ការនាំចេញ/នីហរណ

នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0

បន្ទាប់​ពី​ដំណើរការ​សេដ្ឋកិច្ច​រឹង​មាំ​អស់​រយៈពេល​ពីរ​ទសវត្សរ៍​ ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥​ ហើយ​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ឈាន​ទៅ​ក្លាយជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​។​ សេដ្ឋកិច្ច​កម្ពុជា​គឺ​ឋិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ដោយសារ​តែ​អត្រាកំណើន​ប្រចាំឆ្នាំ​គឺ​មាន​ភាព​ឋិតថេរ​ជា​មធ្យម​ ៧,៧​ ភាគរយ​រវាង​ឆ្នាំ​ ១៩៩៨​ និង​ ២០១៩​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​នៅ​ត្រឹម​ -៣,១​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ និង​ការ​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ក្នុង​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្រោម​កិច្ចព្រមព្រៀង​ “​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)​”​ ។​1​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ ៥,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២២​ ដោយ​ផ្អែក​លើ​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី​។​2

​ការ​នាំ​ចេញ​របស់​កម្ពុជា​ត្រូវ​បាន​គ្របដណ្តប់​ដោយ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរ​។​ យោង​តាម​របាយការណ៍​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ឆ្នាំ​ ២០២០​ ទិស​ដៅ​នាំ​ចេញ​សំខាន់​ទាំង​ ៥​ នៅ​ឆ្នាំ​ ២០២០​ គឺ​សហរដ្ឋអាមេរិក​ ប្រទេស​នៅ​ក្នុង​អាស៊ាន​ ចិន​ ជប៉ុន​ និង​ចក្រភព​អង់គ្លេស​។​ តម្លៃ​នាំ​ចេញ​សរុប​បាន​ឈាន​ដល់​ ១៧​ ២១៥,៣៧​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០​ ដែល​ជា​ការ​កើនឡើង​ ១៦,៧​ ភាគរយ​ពី​តួលេខ​ឆ្នាំ​ ២០១៩​ ចំនួន​ ១៤​ ៧៤៨,៧៤​ លាន​ដុល្លារ​ទោះបីជា​មានការ​រីក​រាលដាល​នៃ​ជំងឺ​ក៏​ដោយ​។​3​ តួលេខ​នាំ​ចេញ​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ជាមួយនឹង​ការ​កើនឡើង​នៃ​វ៉ាក់សាំង​កូ​វី​ដ​-១៩​ និង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​ ២០២១​។​4

​​សម្លៀក​បំពាក់​

​វិស័យ​កាត់ដេរ​បាន​ក្លាយជា​សសរស្តម្ភ​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ទោះបីជា​វិស័យ​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​ក៏​ដោយ​។​ របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩​ និយាយ​ថា​ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន​កើនឡើង​ ១១​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​​កន្លង​ទៅ​​5​ ខណៈ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ចង្អុលបង្ហាញ​ពី​ការ​ថយ​ចុះ​ ១០,២​ ភាគរយ​ពី​ ៨​ ២៦៦,៣៥​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​ មក​ ៧​ ៤២០,២៨​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។​ ជំងឺ​រាតត្បាត​បាន​បណ្តាល​ឱ្យ​រោងចក្រ​មួយ​ចំនួន​បិទ​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទាំង​ការ​នាំ​ចេញ​ និង​ការងារ​ទោះបីជា​កម្មករ​កាត់ដេរ​នៅ​តែ​ទទួល​បាន​ ៧០​ ដុល្លារ​ក្នុង​មួយ​ខែ​ក៏​ដោយ​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦​ ខែមករា ​ឆ្នាំ​២០២១​ ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក (GSP) ​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​អត្រាពន្ធ​ទាប​បាន​ផុតកំណត់​នៅ​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​២០២០​។​ ប្រទេស​ចំនួន​ ១១៩​ នឹង​ត្រូវ​បង់ពន្ធ​នាំ​ចូល​ផ្អែក​លើ​ Most​ Favored​ Nation​ (MFN)​ ​ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តល់​លទ្ធភាព​អោយ​បង់ពន្ធ​ក្នុង​កម្រិត​​ទាប​។​ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC)​ លោក​ អាត់​ ធន់​ មាន​ប្រសាសន៍​ថា​ “​សម្រាប់​ប្រទេស​កម្ពុជា​ ផលិតផល​កាត់ដេរ​ដែល​ស្ថិត​ក្រោម​ MFN​ ត្រូវ​បាន​បង់ពន្ធ​ពី​ ១២​ ទៅ​ ៣៣​ ភាគរយ​”​ ។​6​ លោក​វ៉ា​ន​ ស៊ូ​ឡេ​ង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ថា​ “​វា​នឹង​មានការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​…”​ ។​ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​គឺ​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ ការ​បិទ​ខ្ទប់​ ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​អន្តរជាតិ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ វា​អាច​នឹង​កើនឡើង​វិញ​បន្ទាប់​ពី​លែង​មានការ​បិទ​ខ្ទប់​នៅ​ក្នុង​ប្រទេស​គោលដៅ​នាំ​ចេញ​។​7

​ស្បែកជើង

​វិស័យ​ស្បែកជើង​បាន​ផ្តល់​ឱកាស​ដ៏​ធំ​សម្រាប់​ការ​វិនិយោគ​ និង​ការ​ផលិត​ដោយសារ​តែ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​រវាង​ឆ្នាំ​ ២០១៣​ និង​ឆ្នាំ​ ២០១៨​ ដោយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ប្រទេស​នាំ​ចេញ​ស្បែកជើង​កំពូល​ទាំង​ ១០​ ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០១៦​។​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​នេះ​ ការ​នាំ​ចេញ​ស្បែកជើង​បាន​កើនឡើង​ ៤,៤​ ភាគរយ​ខណៈ​ពេល​ដែល​វិស័យ​កាត់ដេរ​បាន​ធ្លាក់​ចុះ​ជិត​ ១០​ ភាគរយ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តី​ពី​ឧស្សាហកម្ម​សម្លៀក​បំពាក់​ វាយនភ័ណ្ឌ​ និង​ស្បែកជើង​របស់​កម្ពុជា​។​8

​ជា​ថ្មី​ម្តងទៀត​ ជំងឺ​រាតត្បាត​បាន​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ស្បែកជើង​ពី​ ១​ ២៦៤,៦២​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​ ដល់​ ១​ ១១៦,៧៣​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​ ដោយ​ផ្អែក​លើ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០២០​។​9​ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​ លោក​ ឧកញ៉ា​ លី​ ឃុន​ថៃ​ បាន​និយាយ​ថា​ដោយសារ​ជំងឺ​រាតត្បាត​នេះ ​ប្រជាជន​ត្រូវ​បាន​បង្ខំ​ឲ្យ​ស្នាក់​នៅ​ក្នុងផ្ទះ​ហើយ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​នីមួយៗ​ត្រូវ​បាន​បិទ​ដែល​​ធ្វើ​អោយ​​ថយ​​ចុះ​នូវ​​តម្រូវការ​នៃ​ស្បែកជើង​។​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ “​មូលហេតុ​ដែល​នាំ​ឱ្យ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នៃ​ការ​នាំ​ចេញ​ស្បែកជើង​ពី​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ទី​ ១​ គឺ​ដោយសារ​តែ​តម្រូវការ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​​ថយ​​ចុះ​ហើយ​មិន​ទាក់ទង​ទៅ​នឹង​សកម្មភាព​ផលិត​”​។​ ជាមួយនឹង​ការ​រៀបចំ​បង្កើត​សមាគម​ស្បែកជើង​កម្ពុជា​ កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ហើយ​ឧស្សាហកម្ម​ស្បែកជើង​ទំនងជា​នឹង​រីក​ចម្រើន​។​10

​សម្ភារៈ​ធ្វើ​ដំណើរ​

​សម្ភារៈ​ធ្វើ​ដំណើរ​ដែល​មាន​ដូច​ជា​វ៉ា​លី​ កាបូបស្ពាយ​ កាបូប​យួរ​​ និង​កាបូប​ដាក់​លុយ​​ បាន​​ស្ថិត​នៅ​​លេខ​រៀង​ទី​​ ៣​ ​នៃ​​ការ​នាំ​ចេញ​​​សំខាន់ៗ​​ពី​ប្រទេស​កម្ពុជា​។​ កំណើន​​នៃ​ការ​នាំ​ចេញ​នេះ ​គឺ​ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ក្រសួងពាណិជ្ជកម្ម​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ទៅ​កាន់​សភា​អា​មេ​រិ​ក​ក្នុង​គម្រោង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ដោយសារ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​សម្រាប់​ផលិតផល​ទាំងនេះ​ដែល​មាន​ចំនួន​ប្រហែល​ ៨០​ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​ក្នុង​ឆ្នាំ​ ២០១៩​។​11 ​អត្ថប្រយោជន៍​ទាំងនេះ​មិន​មាន​រយៈពេល​យូរ​ទេពី​ព្រោះ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់ ​បាន​ចង្អុលបង្ហាញ​ថា​ជាមួយនឹង​ MFN​ ទំនិញ​ដែល​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​ឥឡូវនេះ​នឹង​ត្រូវ​បង់ពន្ធ​ប្រហែល​ ១០​ ទៅ​ ៣០​ ភាគរយ​។​ លោក​ព្រួយបារម្ភ​ពី​ការ​ផុតកំណត់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​នេះ​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ជា​ពិសេស​សម្ភារៈ​ធ្វើ​ដំណើរ​។​12​ ក្រសួងពាណិជ្ជកម្ម​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០២០​ ថា​ការ​នាំ​ចេញ​សម្ភារៈ​ធ្វើ​ដំណើរ​បាន​ធ្លាក់​ចុះ​ ១០,៨​ ភាគរយ ​ពី​ ១​ ០៧៨,៨៩​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​ មក​ ៩៦៧,៧​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។​13

​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​និយាយ​ថា​ ខ្លួន​បាន​ប្តេជ្ញា​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC) ដើម្បី​រួម​បញ្ចូល​ទាំង​សម្ភារៈ​ធ្វើ​ដំណើរ​ និង​រោងចក្រ​ផលិត​កាបូប​ដើម្បី​គាំទ្រ​ដល់​ស្ថានភាព​ការងារ​របស់​កម្មករ​ និង​ជំរុញ​ការ​ប្រកួតប្រជែង​ និង​ការ​រីក​ចម្រើន​ក្នុង​ឧស្សាហកម្ម​ទាំងអស់​។​ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០១​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) និង​គាំទ្រ​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​​ (IFC) ដែល​ជា​ផ្នែក​មួយ​របស់​ធនាគារពិភពលោក (WB)​។​14​ នៅ​ពេល​ដែល​បញ្ចូល​សម្ភារៈ​ធ្វើ​ដំណើរ​ និង​កាបូប​ ម្ចាស់​រោងចក្រ​ និង​សហគ្រាស​ផលិតកម្ម​ត្រូវ​ចុះបញ្ជី​ជាមួយ​គម្រោង​រោងចក្រ​ កាន់តែ​ប្រសើរ​នៅ​កម្ពុជា​មុន​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ទំនិញ​ក្រោម​គម្រោង​ពាណិជ្ជកម្ម​អនុគ្រោះ​។​15

​ទាក់ទង​នឺ​ង​ការ​នាំ​ចេញ​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RB7Kw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!