សហរដ្ឋអាមេរិកគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយសំរាប់ប្រទេសកម្ពុជា។1 2 ប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ផ្តើមតាំងពីដើមទសវត្សទី៥០ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំង។ នៅឆ្នាំ១៩៥៥ កម្មវិធីជំនួយដំបូងបង្អស់របស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា ផ្តោតសំខាន់ទៅលើការអប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ 3 ផ្លូវជាតិលេខ៤ ដែលជាផ្លូវល្បឿនលឿន ប្រវែង២២៥គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញទៅក្រុងព្រះសីហនុ គឺជាឧទាហរណ៍មួយនៃអត្ថប្រយោជន៍នៃជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជានាសម័យនោះ។4 គម្រោងនេះប្រើប្រាស់ថវិកាអស់២៥លានដុល្លារហើយនៅពេលនោះ វាគឺជាគម្រោងធំបំផុតរវាងប្រទេសទាំងពីរ។5
ក្នុងអំឡុងសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) សហរដ្ឋអាមេរិកបានបន្តគាំទ្រការអភិវឌ្ឍដល់វិស័យផ្សេងៗ រហូតដល់របបខ្មែរក្រហម។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក សន្តិភាព និងស្ថេរភាពនយោបាយត្រូវបានស្តារ ឯសហរដ្ឋអាមេរិកក៏បានចាប់ផ្តើមកម្មវីធីជំនួយរបស់ខ្លួន ដើម្បីការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជាឡើងវិញ តាមរយៈជំនួយបរទេស និងមនុស្សធម៌។ ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាគឺ ជាប្រភេទជំនួយទ្វេភាគី ដែលផ្តល់តាមរយៈស្ថាប័ន និងទីភ្នាក់ងារផ្សេងៗគ្នាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រសួងការបរទេស ក្រសួងកសិកម្ម។ ល។6
ចាប់តាំងពីឆ្នាំ១៩៩២ សហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណ១ពាន់លានដុល្លារដល់ប្រទេសកម្ពុជា។7 ក្នុងអំឡុងពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ វិស័យសុខភាព និងប្រជាជន គឺជាវិស័យអាទិភាពដែលទទួលបានជំនួយច្រើនជាងគេ ប្រមាណជា៣៣៩លានដុល្លារ បន្ទាប់មកគឺវិស័យអភិបាលកិច្ច ដែលទទួលបានទឹកប្រាក់២១៧លានដុល្លារ និងវិស័យអប់រំ១៣៤លានដុល្លារ។8 ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជួយដល់វិស័យផ្សេងៗនៅកម្ពុជាដែលមានទឹកប្រាក់សរុប១៥២លានដុល្លារ។9
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានគេស្គាល់ថា ជាទីភ្នាក់ងារមួយ ក្នុងចំណោមភ្នាក់ងារដែលសកម្មបំផុតក្នុងការជួយសម្រួលជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា។ កម្មវិធីរបស់ទីភ្នាក់ងារនេះត្រូវបានគេទទួលស្គាល់ថា ជាកម្មវិធីជំនួយដំបូងគេរបស់សហរដ្ឋអាមេរិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីទសវត្សឆ្នាំ១៩៦០ តាមរយៈជំនួយមនុស្សធម៌ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។10 ចាប់ពីឆ្នាំ១៩៩១ កម្មវិធីនេះបានវិវដ្តន៍ខ្លួនទៅជា កម្មវិធីរយៈពេលវែង និងទ្រង់ទ្រាយធំ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាអោយបានពេញលេញ។
នៅឆ្នាំ២០១៨ ដៃគូ និងកម្មវីធីផ្សេងៗបានទទួលជំនួយពីសហរដ្ឋអាមេរិកនៅកម្ពុជារួមមាន អង្គការសុខភាពគ្រួសារអន្តរជាតិ ៣៦០ (FHI360) ក្រុមហ៊ុន ARD អង្គការសង្គ្រោះកុមារ អង្គការអន្តរជាតិ RTI, វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI), អង្គការ Winrock អន្តរជាតិ និងទីភ្នាក់ងារ Peace Corps របស់សហរដ្ឋអាមេរិក។11 វិស័យអាទិភាពដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់ប្រទេសកម្ពុជារួមមាន លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច វិស័យសុខភាព វិស័យអប់រំ ការការពារកុមារ បរិស្ថាន និងសន្តិសុខស្បៀង។12 សហរដ្ឋអាមេរិកក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅក្នុងទសវត្សចុងក្រោយនេះ និងចូលរួមចំណែកក្នុងការបង្កើតសាលាក្តីខ្មែរក្រហមផងដែរ។13 ចាប់តាំងពីការចាប់ផ្តើមរឿងក្តីដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៩ សាលាក្តីបានទទួលការទឹកប្រាក់ចំនួន ១៦,៨ លានដុល្លារ។14 សហរដ្ឋអាមេរិកក៏បានចូលរួមផងដែរ នៅក្នុងការសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨ ប្រទេសកម្ពុជាបានទទួលថវិកាប្រមាណ១៣៥លានដុល្លារពីសហរដ្ឋអាមេរិកដើម្បីផ្តោតលើការសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។15
កម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍ ដូចជា Feed the Future, Nourish16 និងFood for Progress មានគោលបំណងជួយរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនផលិតភាពនៅក្នុងវិស័យកសិកម្ម។17 នៅឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានគាំទ្រវិស័យកសិកម្មដោយចំណា«ខ«យថវិកាប្រមាណ៨,២ លានដុល្លារ លើគោលនយោបាយកសិកម្ម និងការគ្រប់គ្រងរដ្ឋបាលកសិកម្ម។18 នៅក្នុងឆ្នាំដដែល ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍ ក៏បានបង្កើតការងារចំនួន១៩០ សម្រាប់ប្រជាជនក្នុងតំបន់ដោយសម្របសម្រួលភាពជាដៃគូរវាងអ្នកទិញ និងកសិករ។ 19 សហរដ្ឋអាមេរិកក៏បានជួយដល់វិស័យព្រៃឈើផងដែរ។ គម្រោងដូចជា គម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍ (USAID Greening Prey Lang) និងគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ (SFB) គឺជាគម្រោងដែលទាក់ទងនឹងព្រៃឈើ និងបរិស្ថាន។ គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ គឺជាផែនការរយៈពេល៥ឆ្នាំកន្លះដែលដំណើរការពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ ។20 គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍ និងគាំទ្រដោយអង្គការអន្តរជាតិ Winrock ហើយមានការសហការជាមួយស្ថាប័ននិងអង្គការផ្សេងៗគ្នាជាច្រើនទៀតដូចជា ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និង អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ។21 សមិទ្ធិផលសំខាន់ៗរបស់គម្រោងនេះរូមមាន ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចប្រមាណ១២លានតោន ការបណ្តុះបណ្តាលមនុស្សជាង១៣ ០០០នាក់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការពង្រឹងការអនុវត្តតំបន់ការពារ។22 គម្រោងព្រៃឈើ និងបរិស្ថានមួយទៀតដែលកំពុងដំណើរការ មានឈ្មោះថា គម្រោងព្រៃឡង់បៃតង។ គម្រោងនេះត្រូវបានគេរំពឺងថាចំណាយថវិការប្រមាណ២១លានដុល្លារ និងមានតួនាទីដោះស្រាយបញ្ហាអភិបាលកិច្ច និងការគ្រប់គ្រងនៅតំបន់ព្រៃឡង់។23
បើនិយាយពីវិស័យអប់រំវិញ សហរដ្ឋអាមេរិកបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍក្នុងវិស័យដ៏សំខាន់នេះ។ ថវិកាចំនួន២២លានដុល្លារត្រូវបានចំណាយក្នុងឆ្នាំ២០១៨ ដើម្បីទ្រទ្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ដោយថវិកាភាគច្រើនផ្តោតលើការអប់រំនៅកំរិតបឋមសិក្សា។24 ដោយធ្វើការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍ (USAID) បានដាក់ចេញនូវកម្មវិធីអំណានបឋមសិក្សារយៈពេល៥ឆ្នាំ (EGR) ដែលមានគោលបំណងបង្កើនជំនាញអាននៅកម្រិតមត្តេយ្យនៅប្រទេសកម្ពុជា។25 លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានផ្តល់អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនសម្រាប់និស្សិតកម្ពុជាផងដែរដូចជា កម្មវិធី Fulbright កម្មវិធីផ្តួចផ្តើមយុវជនអាស៊ីអាគ្នេយ៍ (YSEALI) កម្មវិធីអាហារូបករណ៍ និងកម្មវិធីបរិញ្ញាបត្រសកល (UGRAD)។26
លើសពីនេះទៅទៀត លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ គឺជាវិស័យមួយដែលទទួលបានការឧបត្ថម្តថវិកាធំបំផុតពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកផ្តោតលើតួនាទីរបស់សង្គមស៊ីវិលដើម្បីសម្រេចគោលដៅមួយនេះ។ ក្នុងឆ្នាំ២០១៨ ថវិកាចំនួន៣១លានដុល្លារត្រូវបានផ្តល់អោយប្រទេសកម្ពុជាដើម្បីកែលម្អអភិបាលកិច្ចរបស់ខ្លួន។27 កម្មវិធីមួយចំនួនដូចជា គម្រោងពង្រឹងសង្គមស៊ីវិលកម្ពុជា (CCSS) ដែលអនុវត្តដោយវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) មានគោលបំណង ធ្វើឱ្យគណនេយ្យភាពនៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង។28 គម្រោងពង្រឹងសង្គមស៊ីវិលកម្ពុជា (CCSS) គឺជាគម្រោងរយៈពេល៥ឆ្នាំដែលចំណាយទឹកប្រាក់ប្រមាណ៩លានដុល្លារ។ កម្មវិធីនេះ បង្កើតឡើងដើម្បីធ្វើការពង្រឹងសង្គមស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងវិស័យសុខាភិបាល ប្រទេសកម្ពុជាក៏បានទទួលការគាំទ្រយ៉ាងច្រើនពីសហរដ្ឋអាមេរិកផងដែរ។ ជំនួយទាំងនោះបានជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺឆ្លងជាច្រើនទៀត។29 នៅឆ្នាំ២០១៨ ថវិកាសរុបក្នុងវិស័យសុខាភិបាលមានចំនួន៣៨លានដុល្លារ ដែលក្នុងនោះថវិកាជាង២០លានដុល្លារបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេង។30 កាលពីពេលថ្មីៗនេះ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ សហរដ្ឋអាមេរិកក៏បានចូលរួមចំណែកនូវកញ្ចប់ជំនួយមានតំលៃប្រមាណ១១លានដុល្លារសម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះផងដែរ។31
ប្រធានបទពាក់ព័ន្ធ
ឯកសារយោង
- 1. Jin Sata et al ., “អ្នកឧបត្ថម្ភថ្មី ពីទស្សនៈរបស់អ្នកទទួល៖ ការវិភាគស្ថាប័ននៃជំនួយបរទេសនៅកម្ពុជា,” ការអភិវឌ្ឍពិភពលោក ៣៩ (ធ្នូ ២០១១): ទំព័រ ២០៩១-១០៤។
- 2. Thomas Lum, “ទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា៖ សម្រាប់ការប្រជុំសមាជលើកទី ១១៣” ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៣ ទំព័រ ១១-១៤។
- 3. ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា (ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក, n.d.)។
- 4. ដូចឯកសារយោងខាងដើម។
- 5. ដូចឯកសារយោងខាងដើម។
- 6. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
- 7. សេតវិមាន (រដ្ឋាភិបាលសហរដ្ឋអាមេរិក), “សេចក្តីថ្លែងការណ៍របស់រដ្ឋលេខាធិការសារព័ត៌មានស្តីពីការកាត់បន្ថយការផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា”។ ចូលអាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
- 8. “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស” កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
- 9. ដូចឯកសារយោងខាងដើម។
- 10. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ប្រវត្តិសាស្ត្រ៖ កម្ពុជា”. ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។
- 11. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស” កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង, បានចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
- 12. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ទំព័រ ស្តីពីប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០។
- 13. ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា (ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក, n.d.)។
- 14. ដូចឯកសារយោងខាងដើម។
- 15. ក្រុមប្រឹក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា។ ចូលអានថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
- 16. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “គម្រោងNourish កម្ពុជា”។ ចូលអានថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
- 17. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “កសិកម្ម និងសន្តិសុខស្បៀង៖ កម្ពុជា”។ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
- 18. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
- 19. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ,“ទំព័រ ស្តីពីប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
- 20. Arlington, Virginia, “ការគាំទ្រព្រៃឈើនិងជីវចម្រុះ”, អង្គការអន្តរជាតិ Winrock)។ បានចូលអានថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
- 21. ដូចឯកសារយោងខាងដើម។
- 22. ដូចឯកសារយោងខាងដើម។
- 23. សុធារី ប៉ិច, “ក្រសួងបរិស្ថាន និងទីភ្នាក់ងារ USAID បើកដំណើរការគម្រោងព្រៃឡង់” កាសែតខ្មែរថាមស៍, ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
- 24. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
- 25. ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា, “ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីការអប់រំ”។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
- 26. ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា, “កម្មវិធីអប់រំ និងការផ្លាស់ប្តូរការសិក្សា”។ បានចូលអានដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
- 27. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
- 28. វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម, “ការពង្រឹងសង្គមស៊ីវិលរបស់ទីភ្នាក់ងារ USAID (ស៊ីស៊ីអេសអេស)”។ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។
- 29. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ, “ទីភ្នាក់ងារសុខភាពពិភពលោក៖ ប្រទេសកម្ពុជា”។ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។
- 30. ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ,“ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គិតតាមប្រទេស”, កម្មវិធីស្វែងរកជំនួយ៖ ផ្ទាំងគ្រប់គ្រង។ ចូលអានថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
- 31. ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា៖ បេសកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា,“សហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន៧,៥លានដុល្លារបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការប្រឆាំងមេរោគកូវីដ១៩នៅកម្ពុជា”។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។