ការវិនិយោគ

ប្រទេស​កម្ពុជា​បាន​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​បាន​ឆ្លងកាត់​សង្គ្រាម​អូស​បន្លាយ​ និង​អ​ស្ថិរភាព​ជា​ច្រើន​ឆ្នាំ​។​ សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្លាំងក្លា​បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារសេរី​ ដែល​ក្នុង​នោះ​កម្ពុជា​បាន​បើកចំហ​ឱ្យ​មាន​ពាណិជ្ជកម្ម​ និង​លំហូរ​មូលធន​។​ កំណើនសេដ្ឋកិច្ច​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​លំហូរ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ ការ​បាន​ចូល​ទៅ​កាន់​ទីផ្សារ​របស់​សហគមន៍​អ៊ឺ​រ៉ុ​ប​ និង​សហរដ្ឋអាមេរិក​ ក៏​ដូច​ជា​លំហូរ​រ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​1

​នៅ​ត្រីមាស​ទី​ ៣​ ឆ្នាំ​ ២០២០​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ២១ គម្រោង​ ដែល​បាន​ថយ​ចុះ​ចំនួន​ ២៨​ គម្រោង​វិនិយោគ​។​ ទោះជា​យ៉ាងណា​ក្តី​ ទុន​វិនិយោគ​មាន​ទំហំ​ ៣,៦​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ឬ​កើនឡើង​ ២២០,៧%​ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​ក្នុង​នេះ​ភាគច្រើន​នៃ​ទុន​វិនិយោគ​មានការ​កើនឡើង​ទៅ​លើ​ការ​សាងសង់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ធំៗ​។​​2 ក្នុង​ចំណោម​គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​កំឡុង​ឆ្នាំ​ ១៩៩៤-២០១៩​ ប្រទេស​ចិន​បាន​កាន់កាប់​នូវ​ចំណែក​ធំ​ជាងគេ​ដែល​មាន​ចំនួន​ប្រមាណ​ជា​ ២១,៨%​។​ គម្រោង​វិនិយោគ​ទាំងនោះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ផលិតផល​កសិឧស្សាហកម្ម​ ដូច​ជា​កៅស៊ូ​ ក៏​ដូច​ជា​ទៅ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​។​3 នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៥​ ដល់​ឆ្នាំ​ ២០១៨​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​លើ​ពិភពលោក​ ក៏​ដោយសារ​អត្រាកំណើន​សេដ្ឋកិច្ច​ជា​មធ្យម​របស់​ខ្លួន​ក្នុង​រង្វង់​ ៧,៧%​។​4

​រូបភាព​អាគារដែលកំពុងសាងសង់មួយក្នុងទីក្រុងភ្នំពេញ។​ រូបថត​ដោយ៖ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ, ថតនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាប័ណ្ណ CC BY-SA 4.0.

​កំណើន​ឡើង​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ (FDI)​ មាន​កម្រិត​ទ្វេ​ដង​នៅ​ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​ ជាក់ស្តែង​ចំណែក​របស់​វិនិយោគ​ផ្ទាល់​ពី​បរទេស​គិត​ជា​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​កើនឡើង​ពី​ ៧,៨%​ ក្នុង​ឆ្នាំ​ ២០០៨​ ដល់​ ១៣,១%​ ក្នុង​ឆ្នាំ​ ២០១៨​ ដែល​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​យ៉ាង​ខ្លាំង​ នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ថៃ​ (១,១%)​ និង​ប្រទេស​វៀតណាម​ (៦,១%)​ ជាដើម​។5 ក្រាប​ខាងក្រោម​បង្ហាញ​ពី​លំហូរ​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ចំណែក​ភាគរយ​របស់​វា​ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​ (ផសស) ពី​ឆ្នាំ​ ២០០០​ ដល់​ ២០១៩​។​

​អង្គភាព​ទទួល​បន្ទុក​ការ​វិនិយោគ​

នៅ​ឆ្នាំ​ ១៩៩៤​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទទួលខុសត្រូវ​លើ​ការ​អភិវឌ្ឍ​ និង​ការ​គ្រប់គ្រង​កិច្ចការ​ការ​វិនិយោគ​។​6 ការ​បង្កើត​ CDC​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​កំណែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ការ​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​។​ CDC​ គឺជា​ស្ថាប័ន​ប្រតិបត្ដិ​របស់​រាជរដ្ឋាភិបាល​ដែល​អង្គភាព​គ្រប់គ្រង​របស់​ខ្លួន​ត្រូវ​បាន​យក​ចេញពី​គណៈរដ្ឋមន្ត្រី​។​ CDC​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​ចំនួន​ពីរ​ គឺ​ក្រុមប្រឹក្សា​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​ (CRDB)​ និង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​ (CIB)​។​ CRDB​ ធ្វើការ​លើ​ការ​វិនិយោគសាធារណៈ​ និង​ការ​សម្របសម្រួល​ជំនួយ​អន្តរជាតិ​ ខណៈ​ដែល​ CIB​ មាន​អាណត្តិ​ទំនួល​ខុស​ត្រូវ​ទាក់ទង​នឹង​ការ​វិនិយោគឯកជន​។​7

CDC​ ក៏​ដើរតួ​ជា​លេខាធិការដ្ឋាន​នៃ​វេទិកា​វិស័យ​ឯកជន​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ (G-PSF)​ ។​ G-PSF​ គឺជា​យន្តការ​ពិគ្រោះ​យោបល់​រវាង​រដ្ឋ​ និង​វិស័យ​ឯកជន​ដែល​ដើរតួ​នាទី​ជា​អ្នកសម្របសម្រួល​សម្រាប់​ការ​សន្ទនា​នៅ​រវាង​ និង​ក្នុង​ចំណោម​ក្រុមការងារ​រដ្ឋាភិបាល​ និង​ឯកជន​ចំនួន​ ១០​។​ G-PSF​ ក៏​ដើរតួ​ជា​វេទិកា​មួយ​ដែល​វិស័យ​ឯកជន​អាច​ធ្វើការ​បញ្ចេញ​មតិយោបល់​ និង​ផ្តល់​អនុសាសន៍​ផ្សេងៗ​ដល់​រដ្ឋាភិបាល​។​8

​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

​ជា​ទូទៅ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​កម្លាំង​ជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សង្គម​ទាំង​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​ និង​កំពុង​អភិវឌ្ឍន៍​ដូច​គ្នា​។​ ជាក់ស្តែង​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ FDI​។​ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្លាំង​ ចាប់ពី​ដើម​ទស​វត្ស​ឆ្នាំ​ ២០០០​ មក​ដោយសារ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ស្ថេ​រ​ភាព​នយោបាយ​ និង​ការ​បើកចំហ​ទីផ្សារ​ ក៏​ដូច​ជា​ឥទ្ធិពល​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​។​9 បរិយាកាស​អំណោយផល​ទាំងនេះ​បាន​ផ្តល់​មក​នូវ​ឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន​មក​លើ​ប្រទេស​កម្ពុជា​។​10

ជា​ការ​ពិត​ណាស់​ FDI​ គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​លំហូរ​ចូល​យ៉ាងច្រើន​នៃ​មូលធនហិរញ្ញវត្ថុ​មក​ក្នុង​ប្រទេស​កម្ពុជា​។​11 យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា​ លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ឆ្នាំ​ ២០១៩​ បាន​កើនឡើង​ ១២%​ ដែល​ស្មើនឹង​ ៣,៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ខណៈ​លំហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​ ២,៣​ ពាន់​លាន​ដុល្លារ​បាន​ចូល​ទៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​ ក្នុង​នោះ​ប្រទេស​ចិន​នៅ​តែ​មាន​ចំណែក​ធំ​បំផុត​នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដោយ​មាន​ចំនួន​ ៤៣%​ បន្ទាប់​មក​គឺ​កូរ៉េ​ខាងត្បូង​ចំនួន​ ១១%,​ វៀតណាម​ចំនួន​ ៧%,​ ជប៉ុន​ និង​សិង្ហ​បុរី​ចំនួន​ ៦%​ ដូច​គ្នា​។​12 លំហូរ​មូលធន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ភាគច្រើន​បណ្តាល​មក​ពី​ការ​វិនិយោគ​ដ៏​រឹង​មាំ​នៅ​ក្នុង​វិស័យ​ផលិតកម្ម​ និង​សេវាកម្ម​។​13

​និន្នាការ​នៃ​ការ​វិនិយោគ​

​ទិន្នន័យ​ខាងក្រោម​នេះ​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​វិនិយោគ​ចាប់ពី​ឆ្នាំ​ ២០១២​ ដល់​ឆ្នាំ​ ២០១៦​ សម្រាប់​គម្រោង​វិនិយោគ​មានគុណ​វុឌ្ឍិ​ធំៗ​ (QIPs)​ ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​វិស័យ​ទាំង​ពីរ​នេះ​បូក​សរុប​មាន​ចំនួន​ ៧២%​ នៃ​ការ​វិនិយោគ​សរុប​។​ ទិន្នន័យ​នេះ​មិន​រាប់​បញ្ចូល​ការ​វិនិយោគ​ទាំងឡាយ​ណា​ដែល​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​លើកទឹកចិត្ត​ដូច​ជា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​សំណង់​ជាដើម​។​14 តារាង​ខាងក្រោម​បង្ហាញ​ពី​និន្នាការ​វិនិយោគ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​ ២០១២​ ដល់​ ២០១៦​។

និន្នាការ​វិនិយោគ​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​ ២០១២​ ដល់​ ២០១៦​ (​គិត​ជា​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​)

 ២០១២២០១៣២០១៤២០១៥២០១៦២០១២-២០១៦

កសិកម្ម

៥៥៦.៦០

១,១២៨.៨០

២៦៤.៧០

៤៨២.៦០

៤៧៨.៣០

២,៩១១.០០

ឧស្សាហកម្ម

១,៤៨៩.៧០

១,១០៦.៧០

២,៨៣៥.៦០

៩១៩.៣០

១,១៨៦.៣០

៧,៥៣៧.៦០

ហេដ្ឋារចនាសម្ព័ន្ធ​

២២៧.៨០

២,៦២០.៨០

៣៥៣.៥០

៣,១២៩.៨០

៥៤៤.៣០

៦,៨៧៦.២០

ទេសចរណ៍​

៦៩១.៥០

១០៦.០០

៤៧៩.៦០

១១១.៩០

១,៤០០.៨០

២,៧៨៩.៨០

សរុប

២,៩៦៥.៦០

៤,៩៦២.៣០

៣,៩៣៣.៤០

៤,៦៤៣.៦០

៣,៦០៩.៧០

២០,១១៤.៦០

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចំណែក​មូលធនវិនិយោគ​សរុប​កើនឡើង​ទ្វេ​ដង​ចាប់ពី​ឆ្នាំ​ ២០១២​ ដល់​ឆ្នាំ​ ២០១៦​ ខណៈ​ចំណែក​នៃ​ការ​វិនិយោគ​ទៅ​ក្នុង​ឧស្សាហកម្ម​ថយ​ចុះ​។​ នៅ​ឆ្នាំ​ ២០១៦​ ៣៩%​ នៃ​ការ​វិនិយោគ​ត្រូវ​បាន​តម្រង់​ទិស​ដៅ​ទៅ​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​បាន​កើនឡើង​ ១៦%​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១២​។​15 ក្នុង​ឆ្នាំ​ ២០១៦​ វិស័យ​សេវាកម្ម​បាន​នាំមុខ​ក្នុង​ការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​វិស័យ​សំណង់​ និង​ទេសចរណ៍​មានការ​កើនឡើង​។​16

​ខណៈ​នៅ​ឆ្នាំ​ ២០១៩​ ការ​វិនិយោគ​ភាគច្រើន​ផ្តោត​លើ​វិស័យ​ឧស្សាហកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​ នៅ​ពេល​បូក​បញ្ចូល​គ្នា​ទាំង​ពីរ​នេះ​វា​មាន​ចំនួន​ ៥៣%​ នៃ​ការ​វិនិយោគ​សរុប​ក្នុង​កំឡុង​ឆ្នាំ​ ២០១៥​ ដល់​ឆ្នាំ​ ២០១៩​ ដែល​បន្ទាប់​មក​ជា​វិស័យ​ទេសចរណ៍​មាន​ចំនួន​ ៤១%​ និង​កសិកម្ម​មាន​ ៦%​។17​ គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ ដូច​ជា​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋា​ន​បាន​បន្ត​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាងច្រើន​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ គេ​ក៏​ឃើញ​មានការ​រីក​ចម្រើន​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​កមន្តសាល​ដូច​ជា​រោងចក្រ​កាត់ដេរ​ សម្លៀក​បំពាក់​ និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ ក៏​ដូច​ជា​រោងចក្រ​កែ​ច្នៃ​ក​សិ​-​ឧស្សាហកម្ម​ជាដើម​។​18

ទាក់ទងនឹងការវិនិយោគ

ឯកសារយោង

  1. 1. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) «យុទ្ធសាស្ត្រនៃភាពជាដៃគូប្រទេសកម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៩-២០២៣», ខែតុលា ឆ្នាំ ២០១៩។ បានចូលអាននៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១។
  2. 2. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ព្រឹត្តិប័ត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ៣ ឆ្នាំ២០២០», ខែតុលា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១។
  3. 3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) «និន្នាការនៃការវិនិយោគនៅកម្ពុជា», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  4. 4. ធនាគារពិភពលោក «ទស្សនៈទានធនាគារពិភពលោកស្តីពីកម្ពុជា៖ ទិដ្ឋភាពទូទៅ», ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  5. 5. ធនាគារពិភពលោក «ចំណែករបស់វិនិយោគផ្ទាល់ពីបរទេសទៅលើផលិតផលក្នុងស្រុកសរុបពីឆ្នាំ ២០០០ ដល់ ២០១៩ គិតជា (%)», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។
  6. 6. សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) «មគ្គុទេសក៍ការវិនិយោគនៃប្រទេសកម្ពុជា៖ ឱកាសនិងលក្ខខណ្ឌនានា», ខែ កញ្ញា ឆ្នាំ២០០៣។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  7. 7. រាជរដ្ឋាភិបាលកម្ពុជា «អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) », ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០០១។ បានចូលអាននៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១។
  8. 8. ក្រសួងការបរទេសសហរដ្ឋអាមេរិក «របាយការណ៍ស្ថិតិវិនិយោគឆ្នាំ ២០២០៖ ប្រទេសកម្ពុជា», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  9. 9. សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) «របាយការណ៍វិនិយោគពិភពលោកឆ្នាំ ២០២០», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  10. 10. សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) «មគ្គុទេសក៍ការវិនិយោគនៃប្រទេសកម្ពុជា៖ ឱកាសនិងលក្ខខណ្ឌនានា», ខែ កញ្ញា ឆ្នាំ២០០៣។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  11. 11. Cuyvers និងអ្នកនិពន្ធផ្សេងទៀត «ឥទ្ធិពលនូវផលិតភាពដែលមានពីការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យផលិតកម្មនៅកម្ពុជា៖ ភ័ស្តុតាងពីទិន្នន័យកម្រិតគ្រឹះស្ថាន», ខែមីនា ឆ្នាំ២០០៨។ បានចូលអាននៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១។
  12. 12. ធនាគារជាតិនៃកម្ពុជា «ការអភិវឌ្ឍវិស័យម៉ាក្រូសេដ្ឋកិច្ច និងធនាគារនៅឆ្នាំ ២០១៩ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២០», ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  13. 13. សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) «របាយការណ៍វិនិយោគពិភពលោកឆ្នាំ ២០២០៖ តារាងទិន្នន័យវិនិយោគនៅកម្ពុជា», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  14. 14. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) «គម្រោងវិនិយោគ៖ នីតិវិធីនៃការដាក់ពាក្យស្នើសុំវិនិយោគ», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  15. 15. ស៊ុន ចាន់ថុល «ទស្សនៈទានស្តីពីការវិនិយោគនៅកម្ពុជា», ឆ្នាំ ២០១៥។ បានចូលអាននៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១។
  16. 16. ក្រុមហ៊ុនប្រឹក្សាយោបល់អំពីទីផ្សារ (EMC) «សេចក្តីសង្ខេបពីសេដ្ឋកិច្ចកម្ពុជានៅក្នុងក្រាបតាង», ឆ្នាំ ២០១៧។ បានចូលអាននៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២១។
  17. 17. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) «និន្នាការនៃការវិនិយោគនៅកម្ពុជា», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
  18. 18. ក្រសួងការបរទេសសហរដ្ឋអាមេរិក «របាយការណ៍ស្ថិតិវិនិយោគឆ្នាំ ២០២០៖ ប្រទេសកម្ពុជា», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PUVam
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!