ធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍពេញលេញនោះទេ ដោយផលិតកម្មភាគច្រើនផ្តោតទៅលើវត្ថុធាតុដើមសម្រាប់សំណង់ដូចជាកំទេចថ្ម ដីខ្សាច់ និងថ្មគ្រួសនិងចុណ្ណីសិលា។1
នាពេលបច្ចុប្បន្នភាព មិនមានការទាញយករ៉ែជាលក្ខណៈឧស្សាហកម្មខ្នាតធំឡើយ។ ចាប់តាំងដើមទសវត្សនៃឆ្នាំ២០០០មក វិស័យប្រេងនិងឧស្ម័ន ព្រមទាំងរ៉ែក្នុងដីរួមមានស្ពាន់, មាស, ធ្យូងថ្ម ដែកនិងដែកថែបបានទាក់ទាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងតំបន់និងអន្តរជាតិមកពី ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ីចិន កូរ៉េខាងត្បូង អូស្ត្រាលីនិងសហរដ្ឋអាមេរិក។
ការទាញយករ៉ែជាលក្ខណៈឧស្សាហកម្មទី១ក្នុងប្រទេសកម្ពុជាក្រៅអំពីវត្ថុធាតុដើមសម្រាប់សំណង់ អាចជាការទាញយក រ៉ែមាស។ អាជ្ញាប័ណ្ណឧស្សាហកម្មរុករករ៉ែដំបូងបង្អស់សម្រាប់រ៉ែមាស និងលោហៈធាតុដែលស្ថិតក្រោមក្របខណ្ឌច្បាប់ ត្រូវបានក្រសួងរ៉ែ និងថាមពល ចេញអោយក្រុមហ៊ុនរុករករ៉ែ Mesco Gold ភូមិស៊ីយ៉ារ៉ុង ក្នុងខេត្តរតនគិរី នៅក្នុងខែ កញ្ញា ឆ្នាំ ២០១៦។2
ក្របខ័ណ្ឌច្បាប់
ច្បាប់នៃការគ្រប់គ្រងធនធានរ៉ែនៃប្រទេសកម្ពុជាដែលបានប្រកាសឱ្យប្រើនៅឆ្នាំ ២០០១ ជាឯកសារផ្លូវការចំបង សម្រាប់វិស័យនេះ ដែលផ្តល់ព័ត៌មានស្តីអំពីគោលនយោបាយនិងការគ្រប់គ្រងការផ្ដល់អាជ្ញាប័ណ្ណ ព្រមទាំងការទូទាត់ថវិការនៅក្នុងវិស័យឧស្សាហកម្មរ៉ែ។3ច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលបានអនុម័តក្នុងឆ្នាំ ១៩៩៤ បានរាយនាមគោលនយោបាយសម្រាប់វិនិយោគទុនផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសកម្ពុជា។ គោលនយោបាយនេះមានគោលបំណងលើកទឹកចិត្តដល់វិនិយោគទុននិងសកម្មភាពអាជីវកម្មបរទេស តួយ៉ាងដូចជាភាពជាកម្មសិទ្ធិទាំងស្រុងលើការវិនិយោគក្នុងវិស័យរុករករ៉ែ ដោយមានអន្តរគមតិចតួចពីរដ្ឋាភិបាល។
ក្រសួងរ៉ែនិងថាមពលដើរតួនាទីជាស្ថាប័នរដ្ឋាភិបាលដ៏សំខាន់មួយក្នុងការគ្រប់គ្រងវិស័យនេះ។ នាយកដ្ឋានចំបងពីររបស់ក្រសួងនេះគឺនាយកដ្ឋានភូគព្ភសាស្ត្រ និងនាយកដ្ឋានរ៉ែនិងថាមពលទទួលបន្ទុកគ្រប់គ្រងនិងត្រួតពិនិត្យលើ គោល នយោបាយពាក់ព័ន្ធក៏ដូចជាជួយសម្រួលដល់ស្ថាប័នឯកជន។ អង្គភាពរដ្ឋាភិបាលដាច់ដោយឡែកមួយផ្សេង ទៀតគឺក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានតួនាទីត្រួតពិនិត្យជារួមទៅលើវិស័យរ៉ែនិង ផ្តល់ជំនួយដល់ក្រុមហ៊ុននិងវិនិយោគិនដែលមានប្រតិបត្ដិការ អជីវកម្មនៅក្នុងស្រុក។4
រចនាសម្ព័ន្ធឧស្សាហកម្មនិងផលិតកម្ម
គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៥ មានក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិចំនួន ១០៦ ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស។ អាជ្ញាប័ណ្ណរុករករ៉ែចំនួន ១៣២ ត្រូវបានផ្តល់ចេញ ដែលក្នុងនោះ មានអាជ្ញាប័ណ្ណ២សម្រាប់រ៉ែលោហធាតុ ២ផ្សេងទៀតសម្រាប់រ៉ែបុកស៊ីត ២ផ្សេងទៀតសម្រាប់ការបូមខ្សាច់ស៊ីលីកានិង១១អាជ្ញាប័ណ្ណទៀតសម្រាប់ការរ៉ុករកធ្យូងថ្ម។ ទន្ទឹមនឹងនោះ មានអាជ្ញាប័ណ្ណអាជីវកម្មរ៉ែ ចំនួន១៤ទៀត ត្រូវបានផ្តល់ចេញ ដោយមានអាជ្ញាប័ណ្ណចំនួន៤ត្រូវបានផ្តល់ទៅកាន់ការជីកយករ៉ែមាស ១ទៀតបានផ្តល់ទៅកាន់ការជីកយករ៉ែដែក ១ផ្សេងទៀតទៅកាន់ការជីកយករ៉ែត្បូងនិង៧ទៀតទៅកាន់ការជីកយករ៉ែថ្មកំបោរសម្រាប់ផលិតស៊ីម៉ងត៍ និង១ទៀតទៅកាន់ការជីកយករ៉ែផូស្វ័ត។5
ទិន្នន័យអគ្គនាយកដ្ឋានធនធានរ៉ែកម្ពុជាបានបង្ហាញថា ទិន្នផលផលិតកម្មរ៉ែទទួលបានការរីកចម្រើនក្នុងរយៈពេលចន្លោះពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ ក៏ដូចជាមានការកើនឡើងតិចតួចពីចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១២។ ជាមធ្យម កំណើននេះស្ថិតនៅពីចន្លោះ ១១%ទៅ១៦% ដែលក្នុងនោះផលិតកម្មស៊ីម៉ង់ត៍កើនឡើង ១៦% ថ្មគ្រួសកើនឡើង១២% ថ្មបាយក្រៀមកើនឡើង ១៦.២% និងកំទេចថ្មកើនឡើង១២% ។6
ធ្វើបច្ចុប្បន្នភាពនៅ៖ ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០១៦
ឯកសារយោង
- 1. Yadira, S and Yolanda, F, សៀវភៅស្ទាបស្ទង់ភូគព្ភសាស្ត្រឧស្សាហកម្មរ៉ែនៅកម្ពុជារបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ២០១១.ចូលអាននៅ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥។ http://minerals.usgs.gov/minerals/pubs/country/2011/myb3-2011-cb.pdf
- 2. Angkor Gold Corp. “រដ្ឋាភិបាលកម្ពុជាចេញអាជ្ញាបណ្ណធ្វើអាជីវកម្មរុករករ៉ែមាសជាលើកដំបូងដល់ក្រុមហ៊ុន Mesco Gold”។ ចូលអានថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ។ http://www.angkorgold.ca/cambodian-government-issues-first-commercial-mining-license-to-mesco-gold/
- 3. Yolanda, F, សៀវភៅស្ទាបស្ទង់ភូគព្ភសាស្ត្រឧស្សាហកម្មរ៉ែនៅកម្ពុជារបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ២០១២.ចូលអាននៅថ្ងៃទី ២២ ខែវិច្ជិកា ឆ្នាំ ២០១៥។ http://minerals.usgs.gov/minerals/pubs/country/2012/myb3-2012-cb.pdf
- 4. Yolanda, F, ដូចខាងដើម.
- 5. អគ្គនាយកដ្ឋានធនធានរ៉ែ. ក្រសួងរ៉ែ និងថាមពល. ២០១៤។ http://www.mme.gov.kh/administrator/gd-link-page.php?gd1=925
- 6. Yolanda, F, ដូចខាងដើម.