ទេសចរណ៍

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​សក្ដានុពល​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ថា​ជា​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ រួម​មានការ​បង្កើត​ការងារ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ វិស័យ​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេស​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។​ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​ អ្នកទេសចរ​បរទេស​ច្រើន​ជាងគេ​មក​កម្ពុជា​គឺជា​ជនជាតិ​ភាគ​ខាងលិច​មក​ពី​សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ និង​បារាំង​។1 ​ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​ការ​មក​ដល់​កម្ពុជា​ឆ្នាំ​២០១៩​ ដែល​មាន​ចំនួន​ ២,៣៦​ លាន​នាក់​។2 ​វា​បង្ហាញ​ពី​ការ​កើនឡើង​ ១៨​ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។​ ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ស្ថិត​នៅ​លំដាប់​កំពូល​សម្រាប់​ឆ្នាំ​២០២០​ បន្ទាប់​មក​គឺ​ប្រទេស​ថៃ​ និង​វៀតណាម។3 ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀត​គឺ​មក​ពី​សហរដ្ឋអាមេរិក​ សាធារណរដ្ឋ​កូរ៉េ​ ជប៉ុន​ បារាំង​ និង​ចិន​តៃប៉ិ​។4 ​សម្រាប់ការចេញដំណើរទៅក្រៅប្រទេស ប្រទេសកម្ពុជាបានធ្វើដំណើរច្រើនជាងគេទៅកាន់ប្រទេសថៃ (៤២ ភាគរយ) វៀតណាម (៣០ ភាគរយ) តៃវ៉ាន់ (១២ ភាគរយ) ចិន (៥ ភាគរយ) ម៉ាឡេស៊ី (៤ ភាគរយ) និងផ្នែកដទៃផ្សេងទៀតនៃពិភពលោក (៧ ភាគរយ) នៅក្នុងឆ្នាំ២០១៩។5

 

​ក្នុង​ឆ្នាំ​២០១៩​ មាន​ភ្ញៀវ​ទេសចរ​ធ្វើដំណើរក្នុងស្រុក​ប្រមាណ​ ១១,៣​ លាន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ​៦,៦១​ លាន​នាក់​។​6 ក្នុង​ឆ្នាំ​២០២២​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​២,២​លាន​នាក់​ កើន​១១​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។7 ចំណូល​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធៀប​ទៅ​នឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​មាន​ ៩,៤៤​ ភាគរយ​ក្នុង​ឆ្នាំ​២០០០​។8 ​ចំនួន​នេះ​បាន​កើនឡើង​ដល់​ ១៩,៦១​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​។9 ​ចំណូលពី​ភ្ញៀវ​ទេសចរអន្តរជាតិ​ស្មើនឹង​ ២២៨​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០០​ និង​ ៤.៩១៩​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​។​10 ទោះជា​យ៉ាងណា​ក៏​ដោយ​ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០២០​ ដោយសារ​ពិភពលោក​បាន​ជួប​ប្រទះ​ជាមួយនឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩​។​ ក្នុង​ឆ្នាំ​២០២០​ ចំណូល​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ ៣​ ដង​ធៀប​នឹង​ឆ្នាំ​មុន​មក​នៅ​ត្រឹម​ប្រមាណ​ ១.០២៣​ លាន​ដុល្លារ​អា​មេ​រិ​ក​។​11

វិស័យ​ទេសចរណ៍​បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​កម្មករ​ចំនួន​ ៦៣០.០០០​ នាក់​ ដែល​ក្នុង​នោះ​ ៦០ ភាគរយ​ ជា​ស្ត្រី​ក្នុង​ឆ្នាំ​២០១៩​។12 វិស័យ​នេះ​គឺ​ស្ថិត​នៅ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​វិស័យ​កាត់ដេរ​ដែល​មាន​ចំនួន​ស្ត្រី​ធ្វើការ​ច្រើន​ជាងគេ​។​ បើ​និយាយ​ពី​សណ្ឋាគារ​ និង​កន្លែង​ស្នាក់​នៅ​ គិត​ត្រឹម​ឆ្នាំ​២០២០​ កម្ពុជា​មាន​សណ្ឋាគារ​សរុប​ចំនួន​ ១.០២៨​ ផ្តល់​បន្ទប់​ស្នាក់​នៅ​ចំនួន​ ៤៤.៤២៨​ បន្ទប់​នៅ​ក្នុង​ ២៥​ ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា​។​13 ប្រភេទ​កន្លែង​ស្នាក់​នៅ​មួយទៀត​គឺ​ផ្ទះសំណាក់​ ដែល​មាន​ចំនួន​ ២.៧៥៥​ ចែក​ជា​ ៣៥​.៧៩១​ បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរ​។​14 ដោយសារ​ឧស្សាហកម្ម​ទេសចរណ៍​រីក​ចម្រើន​ និង​តម្រូវការ​កន្លែង​ស្នាក់​នៅ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ចំនួន​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ក៏​កើនឡើង​ផង​ដែរ​។​ នៅ​ឆ្នាំ​១៩៩៨​ មាន​សណ្ឋាគារ​តែ​ ២១៦​ និង​ផ្ទះសំណាក់​ ១៤៧​ ប៉ុណ្ណោះ​។​ វា​បង្ហាញ​ពី​អត្រាកំណើន​ ៣៨៦ ភាគរយ ​សម្រាប់​សណ្ឋាគារ​ និង​ ១.៧៤០ ភាគរយ​ សម្រាប់​ផ្ទះសំណាក់​។​15 

​គោលដៅ​ទេសចរណ៍​ល្បីជាងគេរបស់​កម្ពុជា​ គឺ​ឧទ្យាន​បុរាណវិទ្យា​អង្គរ​ ក្នុង​ខេត្តសៀមរាប​។​ ឧទ្យាន​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​ ៤០០​ គីឡូ​ម៉ែត្រការ៉េ​ និង​មាន​តំបន់​ព្រៃឈើ​ និង​ប្រាសាទបុរាណ​ជា​ច្រើន​។​ ឧទ្យាន​បុរាណវិទ្យា​អង្គ​មាន​ប្រាសាទអង្គរវត្ត​ ដែល​ជា​ប្រាសាទ​សាសនា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​។ ​ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​ក្នុង​ឆ្នាំ​១៩៩២​។​16 ប្រាសាទអង្គរវត្ត​ និង​ប្រាសាទ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឧទ្យាន​បុរាណវិទ្យា​អង្គ​របា​នរក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ និង​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ក្នុងស្រុក​ និង​អន្តរជាតិ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​ ក្នុង​ឆ្នាំ​២០១៩​ ប្រាសាទអង្គរវត្ត​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ ២,២​ លាន​នាក់​ បង្កើត​ប្រាក់​ចំណូល​បាន​ ៩៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ តាម​រយៈ​ការ​លក់​សំបុត្រ​។17 ​គោលដៅ​ទេសចរណ៍​ពេញ​និយម​ផ្សេង​ទៀត​គឺ​តំបន់ឆ្នេរ​ (​ខេត្ត​ព្រះ​សីហ​នុ​ កោះ​រ៉ុ​ង​ កែប​ កោះកុង​ និង​កំពត​)​ តំបន់​ភ្នំ​ (​បាត់ដំបង​ រតនគិរី​ មណ្ឌលគិរី​ ពោធិ៍សាត់​)​ និង​តំបន់​ទេសចរណ៍ធម្មជាតិ​ដែល​រីក​រាលដាល​ពាសពេញ​ប្រទេស​។

​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍​ (CBET)​ នៅ​កម្ពុជា​

​អង្គការសហប្រជាជាតិ​កំណត់​និយម​ន័យ​អេកូ​ទេសចរណ៍​ថា​ជា​ “​ទម្រង់​ទេសចរណ៍ធម្មជាតិ​ទាំងអស់​ ដែល​ការ​លើកទឹកចិត្ត​ចម្បង​របស់​ភ្ញៀវ​គឺ​ការ​សង្កេត​ និង​ការ​ឱ្យ​តម្លៃ​នៃ​ធម្មជាតិ​ ក៏​ដូច​ជា​វប្បធម៌​ប្រពៃណី​ដែល​កើត​មាននៅ​ក្នុង​តំបន់​ធម្មជាតិ​”​។​18 ខណៈ​ពេល​ដែល​សហគមន៍​ទេសចរណ៍ធម្មជាតិ​មានការ​ចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​ផ្ទាល់​ ដែល​ពួក​គេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​តាម​រយៈ​សកម្មភាព​ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ​។​19 ទេសចរណ៍ធម្មជាតិ​តាម​សហគមន៍​បង្កើត​ផល​ចំណេញ​សម្រាប់​មូលដ្ឋាន​ មិន​ត្រឹមតែ​បុ​ណ្ណោះ​វា​ក៏​ជួយ​ថែរក្សា​ធនធានធម្មជាតិ​ និង​បរិស្ថាន​ផង​ដែរ​។​ សម្រាប់​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ទេសភាព​ធម្មជាតិ​ និង​ភាព​ទាក់ទាញ​ កម្ពុជា​មាន​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​។​20 

​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ អេកូ​ទេសចរណ៍ធម្មជាតិ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។​ មូលហេតុ​ចម្បង​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ដោយសារ​ការ​ផ្តល់​អាទិភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ទេសចរ​ណ៏​ និង​តម្រូវការ​សម្រាប់​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។​ នៅ​ឆ្នាំ​២០១៧​ ក្រុមការងារ​អេកូ​ទេសចរណ៍​អន្តរក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​ និង​អភិវឌ្ឍ​សហគមន៍​ដែល​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​21 លើស​ពី​នេះ​ទៀត​ នៅ​ឆ្នាំ២០២១​ ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​របស់​ក្រុមការងារ​អន្តរក្រសួង​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​សហ​គម​ន៏​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ (NCDCBE)​ ត្រូវ​បាន​បង្កើត​ឡើង​។​22 

ឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា។ រូបភាពយកចេញពីគេហទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។

​គិត​ត្រឹម​ឆ្នាំ​២០១៩​ ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ មាន​តំបន់​អេកូ​ទេសចរណ៍​ប្រមាណ​ ២៦៦​ កន្លែង​ ដែល​ក្នុង​នោះ​មាន​១៣​ ជា​តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដែល​កំពុង​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។23 ​ក្នុង​ឆ្នាំ​២០១៩ អេកូ​ទេសចរណ៍ធម្មជាតិ​បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​ ១៦​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​នៅ​កម្ពុជា​។24​ ចំនួន​នេះ​បាន​កើនឡើង​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ ដោយសារ​តម្រូវការ​ទេសចរណ៍​ក្នុងស្រុក​កើនឡើង​ ដោយសារ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​។25 ​ជាមួយ​គ្នា​នេះ​ ក្រសួងកសិកម្ម​បាន​កំណត់​សហគមន៍​កសិកម្ម​ចំនួន​ ១៣១​ សហគមន៍​ដែល​មាន​សក្តានុពល​ក្នុង​ការ​បំប្លែង​ទៅ​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​ ដែល​អាច​លើកកម្ពស់​ជីវភាព​រស់នៅ​របស់ប្រជាជននៅ​មូលដ្ឋាន​។​26 

​ដោយ​សហការ​ជាមួយ​ធនាគារពិភពលោក​ ក្រសួងបរិស្ថាន​បាន​អនុវត្ត​គម្រោង​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​ (CSLEP)​ ក្នុង​ឆ្នាំ​២០១៩​។​ គម្រោង​នេះ​មាន​តម្លៃ​ ៥០.៦៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ មាន​គោលបំណង​លើកកម្ពស់​វិស័យ​ទេសចរណ៍ធម្មជាតិ​ និង​អនុ​ផល​ព្រៃឈើ​នៅ​តំបន់​ភ្នំក្រវាញ​ និង​ទេសភាព​ទន្លេសាប​ ដែល​ពួក​គេ​កំណត់​ថា​ជា​តំបន់​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ធម្មជាតិ​មាន​ដូច​ជា​ ខេត្តកោះកុង​ ខេត្តសៀមរាប​ និង​តំបន់​ការពារ​ភ្នំ​ឱ​រ៉ា​ល់​។​27 ក្រោម​គម្រោង​ CLSEP​ ក្របខ័ណ្ឌ​ផ្សេងៗ​ត្រូវ​បាន​ដាក់​ចេញ​ប្រើប្រាស់​រួម​មាន​ ក្រប​ខណ្ឌ​ដំណើរការ​គ្រប់គ្រង​សុវត្ថិភាព​សង្គម​នៃ​គម្រោង​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជាក្របខ័ណ្ឌ​ផែនការ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​នៃ​គម្រោង​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​ និង​ក្រប​ខណ្ឌ​គោលនយោបាយ​ស្តី​ពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​គម្រោង​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​។​

​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩

​ដោយ​មាន​វិស័យ​ទេសចរណ៍​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩​។​ នៅ​ពេល​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​ វិស័យ​ទេសចរណ៍​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។​ មូលហេតុ​ចម្បង​គឺ​មក​ពី​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដែល​រារាំង​ភ្ញៀវ​ទេសចរ​បរទេស​មិន​ឱ្យធ្វើ​ដំណើរ​។28 ​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ ៦,៦១​ លាន​នាក់​ក្នុង​ឆ្នាំ២០១៩​ មក​ ១,៣​ លាន​នាក់​ក្នុង​ឆ្នាំ​២០២០​។29 ​តាម​ការ​ប៉ាន់​ប្រមាណ​ថា​ កម្ពុជា​បាន​បាត់បង់​ចំណូល​ទេសចរណ៍​ ៣​ ពាន់​លាន​ដុល្លារ​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​30 

​ក្នុង​ឆ្នាំ​២០២០​ ការងារ​ទាក់ទង​នឹង​ទេសចរណ៍​បាន​ថយ​ចុះ​ ២១.៧​ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។31 ​វា​ស្មើនឹង​ ២,៣៣​ លាន​ការងារ​ក្នុង​ឆ្នាំ​២០១៩​ ដល់​ ១,៨២​ លាន​ក្នុង​ឆ្នាំ​២០២០​។​32 គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ២០២០​ ក្រសួងទេសចរណ៍​បាន​រាយការណ៍​ថា​ អាជីវកម្ម​ទាក់ទង​នឹង​ទេសចរណ៍​ប្រហែល​ ៣០០០​ ត្រូវ​បាន​បិទ​ ឬ​ផ្អាក​។​33 អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ប្រហែល​ ៦២​ ភាគរយ​ មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្តសៀមរាប​ ដោយ​បង្ខំ​កម្មករ​ជិត​ ១៥,០០០​ នាក់​ចេញពី​ការងារ​។34​ បុគ្គលិក​ដែល​ត្រូវ​បាន​ព្យួរការងារ​ ឬ​បញ្ឈប់​ការងារ​ភាគច្រើន​ងាក​មក​រក​វិស័យ​កសិកម្ម​ ដើម្បី​ផ្គត់ផ្គង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​។​

​រដ្ឋាភិបាល​បាន​ផ្តួចផ្តើម​ការ​ឆ្លើយ​តប​រយៈពេល​វែង​ និង​រយៈពេល​ខ្លី​ផ្សេងៗ​ ដើម្បី​ស្តា​ឧស្សាហកម្ម​ទេសចរណ៍​ឡើង​វិញ​។​ វិធានការ​ទាំងនោះ​រួម​មានការ​លើកលែង​ពន្ធ​/​ថ្លៃ​សេវា​ និង​ការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​/​កម្ចី​សម្រាប់​អាជីវកម្ម​ និង​សហគ្រាស​ដែល​ទាក់ទង​នឹង​ទេសចរណ៍​ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ និង​ការ​អភិវឌ្ឍន៍​សមត្ថភាព​សម្រាប់​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។​ ជា​ឧទាហរណ៍​ នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២០​ គោលនយោបាយ​ស្តី​ពី​ការ​លើកលែង​ពន្ធ​ប្រចាំខែ​សម្រាប់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ទាំងអស់​ក្នុង​ខេត្តសៀមរាប​ត្រូវ​បាន​អនុវត្ត​។​ គោលនយោបាយ​លើកលែង​ពន្ធ​សម្រាប់​ការ​ស្នាក់​នៅ​ទាក់ទង​នឹង​ទេសចរណ៍​នេះ​ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​ខែមីនា​ ឆ្នាំ​២០២៣​។​ លើស​ពី​នេះ​ នៅ​ខែឧសភា​ ឆ្នាំ​២០២២​ រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរការ​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ (TRCS)​ មាន​ទឹកប្រាក់​ចំនួន​ ១៥០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​មក​ពី​ការ​រួមចំណែក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៧៥​ លាន​ដុល្លារ​ តាម​រយៈ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​កម្ពុជា​ និង​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម​ (PFIs)​ វិភាគទាន​ចំនួន​ ៧៥​ លាន​ដុល្លារ​។​ សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វី​ដ​-១៩​ អាច​ស្នើ​សុំ​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម​ដែល​ជា​ដៃគូ​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​កម្ពុជា​ក្នុង​អត្រា​ការ​ប្រាក់​សម្បទាន​។​

​រដ្ឋាភិបាល​បាន​អនុវត្ត​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុងអំឡុងពេល​ និង​ក្រោយ​កូ​វី​ដ​-១៩​។​ ផែនទី​បង្ហាញផ្លូវ​គឺជា​គោលការណ៍​ណែនាំ​ដ៏​ទូលំទូលាយ​ដែល​មាន​គោលបំណង​ពង្រឹង​វិស័យ​ទេសចរណ៍​ក្នុងអំឡុងពេល​ក្រោយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​ និង​លើកកម្ពស់​កិត្យានុភាព​ និង​ទេសចរណ៍​របស់​កម្ពុជា​ជា​គោលដៅ​សុវត្ថិភាព​សម្រាប់​ក្រោយ​ការ​រាតត្បាត​។​ ផែនទី​បង្ហាញផ្លូវ​មាន​បី​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើង​វិញ​ដូច​ជា​៖

  • ​ដំណាក់កាល​ទី​ ១៖​ ការ​គ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់កាល​ធម្មតា​ថ្មី​ និង​ផែនការ​ស្តារ​ឡើង​វិញ​ (២០២០-២០២១)
  • ​ដំណាក់កាល​ទី​ ២៖​ ការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក្រោយ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​ (២០២២-២០២៣)
  • ​ដំណាក់កាល​ទី​ ៣៖​ ការ​រៀបចំ​សម្រាប់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ (២០២៤-២០២៥)​។​​

បញ្ហា​ប្រឈម​ និង​ដំណើរ​ឆ្ពោះទៅ​មុខ​

​ទោះបីជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក៏​ដោយ​ ក៏​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នៅ​តែ​មាន​កន្លែង​សម្រាប់​កែ​លម្អ​ និង​ទាញ​យក​សក្តានុពល​។​ ដោយ​ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រាសាទអង្គរវត្ត​ជា​តំបន់​ទេសចរណ៍​សំខាន់​ វា​បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ក​ម្ព​ជា​ងាយ​រង​គ្រោះ​ទៅ​នឹង​បញ្ហា​ពី​ខាងក្រៅ​។​ ជា​ឧទាហរណ៍​ ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​បង្ហាញ​ឱ្យ​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។​ ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ និង​ការ​បិទ​ច្រកព្រំដែន​ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អាជីវកម្ម​ពាក់ព័ន្ធ​ទេសចរណ៍​ទាំងអស់​ ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ដែល​ជំរុញ​ដោយ​ទេសចរណ៍​ ដូច​ជា​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​។​
​ជម្រើស​គោលដៅ​ទេសចរ​ណ៏​មាន​កំណត់​ក៏​ជា​បញ្ហា​ដែរ​។​ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ ដើម្បី​រក្សា​រយៈពេល​នៃ​ការ​ស្នាក់​នៅជា​មធ្យម​​របស់​ភ្ញៀវ​ទេសចរ​​ឱ្យ​នៅ​ខ្ពស់​។​ ក្នុង​ឆ្នាំ​២០១៨​ រយៈពេល​ជា​មធ្យម​នៃ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​គឺ​ ៧​ ថ្ងៃ​ ដែលមានរយៈពេល​មួយ​ថ្ងៃ​ខ្លី​ជាង​ឆ្នាំ​១៩៩៥​។35​ ជា​ធម្មតា ការ​ស្នាក់​នៅ​យូរ​​មាន​ន័យ​ថា​ចំណាយ​កាន់តែ​ច្រើន​ ដូច្នេះ​ក៏​អាច​បង្កើត​ប្រាក់​ចំណូល​កាន់តែ​ច្រើន​សម្រាប់​វិស័យ​នេះ​ផង​ដែរ​។​ ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ឱ្យ​លើស​ពី​ការ​ទស្សនា​ប្រាសាទ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ស្នាក់​នៅ​បាន​យូរ​ព្រោះ​វា​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​សម្រាប់ពួកគេ​ក្នុង​ការ​កំសាន្ត​។​ រដ្ឋាភិបាល​បាន​ទទួលស្គាល់​អេកូ​ទេសចរណ៍​ជា​ដំណោះស្រាយ​មួយ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​ទេសចរណ៍​។​ លើស​ពី​នេះ​ តំបន់​សម្រាប់​ធ្វើ​ពិពិធ​កម្ម​ទេសចរណ៍​ គឺ​តំបន់ឆ្នេរ​ តំបន់​ភាគ​ឦសាន​ និង​តំបន់​ទេសភាព​ធម្មជាតិ​ ដូច​ជា​ ទន្លេសាប​ ទន្លេមេគង្គ​ និង​ទន្លេបាសាក់​។​

​បញ្ហា​មួយទៀត​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ គឺ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ដឹក​ជញ្ជូន​នៅ​មាន​កម្រិត​។36 ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ ក្រៅពី​គោលដៅ​អន្តរជាតិ​ដ៏​ពេញ​និយម​ តែងតែមាន​គុណភាព​អន់​ និង​មិនសូវ​មានការ​អភិវឌ្ឍន៍​។​ ផ្លូវថ្នល់​ បណ្តាញ​ត​ភ្ជាប់​ អគ្គិសនី​ ទឹក​ស្អាត​ និង​អនាម័យ​នៅ​តំបន់​ទេសចរណ៍​ដាច់​ស្រយាល​អាច​នឹង​មិន​បំពេញ​តម្រូវ​ចិត្ត​របស់​ភ្ងៀ​វ​ទេសចរ​។37 ​ការ​ដាក់​អនុវត្ត​នូវ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ ឆ្នាំ​២០២១-២០៣៥​ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ ឆ្នាំ​២០២១-២០៣៥​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ គឺជា​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ និង​ធ្វើ​ពិពិធ​កម្មវិស័យ​នេះ​ តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កា​រត​ភ្ជាប់​។​

​សម្រាប់​ឆ្នាំ​២០២៣​ រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ៤​ លាន​នាក់​ ដែល​ផ្តល់​នូវ​ទិដ្ឋភាព​វិជ្ជមាន​សម្រាប់​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​វិស័យ​ទេសចរណ៍​។38​ វិស័យ​នេះ​អាច​រក​ចំណូល​បាន​ ៤​ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​។​39

ទាក់ទងនឺងទេសចរណ៍

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4EaLy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!