ទោះបីជាការរុករកបានបង្ហាញថាមានវត្តមានធនធានធ្យូងថ្មមួយចំនួនតូចនៅភាគខាងជើងនៃប្រទេសកម្ពុជាក៏ដោយ ពុំមានការរុករករ៉ែជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមឡើងនោះទេ។ ធ្យូងថ្មដែលប្រើប្រាស់សម្រាប់ការផលិតអគ្គិសនីនិងគោលបំណងផ្សេងទៀតត្រូវបាននាំចូល។
ធ្យូងថ្ម និងការវិវឌ្ឍនាពេលអនាគត
ធ្យូងថ្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការថាមពលសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ បានបញ្ជាក់ថា រោងចក្រថាមពលធ្យូងថ្មនិងទំនប់វារីអគ្គិសនីគឺជាតម្រូវការសម្រាប់ប្រជាជននៃជំនាន់នេះ។1ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិគាំទ្រការរ៉ុករកធនធានថាមពលច្រើនយ៉ាង ដែលក្នុងនោះរួមមានធ្យូងថ្មផងដែរ។ធនាគារអភិវឌ្ឍន៍អាស៊ីបានរាយការណ៍ថា ការពឹងផ្អែកទៅលើប្រេងឥន្ធនៈហ្វូស៊ីល និងធ្យូងថ្មនាំចូលរបស់ប្រទេសកម្ពុជានឹងមានកំណើននៅឆ្នាំបន្តបន្ទាប់នាពេលខាងមុខ។2
ធ្យូងថ្មនឹងបន្តជាប្រភពថាមពលដ៏ចំបងសម្រាប់ផលិតកម្មអគ្គិសនីនៅតំបន់អាស៊ីដែលកំពុងទទួលបានការរីកចម្រើន ដោយសារបរិមាណដ៏ច្រើននៃធនធាននេះ តម្លៃទាបជាងប្រភពថាមពលមួយចំនួននិងមានសុវត្ថិភាពល្អប្រសើរផងដែរ។ ធ្យូងថ្មជាច្រើនដែលប្រើប្រាស់នៅទ្វីបអាស៊ីត្រូវបានផលិតនៅក្នុងតំបន់នេះ។យោងតាមរបាយការណ៍របស់វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន(JDI)នៅឆ្នាំ២០០៩ ទោះបីជារ៉េស័រធ្យូងថ្មនៅកម្ពុជាមានទំហំតូចក៏ដោយ បរិមាណនេះអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលធ្យូងថ្មសម្រាប់រោងចក្រថាមពលធ្យូងថ្មដែលមានថាមពល ៤០០ មេហ្គាវ៉ាត់ក្នុងរយៈពេលជាង ៣០ ឆ្នាំ។3
ក្រុមហ៊ុនជាច្រើនបានសម្តែងចំណាប់អារម្មណ៍លើការរ៉ុករករ៉ែធ្យូងថ្ម តួយ៉ាងក្រុមហ៊ុនធនធានខ្មែរដែលមានម្ចាស់កម្មសិទ្ធិជាជនជាតិចិននិងអូស្ត្រាលីបានរាយការណ៍ថា ពូកគេកំពុងស្វែងរកមូលនិធិសម្រាប់ការរ៉ុករកនៅលើផ្ទៃដី ២៨០ គីឡូម៉ែត្រការេ។ 4
រោងចក្រថាមពលធ្យូងថ្ម
រោងចក្រធ្យូងថ្មសម្រាប់ទាញយកថាមពលអគ្គិសនីដំបូងបង្អស់នៅកម្ពុជាចាប់ផ្តើមប្រតិបត្តិការនៅខេត្តព្រះសីហនុក្នុងឆ្នាំ ២០១៤។ រោងចក្រនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Leader Universal Ltd របស់ម៉ាឡេស៊ី ដែលធ្វើប្រតិបត្តិការក្រោមក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសនេះ។ ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀង”ស្ថាបនា-ប្រតិបត្តិការ-ផ្ទេរសិទ្ធិ”មួយក្នុងរយៈពេល៣៣ឆ្នាំ ដែលបន្ទាប់ពីនោះសំណង់រោងចក្រនឹងត្រូវប្រគល់ជូនរដ្ឋវិញ។ ធ្យូងថ្មដែលកំពុងប្រើប្រាស់ក្នុងប្រទេសនេះត្រូវបាននាំចូលពីប្រទេសឥណ្ឌូណេស៊ី។5
ទន្ទឹមនឹងមានបច្ចេកវិទ្យាដែលមានឈ្មោះថា supercritical ឬ ultra-supercritical ដែលផ្ដល់ប្រសិទ្ធិភាពកាន់តែខ្លាំងក្នុងការទាញយកធ្យូងថ្មនិងកាត់បន្ថយការបំភាយដោយឧស្ម័នផ្សែងពុល រោងចក្រថាមពលធ្យូងថ្មដែលគិតគូរពីបញ្ហាបរិស្ថានមានតម្លៃថ្លៃណាស់ក្នុងការសាងសង់។ប្រសិទ្ធិភាពនៃរោងចក្ររបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងកម្រិត ៣២% ខណៈពេលដែលបច្ចេកវិទ្យាដែលល្អបំផុតនាពេលបច្ចុប្បន្នផ្តល់នូវប្រសិទ្ធភាពប្រមាណ ៥០% ។ អ្នកជំនាញសង្កេតការណ៍មួយរូបបានកត់សម្គាល់ថា៖ “នេះបង្ហាញយ៉ាងច្បាស់ថាប្រទេសកម្ពុជានឹងប្រឈមមុខទៅនឹងការបំពុលបរិស្ថានក្នុងស្រុកនាពេលអនាគតដែលជាលទ្ធផលនៃការបំភាយផ្សែងពុលខ្ពស់។ ស្ថានភាពបែបនេះអាចនឹងត្រូវបានបន្ធូរបន្ថយ បើមានការដាក់បញ្ចូលបច្ចេកវិទ្យា supercritical នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា” ។ 6
តួលេខបានបង្ហាញពីកំណើនយ៉ាងច្រើនក្នុងបរិមាណនៃការនាំចូលធ្យូងថ្ម ពីចំនួន ៤៧ ០០០ តោនក្នុងឆ្នាំ ២០១១ រហូតដល់ចំនួន ៦៣ ០០០ ក្នុងឆ្នាំ២០១២។7ក្រៅពីរោងចក្រទំហំ១០០ មេហ្គាវ៉ាត់ដែលមានស្រាប់ គម្រោងសាងសង់រោងចក្រមួយចំនួនទៀតត្រូវបានគ្រោងទុកឬបានដាក់ស្នើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ យ៉ាងណាមិញ ភាគច្រើននៃគម្រោងនេះមានព័ត៌មានតិចតួចឬគ្មានព័ត៌មានតែម្តងចាប់តាំងពីការប្រកាសជាលើកដំបូង៖
ក្រុមហ៊ុន Cambodia International Investment Development Group Co. , Ltd
នៅក្នុងខែធ្នូឆ្នាំ ២០១០ ក្រុមហ៊ុន Cambodia International Investment Development Group Co. , Ltd បានក្លាយជាក្រុមហ៊ុនក្នុងស្រុកជាលើកដំបូងនៅកម្ពុជាដែលទទួលបានការអនុញ្ញាតិពីរដ្ឋាភិបាលសម្រាប់សំណង់រោងចក្រផលិតអគ្គិសនីធ្យូងថ្មទំហំ ៧០០ មេហ្គាវ៉ាត់ ។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យា ៣៣ ឆ្នាំដើម្បីសាងសង់និងប្រតិបត្តិការរោងចក្រផលិតថាមពល ៣៦២ លានដុល្លារនេះនៅក្នុងខេត្តព្រះសីហនុ។8
ក្រុមហ៊ុន Erdos Electrical Power & Metallurgical Co., Ltd
នៅខែកញ្ញាឆ្នាំ ២០១០ ក្រុមហ៊ុនចិន Erdos Electrical Power & Metallurgical Co.,Ltd បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការសាងសង់រោងចក្រផលិតអគ្គិសនីធ្យូងថ្មទំហំ ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុ។ឯកសារដែលមានស្រាប់មិនអាចបញ្ជាក់បានថាតើស្ថានីយ៍ទំហំ ៧០០ មេហ្គាវ៉ាត់នេះដូចគ្នាទៅនឹងស្ថានីយ៍ដែលបានលើកឡើងក្នុងកថាខណ្ឌខាងដើមនោះទេ។
ក្រុមហ៊ុន Ratchaburi Electricity
នៅឆ្នាំ ២០១៣ ក្រុមហ៊ុនថៃឈ្មោះ Ratchaburi Electricity បានប្រកាសពីផែនការសាងសង់រោងចក្រថាមពលធ្យូងថ្មទំហំ ១.៨ជីហ្គាវ៉ាត់នៅក្នុងខេត្តកោះកុងដែលស្ថិតនៅភាគនិរតីនាប្រទេសកម្ពុជា។9
ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២០ខែតុលា ឆ្នាំ២០១៥
ឯកសារយោង
- 1. រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា.២០១៤.ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨.ទំព័រ ១៥៧.
- 2. Simon Lewis.២០១៣. ធនាគារអភិវឌ្ឍអាស៊ីថាកំណើនថាមពលវារីអគ្គីសនី មិនសមាមត្រនឹងតម្រូវការប្រេងនិងធ្យូងថ្មនោះទេ. ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣.ការសែតខេមបូឌាដេលី. ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥។https://www.cambodiadaily.com/archives/adb-says-hydropower-growth-wont-match-need-for-oil-coal-28794/
- 3. . Sourcewatch, ២០១៤. “កម្ពុជានិងធ្យូងថ្ម”. ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤.ចូលអាននៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៥។ http://www.sourcewatch.org/index.php/Cambodia_and_coal
- 4. Toh Han Shih, ២០១៣. “ ក្រុមហ៊ុនរ៉ុករកកម្ពុជាធនធានខ្មែរគ្រោងនឹងចូលក្នុង ទីផ្សារមូលធនហុងកុង”, ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣. ការសែតដំណឹងពេលព្រឹកភាគខាងត្បូងចិន.ចូលអាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥។ http://www.scmp.com/business/commodities/article/1130588/cambodian-miner-khmer-resources-plans-tap-hong-kong-capital
- 5. Hor Kimsay និងEddie Morton, ២០១៤. “ប្រតិកម្មច្រើនប្រភេទទៅលើរោងចក្រ ធ្យូងថ្ម”,ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤,ការសែតភ្នំពេញបុស្តិ៍. ចូលអាននៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥។http://www.phnompenhpost.com/business/mixed-reaction-coal-fired-plant
- 6. Han Phoumin, ២០១៥. “ថាមពលធ្យូងថ្មបៃតងក្នុងកំណើនទីផ្សារអាស៊ី ”, អត្ថបទសំណរសម្រាប់ការិយាល័យជាតិនៃការស្រាវជ្រាវតំបន់អាស៊ី(NBR)សម្រាប់កិច្ចប្រជុំកំពូលថាមពលប៉ាស៊ីហ្វិកឆ្នាំ២០១៥.ចូលអាននៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥។http://www.nbr.org/downloads/pdfs/ETA/PES_2015_workingpaper_Phoumin.pdf(ENG)
- 7. Knoema, ២០១៥. ចូលអាននៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥។http://knoema.com/atlas/Cambodia/topics/Energy/Coal/Coal-Consumption/
- 8. Sourcewatch.ដូចខាងដើម
- 9. Thongrung, Watcharapong. ២០១៣. “ក្រុមហ៊ុនRatchចាកចេញពីវិនិយោគរួម ទៅលើថាមពលធ្យូងថ្មកម្ពុជា”. ការសែតដឺណេសិន. ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៣. ចូលអានថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៥។https://www.nationthailand.com/noname/30213082?utm_source=category&utm_medium=internal_referral