ប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ចូលគោលដៅភាពធន់ទៅនឹងគ្រោះមហន្តរាយ និងអាកាសធាតុ ទៅក្នុងគោលនយោបាយជាតិរបស់ខ្លួន ប៉ុន្តែការអនុវត្តនៅតែមានការពិបាក។ នៅក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៤-២០១៨ រដ្ឋាភិបាលផ្តល់អាទិភាពដល់គោលដៅ “ការកសាងប្រទេសជាតិ និងសហគមន៍មូលដ្ឋានដែលមានភាពធន់ ដើម្បីបន្តការអភិវឌ្ឍប្រកបដោយចីរភាព”។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានភារកិច្ចគ្រប់គ្រងការត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ឧបសគ្គជាច្រើនដូចជា សមត្ថភាពមានកម្រិត កង្វះហិរញ្ញវត្ថុ ការវិភាគមិនគ្រប់គ្រាន់ និងការផ្តោតអារម្មណ៍លើការឆ្លើយតបនឹងគ្រោះមហន្តរាយ រារាំងដល់ការអនុវត្តយុទ្ធសាស្ត្រទាំងនេះ។ ការបញ្ជ្រាបការងារដើម្បីបង្កើតភាពធន់នៅវិស័យទាំងអស់ ក៏មិនត្រូវបានរៀបចំតាមគ្រោងការណ៍ដែរ ហើយជំនាញបច្ចេកទេស និងការបែងចែកថវិកាគ្រប់គ្រងហានិភ័យមហន្តរាយនៅមានកម្រិត។1
ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងហិរញ្ញវត្ថុ
យោងតាមផ្នែកទី ៧ មាត្រា ៣៩ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (២០១៥) រដ្ឋាភិបាលកម្ពុជា “ត្រូវមានថវិកា និងធនធានបម្រុងសមស្រប ដើម្បីធានាដល់ការគ្រប់គ្រងគ្រោះមហន្តរាយ” រួមទាំងការត្រៀមឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការស្តារឡើងវិញផងដែរ។ ទោះយ៉ាងណា ថវិកាមិនមានភាពច្បាស់លាស់ដូចដែលបានលើកឡើងនៅក្នុងការឆ្លើយតបទូទៅ និងបន្ទាន់នោះទេ។2
រដ្ឋាភិបាលមូលដ្ឋានបង្កើនប្រាក់ចំណូលមិនគ្រប់គ្រាន់ ដូចនេះត្រូវពឹងផ្អែកលើការផ្ទេរធនធានសាធារណៈរបស់រដ្ឋាភិបាលកណ្តាល។ ជារឿយៗ ការផ្ទេរធនធានរបស់រដ្ឋាភិបាលកណ្តាលក្នុងទម្រង់នៃប្រាក់ឧបត្ថម្ភ មិនត្រូវបានគិតពីការងារទាក់ទងនឹងគ្រោះមហន្តរាយដែលទាមទារដោយរដ្ឋាភិបាលមូលដ្ឋាននោះទេ។3 ឧទាហរណ៍ក្នុងឆ្នាំ ២០១០ ការបែងចែកមូលនិធិឃុំសង្កាត់ប្រចាំឆ្នាំ មិនត្រូវបានរាប់បញ្ចូលបន្ថែមសម្រាប់ភូមិដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងកេតសាណាកាលពីឆ្នាំមុននោះឡើយ។4
បច្ចុប្បន្ន ការចូលរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយមានកម្រិតទោះបីជាបទពិសោធន៍នៅទូទាំងពិភពលោកបង្ហាញថា ស្ថាប័នរដ្ឋាភិបាលថ្នាក់ខ្ពស់ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់ក៏ដោយ។ ការរួមចំណែក និងភាពជាអ្នកដឹកនាំរបស់ក្រសួងក្នុងវិស័យសំខាន់ៗមានដូចជា ការកោះប្រជុំក្រសួងដើម្បីបង្កើនការយល់ដឹងអំពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការផ្តល់អាទិភាពដល់ការវិនិយោគដើម្បីកាត់បន្ថយហានិភ័យ ព្រមទាំងយុទ្ធសាស្ត្រក្នុងការបែងចែកធនធានចាំបាច់សម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការគាំទ្រឧបករណ៍ហិរញ្ញវត្ថុ ដើម្បីធានាបាននូវការទទួលបានមូលនិធិភ្លាមៗ សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយ និងការស្តារឡើងវិញ។5
ការគ្រប់គ្រងហិរញ្ញវត្ថុគ្រោះមហន្តរាយធម្មជាតិ
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានប្រមូលថវិកាបានប្រមាណ ១១៥ លានដុល្លារអាមេរិកដែលត្រូវបានកាន់កាប់ដោយទីស្តីការគណៈរដ្ឋមន្ត្រី ហើយអាចត្រូវបានប្រើលើការចំណាយដែលមិនអាចទាយទុកជាមុនដូចជា ការចំណាយក្រោយគ្រោះមហន្តរាយជាដើម។ តិចជាង ១០% នៃថវិកាត្រូវបានកំណត់ និងចំណាយសម្រាប់គ្រោះមហន្តរាយក្នុងឆ្នាំតែមួយ។ ចំនួនថវិកាដែលអាចត្រូវបានប្រើសម្រាប់ការស្តារឡើងវិញ និងការកសាងឡើងវិញក្រោយពីគ្រោះមហន្តរាយ គឺមិនច្បាស់លាស់ និងពឹងផ្អែកលើអថេរផ្សេងៗ។ ជាលទ្ធផល ការរៀបចំតិចតួចបំផុតត្រូវបានធ្វើឡើងជុំវិញថវិកាដែលត្រូវការសម្រាប់ការចំណាយទាក់ទងនឹងគ្រោះមហន្តរាយ។
ប្រព័ន្ធបម្រុងស្បៀងអាហារកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយរដ្ឋាភិបាល ដើម្បីគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ តាមរយៈការបង្កើតទុនបម្រុងដូចជា ស្បៀង និងគ្រាប់ពូជ សម្រាប់គ្រាអាសន្ន។ ការផ្គត់ផ្គង់ស្បៀងអាហារមានចំនួន ១៦.០០០ តោន ក្នុងនោះ ៦២,៥% ជាស្តុករូបវន្ត និង ៣៧,៥% ជាទុនបម្រុងហិរញ្ញវត្ថុ។ គ្រាប់ពូជចំនួន ៣.០០០ តោន និងបន្លែ ៥០ តោន ព្រមទាំងគ្រាប់ពូជដំណាំដទៃទៀតនៅមាននៅក្នុងស្តុកគ្រាប់ពូជសរុបផងដែរ។ បច្ចុប្បន្នមិនមានមូលនិធិគ្រោះមហន្តរាយបន្ថែម ឬយន្តការរក្សាហានិភ័យពិសេសនៅក្នុងរដ្ឋាភិបាលរួមគ្នានោះទេ។6
ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា មានជនងាយរងគ្រោះប្រហែល ៣៨៨.០០០ នាក់ (IDPoor) ដែលប៉ះពាល់ដោយសារការជន់លិចដោយទឹកជំនន់ និងត្រូវការជំនួយមនុស្សធម៌។ រដ្ឋាភិបាលបានផ្តល់ការឆ្លើយតបជាជំនួយស្បៀងដោយផ្ទាល់រួមមាន អង្ករចំនួន ១.២០០ លានតោន ដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ និងការផ្តល់មូលនិធិស្តារឡើងវិញ។7
ឥណទានធានារ៉ាប់រង អាចដើរតួជាឧបករណ៍ហិរញ្ញវត្ថុសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ប្រទេស បន្ទាប់ពីគ្រោះមហន្តរាយ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនមានគ្រឹះស្ថានឥណទានបន្ទាន់ ក្នុងករណីមានគ្រោះមហន្តរាយនោះទេ។ ធនាគារពិភពលោក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងម្ចាស់បំណុលឯកជនផ្តល់ហិរញ្ញប្បទានឥតឈប់ឈរសម្រាប់ការស្តារឡើងវិញ និងការកសាងឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ។ នៅពេលបច្ចុប្បន្ន កម្ពុជាមិនប្រើយន្តការធានារ៉ាប់រងណាមួយដូចជា ការផ្ទេរហានិភ័យ ដើម្បីការពារថវិការបស់ខ្លួនពីផលប៉ះពាល់នៃគ្រោះមហន្តរាយនោះទេ។ ទីភ្នាក់ងាររដ្ឋាភិបាលនីមួយៗមានជម្រើសធានារ៉ាប់រងទ្រព្យសម្បត្តិសាធារណៈរបស់ពួកគេដែលជាទូទៅពឹងផ្អែកលើលទ្ធភាពថវិកា។8
ទីភ្នាក់ងាររដ្ឋាភិបាលជាច្រើនតែងតែប្រើប្រាស់ថវិកាទីភ្នាក់ងារធម្មតា ជាពិសេសថវិកាថែទាំ ដើម្បីចំណាយតិចតួចសម្រាប់ការស្តារគ្រោះមហន្តរាយ។ យុទ្ធសាស្ត្រនេះត្រូវនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលបញ្ជាក់ថា ទីភ្នាក់ងារនានាគួរតែប្រើប្រាស់ធនធានបច្ចុប្បន្នជាមុនសិន ដោយបែងចែកប្រាក់នៅក្នុងថវិកាឡើងវិញមុននឹងស្នើសុំមូលនិធិថ្មី។ ទោះយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើថវិកាប៉ុន្មានត្រូវបានផ្លាស់ប្តូរ។9
បំណុលខាងក្រៅសម្រាប់ការជួយសង្គ្រោះផលប៉ះពាល់នៃគ្រោះមហន្តរាយ មិនត្រូវបានបញ្ជាក់ឱ្យច្បាស់ទេទោះបីជាវាត្រូវបានគេរំពឹងថា ប្រាក់កម្ចីក្នុងស្រុក និងក្រៅស្រុកនឹងកើនឡើងដោយសារលទ្ធផលនៃគ្រោះមហន្តរាយក៏ដោយ។10
មិនមានការកត់ត្រាការប្រើប្រាស់គោលនយោបាយពន្ធជាឧបករណ៍ ដើម្បីប្រមូលចំណូលបន្ថែមនៅពេលមានមហន្តរាយ ឬផ្តល់ការបង់ពន្ធជាការលើកទឹកចិត្តសម្រាប់ការបរិច្ចាគ ដើម្បីជួយដល់មូលនិធិគ្រោះមហន្តរាយនៅកម្ពុជានៅឡើយទេ។11
ជំនួយពីម្ចាស់ជំនួយ
ប្រទេសកម្ពុជាទទួលបានជំនួយសង្គ្រោះគ្រោះមហន្តរាយប្រមាណ ៧៨៥ លានដុល្លារ ពីម្ចាស់ជំនួយចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១០។ មូលនិធិនេះត្រូវបានបែងចែកដូចជា ៥៥% សម្រាប់ការឆ្លើយតប និងការសង្គ្រោះបន្ទាន់ ៣៥% សម្រាប់ការកសាងឡើងវិញ និងការស្តារនីតិសម្បទា និង ១០% សម្រាប់ការត្រៀមខ្លួននិងកិច្ចខិតខំប្រឹងប្រែងបង្ការ។ ធនាគារពិភពលោកគឺជាអ្នករួមចំណែកដ៏ធំបំផុត (២៥%) បន្ទាប់មកសហគមន៍អឺរ៉ុប (១២%) មូលនិធិអភិវឌ្ឍន៍អាស៊ី (១០%) ជប៉ុន (៩%) ហូឡង់ (៨%) និងស៊ុយអែត (៦%)។12
រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានផ្តល់ជំនួយបន្ថែមចំនួន ៨៧៥.០០០ ដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅខែមេសា ឆ្នាំ ២០២១ ដើម្បីជំរុញផែនការ និងការឆ្លើយតបគ្រោះមហន្តរាយនៅកម្ពុជា។13 បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានផ្តល់នូវសម្ភារៈសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់នៅខែតុលា ឆ្នាំ ២០២០។ គ្រោះទឹកជំនន់នេះបានបណ្តាលឱ្យប៉ះពាល់ដល់មនុស្ស និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងររួមមាន អ្នកស្លាប់ ២៥ នាក់ ជម្លៀសខ្លួន ៣៧.៣៩៦ នាក់ ដួលរលំផ្ទះ ៥៦ ខ្នង និងខូចខាតផ្ទះ ៧៣.៧២០ ខ្នង។ ជំនួយសង្គ្រោះគ្រោះមហន្តរាយមានដូចជា តង់ ម៉ាស៊ីនចម្រោះទឹក ភួយ ម៉ាស៊ីនភ្លើង បន្ទះប្លាស្ទិក កម្រាលពូក និងធុងជែរី។14 មូលនិធិដើម្បីការអភិវឌ្ឍអន្តរជាតិ និងជំនួយសង្គ្រោះ បានឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋាភិបាលខេត្ត សម្រាប់ការជួយស្តារនីតិសម្បទាក្រោយទឹកជំនន់ ដោយការចែកចាយគ្រាប់ពូជបន្លែ អាហារ និងទឹកផឹកអំឡុងគ្រោះទឹកជំនន់ឆ្នាំ ២០១១។15
នៅដើមខែតុលា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានជួបនឹងជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដែលនាំឱ្យមានការជន់លិចនៅទូទាំងខេត្តចំនួន ១៩។ ទឹកជំនន់បណ្តាលឱ្យមនុស្សចំនួន ៤២ នាក់ បានស្លាប់ និងបានធ្វើឱ្យមនុស្សចំនួន ២ លាននាក់ ប្រឈមនឹងគ្រោះទឹកជំនន់ ដោយមនុស្សចំនួន ៨ សែននាក់ បានរងផលប៉ះពាល់ដោយផ្ទាល់។ អង្ករប្រមាណ ១.២០០ លានតោន ត្រូវបានផ្តល់ដោយរដ្ឋាភិបាល ជាការឆ្លើយតបក្នុងរូបភាពជាជំនួយស្បៀងអាហារ។ អ្នកឆ្លើយតបផ្សេងទៀតរួមមាន កាកបាទក្រហមកម្ពុជាក៏ដូចជា អង្គការសហប្រជាជាតិ និងដៃគូអង្គការមិនមែនរដ្ឋាភិបាលក្នុងការគាំទ្រដល់ការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ។
ជំងឺរាតត្បាតកូវីដ-១៩ កំពុងធ្វើឱ្យភាពងាយរងគ្រោះដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ ដូចបានឃើញនៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅពាក់កណ្តាលឆ្នាំ ២០២០។16
វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានបរិច្ចាគវ៉ាក់សាំង ថវិកានិងបរិក្ខារសុខាភិបាលដល់កម្ពុជា។ ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូងនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលជាការបរិច្ចាគចំនួន ១.០០០.០០០ ដូសពីប្រទេសចិន។17 រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥០០.០០០ ដូសបន្ថែម នៅខែសីហា ឆ្នាំ ២០២១។18 រដ្ឋាភិបាលជប៉ុនតាមរយៈ COVAX បានបរិច្ចាគវ៉ាក់សាំង AstraZeneca កូវីដ-១៩ ចំនួន ១.០០០.០០០ ដូស ដែលផលិតនៅប្រទេសជប៉ុនដល់ប្រទេសកម្ពុជា។19 ចក្រភពអង់គ្លេសបានផ្តល់វ៉ាក់សាំង AstraZeneca ចំនួន ៤១៥.០០០ ដូស ដល់ប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំ ២០២១។20 សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងចនសុន និងចនសុន កូវីដ-១៩ ចំនួន ១.០៦០.១០០ ដូស ដល់ប្រទេសកម្ពុជាតាមរយៈ COVAX ដែលដឹកនាំដោយ អង្គការសុខភាពពិភពលោក។21 នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៤ លានដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។22 នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ថវិកាជាង ៣២០.០០០ ដុល្លារអាមេរិក ជាសម្ភារៈពេទ្យដល់ក្រសួងសុខាភិបាលសម្រាប់ប្រតិបត្តិការបង្ការ និងឆ្លើយតបជំងឺរាតត្បាត។23 រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសនៅខែកុម្ភៈ ឆ្នាំ ២០២១ ថាខ្លួននឹងបរិច្ចាគប្រាក់ចំនួន ២៨ លានដុល្លារអាមេរិក ដើម្បីអនុញ្ញាតឱ្យប្រជាជនកម្ពុជាចំនួន ១,៥ នាក់ អាចទទួលបានវ៉ាក់សាំង។24 រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសនៅខែកុម្ភៈ ឆ្នាំ ២០២១ ថាខ្លួននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០.០០០ ដូសដល់កម្ពុជាផងដែរ។25
ទាក់ទងនឹងមូលនិធិសម្រាប់គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
- គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
- គោលនយោបាយ និងការគ្រប់គ្រងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
- ទីភ្នាក់ងារមិនមែនរដ្ឋាភិបាលសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
- គ្រោះមហន្តរាយ
- គ្រោះរាំងស្ងួត
- ទឹកជំនន់
- ការប្រែប្រួលអាកាសធាតុ
ឯកសារយោង
- 1. “កំណត់ត្រានៃការវិនិច្ឆ័យហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា,” ពង្រាង, ខែឧសភា ឆ្នាំ២០១៧, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 2. រដ្ឋសភាកម្ពុជា, “ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ,” អូ ឌី ស៊ី, ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 4. “កំណត់ត្រានៃការវិនិច្ឆ័យហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា,” ពង្រាង, ខែឧសភា ឆ្នាំ២០១៧, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 5. រដ្ឋាភិបាលកម្ពុជា, “កម្ពុជា៖ ការវាយតម្លៃអំពីគ្រោះមហន្តរាយក្រោយខ្យល់ព្យុះកេតសាណា,” ខែមីនា ឆ្នាំ២០១០, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 6. "កំណត់ត្រានៃការវិនិច្ឆ័យហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា," ពង្រាង, ខែឧសភា ឆ្នាំ២០១៧, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 7. វេទិកាឆ្លើយតបមនុស្សធម៌កម្ពុជា, “ផែនការឆ្លើយតបគ្រោះទឹកជំនន់នៅកម្ពុជាឆ្នាំ ២០២០ (សម្រាប់ខែវិច្ឆិកាឆ្នាំ ២០២០ - មេសា ២០២១)," ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១។
- 8. "កំណត់ត្រានៃការវិនិច្ឆ័យហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា," ពង្រាង, ខែឧសភា ឆ្នាំ២០១៧, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 9. ធនាគារពិភពលោក និងមធ្យោបាយសកលសម្រាប់កាត់បន្ថយ និងស្តារគ្រោះមហន្តរាយ, “ អាស៊ាន៖ ការជម្រុញការផ្តល់ហិរញ្ញប្បទាន និងការធានារ៉ាប់រងហានិភ័យគ្រោះមហន្តរាយនៅក្នុងប្រទេសជាសមាជិកអាស៊ាន៖ ក្របខ័ណ្ឌ និងជម្រើសសម្រាប់អនុវត្ត," ខែមេសា ឆ្នាំ២០១២, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 10. រដ្ឋាភិបាលកម្ពុជា, “កម្ពុជា៖ ការវាយតម្លៃអំពីគ្រោះមហន្តរាយក្រោយខ្យល់ព្យុះកេតសាណា," ខែមីនា ឆ្នាំ២០១០, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 11. "កំណត់ត្រានៃការវិនិច្ឆ័យហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា," ពង្រាង, ខែឧសភា ឆ្នាំ២០១៧, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 12. ដូចឯកសារយោងខាងលើ
- 13. ឡាយ សាមាន, "សហរដ្ឋអាមេរិកផ្តល់ជំនួយសង្គ្រោះទឹកជំនន់," ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 14. អង្គការ JICA, “ជំនួយគ្រាអាសន្នមកកម្ពុជាក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់," ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 15. FIDR, “ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយទឹកជំនន់," បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 16. វេទិកាឆ្លើយតបមនុស្សធម៌កម្ពុជា, “ផែនការឆ្លើយតបទឹកជំនន់នៅកម្ពុជា," ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។
- 17. បុគ្គលិកខ្មែរថាមស៍, “វ៉ាក់សាំង Sinopharm ចំនួន ៣០០.០០០ ដូសនឹងមកដល់នៅថ្ងៃទី ៣១ ខែមីនា," ខ្មែរថាមស៍, ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 18. មុំ គន្ធា, “ចិនសន្យាផ្តល់វ៉ាក់សាំង Sinopharm ចំនួន ៥០ ម៉ឺនដូសដល់កម្ពុជា," ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 19. បុគ្គលិកខ្មែរថាមស៍, “ជប៉ុនបានផ្តល់វ៉ាក់សាំង AstraZeneca ចំនួន ១ លានដូសដល់ប្រទេសកម្ពុជា,” ខ្មែរថាមស៍, ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 20. បុគ្គលិកខ្មែរថាមស៍, "ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន ៤១៥.០០០ ដូសដល់ប្រទេសកម្ពុជា," ខ្មែរថាមស៍, ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 21. បុគ្គលិកភ្នំពេញប៉ុស្ដិ៍, “វ៉ាក់សាំងចនសុននិងចនសុនកូវីដ-១៩ផលិតនៅអាមេរិកបានមកដល់,” ភ្នំពេញប៉ុស្ដិ៍, ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 22. នៅ ស៊ីវត្ថា, “USAID បរិច្ចាគប្រាក់ចំនួន ៤ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនៅកម្ពុជា,” ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 23. មុំ គន្ធា, "អង្គការ WHO បរិច្ចាគរថយន្តដឹកវ៉ាក់សាំងត្រជាក់ចំនួន ៣ សម្រាប់យុទ្ធនាការកូវីដ," ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 24. មុំ គន្ធា និងវ៉ន ដារ៉ា, "កម្ពុជាទទួលបានជំនួយ ២៨ លានដុល្លារសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩," ភ្នំពេញប៉ុស្ដិ៍, ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។
- 25. Rhea Mae Soco, "ឥណ្ឌាផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ១០០.០០០ ដូស” ខ្មែរថាមស៍, ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។