ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តាមរយៈច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា។1 ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីរក្សាស្ថិរភាពថ្លៃក្នុងក្របខ័ណ្ឌនៃគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជាក៏ជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារតាមរយៈការមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយរូបិយវត្ថុជាតិគឺប្រាក់រៀល និងមានសិទ្ធិអំណាចក្នុងការផ្តល់អាជ្ញាប័ណ្ណ ដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិ និងត្រួតពិនិត្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។2
ធនាគារជាតិនៃកម្ពុជាមាន ២១ សាខាដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ រចនាសម្ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជាមានក្រុមប្រឹក្សាភិបាលដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចលើផែនការ និងមានសមាជិកប្រាំពីរនាក់ ទេសាភិបាល និងទេសាភិបាលរង។ ធនាគារជាតិនៃកម្ពុជាក៏មានប្រាំអគ្គនាយកដ្ឋាននៅកម្រិតបច្ចេកទេសដើម្បីអនុវត្តមុខងារប្រចាំថ្ងៃ៖ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានត្រួតពិនិត្យ អគ្គបេឡា និងអគ្គាធិការដ្ឋាន។3
ប្រាក់រៀល
ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវគោលនយោបាយផ្សេងៗក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះដើម្បីឈប់ប្រើដុល្លារអាមេរិក និងផ្សព្វផ្សាយប្រាក់រៀលអោយជារូបិយប័ណ្ណតែមួយគត់នៅក្នុងប្រទេស។ វឌ្ឍនភាពមានភាពយឺតយ៉ាវនៅពេលចាប់ផ្តើមដោយសារដុល្លាររូបនីយកម្មខ្ពស់ និងខ្វះកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធ ដូច្នេះវាពិបាកសម្រាប់ធនាគារកណ្តាលក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ។4 ប្រាក់រៀលបាននឹងកំពុងបង្កើនតួនាទីរបស់ខ្លួននៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជានៅគ្រប់កម្រិតក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជារដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធ5 ពីព្រោះពួកគេបានព្យាយាមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រទេសកម្ពុជា និងពាណិជ្ជកម្មឆ្លងដែនដើម្បីពង្រឹងរូបិយប័ណ្ណក្នុងស្រុក និងការព្យាយាមឈប់ប្រើប្រាស់ដុល្លារអាមេរិក។ លោកជំទាវបណ្ឌិត ជា សេរី អគ្គនាយកនៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការពឹងផ្អែកលើរូបិយបណ្ណរបស់សហរដ្ឋអាមេរិកធ្វើឱ្យប្រទេសនេះងាយរងគ្រោះចំពោះបញ្ហាដែលប្រាក់ដុល្លារអាចប្រឈមមុខដែលកម្ពុជាអាចបាត់បង់ការគ្រប់គ្រងលើគោលនយោបាយរូបិយវត្ថុ។6 ស្រដៀងគ្នានេះដែរ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០របស់ធនាគារកណ្តាលថាដុល្លារូបនីយកម្មបានធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០១៩ ប៉ុន្តែវានៅតែមានកម្រិតខ្ពស់។ គោលនយោបាយប្រុងប្រយ័ត្នបន្ថែមទៀតគឹត្រូវការព្រោះវាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់ជាប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។7
ប្រាក់រៀលមានសារៈសំខាន់ដោយសារហេតុផលដូចខាងក្រោម៖8
- មោទនភាពជាតិ និងសាមគ្គីភាព
- រក្សាស្ថិរភាពថ្លៃ
- ការកាត់បន្ថយចំណាយប្រតិបត្តិការ
- ជំរុញពាណិជ្ជកម្ម
- ជំរុញការវិនិយោគ និងបង្កើតការងារ
- លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម
- ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ
- គរពូនទុនបម្រុងអន្តរជាតិ
- ទទួលបានចំណូលពីការបោះពុម្ពប្រាក់
- បង្ការការក្លែងក្រដាសប្រាក់
នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានរៀបចំ និងប្រារព្ធខួបលើកទី ៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២២) នៅផ្សារទំនើបជីបម៉ុង សែនសុខដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីប្រវត្តិនៃរូបិយប័ណ្ណ និងសារៈសំខាន់របស់វា។ ទិវាប្រាក់រៀលឆ្នាំ២០២២ ក៏នឹងប្រារព្ធនៅខេត្តកំពង់ធំ កំពង់ចាម កំពង់ធំ និងបាត់ដំបងផងដែរ។9
ការឆ្លើយតបរបស់ធនាគារជាតិនៃកម្ពុជាទៅលើជំងឺកូវីដ-១៩
ចាប់តាំងពីឆ្នាំ ២០២០ មក ជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់អាជីវកម្ម និងប្រាក់ចំណូលគ្រួសារនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីបានឆ្លងកាត់ការរីករាលដាលនៃសហគមន៍ចំនួន ៤ (រវាងថ្ងៃទី ៧ ខែមីនា និងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ រវាងថ្ងៃទី ៧ ខែវិច្ឆិកា និងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ រវាងថ្ងៃទី ២៧ ខែវិច្ឆិកា និងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១)។10 ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការផ្សេងៗគ្នាដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ស្ថាប័នធនាគារ និងគ្រួសារ11 ដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានសរសើររដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាសម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីការពារការរីករាលដាល និងផលប៉ះពាល់នៃជំងឺរាតត្បាតលើសកម្មភាពអាជីវកម្ម និងជនងាយរងគ្រោះ។12 ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ នឹងបន្តគំរាមកំហែងដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដែលការត្រួតពិនិត្យតឹងរ៉ឹង និងវិធានការសេដ្ឋកិច្ចនៃជំងឺរាតត្បាតនឹងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗគ្នា រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងទូរគមនាគមន៍ និងទេសចរណ៍ក្នុងស្រុក។ នៅឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ១០ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។13
គោលនយោបាយសំខាន់ៗទាំងដប់រួមមានៈ14
- ស្ថេរភាពអត្រាប្តូរប្រាក់
- លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
- អនុវត្តវិធានការគាំទ្រគោលដៅ
- កែលម្អបរិយាកាសហិរញ្ញវត្ថុ និងចំណេះដឹង
- គាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់តាមរាជធានីខេត្ត
- ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី
- ពង្រឹងផែនការនិរន្តរភាពអាជីវកម្ម និងផែនការអនុវត្ត
- ពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម
- រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
- ពង្រឹងសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ និងសុវត្ថិភាពហិរញ្ញវត្ថុ
បាគង
ប្រព័ន្ធបាគងគឺជាសេវាថ្មីនៃប្រព័ន្ធទូទាត់ដែលបានដាក់ឱ្យដំណើរការ និងត្រួតពិនិត្យដោយធនាគារជាតិនៃកម្ពុជាក្នុងខែតុលា ឆ្នាំ២០២០ ដើម្បីពង្រឹងប្រាក់រៀល និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។15 វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួល និងផ្ញើប្រាក់តាមរយៈ QR code ផ្ទាល់ខ្លួន ឬលេខទូរស័ព្ទរបស់ពួកគេជំនួសឱ្យលេខគណនីធនាគារ។16 លោកជំទាវបណ្ឌិត ជា សេរី មានប្រសាសន៍ថាបាគងនឹងជួយជំរុញជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហើយបច្ចេកវិទ្យានឹងមានប្រយោជន៍សម្រាប់ការច្នៃប្រឌិតកាន់តែច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ និងសម្រាលបន្ទុករបស់ពលករចំណាកស្រុកនៅពេលផ្ញើប្រាក់ត្រឡប់ទៅផ្ទះវិញ។17 នៅឆមាសទីមួយនៃឆ្នាំ២០២១ គឺមានប្រតិបត្តិការបាគងជាង ១,៤ លានដែលស្មើនឹង ៥០០ លានដុល្លារ។18
ព័ត៌មានបន្ថែមអំពី ការផ្ទេរប្រាក់ និងសេវាធនាគារតាមទូរស័ព្ទដៃ។
ទំនាក់ទំនងទីស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា៖
- អាស័យដ្ឋាន៖ ឡូត៍លេខ៨៨ ផ្លូវលេខ១០២ កែងនឹងផ្លូវលេខ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- អ៊ីមែល៖ info@ nbc.org.kh
- ទូរស័ព្ទ៖ (៨៥៥-២៣) ៧២២ ៥៦៣, (៨៥៥-២៣) ៧២២ ២២១ (៨៥៥-២៣) ៧២២ ១៨៩ (ការិយាល័យឯកឧត្តមទេសាភិបាល)
- ផែនទី៖ https://bit.ly/3M89Jk7
- គេហទំព័រ: http://www.nbc.org.kh
ទាក់ទងនឹងធនាគារជាតិនៃកម្ពុជា
ឯកសារយោង
- 1. រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, «ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិរបស់ធនាគារជាតិនៃកម្ពុជា,» ថ្ងៃទី ២៦ ខែមករា ឆ្នាំ១៩៩៦, បានចូលអានខែមីនា ឆ្នាំ២០២២។
- 2. ធនាគារជាតិនៃកម្ពុជា, «ទិដ្ឋភាពទូទៅ,» បានចូលអានខែកុម្ភៈ ឆ្នាំ២០២២។
- 3. ធនាគារជាតិនៃកម្ពុជា, «រចនាសម្ព័ន្ធ,» បានចូលអានខែកុម្ភៈ ឆ្នាំ២០២២។
- 4. Sangeetha Amarthalingam,«រក្សាប្រាក់រៀល កម្ពុជាជំរុញការមិនប្រើប្រាស់ប្រាក់ដុល្លារ» កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០, បានចូលអានខែមីនា ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 5. ធនាគារជាតិនៃកម្ពុជា, «ការលើកកម្ពស់គុណតម្លៃប្រាក់រៀល,» ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១, បានចូលអានខែមីនា ឆ្នាំ២០២២។
- 6. បុគ្គលិកខ្មែរថាមស៍, «អត្ថប្រយោជន៍នៃប្រាក់រៀល៖ ផ្សារមូលបត្រកម្ពុជាជួយកសាងទំនុកចិត្តលើរូបិយប័ណ្ណក្នុងព្រះរាជាណាចក្រ,» កាសែតខ្មែរថាមស៍, ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១, បានចូលអានខែមីនា ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 7. ហ៊ិន ពិសី, «ចំណែកប្រាក់រៀលក្នុងសេដ្ឋកិច្ចកើនដល់ ៣៣%,» កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២០, បានចូលអានខែមីនា ឆ្នាំ២០២២។
- 8. ធនាគារជាតិនៃកម្ពុជា, «សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជា,» បានចូលអានខែមីនា ឆ្នាំ២០២២។
- 9. Anthony McGonigle, «ទិវាប្រាក់រៀលឆ្នាំ 2022 បញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃរូបិយប័ណ្ណជាតិ,» កាសែតខ្មែរថាមស៍, ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២, បានចូលអានខែមីនា ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 10. អង្គការកម្មវិធីស្បៀងអាហារពិភពលោក អង្គការយូនីសេហ្វ និងធនាគារអភិវឌ្ឍន៏អាស៊ី, «ការវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចសង្គមកូវីដ-១៩ នៅកម្ពុជា (របាយការណ៍ដំណាក់កាលទី១),» ខែកក្កដា ឆ្នាំ២០២១, បានចូលអានខែមីនា ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 11. ភ្នំពេញប៉ុស្តិ៍, «បញ្ហាប្រឈមក្រោយកូវីដ-១៩ របស់វិស័យធនាគារ,» កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២, បានចូលអានខែកុម្ភៈ ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 12. សុខ ចាន់, «អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិសរសើររដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជាជុំវិញសកម្មភាពរាតត្បាត,» កាសែតខ្មែរថាមស៏, ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១, បានចូលអានខែកុម្ភៈ ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 13. បុគ្គលិកខ្មែរថាមស៍, «ធនាគារជាតិនៃកម្ពុជាដាក់ចេញនូវគោលនយោបាយចំនួន ១០ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២,» កាសែតខ្មែរថាមស៏, ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២, បានចូលអានខែកុម្ភៈ ឆ្នាំ២០២២។
- 14. ដូចឯកសារយោងខាងដើម។
- 15. Jada Nagumo, «កម្ពុជាមានបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកជាមួយនឹងរូបិយប័ណ្ណឌីជីថល,» Nikkei Asia, ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១, បានចូលអានខែមីនា ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 16. បាគង, «តើប្រព័ន្ធបាគងជាអ្វី?,» បានចូលអានខែមីនា ឆ្នាំ២០២២។
- 17. Husain Haider, «បាគង ឈរលំដាប់កំពូលលើសន្ទស្សន៍រូបិយប័ណ្ណឌីជីថល,» កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១, បានចូលអានខែមីនា ឆ្នាំ២០២២។
- 18. Makoto Takemiya, «រូបិយប័ណ្ណឌីជីថលរបស់កម្ពុជាអាចបង្ហាញធនាគារកណ្តាលផ្សេងទៀតបាន,» វេទិកាសេដ្ឋកិច្ចពិភពលោក, ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១, បានចូលអានខែមីនា ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។