេស​ស្ត្រី​និង​កុមារ។​21,22

​ទោះជា​យ៉ាងណា​ ស្ត្រី​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ការពារ​ជន​រង​គ្រោះ​និង​ការ​ដាក់ទោស​ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ23​ ដែល​និយាយ​ថា​ "​តុលាការ​ និង​តួអង្គ​យុត្តិធម៌​នៅ​កម្ពុជា​មិន​មាន​សមភាព​យេ​ន​ឌ័​រ​"​។​ លើស​ពី​នេះ​ «​ការ​ពពោះ​ជំនួស​ដោយ​បង្ខំ​»​ នៅ​តែ​ជា​បញ្ហា​ជាប់​គាំង​សម្រាប់​ស្ត្រី​កម្ពុជា​ ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ ដោយសារ​ច្បាប់​ការងារ​ និង​ច្បាប់ព្រហ្មទណ្ឌ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។​ ករណី​ស្ត្រី​ក្នុង​ការ​ជួញដូរ​មនុស្ស​នេះ​ក៏​ឆ្លុះ​បញ្ចាំង​នូវ​របាយការណ៍​ភស្តុ​តាង​មួយទៀត​ដោយ​អ្នក​ឃ្លាំមើល​ក្នុងស្រុក​ដែល​រក​ឃើញ​ថា​ “​ស្ត្រី​កម្ពុជា​បន្ត​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ ហើយ​ស្ត្រី​ចុងចោទ​មិនសូវ​ទទួល​បានការ​គោរព​ ចំពោះ​សិទ្ធិ​នៃ​ការ​កាត់ក្តី​ដោយ​យុត្តិធម៌​។​ លើស​ពី​នេះ​ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ដែល​ស្ត្រី​មាន​ចំនួន​តិច​ស្រាប់​ ​ហាក់​មាន​កង្វះ​សមភាព​យេ​ន​ឌ័​រ​​ដែល​​រារាំង​ទាំង​ស្ត្រី​រង​គ្រោះ​និង​ចុងចោទ​ពី​ការ​ទទួល​បាន​យុត្តិធម៌​គ្រប់គ្រាន់​។​ នៅ​ឆ្នាំ​២០២០​ មាន​តែ​ចៅក្រម​១៥%​ ព្រះរាជអាជ្ញា​១៤%​ និង​មេធាវី​២២%​ ប៉ុណ្ណោះ​ជា​ស្ត្រី​នៅ​កម្ពុជា​"​។​24

​នៅ​ប្រទេស​កម្ពុជា​ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ឆ្នាំ​២០០៨​ គឺជា​ច្បាប់​ក្នុងស្រុក​ចម្បង​ដែល​គ្រប់គ្រង​លើ​បញ្ហា​នៃ​ការ​ជួញដូរ​មនុស្ស​។​25 រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ (NCCT)​ ក្នុង​ឆ្នាំ​២០១៤​ ជា​យន្តការ​ថ្នាក់​ជាតិ​ ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់​ និង​គោលនយោបាយ​ជាតិ​ និង​អន្តរជាតិ​ ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។​26

ដូចដែល​បាន​រៀបរាប់​ខាងលើ​ ស្ត្រី​វ័យក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនសូវ​បន្ត​ការ​សិក្សា​របស់​ពួក​គេ​ទេ​ ដោយសារ​កត្តា​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ខ្វះ​ជំនាញ​ចាំបាច់​ ដើម្បី​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់ខែ​ប្រសើរ​ជាង​មុន​និង​ការងារ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ផ្លូវការ​។​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ រដ្ឋាភិបាល​បាន​និង​កំពុង​ផ្តល់​អាទិភាព​ដល់​ការ​អប់រំ​វិជ្ជាជីវៈ​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ ដើម្បី​បង្រួម​គម្លាត​ជំនាញ​ក្នុង​កម្លាំង​ពលកម្ម​។27

​កង្វះ​ការ​គាំទ្រ​ដល់​ស្ត្រី​ក្នុង​ការ​ក្លាយជា​សហគ្រិន​នៅ​តែ​ជា​ឧបសគ្គ​ដល់​ការ​លើកកម្ពស់​ស្ត្រី​។​ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA)​ រក​ឃើញ​បញ្ហា​ប្រឈម​ធំៗ​ចំនួន​បី​សម្រាប់​សហគ្រិន​ស្ត្រី​ រួម​មាន​ ១)កង្វះ​លទ្ធភាព​ទទួល​បានការ​អប់រំ​ ការ​បណ្តុះបណ្តាល​ជំនាញ​អាជីវកម្ម​និង​ព័ត៌មាន​ ២)លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ និង៣)​ការ​ចូល​ទៅ​កាន់​ទីផ្សារ​។​ ដោយ​សាកលវិទ្យាល័យ​ និង​ស្ថាប័ន​បណ្តុះបណ្តាល​ភាគច្រើន​ផ្តោត​លើ​ស្ត្រី​វ័យក្មេង​ និង​ស្ត្រី​នៅ​លីវ​ សហគ្រិន​ស្ត្រី​ដែល​ត្រូវ​ប្រកប​អាជីវកម្ម​និង​បំពេញ​កាតព្វកិច្ច​គ្រួសារ​ មិនសូវ​ទទួល​បាន​ជំនួយ​និង​ការ​យោគយល់​ពី​សាកលវិទ្យាល័យ​ និង​ស្ថាប័ន​បណ្តុះបណ្តាល​នោះ​ទេ​។​ កង្វះ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ចំណេះដឹង​និង​ជំនាញ​អាជីវកម្ម​បាន​ផ្តល់​ផលវិបាក​ដល់​ស្ត្រី​ក្នុង​ការ​ពង្រីក​អាជីវកម្ម​​និង​រក​ប្រាក់​ចំណេញ​។​28 ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ក្រសួង​កិច្ចការ​នារី​បាន​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិន​ស្ត្រី​(WEDC)​ និង​បាន​ផ្តួចផ្តើម​បង្កើត​បណ្តាញ​​សហគ្រិន​ស្ត្រីជាតិ​កម្ពុជា​ (CamWEN)​ លើក​ដំបូង​ក្នុង​ឆ្នាំ​២០២០​ ដើម្បី​គាំទ្រ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​។​29

​ទោះបីជា​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ និង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​(CEDAW)​ តាំងពី​ឆ្នាំ​១៩៩២​ ក៏​ដោយ​ក៏​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សភា​នៅ​មាន​តិចតួច​នៅឡើយ​ បើ​ប្រៀបធៀប​ទៅ​នឹង​បុរស​។30​ បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ក្នុង​ មុខ​តំណែង​ជា​អ្នកដឹកនាំ​បណ្តាល​មក​ពី​ កត្តា​សង្គម​ ស្ថាប័ន​ និង​នយោបាយ​ ដែល​បង្កើត​ឧបសគ្គ​និង​បន្ត​ការ​រើសអើង​ផ្អែកតាម​​យេ​ន​ឌ័​រ​។​

​ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ រដ្ឋាភិបាល​បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ​ (២០១៩-២០២៣)​ សម្រាប់​សមភាព​យេ​ន​ឌ័​រ​ និង​កា​រលើ​កម្ពស់​ស្ត្រី​នៅ​កម្ពុជា​។​ ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​គឺ​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តុល្យភាព​យេ​ន​ឌ័​រ​ ដោយ​ការ​បង្កើន​សមាមាត្រ​នៃ​ស្ត្រី​នៅ​ក្នុង​មុខ​តំណែង​ការងារ​ ស៊ី​វិល​/​នយោបាយ​ និង​ការ​ផ្តល់​នូវ​ភាព​ជា​អ្នកដឹកនាំ​និង​ការ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​សម្រាប់​ស្ត្រី​។​31

ទាក់ទងនឹងស្ត្រីក្នុងការអភិវឌ្ឍ

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TP4s7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!