ដីឯកជន គឺអចលនៈវត្ថុដែលមានសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដោយស្របច្បាប់ ជាលក្ខណៈបុគ្គល ឬរួមគ្នាដោយបុគ្គល ឬក្រុមហ៊ុន។
ប្រវត្តិសាវតា
គោលគំនិតនៃកម្មសិទ្ធិឯកជន ត្រូវបាននាំចូលមកប្រទេសកម្ពុជាឡើងវិញ នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ បន្ទាប់ពីត្រូវបានលុបបំបាត់ចោលក្នុងរបបខ្មែរក្រហម នៅឆ្នាំ ១៩៧៥។ ជាលទ្ធផលនៃការលុបបំបាត់នោះ របបកម្មសិទ្ធិនៅមុនឆ្នាំ១៩៧៩ មិនត្រូវបានទទួលស្គាល់ទេ។1 រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានធានាសិទ្ធិមានកម្មសិទ្ធិ និងទទួលបានការការពារលើកម្មសិទ្ធិនោះដោយរដ្ឋ2 បើទោះបីជាមានតែបុគ្គល ឬក្រុមហ៊ុន ដែលមានសញ្ជាតិខ្មែរ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីទៅក្នុងប្រទេសកម្ពុជា។3 ច្បាប់ភូមិបាលឆ្នាំ ២០០១ ការពារសិទ្ធិកម្មសិទ្ធិពីការទន្ទ្រាន ហើយការដកហូតសិទ្ធិនេះអាចធ្វើទៅបាន លុះត្រាតែវាត្រូវបានធ្វើឡើងដើម្បីបម្រើឲ្យប្រយោជន៍សាធារណៈ និងមានការផ្តល់ជាសំណងដោយសមរម្យ និងយុត្តិធម៌ រួចរាល់។4
ក្របខ័ណ្ឌគតិយុត្តិ
ក្រោយពីត្រូវបានធ្វើវិសោធនកម្មដោយការអនុវត្តក្រមរដ្ឋប្បវេណីនៅឆ្នាំ ២០១១ ច្បាប់ភូមិបាលចែងថា មានតែការកាន់កាប់ដោយស្របច្បាប់ប៉ុណ្ណោះដែលអាចនាំឲ្យឈានដល់សិទ្ធិកម្មសិទ្ធិលើ អចលនៈវត្ថុឯកជនបាន។5 បុគ្គលទាំងឡាយណា ដែលបានចាប់ផ្តើមគ្រប់គ្រងដី នៅច្បាប់ភូមិបាលនេះ អាចមានសិទ្ធិកាន់កាប់ស្របច្បាប់ ប្រសិនបើការកាន់កាប់នោះបំពេញលក្ខណមួយចំនួន។ ម្ចាស់ដី ត្រូវបង្ហាញថា ការកាន់កាប់នោះ គឺពិតប្រាកដ គ្មានហិង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាន និងដោយសុចរិត។6 ប៉ុន្តែ ភោគៈទាំងឡាយ ដែលបានចាប់ផ្តើមធ្វើបន្ទាប់ពីច្បាប់នេះចូលជាធរមាន នៅខែសីហា ឆ្នាំ២០០១7 ត្រូវបានចាត់ទុកថាខុសច្បាប់ ហើយមានតែដីឯកជនរបស់រដ្ឋទេដែលអាចត្រូវបានកាន់កាប់ដោយស្របច្បាប់។8 អ្នកទិញដីភោគៈបន្ត ទទួលបានសិទ្ធិភោគៈពីភោគីខាងដើម ក្នុងករណីដែលពួកគេអាចបង្ហាញពីកម្រងឯកសារពីការកាន់កាប់ភោគៈ នៅមុនច្បាប់ភូមិបាលនេះចូលជាធរមាន។ ប្រសិនបើការកាន់កាប់នេះបំពេញបានតាមលក្ខខណ្ឌតម្រូវដូចមាននេះ នោះអ្នកកាន់កាប់ដី មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិ។9 ភោគៈស្របច្បាប់ គឺជាសិទ្ធិបណ្តោះអាសន្ន ដែលភោគីមានសិទ្ធិដូចគ្នាទៅនឹងម្ចាស់កម្មសិទ្ធិករដែរ។ ភោគី អាចមិនមានសិទ្ធិផ្ទេរ សាងសង់ និងកែលម្អរចនាសម្ព័ន្ធ និងប្រើប្រាស់ដី សម្រាប់ជាការដាក់ធានា។10
ក្រៅពីនេះ អ្នកគ្មានដី និងខ្វះខាតដី អាចទទួលបានកម្មសិទ្ធិឯកជនដែលផ្តល់ដោយរាជរដ្ឋាភិបាល តាមរយៈសម្បទានដីសង្គមកិច្ច។ បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌមួយចំនួនហើយ អ្នកកាន់កាប់លើ ដីសម្បទានសង្គមកិច្ច ត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិលើដីនោះ។11
បញ្ហាប្រឈមនៃសន្តិសុខសិទ្ធិកម្មសិទ្ធិឯកជន
អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ បានលើកលើងពីការព្រួយបារម្ភលើសន្តិសុខ សិទ្ធិកម្មសិទ្ធិឯកជន នៅក្នុងប្រទេសកម្ពុជា។ ដំណើរការចេញប័ណ្ណកម្មសិទ្ធិដី មានសភាពយឺតយ៉ាវ និងក្លាយជាប្រធានបទនៃ ការពិនិត្យពិច័យ ជាច្រើនពីសហគមន៍ជាតិនិងអន្តរជាតិ បន្ទាប់ពីធនាគារពិភពលោកបានផ្អាកការគាំទ្ររបស់ខ្លួនលើគម្រោងចេញប័ណ្ណកម្មសិទ្ធិរបស់ម្ចាស់ជំនួយជាច្រើន ដោយសារការរំលោភលើខនៃកិច្ចរក្សាការពារគម្រោង។12 ទោះបីជាភោគីស្របច្បាប់មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិ ប៉ុន្តែមិនមានន័យថា ពួកគេត្រូវបានធានាលើសិទ្ធិកម្មសិទ្ធិឡើយ ហើយភោគីជាច្រើន ត្រូវបានចាត់ទុកជាអ្នករស់នៅខុសច្បាប់ដោយមិនមានសិទ្ធិលើដីរបស់ខ្លួន។13 ក្រៅពីនេះ អង្គការមិនមែនរដ្ឋាភិបាលជាច្រើន បានរាយការណ៍ថា បើទោះបីជាម្ចាស់ដីនៅកំពុងរង់ចាំការវាយតម្លៃទៅលើសិទ្ធិដីធ្លីរបស់ពួកគេ លទ្ធភាពអាចកើតមានដែលថា ក្រុមហ៊ុន ឬសហគមន៍មួយ ត្រូវបានផ្តល់សិទ្ធិលើដីតែមួយនេះ នៅក្រោមរូបភាពជាសម្បទានដី។14
ទោះបីជាមានក្របខ័ណ្ឌគតិយុត្តិជាច្រើនសម្រាប់ការពារសិទ្ធិកម្មសិទ្ធិឯកជនក៏ដោយ ក៏អ្នករាយការណ៍ពិសេស (អ្នកជំនាញឯករាជ្យទទួលការតែងតាំងដោយអង្គការសហប្រជាជាតិ) ទទួលបន្ទុកលើ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានព្រមានថា កង្វះខាតសម្ថភាព ឬឆន្ទះខាងនយោបាយក្នុងការពង្រឹង សិទ្ធិទាំងអស់នេះ នឹងបណ្តាលឲ្យកើតមានអវត្តមាន ឬ អសន្តិសុខសិទ្ធិកម្មសិទ្ធិឯកជនសម្រាប់ប្រជាជនកម្ពុជាជាច្រើន។15
ទាក់ទងនឹងដីឯកជន
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៥
ឯកសារយោង
- 1. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៧។
- 2. ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣), មាត្រា ៤៤។
- 3. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៨។
- 4. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៥។
- 5. ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧, មាត្រា ៨០។
- 6. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៣៨។
- 7. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ២៩។
- 8. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៤៣។
- 9. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៣៨។
- 10. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៣៩។
- 11. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ៨៣។
- 12. វេទិកាអង្គការមិនមែនរដ្ឋាភិបាល. ឆ្នាំ២០១៥. “ការផាត់ចេញសហគមន៍ក្រីក្រក្នុងទីក្រុងពីការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅរាជធានីភ្នំពេញ.” http://www.ngoforum.org.kh/administrator/components/com_ngoforum/files/027173dc028985963f7f9a1484b14f69-Exclusion-of-the-Urban-Poor-Communities-from-the-SLR-in-PP-Eng.pdf ។
- 13. ណាតាលី ប៊ូហ្គាស្គី និង អ្នកផ្សេងទៀត. ឆ្នាំ២០១០. “ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ៖ មេរៀនស្វែងយល់ពីគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី.” http://bit.ly/1C4H8G9 ។
- 14. ម៉ាក ហ្រ្គីមឌីជ និង នីក ហែនឌឺសិន. ឆ្នាំ២០១២. “គ្មានប័ណ្ណកម្មសិទ្ធិដីធ្លី ៖ សន្តិសុខកម្មសិទ្ធិដីធ្លី និងវិសមភាពនៅកម្ពុជា.” អង្គការស្ពានឆ្លងព្រំដែន. https://data.opendevelopmentcambodia.net/library_record/untitled-tenure-insecurity-and-inequality-in-the-cambodian-land-sector ។
- 15. សូរិយា ស៊ូប៊ែរឌី. ឆ្នាំ២០១៤. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា” ក្រុមប្រឹក្សាសិទ្ធិមនុស្ស កិច្ចប្រជុំលើកទី ២៧ ខែ កញ្ញា ឆ្នាំ២០១៤, ទំព័រ១៣. http://cambodia.ohchr.org/WebDOCs/DocReports/3-SG-RA-Reports/Comments_from_the_Govt_of_Cambodia_to_the_SR_Report-17Sept2014.pdf។