ការឃ្លាំមើលតុលាការ

​ការ​គោរព​សម្រាប់​គុណ​តម្លៃ​ខ្ពស់​ គឺជា​គន្លឹះ​នៃ​ភាព​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តុលាការ​។​1​ គុណ​តម្លៃ​អន្តរជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ចៅក្រម​ទាំងអស់​ រួម​មាន​ ភាព​ឯករាជ្យ​ និង​ភាព​មិន​លំអៀង​ ភាព​ស្មោះត្រង់​ សមភាព​នៃ​ការ​ឱ្យ​តម្លៃ​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​សមត្ថភាព​។​ ចៅក្រម​មិន​អាច​សម្រេច​ក្តី​ដោយ​លាយឡំ​ជាមួយនឹង​រឿង​ផ្ទាល់ខ្លួន​នៅ​ក្នុង​ដំណោះស្រាយ​រឿង​ក្តី​បាន​ឡើយ​។​ ចៅក្រម​ត្រូវ​តែ​ជា​ឧទាហរណ៍​នៃ​សេចក្តី​សុចរិត​ និង​សេចក្តី​ថ្លៃ​ថ្លូ​រ​ នៅ​ក្នុង​ជីវិត​សាធារណៈ​ និង​ឯកជន​ ដើម្បី​ផ្តល់​នូវ​គម្រូ​នៃ​ភាព​ជឿ​ទុកចិត្ត​លើ​យុត្តិធម៌​ និង​ឯករាជ្យ​ភាព​របស់​ពួក​គេ​។​2

​មាត្រា​ ១២៩​ នៃ​រដ្ឋធម្មនុញ្ញ​ ព្រះរាជាណាចក្រ​កម្ពុជា​ តម្រូវ​ឱ្យ​ចៅក្រម​ទាំងអស់​គោរព​បទដ្ឋាន​ស្តង់ដារ​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​ “​ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​អស់ពី​ចិត្ត​ និង​មាន​មនសិការ​”​។​3​ ច្បាប់​បាន​ចែង​ថា​ ពួក​គេ​តម្រូវ​មិន​ឱ្យធ្វើ​សកម្មភាព​ណាមួយ​ ដែល​អាច​បង្ក​អន្តរាយ​ដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ និង​កិត្យានុភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ជីវិត​រស់នៅ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​បាន​ឡើយ​ ខណៈ​ពេល​ពួក​គេ​នៅ​តែ​មាន​អព្យាក្រឹតភាព​នយោបាយ​ និង​កំពុង​អនុវត្ត​ក្រមសីលធម៌​យ៉ាង​តឹង​រឹង​ក្នុង​ការ​អនុវត្ត​មុខងារ​របស់​ពួក​គេ​។​4

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេយល់​ថា​ជា​ស្ថាប័ន​សាធារណៈ​ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត​បំផុត​ក្នុង​ក្រសែភ្នែក​ប្រជាជន​កម្ពុជា​។​5​ បើ​យោង​ទៅ​តាម​ចំណាត់ថ្នាក់​អន្តរជាតិ​ វា​ក៏​ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​ដែល​មិន​អាច​ទុកចិត្ត​បាន​បំផុត​នៅ​ក្នុង​ពិភពលោក​ ហើយ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នេះ​បើ​យោង​តាម​ស​ន្ទ​ស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​។​6​ តុលាការ​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ ជា​កន្លែង​ពុក​រលួយ​ និង​លំអៀង​ ដែល​បម្រើ​ឱ្យ​រាជរដ្ឋាភិបាល​ និង​ឥស្សរជន​សេដ្ឋកិច្ច​។​ ការ​កាត់ក្តី​ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ថ្លៃ​ រយៈ​វែង​ និង​ដំណើរការ​យូរ​ ជា​ពិសេស​ក្នុង​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អំណាច​នយោបាយ ​ដីធ្លី​ ឬ​ បញ្ហា​បរិស្ថាន​។​7

នៅ​ប្រទេស​កម្ពុជា​ មាន​អ្នក​ឃ្លាំមើល​តុលាការ​ពីរ​ប្រភេទ​ធំៗ​។​ ទី​មួយ​ ការរៀបចំ​នៃ​ប្រព័ន្ធ​តុលាការ​រួម​មាន​ ស្ថាប័ន​ដែល​ទទួល​បន្ទុក​តាមដាន​ដំណើរការ​ត្រឹមត្រូវ​នៃ​យុត្តិធម៌​ និង​ភាព​ត្រឹមត្រូវ​នៃ​ឥរិយា​បទ​របស់​ចៅក្រម​នៅ​ក្នុង​ការ​អនុលោម​ច្បាប់​ និង​បទបញ្ញត្តិ​។​ ទី​ពីរ​ អង្គការមិនមែនរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ឃ្លាំមើល​យុត្តិធម៌​ ដោយ​ពួក​គេ​ចងក្រង​ឯកសារ​អំពី​ការ​រំលោភ​បំពាន​ដែល​អាច​កើត​មាន​ក្នុង​កំឡុង​ពេល​កាត់ក្តី​។​

ច្រកចូលនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ នៅតាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម រាជធានីភ្នំពេញ​ ប្រទេសកម្ពុជា​។ រូបភាព​ ថតដោយ Google Street View ក្នុង​ខែ​សីហា ឆ្នាំ ២០១៤។ អាជ្ញាបណ្ណ​មិន​ត្រូវបាន​កំណត់​។

​ទាក់ទង​នឹង​ស្ថាប័ន​ដែល​ឃ្លាំមើល​យុត្តិធម៌​មាន​ស្ថាប័ន​សំខាន់ៗ​ពីរគឺ​ ឧត្តមក្រុមប្រឹក្សា​​នៃ​អង្គចៅក្រម​ និង​ក្រសួងយុត្តិធម៌​។​ យោង​តាម​រដ្ឋធម្មនុញ្ញ​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ត្រូវ​បាន​បង្កើត​ឡើង​ “​ដើម្បី​ធានា​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​ រក្សា​វិន័យ​របស់​ចៅក្រម​ និង​ធានា​នូវ​ដំណើរការ​ល្អ​របស់​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​8​ សមាជិក​ចំនួន​ប្រាំបួន​រូប​ដែល​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​ដូច​ជា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​ព្រះរាជអាជ្ញា​អយ្យការ​អម​តុលាការ​កំពូល​។​ ព្រឹទ្ធសភា​ រដ្ឋសភា​ជាតិ​ ចៅក្រម​នៃ​សាលាឧទ្ធរណ៍​ ព្រះរាជអាជ្ញា​នៃ​តុលាការ​ឧទ្ធរណ៍​ ចៅក្រម​នៃ​សាលាដំបូង​ និង​ព្រះរាជអាជ្ញានៃសាលា​ដំបូង​ត្រូវ​ជ្រើសតាំង​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​។​9​ យោង​តាម​មតិ​មួយ​ចំនួន​ វត្តមាន​នៃ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក្នុង​នាម​ជា​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ប្រឆាំង​នឹង​គោលការណ៍​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​ ដោយ​មាន​វត្តមាន​របស់​តំណាង​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​នីតិប្រតិបត្តិ​។​10

ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទទួលខុសត្រូវ​ចំពោះ​ការ​តែងតាំង​ចៅក្រម​ ការ​គ្រប់គ្រង​អាជីព​ និង​ភាព​ជឿនលឿន​របស់​ពួក​គេ​ ព្រមទាំង​វិធានការ​វិន័យ​។​11 ​ច្បាប់​ស្តី​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ បង្កើត​ក្រុមប្រឹក្សាវិន័យ​ដែល​មាន​យុត្តាធិការ​លើ​បញ្ហា​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ (​ក្រុមប្រឹក្សាវិន័យ​)​។​ រាល់​បណ្តឹង​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ទាំងអស់​ ត្រូវ​តែ​បញ្ជូន​ទៅ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​មាន​នាទី​ជា​អ្នក​ចម្រាញ់​ជា​មុន​។​12​ និ​តិ​វិធី​វិន័យ​ត្រូវ​បាន​ធ្វើ​ឡើងជា​លក្ខណៈ​ឯកជន​ ហើយ​លទ្ធផល​មិន​ត្រូវ​បាន​ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ​។​13

​ចៅក្រម​ទាំងអស់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​លើ​ការ​បំពេញភារកិច្ច​របស់​ពួក​គេ​ ឬ​ បាន​ប្រព្រឹត្តិ​ភាព​មិន​ស្មោះត្រង់​ដោយ​ក្រុមប្រឹក្សាវិន័យ​ នឹង​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​14​ ទណ្ឌកម្ម​មាន​ចាប់ពី​ការ​ស្តីបន្ទោស​ដោយ​ពាក្យ​សំដី​សម្រាប់​ការ​បំពាន​កម្រិត​ស្រាល​ រហូត​ដល់​ការ​ដកហូត​តំណែង​ ឬ ​បង្ខំ​ឱ្យ​ចូល​និវត្តន៍​មុន​ពេល​កំណត់​នៃ​ឋានៈ​ជា​ចៅក្រម​សម្រាប់​ការ​បំពាន​កម្រិត​ធ្ងន់​។​15

​នីតិ​វិធី​វិន័យ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​នឹង​ចៅក្រម​នោះ​ទេ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​ដែល​កើត​មាន​ជា​ទូទៅ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ដែល​បាន​រាយការណ៍​ដោយ​អង្គការមិនមែនរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ស្ថិតិ​មិន​មាន​បង្ហាញ​នៅ​ក្នុង​នី​តិ​វិធី​វិន័យ​នោះ​ទេ​។​ កង្វះខាត​នីតិវិធី​វិន័យ​អាច​បំបាក់ទឹកចិត្ត​បុគ្គល​ចេញពី​ការ​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​សមាជិក​តុលាការ​ ដែល​ចូលរួម​ក្នុង​ការ​ប្រព្រឹត្តិ​ខុស​។​ នីតិ​វិធី​វិន័យ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​មធ្យោបាយ​មួយ​នៃ​ការ​ស្តីបន្ទោស​ចៅក្រម​ ដែល​បាន​សម្រេចចិត្ត​ប្រឆាំង​នឹង​ឆន្ទៈ​អំណាច​នយោបាយ​។​16

​ក្រសួងយុត្តិធម៌​ត្រូវ​បាន​ទទួលខុសត្រូវ​ដោយ​ច្បាប់​ សម្រាប់​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ និង​រដ្ឋបាល​នៃ​ប្រព័ន្ធ​តុលាការ​។​ ដូចនេះ​ក្រសួង​ទទួលខុសត្រូវ​លើ​រចនាសម្ព័ន្ធ​ និង​ថវិការ​របស់​តុលាការ​។​17​ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ ឥទ្ធិពល​របស់​ក្រសួង​ទៅ​លើ​ប្រព័ន្ធ​តុលាការ​គឺ​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​រដ្ឋមន្ត្រី​ ឬ​ ក៏​អ្នកតំណាង​របស់​ពួក​គេ​គឺជា​ សមាជិក​នៃ​ស្ថាប័ន​ដែល​ធ្វើការ​សម្រេចចិត្ត​ទាំងអស់​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​។​ ក្នុង​ន័យ​នេះ​ ក្រសួងជាអ្នកឃ្លាំមើល​តុលាការ​។​ អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​បាន​និយាយ​ថា​ វា​ធានា​ឱ្យ​បានការ​វិនិច្ឆ័យ​ស្រប​តាម​ទិស​ដៅ​នយោបាយ​របស់​ខ្លួន​។​18

​ក្រៅពី​ស្ថាប័ន​រដ្ខ អង្គការមិនមែនរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​មាន​សកម្មភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​កំពុង​ចូលរួម​ក្នុង​ការ​កាត់ក្តី​ ឬ​ វិភាគ​ការ​វិនិច្ឆ័យ​ ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ការ​រំលោភ​បំពាន​លើ​ក្រមសីលធម៌​ ឬ​ បទដ្ឋាន​ដែល​បាន​ដាក់​លើ​ចៅក្រម​ ដើម្បី​ធានា​នូវ​ការ​កាត់ក្តី​ដោយ​យុត្តិធម៌​។​ អង្គការ​ទាំងនេះ​បាន​កំណត់​តួនាទី​របស់​ខ្លួន​ក្នុង​ការ​កំណត់​ករណី​ ដែល​ចៅក្រម​ហាក់ដូចជា​មិន​បាន​គោរព​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌​ ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​។​

​ឧទាហរណ៍​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ផ្សព្វផ្សាយ​ជា​ទៀងទាត់​នូវ​របាយ​កាណ៍​ ស្តី​ពី​ការ​ប្រកាន់ខ្ជាប់​របស់​កម្ពុជា​ចំពោះ​ “​ស្តង់ដារ​អន្តរជាតិ​ និង​ការ​ជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​”​។​19​ នៅ​ក្នុង​ឆ្នាំ​២០១៨​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រាយការណ៍​ថា​ ជនជាប់ចោទ​ប្រមាណ​ជា​ ២១​ភាគរយ​ ក្នុង​ចំណោម​ករណី​ដែល​ឃ្លាំមើល​ មិន​ត្រូវ​បាន​តំណាង​ដោយ​មេធាវី​ទេ​ ហើយ​ ៦៥​ភាគរយ​ នៃ​ករណី​ដែល​ត្រូវ​បាន​ឃ្លាំមើល​ ចៅក្រម​មិន​បាន​ជូនដំណឹង​ និង​ពន្យល់​ជនជាប់ចោទ​អំពី​សិទ្ធិ​របស់​ពួក​គេ​ ដើម្បី​រក្សា​ភាព​ស្ងៀមស្ងាត់​នោះ​ឡើយ​។​20

ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក៏​ចាំ​ឃ្លាំមើល​ការ​កាត់ក្តី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​ផង​ដែរ​។​21

​អង្គការ​ទាំងនេះ​អាច​សម្របសម្រួល​ជាមួយនឹង​ស្ថាប័ន​ដទៃ​ទៀត​ ដើម្បី​ដាស់តឿន​ដល់​សហគមន៍​អន្តរជាតិ​ ​ ក្នុង​ការ​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​22​ អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក៏​អាច​រៀបចំ​របាយការណ៍​ស្តី​ពី​ស្ថានភាព​ប្រព័ន្ធ​តុលាការ​ ហើយ​ជា​ញឹកញាប់​នៅ​ក្នុង​ភាព​ជា​ដៃគូរ​ជាមួយ​អង្គការ​ក្នុង​តំបន់​ ដើម្បី​កំណត់​ចំណុច​ខ្វះខាត​ទាំង​ក្នុង​បរិបទ​គោរព​សិទ្ធិ​ការពារ​ និង​ក្នុង​បរិបទ​កង្វះ​ឯករាជ្យ​ភាព​ និង​ធនធាន​គ្រប់គ្រាន់​នៃ​ស្ថាប័ន​តុលាការ​។​23

ទាក់ទង​នឹង​ការ​ឃ្លាំមើល​តុលាការ​

ឯកសារយោង

  1. 1. ​ការិយាល័យ​អង្គការសហប្រជាជាតិ​ស្តី​ពី​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ (UNODC),​ “​គោលការណ៍​បាង​ហ្គា​ឡូ​នៃ​ការ​អនុវត្ត​តុលាការ​,”​ ឆ្នាំ​ ២០០២,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  2. 2. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  3. 3. “​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ឆ្នាំ​ ២០០៨,​ មាត្រា​ ១២៩,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  4. 4. “​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ៥០,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  5. 5. ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​,​ “​របាយការណ៍​ពុក​រលួយ​របស់​ប្រទេស​កម្ពុជា​,”​ ខែ​ សីហា​ ឆ្នាំ​ ២០១៧,​ ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  6. 6. ​គម្រោង​យុត្តិធម៌​ពិភពលោក​,​ “​ស​ន្ទ​ស្សន៍​នីតិរដ្ឋ​,”​ ឆ្នាំ​ ២០១៩,​ ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  7. 7. ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​,​ “​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​,”​ ការ​សិក្សា​មូលដ្ឋាន​,​ ខែ​ តុលា​ ឆ្នាំ​ ២០១៧,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  8. 8. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ១,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  9. 9. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​,” ​ឆ្នាំ​ ២០១៤,​ មាត្រា​ ៤​។​
  10. 10. ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​,​ “​យោបល់​លើ​បទ​ប្បញ្ញត្តិ​ជាក់លាក់​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទាក់ទង​នឹង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​,”​ នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០១៤,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  11. 11. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ១៨​។​
  12. 12. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ២០​។​
  13. 13. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ២៥​។​
  14. 14. “​ច្បាប់​ស្តី​ពី​លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ៥៤,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  15. 15. “​ច្បាប់​ស្តី​ពី​លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ៥៥,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  16. 16. ​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​សមាគម​មេធាវី​អន្តរជាតិ​,​ “​យុត្តិធម៌​ទល់​នឹង​អំពើ​ពុក​រលួយ​៖​ បញ្ហា​ប្រឈម​ចំពោះ​ឯករាជ្យ​ភាព​របស់​តុលាការ​នៅ​កម្ពុជា​,”​ នៅ​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  17. 17. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ​,”​ ឆ្នាំ​ ២០១៤,​ មាត្រា​ ១១,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  18. 18. ​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​សមាគម​មេធាវី​អន្តរជាតិ​,​ “​យុត្តិធម៌​ទល់​នឹង​អំពើ​ពុក​រលួយ​៖​ បញ្ហា​ប្រឈម​ចំពោះ​ឯករាជ្យ​ភាព​របស់​តុលាការ​នៅ​កម្ពុជា​,”​ នៅ​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  19. 19. ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ “​គម្រោង​នៃ​ការ​ឃ្លាំមើល​ការ​ជំនុំ​ជម្រះក្តី​,”​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  20. 20. ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ “​ការ​ឃ្លាំមើល​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​នៅ​ឯ​សាលាឧទ្ធរណ៍​,”​ នៅ​ខែ​ មិថុនា​ ឆ្នាំ​ ២០១៨,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  21. 21. ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​,​ បាន​ចូល​មើល​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​។​
  22. 22. ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ យុត្តិធម៌​ទិស​ដៅ​ សមាគម​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ និង​ការ​ផ្លាស់​ប្តូរ​សេរីភាព​បញ្ចេញមតិ​អន្តរជាតិ​,​ “​ការ​ដាក់​ស្នើ​រួម​គ្នា​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​ការ​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់​លើក​ទី​បី​របស់​អង្គការសហប្រជាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖​ សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​“,​ នៅ​ខែ​ កក្កដា​ ឆ្នាំ​ ២០១៨,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
  23. 23. ​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​សមាគម​មេធាវី​អន្តរជាតិ​,​ “​យុត្តិធម៌​ទល់​នឹង​អំពើ​ពុក​រលួយ​៖​ បញ្ហា​ប្រឈម​ចំពោះ​ឯករាជ្យ​ភាព​របស់​តុលាការ​នៅ​កម្ពុជា​,”​ នៅ​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥,​ បាន​ចូល​អាន​នៅ​ខែ​ តុលា​ ឆ្នាំ​ ២០១៩​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vs8uD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!