វិមជ្ឈការ និងវិសហមជ្ឈការ

វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ កំណែទម្រង់​ “​ចេញពី​ឆ​ន្ទះ​”​1  ដែល ​រដ្ឋាភិបាល​ជាតិ ធ្វើការ​ផ្ទេរអំណាច​ ជា​ដំណាក់ៗ​ ទាំង​អំណាច​ហិរញ្ញវត្ថុ​ ឬ​អំណាច​រដ្ឋបាល​ ទៅ​ឱ្យ​ រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​គ្រប់គ្រង​កិច្ចការ​ក្នុង​តំបន់​របស់​គេ​។​

ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic

ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0

កំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​នេះ​ បាន​ចាប់ផ្តើម​ឡើង​ពី​រដ្ឋបាល​ដែនដី​ថ្នាក់ទាប​បំផុត​ ឃុំ​-​សង្កាត់​ ទៅ​រដ្ឋបាល​ដែនដី​ខ្ពស់​បំផុត​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ និង​ខណ្ឌ​។​ វឌ្ឍនភាព​នៃ​កំណែទម្រង់​នេះ​ ត្រូវ​បាន​គូសបញ្ជាក់​ជាមួយនឹង​ ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​ នៅ​ឆ្នាំ​២០០៨​។​

កំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​នៅ​រដ្ឋបាល​មូលដ្ឋាន​ គឺជា​លទ្ធផល​នៃ​ប្រវត្តិ​ជោគជ័យ​ពី​ការ​អនុវត្ត​គម្រោង​ល្បី​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ “​សីលា​”​។​ ចាប់ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​២០០០​ គម្រោង​នេះ​ ត្រូវ​បាន​យក​ទៅ​អនុវត្ត​នៅ​តាម​បណ្តា​ឃុំ​-​សង្កាត់​ខ្លះ​ នៅ​ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន​ សំដៅ​ដោះស្រាយ​តម្រូវការ​នៅ​តាម​ទី​ជនបទ​ដោយ​ប្រសិទ្ធិ​ភាព​ ដោយ​ការ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​មូលដ្ឋាន​ នូវ​ធនធាន​ហិរញ្ញវត្ថុ​ និង​អំណាច​ធ្វើ​សេចក្តី​សម្រេចចិត្ត​។​2  ជា​លទ្ធផល​ គម្រោង​សាកល្បង​នេះ​ បាន​បើកផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់​ និង ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​ឆ្នាំ​២០០២​ និង​ឆ្នាំ​២០០៨​ តាម​លំដាប់លំដោយ​។​3   

នៅ​ខែ​ ឧសភា​ ឆ្នាំ​២០០១​ គណៈកម្មាធិការ​ជាតិ​សម្រាប់​គាំទ្រ​ឃុំ​/​សង្កាត់​ ត្រូវ​បាន​បង្កើត​ ឡើង​។​4  គណៈកម្មាធិការ​នេះ​ ជួយ​ឃុំ​-​សង្កាត់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​រដ្ឋបាល​ឃុំ​-​សង្កាត់​ និង​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ជា​អង្គ​នីតិប្រតិបត្តិ​ អំពី​ការ​រៀបចំ​ និង​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ​។​5   ទើបតែ​មក​ដល់​ឆ្នាំ​២០០៨​ ប៉ុណ្ណោះ​ បន្ទាប់​ពី​កំណែទម្រង់​វិមជ្ឈការ​ត្រូវ​បាន​ពង្រីក​វិសាលភាព​ទៅ​ដល់​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​អនុវត្ត​ច្បាប់​ និង​គោលនយោបាយ​ស្តី​ពី​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ នៅ​គ្រប់​កំរិត​នៃ​រដ្ឋបាល​មូលដ្ឋាន​។6​  

នៅ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ រាជរដ្ឋាភិបាល​ និង​ក្រសួង​ បាន​និង​កំពុង​ផ្ទេរសិទ្ធិ​អំណាច​ខាង​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ ទៅ​រដ្ឋបាល​មូលដ្ឋាន​។​ នៅ​រៀង​រាល់​ ៥​ឆ្នាំ​ ធនធាន​មក​ពី​ថវិកាជាតិ​ ត្រូវ​បាន​ផ្ទេរ​ទៅ​មូលនិធិ​ឃុំ​-​សង្កាត់​ និង​មូលនិធិ​ក្រុង​-​ស្រុក​។7​   នៅ​ឆ្នាំ​២០១០​ ក្រសួងពាណិជ្ជកម្ម​ បាន​ផ្ទេរ​ភារកិច្ច​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ទៅ​ក្រុង​ និង​ស្រុក​គោលដៅ​ នៅ​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​ សម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​សេវាកម្ម​។​8  នៅ​ពេល​ថ្មីៗ​នេះ​ នៅ​ខែមីនា​ ឆ្នាំ​២០១៥​ ក្រសួងសុខាភិបាល​ បាន​ផ្ទេរ​ភារកិច្ច​នៅ​ក្នុង​វិស័យ​សុខាភិបាល​ ទៅ​ក្រុង​និង​ស្រុក​ នៅ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​។​9    បួន​ខែ​ក្រោយមក​ ក្រសួងមហាផ្ទៃ​ បាន​ផ្ទេរ​ភារកិច្ច​របស់​ក្រសួង​ នៅ​ក្នុង​ការ​ប្រមូល​ចំណូល​បាន​មក​ពី​សេវា​សាធារណៈ​លើ​កិច្ចការ​ស្ថិតិ​ប្រជាពលរដ្ឋ​ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ និង​ខេត្ត​ នៅ​តាម​បណ្តា​រាជធានី​ និង​ខេត្ត​។10​   

​ច្រក​ចេញចូល​តែ​មួយ​“​ ដែល​ជា​យន្តការ​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា​ ត្រូវ​បាន​នាំ​យក​ទៅ​អនុវត្ត​មុខងារ​ខាង​សេវា​រដ្ឋបាល​មួយ​ចំនួន​ដែល​បានការ​ផ្ទេរ​អាណត្តិ​ពី​រាជរដ្ឋាភិបាល​ និង​ក្រសួង​។11​   ហេតុនេះ​ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​  ត្រូវ​បាន​បង្កើត​ឡើង​នៅ​គ្រប់​សាលាស្រុក​-​ខណ្ឌ​ ដែល​ជាទី​កន្លែង​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ឯកសារ​សំណុំ​បែបបទ​គ្រប់​ប្រភេទ​ និង​ព័ត៌មាន​ពេញលេញ​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ បន្ទុក​សេវា​ និង​ តម្លៃ​ពាក់ព័ន្ធ​នៅ​គ្រប់​វិស័យ​។​12  ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ការិយាល័យ​ស៊ើបអង្កេត​ទទួល​ពាក្យបណ្តឹង​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ទទួល​បណ្តឹង​ និង​ផ្តល់​ព័ត៌មាន​ភាព​មិន​ប្រក្រតី​ និង​ភាព​ខ្វះខាត​ ប្រព្រឹត្ត​ដោយ​បុគ្គលិក​នៃ​រដ្ឋបាល​ស្រុក​-​ខណ្ឌ​ពាក់ព័ន្ធ​ ចំពោះ​អ្នក​ទទួល​សេវា​សាធារណៈ​។13​   

បើ​ទោះជា​មា​នវ​ឌ្ឍ​ភាព​នៃ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ គួរ​ជាទី​កត់សម្គាល់​យ៉ាងណា​ សេចក្តី​ព្រួយបារម្ភ​នៅ​តែ​មាន​។​ ការ​ចូលរួម​តិចតួច​ពី​ប្រជាជន​ កង្វះ​សមត្ថភាព​រដ្ឋបាល​ សមត្ថភាព​យែ​ន​ឌ័​រ​មាន​កំរិត​ ហិរញ្ញវត្ថុ​មិន​គ្រប់គ្រាន់​ និង​អវត្តមាន​នៃ​ពហុភាព​ នៅ​តាម​ភូមិ​ គឺជា​អ្វី​ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គិត​ថា​អាច​ធ្វើ​ ឱ្យ​ប៉ះពាល់​ដល់​ផ្លែផ្កា​ពេញលេញ​នៃ​កំណែទម្រង់​នេះ​ នៅ​ប្រទេស​កម្ពុជា​។​14 

ទាក់ទងនឹងវិមជ្ឈការ និងវិសហមជ្ឈការ 

 បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

 • 1. Joakim Öjendal & គិម សេដារ៉ា. “តើជាប្រជាធិបតេយ្យូបនីយកម្ម ពិតប្រាកដទេ? ការពិនិត្យលើបទ ពិសោធន៍អំពីសក្តានុពលនៃកំណែទម្រង់វិមជ្ឈការ.” មជ្ឈមណ្ឌលអន្តរជាតិដើម្បីប្រជាធិបតេយ្យមូលដ្ឋាន (ICLD) ឯកសារលេខ ០៩ (ឆ្នាំ២០១១): ទំព័រ ១-២។ ចូលអាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៥។ http://gup.ub.gu.se/publication/136755-real-democratization-in-cambodia-an-empirical-review-of-the-potential-of-a-decentralisation-reform
 • 2. បុគ្គលិកសារព័ត៌មានភ្នំពេញប៉ុស្តិ៍. “សីលា ផ្តល់ឱកាសឱ្យប្រជាជនដឹកនាំខ្លួនឯង.” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០០០។ ចូលអាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.phnompenhpost.com/national/seila-seeks-give-people-selfgovernment . សម្រាប់សិក្សាបន្ថែម Henny Andersen. យន្តការវិមជ្ឈការឈ្ពោះទៅការអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ. ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និង អភិវឌ្ឍន៍: ឆ្នាំ២០០៤។ ចូលអាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៥។ http://documents.worldbank.org/curated/en/990781468231553040/Cambodias-Seila-program-a-decentralized-approach-to-rural-development-and-poverty-reduction
 • 3. ខុមហ្វ្រែល. ការវាយតម្លៃវិមជ្ឈការនៅកម្ពុជា ដំណាក់កាលទី២: ការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ និងការចូលរួមរបស់ប្រជាពលរដ្ឋ ឆ្នាំ២០០៧-ឆ្នាំ២០១២. រាជធានីភ្នំពេញ: ខែកុម្ភៈ ឆ្នាំ២០១៣ ទំព័រ៣។ ចូលអាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៥។https://comfrel.org/wp-content/uploads/2014/05/909290Final_Report_of_the_Second_Term_of_D_D_Khmer.pdf
 • 4. ព្រះរាជក្រឹត្យ លេខ នស/រកម/០៥០១/១៧៥ ស្តីពីការបង្កើតគណៈកម្មាធិការជាតិគាំទ្រឃុំ-សង្កាត់ ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០០១។
 • 5. ដូចខាងដើម មាត្រា៣។
 • 6. ព្រះរាជក្រឹត្យ លេខ នស/រកម/១២០៨/១៤២៩ ស្តីពីការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៨។ ព្រះរាជក្រឹត្យ លេខ នស/រកម/ ១០១៤/១១៧៤ ស្តីពីកែរសម្រួលនិងបន្ថែមសមាសភាពថ្មី នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចុះថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៤។
 • 7. អនុក្រឹត្យ លេខ ៤៥៦ ស្តីពីការផ្ទេរធនធានពីថវិកាជាតិ ទៅមូលនិធិឃុំ-សង្កាត់ ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣។ អនុក្រឹត្យ លេខ ៣៤២ ស្តីពីការផ្ទេរធនធាន ពីថវិកាជាតិ ទៅមូលនិធិក្រុង-ស្រុក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤។
 • 8. ប្រកាស ក្រសួងពាណិជ្ជកម្ម លេខ១៦៨/២០១០ ស្តីពីការធ្វើប្រតិភូកម្មកិច្ចការពាណិជ្ជកម្មទៅទីក្រុង និងស្រុកគោលដៅ ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១០។
 • 9. ប្រកាស ក្រសួងសុខាភិបាល លេខ០៧៧ ស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងវិស័យសុខាភិបាល ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥។
 • 10. ប្រកាស ក្រសួងមហាផ្ទៃ លេខ៦០៤៩ ស្តីពីការធ្វើប្រតិភូកម្មមុខងារសេវាសាធារណៈ និងអត្ថប្រយោជន៍ស្តីពីស្ថិតិប្រជាពលរដ្ឋ ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥។
 • 11. សេចក្តីសម្រេច នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លេខ ១២ សសរ ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យស៊ើបអង្កេតទទួលពាក្យបណ្តឹង នៅថ្នាក់ស្រុក-ខណ្ឌ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០០៨។
 • 12. ដូចខាងដើម, មាត្រា២។
 • 13. ដូចខាងដើម, មាត្រា៣។
 • 14. ដូចខាងដើម ត្រង់កំណត់យោងទី១ Joakim Öjendal & គិម សេដារ៉ា ទំព័រ១៤។ ដូចខាងដើម ត្រង់កំណត់យោងទី៣ ខុមហ្វ្រែល ទំព័រ២៦។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yEH4k
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!