ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។1 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។2 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រក្ស។ បន្ទាប់ពីទទួលបានការបោះឆ្នោតទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។3
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលខុសត្រូវបំពេញ និងចូលរួមចំណែកកសាងគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។ រាប់បញ្ចូលទៅក្នុងសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង រួមមាន ការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឯកភាពទូទាំងប្រទេ ការរៀបចំ និងការអនុវត្តថវិកាជាតិ ការបែងចែក និងចែកចាយចំណូលជាតិ ការធ្វើអធិការកិច្ចលើហិរញ្ញវត្ថុសាធារណៈ និងការតាមដានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។4 ដើម្បីបំពេញភារកិច្ចនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានរៀងចំជាអគ្គនាយកដ្ឋាន និងនាយកដ្ឋាន រាប់បញ្ចូលទាំងបណ្តាអង្គភាពមូលដ្ឋានមួយចំនួនដូចជា មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សាខាគយនិងរដ្ឋាកររាជធានី-ខេត្ត ជាដើម។5
សម្រាប់ព័ត៌មានបន្ថែមស្តីពី៖
- កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- គោលនយោបាយ ផែនការសកម្មភាព និងយុទ្ធសាស្រ្ត
- សេចក្តីណែនាំស្តីពីពន្ធដារ
- ឯកសារផ្លូវការសម្រាប់ការប្រើប្រាស់ជាសាធារណៈ
- ច្បាប់ និងបទបញ្ជាពាក់ព័ន្ធ
ទំនាក់ទំនង:
- អាសយដ្ឋាន: ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- អ៊ីម៉ែល: admin@mef.gov.kh
- ទូរស័ព្ទ: (+៨៥៥) ២៣ ៧២៤ ៦៦៤/ ហ្វាក: (+៨៥៥) ២៣ ៤២៧ ៧៩៨
- ផែនទី: http://bit.ly/1IEM0Br
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥
ឯកសារយោង
- 1. ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦
- 2. អនុក្រឹត្យលេខ៤៨៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣
- 3. បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ។ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកម/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ។
- 4. ដូចខាងដើម ត្រង់កំណត់លេខ២ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាត្រា៥ ។
- 5. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “រចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។ ចូលអាននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥ http://www.mef.gov.kh/mef-line-departments.html ។ មើលបន្ថែម អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាត្រា ៦០។