ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

បឹងកក់។ រូបថត ថតដោយ Angel Garcia Vicente។ ក្រោមអាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-NoDerivs 2.0.

បឹងកក់។ រូបថត ថតដោយ Angel Garcia Vicente កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៩។ ក្រោមអាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-NoDerivs 2.0.

ក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ រដ្ឋ​ទទួលខុសត្រូវ​លើ​ការ​ការពារ​ សិទ្ធិ​កម្មសិទ្ធិឯកជន ។​ បុគ្គល​ម្នាក់​ អាច​នឹង​ត្រូវ​ដកហូត​សិទ្ធិកម្មសិទ្ធិ​ លុះណាតែ​ ការ​ដកហូត​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ និង​បន្ទាប់​ពី​បាន​ទទួល​ការ​បង់ថ្លៃ​លើ​សំណង​ដោយ​សមរម្យ​ និង​យុត្តិធម៌​ ។1​ ភស្តុ​តាង​ជាក់ស្តែង​បំផុត​នៃ​កម្មសិទ្ធិ​ គឺ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​ជា​ម្ចាស់​ដី​ នៅ​តែ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​ផ្លូវការ​ និង​ពឹងផ្អែក​លើ​ “​ប្លង់​ទន់​”​ ជំនួស​វិញ​។​ នៅ​ពេល​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ផ្លូវការ​ ម្ចាស់​ដី​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​នៃ​ជម្លោះដីធ្លី​។​ នៅ​ឆ្នាំ​ ២០១៤​ អង្គការ​លី​កាដូ​ បាន​រាយការណ៍​ថា​ ប្រជាជន​ជិត​ ៥០.០០០​ នាក់​ បាន​ពាក់ព័ន្ធ​ក្នុង​ជម្លោះដីធ្លី​។2​​​រដ្ឋាភិបាល​បដិសេធ​ តួលេខ​ទាំងនេះ​ ដោយ​អះអាង​ថា​ មាន​ជម្លោះដីធ្លី​តែ​ ៧៥០​ករណី​ ប៉ុណ្ណោះ​ នៅ​ឆ្នាំ​២០១៤​ ។​3 អ្នក​សិក្សា​ស្រាវជ្រាវ​ រាយការណ៍​ថា​ ប្រជាពលរដ្ឋ​ក្រីក្រ​ អ្នក​ទទួល​ការ​អប់រំ​តិចតួច​ សហគមន៍​ជនជាតិ​ដើម​ និង​ស្ត្រី​ គឺ​ទំនងជា​ស្ថិត​ក្នុង​ក្រុម​នៃ​បុគ្គល​ងាយ​រង​គ្រោះ​ពី​អសន្តិសុខ​កម្ម​សិ​ទ្ធី​ដីធ្លី​បំផុត​។​​4

ក្របខ័ណ្ឌគិត​យុត្តិ

សិទ្ធិ​ទទួល​បាន​អចលនវត្ថុ​ឯកជន​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣​ ប៉ុន្តែ​ក្របខ័ណ្ឌ​គ្របដណ្តប់​លើ​សិទ្ធិ​ទាំងនោះ​មិន​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ទេ​ រហូត​ដល់​ការ​អនុម័ត​ច្បាប់​ភូមិ​ បាល​ឆ្នាំ​ ២០០១​។​ ក្នុង​គោលបំណង​ចុះបញ្ជី​ដីធ្លី​ទាំងអស់​ជា​ប្លង់​រឹង​ដែល​មានការ​ទទួលស្គាល់​ថ្នាក់​ជាតិ​ ជា​លទ្ធផល​ កម្ពុជា​មាន​ប្រព័ន្ធ​កម្មសិទ្ធិ​ដីធ្លី​ពីរ​ ដែល​មាន​ទាំង​ប្លង់​ “​ទន់​”​ និង​ប្លង់​ “​រឹង​”​ ។​ ប្លង់​ទន់​ គឺ​សម្រាប់​សិទ្ធិ​ដីធ្លី​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​ ឬ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ឬ​ស្រុក​។​ នៅ​ក្រោម​ក្របខ័ណ្ឌ​ច្បាប់​ភូមិបាល​ ឆ្នាំ​ ២០០១​ ប្លង់​ទន់​មិន​ផ្តល់​សិទ្ធិកម្មសិទ្ធិ​ស្របច្បាប់​ឡើយ​។​ ប៉ុន្តែ​វា​ជា​ការ​ទទួលស្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​។5

​អ្នកកាន់កាប់​ដី​ ដែល​មិន​មាន​ប្លង់​រឹង​ អាច​មាន​សិទ្ធិ​លើ​ដីធ្លី​នោះ​ ក្នុង​នាម​ជា​ភោគី​ស្របច្បាប់​។​ ភោគៈ​ស្របច្បាប់​ គឺ​គ្រាន់តែ​ជា​សិទ្ធិ​បណ្តោះអាសន្ន​ ដែល​ភោគី​មាន​សិទ្ធិ​ស្រ​ដៀង​គ្នា​នឹង​ម្ចាស់​កម្មសិទ្ធិករ​ដែរ​។​6 ភោគី​ អាច​ផាត់​ចេញ​ ផ្ទេរ​ សាងសង់​ កែ​លម្អ​រចនាសម្ព័ន្ធ​ និង​ប្រើប្រាស់​ដីធ្លី​សម្រាប់​ដាក់​ធានា​។​ យោង​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ បុគ្គល​ទាំងឡាយ​ណា​ដែល​ចាប់​កាន់កាប់​ដី​ មុន​ការ​អនុម័ត​លើ​ច្បាប់​នេះ​ អាច​មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ ដរាបណា​ការ​កាន់កាប់​នោះ​បំពេញ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​។​ ម្ចាស់​ដី​ត្រូវ​បញ្ជាក់​ថា​ ការ​កាន់កាប់​នោះ​គឺ​ ៖​ ពិតប្រាកដ​ គ្មាន​ហិង្សា​ ដឹង​ឮជា​សាធារណៈ​ គ្មាន​អាក់ខាន​ និង​ដោយ​សុចរិត​ ។7​ យ៉ាងនេះ​ក្តី​ រាល់​ការ​កាន់កាប់​ដែល​ចាប់ផ្តើម​បន្ទាប់​ពី​ច្បាប់​ភូមិបាល​ត្រូវ​បាន​អនុម័ត​នៅ​ខែ​ សីហា​ ឆ្នាំ​ ២០០១​ គឺ​មិន​ស្របច្បាប់​ឡើយ​ ។​8 អ្នកទិញ​បន្តបន្ទាប់​ មាន​សិទ្ធិ​កាន់កាប់​ដូច​ភោគី​ដើម​ ប្រសិនបើ​ពួក​គេ​អាច​បង្ហាញ​ឯកសារ​បញ្ជាក់​ពី​ការ​កាន់កាប់​មុន​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​។​9 សិទ្ធិ​កាន់កាប់​ស្របច្បាប់​ មិន​រាប់​បញ្ចូល​ដី​សាធារណៈរដ្ឋ​ឡើយ​ ។10​ ប្រសិនបើ​ការ​កាន់កាប់​បំពេញ​តាម​លក្ខខណ្ឌ​ខាងលើ​ ម្ចាស់​ដី​មាន​សិទ្ធិ​ស្នើ​សុំ​ប្លង់​រឹង​។​

ការ​មាន​ប្លង់​រឹង​ ជា​វិធី​តែ​មួយ​គត់​ដែល​ម្ចាស់​ដី​អាច​ទទួល​បាន​សិទ្ធិកម្មសិទ្ធិ​លើ​អចលនវត្ថុ​។​ ដី​ដែល​មាន​ប្លង់​រឹង​ត្រូវ​បាន​ចុះបញ្ជី​នៅ​ថ្នាក់​ជាតិ​ តាម​រយៈ​យន្តការ​ចុះបញ្ជី​មួយ​ក្នុង​ចំណោម​យន្តការ​បី​។​ ការ​ទទួល​បានការ​ទទួលស្គាល់​ផ្លូវការ​លើ​កម្មសិទ្ធិ​ជា​ប្រការ​សំខាន់​ ព្រោះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​ជម្លោះដីធ្លី​ និង​ការពារ​ម្ចាស់​ដី​ពី​ការ​បាត់បង់​អចលនវត្ថុ​របស់​ខ្លួន​ ហើយ​ឯកសារ​នេះ​ គ៏​អាច​យក​ទៅ​ប្រើ​ក្នុង​តុលាការ​ជា​ភស្តុ​តាង​ក្នុង​ពេល​មាន​ជម្លោះ​។​ ក្រៅពី​នេះ​ ឯកសារ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ផ្តល់​ឲ្យ​ម្ចាស់​ដី​ នូវ​លទ្ធភាព​ទទួល​បាន​មូលធន​តាម​រយៈ​ការ​ដាក់​ធានា​ សម្រាប់​កម្ចី​ប្រាក់​ពី​ធនាគារ​។​ សេចក្តី​ព្រួយបារម្ភ​ លើ​បញ្ហា​ទាំងនេះ​ តែងតែ​ត្រូវ​បាន​លើក​ឡើង​ ជា​ពិសេស​បន្ទាប់​ពី​ ករណី​បឹង​កក់​ និង​កោះ​ពេជ្រ​ ដែល​ក្នុង​ករណី​ទាំង​ពីរ​នេះ​ ប្រជាជន​ ដែល​មាន​សិទ្ធិ​ស្របច្បាប់​លើ​ដី​ មិន​ទទួល​បាន​ឱកាស​វាយតម្លៃ​លើ​ សិទ្ធិ​កាន់កាប់​របស់​ពួក​គេ​ មុន​នឹង​ដី​របស់​ពួក​គេ​ត្រូវ​បាន​ដកហូត​។​ គួរ​កត់សម្គាល់​ផង​ដែរ​ថា​ ប្រជាជន​ដែល​មិន​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិករ​លើ​ដីធ្លី​ អាច​ជា​អ្នក​តាំង​ទីលំនៅ​ដោយ​មិន​ស្របច្បាប់​ សម្រាប់​ ហេតុផល​ជា​ច្រើន​ បើ​ទោះជា​ពួក​គេ​ជឿ​ថា​ ពួក​គេ​មានកម្ម​សិទ្ធិ​ ឬ​ការ​កាន់កាប់​ស្របច្បាប់​ក៏​ដោយ​។​

ផលប៉ះពាល់នៃការផ្តល់​ប័ណ្ណកម្មសិទ្ធិដីធ្លី

​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ ដំណើរការ​នៃ​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ នៅ​ប្រទេស​កម្ពុជា​ បាន​បង្កើត​ឱ្យ​មានការ​ប្រឈម​នឹង​ ការ​បណ្តេញចេញ​ដោយ​បង្ខំ​ សម្រាប់​ ប្រជាជន​ខ្លះ​ ជា​ពិសេស​ប្រជាជន​នៅ​ទីក្រុង​ និង​នៅ​តំបន់​ដី​មាន​តម្លៃ​។11ឧ​.​ នៅ​ភូមិ​ទំនប់​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ការ​ចុះបញ្ជី​ដីធ្លី​ឆ្នាំ​ ២០០៩​ ក្បាលដី​ចំនួន​ ៨០%​ នៅ​តែ​មិន​ទាន់​បាន​ទទួល​កម្មសិទ្ធិ​។12 យោង​ទៅ​តាម​ អង្គការសហប្រជាជាតិ​ នៅ​រវាង​ឆ្នាំ​១៩៩០​ និង​ឆ្នាំ​២០១២​ ប្រជាជន​ប្រមាណ​ជា​ ១២០,០០០​ នាក់​ នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បា​នប​ណេ្ត​ញ​ចេញពី​ដីធ្លី​ដោយ​បង្ខំ​ បើ​ទោះបី​គ្មាន​ទិន្នន័យ​ផ្លូវការ​ក៏​ដោយ​។13 ​ចំនួន​ជាក់លាក់​នៅ​ពេល​បច្ចុប្បន្ន​ មិន​ត្រូវ​បាន​គេ​ដឹង​ទេ​។​ ជាមួយ​គ្នា​នេះ​ អ្នក​សិក្សា​ស្រាវជ្រាវ​ បាន​រាយការណ៍​ថា​ ដំណើរការ​ផ្លូវការ​ស្តី​ពី​ការ​ផ្តល់​កម្មសិទ្ធិ​ បាន​បង្ក​ជា​អសន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កាន់កាប់​ប្លង់​ទន់​ ដែល​តែងតែ​ត្រូវ​បាន​បដិសេធ​ចោល​ នៅ​ពេល​អចលនវត្ថុ​មាន​តម្លៃ​ខ្ពស់​។14 ​ជាមួយ​គ្នា​នេះ​ សេចក្តី​ព្រួយបារម្ភ​ តែង​ធ្លាប់​ត្រូវ​បាន​លើក​ឡើង​ ជា​ពិសេស​នៅ​ក្រោយ​ពី​ករណី​បឹង​កក់​ និង​កោះ​ពេជ្រ​ ដែល​ក្នុង​នោះ​ ប្រជាជន​ដែល​កាន់កាប់​លើ​ដី​ស្របច្បាប់​ មិន​ទទួល​បាន​ឱកាស​វាយតម្លៃ​លើ​សិទ្ធិ​កាន់កាប់​របស់​ពួក​គេ​ មុន​នឹង​ដកហូត​ដី​របស់​ពួក​គេ​ទេ​។​15​ គួរ​កត់សម្គាល់​ផង​ដែរ​ថា​ ប្រជាជន​ ដែល​មិន​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិករ​ ឬ​ភោគី​លើ​ដី​ អាច​ជា​អ្នក​តាំង​ទីលំនៅ​ខុសច្បាប់​ បើ​ទោះបីជា​ពួក​គេ​ជឿជាក់​ថា​ ពួក​គេ​មានកម្ម​សិទ្ធិ​ ឬ​ការ​កាន់កាប់​ស្របច្បាប់​ក៏​ដោយ​។16

នៅ​ទី​ជនបទ​ អ្នក​សិក្សា​ស្រាវជ្រាវ​ រក​ឃើញ​ថា​ ដី​ដែល​មិន​បាន​ចុះបញ្ជី​ជាមួយនឹង​ប្រព័ន្ធ​ចុះបញ្ជី​ថ្នាក់​ជាតិ​ គឺ​ត្រូវ​ប្រឈម​នឹង​ការ​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ តាម​រយៈ​ សម្បទាន​ដី​ ។​17 បើ​ទោះជា​មានការ​ផ្អាក​លើ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ នៅ​ក្នុង​ឆ្នាំ​២០១២​ ជម្លោះដីធ្លី​ពាក់ព័ន្ធ​នឹង​អ្នក​ភូមិ​ និង​ម្ចាស់​សម្បទាន​ដី​សេដ្ឋកិច្ច​ នៅ​តែ​ បន្ត​រាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្ស​ព្ប​ផ្សាយ​។​18 ជាមួយគ្នានេះ បុគ្គល និងក្រមហ៊ុន ដែលមានសញ្ជាតិជាខ្មែរប៉ុណ្ណោះ ទើបអាចមានសិទ្ធិកម្មសិទ្ធិលើដី។ 19នៅ​ខែមិថុនា​ ឆ្នាំ​២០១៥​ អ្នក​ភូមិ​វៀតណាម​ នៅ​ក្នុង​ឃុំ​អរិយ​ក្សត្រ​ ក្នុង​ខេត្តកណ្តាល​ បាន​ចាក​ចេញពីផ្ទះ​សំបែង​របស់​ពួក​គេ​ មុន​ការ​កំណត់​ការ​បណ្តេញចេញ​ ដើម្បី​ជៀសវាង​ជម្លោះ​ហិង្សា​។​20

ការ​ចុះបញ្ជី​ដីធ្លី

ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ និង​ការ​ចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​

ការ​ចុះបញ្ជី​ដីធ្លី​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ (LASSP)​ របស់​ក្រសួង​រៀបចំ​ដែន​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​។​ មាន​ទម្រង់​ពីរ​នៃ​ការ​ចុះបញ្ជី​ដីធ្លី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ក្របខ័ណ្ឌគតិយុត្តិ​ ៖​ ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ និង​ការ​ចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​។​

​ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ជា​ដំណើរការ​ដែល​ស្រុក​ ឬ​ឃុំ​ទាំងមូល​ត្រូវ​បាន​កំណត់​សម្រាប់​ការ​វិនិច្ឆ័យ​។​ ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ចុះ​វាស់ដី​ និង​កំណត់ព្រំដែន​ក្បាលដី​ វាយតម្លៃ​ឯកសារ​កម្មសិទ្ធិ​ ពិនិត្យ​ឯកសារ​កាន់កាប់​ និង​ វិនិច្ឆ័យ​លើ​កម្មសិទ្ធិ​។​ អនុក្រឹត្យ​លេខ​ ៤៦​ ស្តី​ពី​នីតិវិធី​បង្កើត​ផែនទី​ស​ន្ទ​ស្សន៍​សុរិយោដី​ និង​ការ​ចុះបញ្ជី​ដីធ្លី​ បង្កើត​បានជា​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​។​ នៅ​ឆ្នាំ​ ២០១៤​ ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​បាន​ចុះបញ្ជី​ដី​ជាង​ ៣​ លាន​ក្បាលដី​ និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជាង​ ២.៥​ លាន​ ច្បាប់​។​21

ការ​ចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​ អាច​ធ្វើ​ឡើង​បាន​ ប៉ុន្តែ​មាន​តម្លៃ​ថ្លៃ​ ហើយ​ប្រជាជន​ភាគច្រើន​មិន​មាន​លទ្ធភាព​នោះ​ទេ​។​ នៅ​ត្រឹម​ឆ្នាំ​ ២០១៤​ ប័ណ្ណកម្មសិទ្ធិ​ ៦០៣.៣០២​ ត្រូវ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ តាម​រយៈ​ដំណើរការ​នេះ​ ។22

​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​បាន​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​ជា​ច្រើន​ក្នុង​ការ​បង្កើត​ក្របខ័ណ្ឌ​គិត​យុ​ត្តិ​ និង​ការ​បែងចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជាង​ ៣.៨​ លាន23​ ប៉ុន្តែ​កម្មវិធី​ចុះបញ្ជី​ដីធ្លី​បាន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​។​ នៅ​ឆ្នាំ​ ២០០៩​ ទាំង​សហគមន៍​ និង​ក្រុម​សង្គម​ស៊ី​វិល​បាន​ចាប់ផ្តើម​បង្ហាញ​ ក្តី​បារម្ភ​ ថា​ អ្នក​រស់នៅ​ក្នុង​តំបន់​មួយ​ចំនួន​ មិន​អាច​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឡើយ​ ទោះបីជា​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​វិនិច្ឆ័យ​ក៏​ដោយ​ ។24​ គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ គឺថា​ ម្ចាស់​ដី​ទាំងនោះ​ គឺជា​អ្នក​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់​។​ យ៉ាងនេះ​ក្តី​ ចំណុច​នេះ​តែង​ត្រូវ​បាន​ជំទាស់​ដោយ​ពលរដ្ឋ​ពាក់ព័ន្ធ​។​

​សង្គម​ស៊ី​វិល​នៅ​តែ​មាន​ក្តី​បារម្ភ​ថា​ តំបន់​មួយ​ចំនួន​នៅ​តែ​ត្រូវ​បាន​ផាត់​ចេញពី​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ ជា​ពិសេស​សហគមន៍​ដែល​ស្ថិត​ក្នុង​តំបន់​ដែល​ដី​មាន​ហាងឆេង​ ឬ​ដី​ត្រូវ​បាន​កំណត់​សម្រាប់​ការ​អភិវឌ្ឍ​ ។​25 បញ្ហា​មួយទៀត​ដែល​ត្រូវ​បាន​គូសបញ្ជាក់​ក្នុង​ការ​សិក្សា​វាយ​ត​ម្ល​ស​របស់​សង្គម​ស៊ី​វិល​ និង​ម្ចាស់​ជំនួយ​ជា​ច្រើន​ គឺ​ការ​ជួញដូរ​ដី​ចុះបញ្ជី​ ភាគច្រើន​ មិន​ត្រូវ​បាន​ចុះបញ្ជី​ជា​បន្តបន្ទាប់​។​ ចំណុច​នេះ​បាន​បង្ក​បញ្ហា​ជា​និរន្តរ​ ដោយសារ​តែ​ការ​ចុះបញ្ជី​ដីធ្លី​អាច​កាន់តែ​មិន​ច្បាស់លាស់​ឡើង​។​26

ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​តាម​បទបញ្ជា​លេខ​ ០១

​នៅ​ឆ្នាំ​ ២០១២​ បន្ទាប់​ពី​ការ​សម្រេច​បទបញ្ជា​លេខ​ ០១​ បប​ ស្តី​ពី​វិធានការ​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​គាំទ្រ​បទបញ្ជា​នេះ​ថា​ លោក​នឹង​ដាក​ចេញ​យុទ្ធនាការ​ចុះ​វាស់វែង​ដីធ្លី​ និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាជន​ដែល​រស់នៅ​លើ​ដី​រដ្ឋ​ រួម​ទាំង​ ដី​ព្រៃ​ ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ដី​ព្រៃ​សម្បទាន​។​

​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​តាម​បទបញ្ជា​លេខ​ ០១​ គឺ​ខុស​ប្លែក​ពី​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​។​ វា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រៅ​ក្របខ័ណ្ឌ​ការ​ចុះបញ្ជី​ដីធ្លី​ផ្លូវការ​ និង​ទទួល​បាន​មូលនិធិ​ជា​ឯកជន​ពី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​ប្រើប្រាស់​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ និង​ចុះបញ្ជី​ដីធ្លី​រហូត​ដល់​ឆ្នាំ​ ២០១៥​។​27 ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ បាន​បង្ហាញ​កាលពី​ខែ​ កក្កដា​ ឆ្នាំ​ ២០១៤​ ថា​ ដី​ចំនួន​ ៣៨០,០០០​ ក្បាលដី​ត្រូវ​បាន​ចុះបញ្ជី​ និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ ។​28 យ៉ាងនេះ​ក្តី​ នៅ​ត្រឹម​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៤​ ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ រាយការណ៍​ថា​ ប័ណ្ណកម្មសិទ្ធិ​ជាង​ ៦១០.០០០​ច្បាប់​ ត្រូវ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ ហើយ​ដី​ចំនួន​ ៧១០.០០០​ ក្បាលដី​ត្រូវ​បាន​ចុះ​វាស់វែង​ និង​ដាក់​បង្ហាញ​ តាម​គំនិត​ផ្តួចផ្តើម​នៃ​បទបញ្ជា​លេខ​ ០១​ ។​29 កម្មវិធី​នេះ​គឺ​សកម្ម​បំផុត​ រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ ជា​ពេល​ដែល​ដំណើរការ​នេះ​យឺត​យ៉ាង​ខ្លាំង​។​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​បន្ត​ធ្វើ​ឡើង​វិញ​នៅ​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៣30​ ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលនយោបាយ​កំណែទម្រង់​ដីធ្លី​របស់​រដ្ឋាភិបាល​កម្ពុជា​ ។​31

​អ្នក​សិក្សា​ស្រាវជ្រាវ​ បាន​លើក​ជា​សំណួរ​ និង​សេចក្តី​បារម្ភ​នានា​អំពី​វិធីសាស្ត្រ​ និង​ការ​អនុវត្ត​យុទ្ធនាការ​នេះ​ ដែល​តែង​ត្រូវ​បាន​មើលឃើញ​ថា​មាន​លក្ខណៈ​នយោបាយ​ និង​យោធា​ ។32​ ក្រៅពី​នេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ពី​ហេតុការណ៍​នានា​ ដែល​ប្រជាជន​មួយ​ចំនួន​ត្រូវ​បាន​បដិសេធ​ពី​ការ​វាស់វែង​ដី​ ដោយសារ​តែ​ដី​របស់​ពួក​គាត់​ជា​ដី​ជម្លោះ33​ ហើយ​ការ​ចុះបញ្ជី​សិទ្ធិកម្មសិទ្ធិ​សមូហភាព​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​ផ្អាក​ ។​34 ម្យ៉ាងវិញទៀត​ ហេតុការណ៍​ជា​ច្រើន​ត្រូវ​បាន​រាយការណ៍​ពាក់ព័ន្ធ​នឹង​ដី​ដែល​ត្រូវ​បាន​វាស់វែង​ និង​មានការ​សន្យា​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ ប៉ុន្តែ​វិ​ញ្ញាប​ន​ប័ត្រ​កម្មសិទ្ធិ​ មិន​ត្រូវ​បាន​ផ្តល់​ឱ្យ​ទេ​។35

​ការ​រំពឹង​ទុក​នៅ​ពេល​ខាង​មុខ​

​ជា​សរុប​មក​ យោង​តាម​ក្រសួង​រៀបចំ​ដែន​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ ប័ណ្ណកម្មសិទ្ធិ​ជាង​ ៣.៨​លាន​ច្បាប់​ ត្រូវ​បាន​ចេញ​ជូន​ប្រ​ជា​ពលរដ្ឋ​ ហើយ​ដី​ជាង​ ១​លាន​ហិ​កតា​ ត្រូវ​បាន​កាត់​ចេញពី​ដី​រដ្ឋ​ និង​យក​មក​ធ្វើ​ចំណាត់ថ្នាក់​សារ​ជា​ថ្មី​។​36 រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ មាន​បំណង​ចុះបញ្ជី​ដី​កាន់កាប់​ជា​ឯកជន​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។​ ដើម្បី​សម្រេច​គោលដៅ​នេះ​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ មាន​បំណង​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ ដោយ​ផ្តល់​អាទិភាព​ទៅ​ឱ្យ​ការ​ផ្តល់​កម្មសិទ្ធិ​ដី​ នៅ​ក្នុង​តំបន់​គ្មាន​ជម្លោះ​។​37

ទាក់ទង​នឹង​ ការ​កាន់កាប់​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី

​ប​ច្ចប្ប​ន្ន​ភាព​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​ ១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥

ឯកសារយោង

  • 1. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៤៤; ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥។
  • 2. អង្គការ លីកាដូ. ២០១៥. “ការងើបឡើងជាថ្មីនៃជម្លោះដីធ្លី គួរត្រូវដោះ ស្រាយ ចៀសជាងបដិសេធ.” ថ្ងៃទី ១៩ ខែ កុម្ភៈ. ចូលអាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥. http://www.licadho-cambodia.org/pressrelease.php?perm=374.។
  • 3. ម៉ៃ ទិត្យថារ៉ា (ឆ្នាំ២០១៥). “រដ្ឋាភិបាល បង្ហាញទិន្នន័យជម្លោះដីធ្លីរបស់ខ្លួន.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ៣ ខែមីនា. http://www.phnompenhpost.com/govt-issues-own-dispute-data
  • 4. Beban,​ Alice និង ពូ សុវច្ចនា. “សន្តិសុខមនុស្ស និងសិទ្ធិដីធ្លី នៅកម្ពុជា.” វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព​ (ឆ្នាំ២០១៥): ទំព័រ១. http://www.cicp.org.kh/userfiles/file/Publications/HSLR-report-Final-3-29-2015.pdf
  • 5. CBRE Cambodia (ឆ្នាំ២០១២). “ស្វែងយល់អំពីកម្មសិទ្ធិដីធ្លីនៅកម្ពុជា.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ៩ ខែសីហា. http://www.phnompenhpost.com/real-estate/understanding-land-ownership-cambodia
  • 6. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៤។ ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា ៣៩។
  • 7. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៤; ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា ៣៨។
  • 8. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៤; ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា ៣៤។
  • 9. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៤; ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា ៣០។
  • 10. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៤; ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា ៤៣។
  • 11. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ឆ្នាំ២០១៣). “ប្រទេសកម្ពុជា: ដីធ្លីនៅក្នុងជម្លោះ-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី.” bit.ly/1KtPNVy។ ម៉ាក ហ្រ្គីមឌីជ និង នីក ហែនឌឹសិន (ឆ្នាំ២០១២). “ភាពគ្មានកម្មសិទ្ធិ: សន្តិសុខ និងអសមភាពកម្មលើកម្មសិទ្ធិ នៅកម្ពុជា.” អង្គការស្ពានឆ្លងកាត់ព្រំដែន. https://data.opendevelopmentcambodia.net/library_record/untitled-tenure-insecurity-and-inequality-in-the-cambodian-land-sector
  • 12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ឆ្នាំ២០១៣). “ប្រទេសកម្ពុជា: ដីធ្លីនៅក្នុងជម្លោះ-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី.”​ http://bit.ly/1KtPNVy
  • 13. ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០១២. “ការបណ្តេញចេញ និងការតាំងលំនៅជាថ្មី នៅកម្ពុជា៖ “តម្លៃមនុស្ស ផលប៉ះពាល់ និងដំណោះស្រាយ.” អង្គការសហប្រជាជាតិ. http://cambodia.ohchr.org/WebDOCs/DocProgrammes/Resettlement_Study-28_Feb_2012_Eng.pdf
  • 14. ម៉ាក ហ្រ្គីមឌីជ និង នីក ហែនឌឹសិន (ឆ្នាំ២០១២). “ភាពគ្មានកម្មសិទ្ធិ: សន្តិសុខ និងអសមភាពកម្មលើកម្មសិទ្ធិ នៅកម្ពុជា.” អង្គការស្ពានឆ្លងកាត់ព្រំដែន. https://data.opendevelopmentcambodia.net/library_record/untitled-tenure-insecurity-and-inequality-in-the-cambodian-land-sector
  • 15. លីនដា លីមស្រ្តម និង ម៉ាក ហ្គ្រីមឌីជ (ឆ្នាំ២០១៣). “គោលនយោបាយ​សម្រាប់អ្នកក្រ? ភ្នំពេញ សន្តិសុខកម្មសិទ្ធិ និងសរាចរលេខ ០៣.” កិច្ចផ្តួចផ្តើមទីក្រុង. https://www.academia.edu/8476693/Policy_for_the_Poor_Phnom_Penh_Tenure_Security_and_Circular_03
  • 16. ដូចខាងលើ។
  • 17. ដូចខាងដើម។ អាលីស ប៊ីប៊ែន និង ពូ សុវច្ចនា (ឆ្នាំ២០១៤). “សន្តិសុខមនុស្ស និងសិទ្ធិដីធ្លី នៅកម្ពុជា.” រាជធានីភ្នំពេញ: វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព​. http://www.cicp.org.kh/userfiles/file/Publications/Human-Security-executive-summary-eg-2.pdf
  • 18. ម៉ៃ ទិត្យថារ៉ា (ឆ្នាំ២០១៥). “អ្នកភូមិ៖ ក្រុមហ៊ុនអភិវឌ្ឍសហភាព ដាក់ចេញការ​គម្រាមបណ្តេញចេញជាថ្មី.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ២១ ខែមេសា. http://www.phnompenhpost.com/national/udg-issuing-eviction-threats-again-villagers
  • 19. ច្បាប់ភូមិបាល ២០០១ មាត្រា៨។
  • 20. សែន ដេវីឌ (ឆ្នាំ២០១៥). “សហគមន៍បណ្តែតទឹកចាកចេញមុនថ្ងៃកំណត់.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី២២ ខែមិថុនា. http://www.phnompenhpost.com/national/floating-community-clears-out-date
  • 21. ក្រសួង​រៀបចំ​ដែន​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់ (ឆ្នាំ២០១៤). “សេចក្តីជូនដំណឹង.” ថ្ងៃទី២២ ខែធ្នូ. http://www.mlmupc.gov.kh/mlm/imgs/2014-12-22.pdf ។ តាំង វីដា (ឆ្នាំ២០១៥). “តួលេខប័ណ្ណកម្មសិទ្ធិត្រូវបានបញ្ចេញ និងមានភាពខុសគ្នា.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ១ ខែមករា. http://www.phnompenhpost.com/national/land-title-figures-released-disputed
  • 22. ដូចខាងលើ។
  • 23. ដូចខាងលើ។
  • 24. ក្រុមការងារអធិការកិច្ចរបស់ធនាគារពិភពលោក (ឆ្នាំ២០០៩). “កម្ពុជា: គម្រោងការគ្រប់គ្រងនិងរដ្ឋបាលដីធ្លី (ឆ្នាំ២០០៩).” ចូលអានៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៤. http://web.worldbank.org/WBSITE/EXTERNAL/EXTINSPECTIONPANEL/0,,contentMDK:22512162~pagePK:64129751~piPK:64128378~theSitePK:380794,00.html ។
  • 25. មើល ម៉ាក ហ្រ្គីមឌីជ កុល ល័ក្ខកញ្ញា និង ឌីពីកា សឺចាន់ (ឆ្នាំ២០១២). “ការទទួលបាន កម្មសិទ្ធិដីធ្លី នៅកម្ពុជា: ការសិក្សាលើការចុះបញ្ជីជាប្រព័ន្ធ នៅខេត្តចំនួនបី និងរាជធានី នៃប្រទេសកម្ពុជា.” វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា. http://library.opendevelopmentcambodia.net:8080/newgenlibctxt/View?CatId=2469&OwnLibId=1&LibraryId=1&From=Library ។
  • 26. ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍និងស្តារកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ឆ្នាំ២០១១). “កំណត់ត្រាសង្ខេបនៃកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៊ន កាលពីថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០១១.” ចូលអាននៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៥. http://www.cdc-crdb.gov.kh/cdc/Donor_Development_Cooperation_Programs/Germany/Negotiation_on_Development_Cooperation_2011/summary_record.htm
  • 27. អូន ភាព (ឆ្នាំ២០១៤). “និសិត្សស្ម័គ្រចិត្តចូលនិវត្តន៍ពីកម្មវិធីផ្តល់កម្មសិទ្ធិដីធ្លីរបស់រដ្ឋាភិ​បាល.” ឌឹ ខេបូឌា ដេលី. ថ្ងៃទី ២៦ ខែ ធ្នូ. https://www.cambodiadaily.com/news/student-volunteers-to-be-retired-from- govt-land-title-program-74875/ ។
  • 28. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០១៥). “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ: ឆ្នាំ២០១៤-ឆ្នាំ២០១៨.” http://countryoffice.unfpa.org/cambodia/drive/NSDP2014-2018.pdf
  • 29. ម៉ាក ហ្រ្គីមឌីជ និង សឺងប៊ឺជឺ (ឆ្នាំ២០១៥) ស្រង់ព័ត៌មានពី ​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ (ឆ្នាំ២០១៤). “សេចក្តីជូនដំណឹង.” ថ្ងៃទី ១៧ ខែធ្នូ. http://www.mlmupc.gov.kh/mlm/imgs/notification_En_20141118.pdf
  • 30. ម៉ាក ហ្រ្គីមឌីជ និង សឺងប៊ឺជឺ (ឆ្នាំ២០១៥). “សកម្មភាពថ្មី និងគោលនយោបាយចាស់: ការអនុវត្ត និងផលប៉ះពាល់នៃបទបញ្ជាលេខ០១.” វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា: ទំព័រ៣៩. http://www.ngoforum.org.kh/NewActionsandExistingPoliciesImplementationandImpactsofDirective01_Eng.pdf
  • 31. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ: ឆ្នាំ២០១៤-ឆ្នាំ២០១៨ ។
  • 32. ហ្រី្គមឌីជ (ឆ្នាំ២០១៥)។
  • 33. ដូចខាងលើ។ ភ័ក្រ្ត សេងលី (ឆ្នាំ២០១៣). “អ្នកភូមិអង្វរសំុជំនួយ.” ភ្នំពេញប៉ុស្តិ៍. ថ្ងៃទី៤ ខែមេសា. http://www.phnompenhpost.com/national/villagers-deliver-plea-help ។ អូន ភាព និង ចច ហ្វ្រាយ (ឆ្នាំ២០១៤). “អ្នកភូមិ ១៧គ្រួសារ ត្រូវបានបដិសេដពីការទទួលបានដីឡូ នៅខេត្តក្រចេះ.” ឌឹ ខេមបូឌា ដេលី. ថ្ងៃទី ៤ ខែកញ្ញា.https://www.cambodiadaily.com/news/17-families-denied-plots-in-kratie-land-reallotment-67512/
  • 34. ក្រុមប្រឹក្សាសម្រាប់គោលនយោបាយដីធ្លី. សេចក្តីបង្គាប់ លេខ២០ ស្តីពីការអនុវត្តបទបញ្ជា លេខ០១ របស់រាជរដ្ឋាភិបាល (ឆ្នាំ២០១២): ទំព័រ២៦. http://www.mlmupc.gov.kh/mlm/imgs/20130213%20Manual%20for%20Implementing%20Govt%20Order%2001_ENG.pdf
  • 35. ដូចខាងលើ ទំព័រ៨៥។
  • 36. ​ក្រសួង​រៀបចំ​ដែន​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់ (ខែធ្នូ ឆ្នាំ២០១៤)។ តាំង (ឆ្នាំ២០១៥)។
  • 37. ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7jpZM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!