ការជួលដីសាធារណៈ

ទេសភាពតាមជនបទនៅប្រទេសកម្ពុជា  រូបភាព ថតដោយ Eddy Milfort កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១០ ។ ក្រោមអាជ្ញាប័ណ្ណ Creative Commons Attribution 2.0.

ទេសភាពតាមជនបទនៅប្រទេសកម្ពុជា រូបភាព ថតដោយ Eddy Milfort កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១០ ។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

ការ​ជួល​ដី​សាធារណៈ​ គឺជា​ការ​ផ្តល់​ដី​រដ្ឋ​ដល់​នីតិបុគ្គល​ឯកជន​ក្នុង​ទម្រង់​ជា​កិច្ចព្រមព្រៀង​ជួល​ដែល​មាន​កិច្ចសន្យា​។​ ច្បាប់​កម្ពុជា​បាន​ផ្តល់​ឱកាស​ដល់​ការ​ជួល​ដី​រដ្ឋ​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​ ទៅ​តាម​គោលបំណង​ និង​ភ​តិកៈ​។​ ការ​ជួល​ដី​សាធារណៈ​ភាគច្រើន​ត្រូវ​បាន​អនុ​ញ្ញ​ត​លើ​ដី​ឯកជន​របស់​រដ្ឋ​ ដែល​មិន​មាន​ផលប្រយោជន៍​សាធារ​ណៈ​ ឬុ​មិន​ផ្តល់​សេវា​ ឬ​មុខងារសាធារណៈ​។​ យ៉ាងនេះ​ក្តី​ ការ​ជួល​ដី​ដែល​មាន​លក្ខណៈ​រិ​ត​ត្បិត​ខ្លាំង​ អាច​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ដី​សាធារណៈ​របស់​រដ្ឋ1​ ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ​។​ ការ​ជួល​ដី​សាធារណៈ​ ជា​ពិសេស​ សម្បទាន​ដីធ្លី តែងតែ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ ដូចដែល​ត្រូវ​បាន​រាយការណ៍​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការសហប្រជាជាតិ​។​2

​ក្របខ័ណ្ឌ​គោលនយោបាយ​និង​ច្បាប់​

​ក្របខ័ណ្ឌគតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការ​ជួល​ដី​សាធារណៈ​ មាន​លក្ខណៈ​ទូលាយ​ខ្លាំង​ និង​ ស្មុគស្មាញ​។​ ភាគច្រើន​នៃ​ក្របខ័ណ្ឌ​ និង​នីតិវិធី​ទាំងនេះ​ បើ​ទោះជា​មិន​ទាំងអស់​ មាន​ចែង​ក្នុង​ច្បាប់​ភូមិបាល​ ឆ្នាំ​ ២០០១​ និង​អនុក្រឹត្យ​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​គ្រប់គ្រង​ការ​ជួល​ដោយឡែកៗ​ពី​គ្នា​។​ ក្រៅពី​នេះ​ ការ​ជួល​ជា​ច្រើន​ត្រូវ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​សំខាន់ៗ​ក្នុង​ច្បាប់​ស្តី​ពី​ព្រៃឈើ​ ច្បាប់​ស្តី​ពី​បរិស្ថាន​ និង​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ ដែល​បាន​កំណត់​សិទ្ធិ​របស់​ប្រភេទ​ដីធ្លី​មួយ​ចំនួន​ និង​ក្រុម​មនុស្ស​មួយ​ចំនួន​ ព្រមទាំង​ច្បាប់​ស្តី​ពី​វិនិយោគ​ ផង​ដែរ​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​ប្រើប្រាស់​ការ​ជួល​ដី​សាធារណៈ​ ជា​មធ្យោបាយ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​កសិឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​ ការណ៍​នេះ​ មាន​គោលបំណង​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សមាហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់​ តាម​រយៈ​កំណើន​ផលិតភាព​ ឱកាស​ការងារ​ និង​ឱកាស​បង្កើត​ប្រាក់​ចំណូល​។​3 យ៉ាងនេះ​ក្តី​ គោលនយោបាយ​ថ្មីៗ​របស់​រដ្ឋាភិបាល​បាន​ងាក​មក​ផ្តោត​លើ​ការ​ផ្តល់​ដីធ្លី​ដល់​ប្រជាជន​គ្មាន​ដី​ សម្រាប់​ជា​មធ្យោបាយ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​4

​សម្បទាន​ដី​

​ការ​ជួល​ដី​សាធារណៈ​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ ដែល​ភាគច្រើន​គឺ​សម្បទាន ។​ សម្បទាន​គឺជា​ការ​ផ្តល់​សិទ្ធិ​កាន់កាប់​លើ​តំបន់​មួយ​សម្រាប់​គោលបំណង​ជាក់លាក់​មួយ​។​ ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ បាន​កំណត់​ដី​សម្បទាន​ជា​ ៣​ ប្រភេទ​ ៖​ ដី​សម្បទាន​សេដ្ឋកិច្ច​ (ELCs)​ ដី​សម្បទាន​សង្គមកិច្ច​ (SLCs)​ និង​ដី​សម្បទាន​ផ្សេង​ទៀត​។5​ ក្របខ័ណ្ឌគតិយុត្តិ​សម្រាប់​ប្រភេទ​ដី​សម្បទាន​ខាងក្រោយ​នេះ​ ភាគច្រើន​មិន​ទាន់​ត្រូវ​បាន​តាក់តែង​ឡើង​នៅឡើយ​។6​ សម្បទាន​ដីសេដ្ឋកិច្ច​ គឺជា​ការ​ជួល​ដី​រយៈពេល​វែង​រហូត​ដល់​ ៩៩​ ឆ្នាំ​ សម្រាប់​វិស័យ​កសិឧស្សាហកម្ម​។​7 ដោយ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ជា​ច្រើន​ពី​សហគមន៍​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ អង្គការ​ហ​ប្រជាជាតិ​ ពី​ការ​ទន្ទ្រាន​យក​ដី​ ការ​វាតទី​ដី​ព្រៃ​ និង​បញ្ហា​បរិស្ថាន​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ត្រូវ​បាន​ផ្អាក​នៅ​ឆ្នាំ​ ២០១២​ ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​ឡើង​វិញ​។8​ ដី​សម្បទាន​សង្គមកិច្ច​បម្រើ​ឲ្យ​ផលប្រយោជន៍​សង្គម​ និង​អនុញ្ញាត​ឲ្យ​អនុប្បទានិក​សាងសង់​លំនៅ​ដ្ឋា​ន​ ឬ​ដាំ​ដំណាំ​លើ​ដី​រដ្ឋ​ ដើម្បី​ចិញ្ចឹមជីវិត​។​ ខុស​ពី​ការ​ជួល​ដី​សាធារណៈ​ផ្សេង​ទៀត​ ដី​សម្បទាន​សង្គមកិច្ច​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​កម្មសិទ្ធិ​ក្រោយ​ពី​រយៈពេល​ ៥​ ឆ្នាំ​ នៃ​ការ​បន្ត​ប្រើប្រាស់​ និង​អនុលោម​តាម​លក្ខខណ្ឌ​នានា​ ។​9

​តំបន់​សេដ្ឋកិច្ច​ពិសេស​

តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZs)​ សំដៅលើ​តំបន់​កំណត់​ជាក់លាក់​មួយ​នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ពី​តំបន់​ដទៃ​ទៀត​ក្នុង​នៅ​ប្រទេស​។​ តំបន់ឧស្សាហកម្ម​ធំៗ​ទាំងនេះ​ ផ្តល់​ការ​លើកទឹកចិត្ត​អនុគ្រោះ​ដល់​វិនិយោគិន​ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​រដ្ឋបាល​លើ​កិច្ចការ​នាំ​ចេញ​-​នាំ​ចូល​ពី​រដ្ឋាភិបាល​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ ពង្រឹង​ការ​ប្រកួតប្រជែង​សកល​ និង​លើកកំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។10​ នៅ​តំបន់​នេះ​ នីតិបុគ្គល​ឯកជន​អភិវឌ្ឍ​តំបន់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួក​គេ​ ហើយ​ពួក​គេ​ជួល​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ ទៅ​ឲ្យ​វិនិយោគិន​។​11 តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ថិត​ក្រោម​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ ក្រោម​ច្បាប់​វិនិយោគ​ និង​អនុក្រឹត្យ​លេខ​ ១៤៨​។​

​ដី​សាធារណៈ​របស់​រដ្ឋ​

​ក្រៅពី​នេះ​ ដី​សាធារណៈ​របស់​រដ្ឋ​ អាច​ត្រូវ​បាន​ជួល​ ប៉ុន្តែ​ការ​ជួល​នោះ​ត្រូវ​ប្រឈម​នឹង​ការ​រិ​ត​ត្បិត​តឹងតែង​ជាង​ការ​ជួល​ដី​ឯកជន​របស់​រដ្ឋ​។​ ដី​សាធារណៈ​ អាច​ត្រូវ​បាន​ជួល​សម្រាប់​រយៈពេល​មិន​លើស​ពី​ ១៥​ ឆ្នាំ​ ហើយ​ដី​នោះ​ត្រូវ​បន្ត​ផ្តល់​សេវា​ ឬ​មុខងារសាធារណៈ​។​12 យ៉ាងនេះ​ក្តី​ ដីធ្លី​តែងតែ​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ឡើង​វិញ​ ជា​ដី​ឯកជន​របស់​រដ្ឋ​ដើម្បី​សម្របសម្រួល​ដល់​ការ​ជួល​ ជា​ដំណើរការ​មួយ​ ដែល​អាច​ធ្វើ​ឡើង​តែ​តាម​ផ្លូវច្បាប់​ប៉ុណ្ណោះ​ ប្រសិនបើ​ដី​សាធារណៈ​របស់​រដ្ឋ​ លែង​បម្រើ​ផលប្រយោជន៍​សាធារណៈ​។​13

​ដីធ្លី​ក៏​អាច​ត្រូវ​បាន​ជួល​រួម​គ្នា​ទៅ​ឲ្យ​សហគមន៍​ និង​ជនជាតិ​ដើម​ភាគតិច​ក្នុង​ទម្រង់​ជា​ព្រៃ​ហ​គម​ន៍​ ឬ​តំបន់​សហគមន៍​ការពារ​។​ ការ​ជួល​ទាំង​ពីរ​មាន​រយៈពេល​រហូត​ដល់​ ១៥​ ឆ្នាំ​ និង​តម្រូវ​ឲ្យ​មានការ​ប្រើប្រាស់​ និង​គ្រប់គ្រង​ដី​នោះ​ប្រកបដោយ​និរន្តរភាព​ ក្រោម​ក្របខ័ណ្ឌ​នៃ​ផែនការ​ប្រើប្រាស់​ដីធ្លី​ ដែល​បាន​ព្រមព្រៀង​គ្នា​។​14

ទាក់ទងនឹងការជួលដីសាធារណៈ

បច្ចុប្បន្នភាពចុងក្រោយ៖ ១ វិច្ឆិកា ២០១៥

ឯកសារយោង

  1. 1. ច្បាប់ភូមិបាល ឆ្នាំ២០០១, មាត្រា១៦-១៨។
  2. 2. មើល អង្គការ អាដហុក (ឆ្នាំ២០១៤). “ស្ថានភាពដីធ្លី ឆ្នាំ២០១៣.” https://opendevelopmentcambodia.net/dataset/?id=land-situation-in-cambodia-2013-1 ។ ម៉ៃ ទិត្យថារ៉ា. ឆ្នាំ២០១៥. “សហគមន៍ជម្រុញឱ្យរដ្ឋាភិបាលលុបចោលសម្បទានដីសេដ្ឋកិច្ច.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ៥ ខែកុម្ភៈ. http://www.phnompenhpost.com/communities-urge-govt-rescind-elcs ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០១២. “ការបណ្តេញចេញ និងការតាំងលំនៅជាថ្មី នៅកម្ពុជា៖ “តម្លៃមនុស្ស ផលប៉ះពាល់ និងដំណោះស្រាយ.” អង្គការសហប្រជាជាតិ.http://cambodia.ohchr.org/WebDOCs/DocProgrammes/Resettlement_Study-28_Feb_2012_Eng.pdf
  3. 3. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ: ឆ្នាំ២០០៩-ឆ្នាំ២០១៣. http://www.hacccambodia.org/download_pub.php?file=NSDP%202009-2013.pdf
  4. 4. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ: ឆ្នាំ២០១៤-ឆ្នាំ២០១៨. http://countryoffice.unfpa.org/cambodia/drive/NSDP2014-2018.pdf
  5. 5. ច្បាប់ភូមិបាល ឆ្នាំ២០០១, មាត្រា៤៩-៥០។
  6. 6. ច្បាប់ស្តីពីសម្បទាន ឆ្នាំ២០០៧ គ្រប់គ្រងសម្បទានហេដ្ឋារចនាសម្ព័ន្ធ។ ច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែ ឆ្នាំ២០០១ អភិបាលលើសម្បទានរ៉ែ។ ច្បាប់ស្តីពីជលផល ឆ្នាំ២០០៦ អនុវត្តលើសម្បទានជលផល។
  7. 7. អនុក្រឹត្យលេខ ១៤៦ ស្តីពីសម្បទានដីសេដ្ឋកិច្ច។
  8. 8. បទបញ្ជាលេខ ០១ ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច (ឆ្នាំ២០១២). www.mlmupc.gov.kh/mlm/imgs/20130213%20Manual%20for%20Implementing%20Govt%20Order%2001_ENG.pdf ។
  9. 9. អនុក្រឹត្យ​ លេខ១៩ ស្តីពីសម្បទានដីសង្គមកិច្ច។
  10. 10. អនុក្រឹត្យ លេខ ១៤៨ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។
  11. 11. ដូចខាងលើ។
  12. 12. អនុក្រឹត្យ លេខ ១២៩ ស្តីពីវិធាន និងនីតិវិធី លើការធ្វើចំណាត់ថ្នាក់ទ្រព្យរបស់រដ្ឋ និងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ, មាត្រា១៦-១៨។
  13. 13. ព្រះរាជក្រឹត្យ លេខ ៣៣៩ (ឆ្នាំ២០០៦), មាត្រា៣។
  14. 14. ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២។ ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ២០០៨។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gHRkZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!