គោលនយោបាយ និង​ការគ្រប់គ្រង​ដីធ្លី

វាលស្រែរ. រូបភាពថតដោយ Mark Zastrow​ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩។ក្រោយអាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial 2.0.

វាលស្រែ. រូបភាពថតដោយ Mark Zastrow​ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩។ ក្រោយអាជ្ញាប័ណ្ណ CC BY-NC 2.0

នៅ​ពេល​ដែល​កម្ពុជា​លែង​អនុវត្ត​ប្រព័ន្ធ​សង្គមនិយម​ និង​ចាប់ផ្តើម​ទទួលយក​ប្រព័ន្ធ​ទីផ្សារសេរី​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ ប្រទេស​នេះ​បាន​អនុវត្ត​កំណែទម្រង់​ដីធ្លី​ជា​បន្តបន្ទាប់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ មក​ដែល​បង្កើត​បានជា​មូលដ្ឋាន​សម្រាប់​របប​ថ្មីស្រឡាង​មួយ​នៃ​រដ្ឋបាល​ដីធ្លី​។​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​ និង​ជា​លើក​ដំបូង​ចាប់តាំងពី​របប​ខ្មែរក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​ ១៩៧៥​ កម្ពុជា​បាន​ចាប់ផ្តើម​ទទួលស្គាល់​កម្មសិទ្ធិឯកជន​លើ​ដីធ្លី​។1​គោលនយោបាយ​ដីធ្លី​ថ្មី​មួយ​ ដែល​បាន​ចេញផ្សាយ​នៅ​ខែមេសា​ ឆ្នាំ​១៩៨៩​ បាន​បញ្ជាក់​ថា​ រដ្ឋ​ជា​ម្ចាស់​ដីធ្លី​ក្នុង​ប្រទេស​ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ទទួល​បាន​កម្មសិទ្ធិឯកជន​លើ​ដីធ្លី​លំនៅ​ដ្ឋា​ន​ និង​កាន់កាប់​ដី​កសិកម្ម​។2  

ក្របខ័ណ្ឌច្បាប់​របស់កម្ពុជា​

នៅ​ឆ្នាំ​ ១៩៩២​ កម្ពុជា​បាន​អនុវត្ត​ច្បាប់​ភូមិបាល​ថ្មី​ ដែល​បញ្ជាក់​ថា​ កម្មសិទ្ធិ​អាច​ទទួល​បាន​តាម​រយៈ​សន្តតិ​កម្ម​ កិច្ចសន្យា​ ឬ​ដោយ​ការ​បំ​លែង​ពី​ “​ការ​កាន់កាប់​បណ្តោះអាសន្ន​”​ ទៅ​ជា​ កម្មសិទ្ធិ​ពេញលេញ​។3​ នៅ​ឆ្នាំ​ ១៩៩៩​ ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​ និង​ចាត់ចែង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ និង​រដ្ឋបាល​ដីធ្លី​នៅ​កម្ពុជា​។4​ ក្រសួង​មាន​មន្ទីរ​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​នៅ​ទូ​ទាំង​ខេត្ត​-​ក្រុង​។​

មិនយូរ​ប៉ុន្មាន​ក្រោយ​ការ​បង្កើត​ក្រសួង​នេះ​ ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ ត្រូវ​បាន​អនុម័ត​។​ ច្បាប់​នេះ​បង្កើត​បានជា​មូលដ្ឋាន​សម្រាប់​កំណែទម្រង់​ដីធ្លី​នៅ​កម្ពុជា​បច្ចុប្បន្ន​ និង​ចែង​ពី​បទ​ប្បញ្ញត្តិ​ថ្មី​សំខាន់ៗ​ ដូច​ជា​ បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​ដីធ្លី​ និង​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​។​ ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ នៅ​ជា​ធរមាន​រហូត​ដល់​សព្វថ្ងៃ​ ទោះបីជា​ចាប់តាំងពី​ការ​អនុម័ត​ដំបូង​ ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដោយ​ក្រមរដ្ឋប្បវេណី​ថ្មី​របស់​កម្ពុជា​ក៏​ដោយ​។​ ច្បាប់​ភូមិបាល​គាំទ្រ​ដោយ​អនុក្រឹត្យ​ ប្រកាស​ (​សេចក្តី​ប្រកាស​)​ សារា​ចរណ៍​ណែនាំ​ និង​សេចក្តីសម្រេច​ជា​ច្រើន​ ដែល​បន្ថែម​ព័ត៌មាន​លម្អិត​ និង​កំណត់​ដំណើរការ​ជាក់លាក់​នៃ​ការ​អនុវត្ត​។​​

គោលនយោបាយ​ដីធ្លី​នៅកម្ពុជា

នៅ​ឆ្នាំ​ ២០០១​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​គោលនយោបាយ​ដីធ្លី​។​ គោលបំណង​ជា​ទូទៅ​ គឺ​សំដៅ​ពង្រឹង​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ និង​ទីផ្សារ​ដីធ្លី​ និង​ទប់​ស្កា​ប់​ ឬ​ដោះស្រាយ​ជម្លោះដីធ្លី​ គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​ប្រកបដោយ​សមធម៌​ និរន្តរភាព​ និង​ប្រសិទ្ធភាព​ ព្រមទាំង​ជំរុញ​ការ​បែងចែក​ដីធ្លី​ប្រកបដោយ​សមធម៌​ (​ឧទាហរណ៍​ សម្បទាន​ដី​សេដ្ឋកិច្ច​)​។5 ដើម្បី​សម្រេច​បាន​គោលបំណង​ទាំងនេះ​ រដ្ឋាភិបាល​បាន​បង្កើត​កម្មវិធី​រដ្ឋបាល​ គ្រប់គ្រង​ និង​ បែងចែក​ដីធ្លី​ (LAMDP)​ ដែល​អនុវត្ត​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​។​ ឯកសារ​បណ្តោះអាសន្ន​ឆ្នាំ​ ២០០២​ របស់​រដ្ឋាភិបាល​ស្តី​ពី​យុទ្ធសាស្ត្រ​ក្របខ័ណ្ឌ​គោលនយោបាយ​ដីធ្លី​ បាន​ចែង​លម្អិត​ពី​សសរស្តម្ភ​គោលនយោបាយ​បី​នៃ​រដ្ឋបាល​ ការ​គ្រប់គ្រង​ និង​ការ​បែងចែក​។6​ 

​រដ្ឋបាល​ដីធ្លី​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា​ ដូច​ជា​ ការ​ចុះបញ្ជី​ដីធ្លី​ និង​ការ​ដំណោះស្រាយ​ជម្លោះ​។​ ដី​សម្បទាន​សង្គមកិច្ច​ ត្រូវ​បាន​អនុវត្ត​នៅ​ក្រោម​ក្របខ័ណ្ឌ​សសរស្តម្ភ​នៃ​ការ​បែងចែក​ដីធ្លី​ ជាមួយ​គោលដៅ​ជំរុញ​ការ​បែងចែក​ដីធ្លី​ប្រកបដោយ​សមធម៌​។7 គោលនយោបាយ​គ្រប់គ្រង​ដីធ្លី​ មាន​គោលបំណង​ធានា​ការ​ប្រើប្រាស់​ដីធ្លី​ និង​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ និរន្តរភាព​ និង​សមធម៌​។​8​ បច្ចុប្បន្ន​ ទោះបីជា​មាន​បទ​ប្បញ្ញត្តិ​ជា​ច្រើន​ដែល​ចែង​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រប់គ្រង​ដីធ្លី​ វឌ្ឍនភាព​នៅ​ក្រោម​សសរស្តម្ភ​នៃ​ការ​គ្រប់គ្រង​ដីធ្លី​ មិនសូវ​ជា​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ដូចដែល​បាន​រំពឹង​ទុក​នោះ​ទេ​។​ ជាមួយនឹង​សេចក្តី​ប្រកាស​ស្តី​ពី​គោលនយោបាយ​ដីធ្លី​ឆ្នាំ​ ២០០៩​ រដ្ឋាភិបាល​បាន​រំលឹក​ជា​ថ្មី​មន្ត​ទៀត​អំពី​សារៈសំខាន់​នៃ​សសរស្តម្ភ​ទាំង​បី​នេះ​។​

​នៅ​ឆ្នាំ​ ២០១២​ រដ្ឋាភិបាល​បាន​ចេញ​សៀវភៅ​ស​ស្តី​ពី​គោលនយោបាយ​ដីធ្លី​ជាមួយនឹង​វត្ថុបំណង​ជា​សំខាន់​សំដៅ​លើកកំពស់​ការ​ប្រើប្រាស់​ដីធ្លី​ ការ​គ្រប់គ្រង​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចេរភាព​ និង​សមធម៌​។​ គោលនយោបាយ​ដីធ្លី​នេះ​ សំដៅ​សម្រេច​ឱ្យ​បាន​វត្ថុបំណង​នេះ​តាម​រយៈ​ ៖

  • ការពង្រឹង​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ដើម្បី​ធានា​ទំនុកចិត្ត​ និង​ប្រសិទ្ធភាព​ទីផ្សារ​ដីធ្លី​
  • ​ធានា​ការ​គ្រប់គ្រង​ ការការពារ​ និងការ​ប្រើប្រាស់​ដីធ្លី​ និង​ធនធានធម្មជាតិ​ប្រកបដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​ដើម្បី​ធានា​សមធម៌នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ទាំងនៅទីជនបទនិងទីក្រុង និង​រក្សា​និរន្តរភាព​បរិស្ថាន​ និង​ទប់ស្កាត់​ជម្លោះលើ​ការប្រើប្រាស់ដីធ្លី​​
  • ​ផ្តល់​ការចង្អុលបង្ហាញកាន់តែច្បាស់លាស់ សម្រាប់​ការ​បែង​ចែក​ និង​ប្រើប្រាស់​ដី​រដ្ឋ​ប្រកបដោយ​តម្លាភាព​ និង​សមធម៌ ទាំងសម្រាប់ទិសដៅសាធារណៈនិងឯកជន។​9

​ចាប់ពី​ពេល​នោះ​មក​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​អះអាង​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​អនុវត្ត​ សៀវភៅ​ស​ស្តី​ពី​គោលនយោបាយ​ដីធ្លី​ ដូច​មាន​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បី​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៤-២០១៨​។10​ ​យុទ្ធសាស្ត្រ​ និង​ផែនការ​នេះ​បាន​គាំទ្រ​ការ​ប្តេជ្ញា​ក្នុង​ការ​បន្ត​អភិវឌ្ឍ​ក្របខ័ណ្ឌគតិយុត្តិ​បន្ថែម​ទៀត​ សម្រាប់​ការ​គ្រប់គ្រង​ដីធ្លី​ និង​ការ​ប្រើប្រាស់​ដីធ្លី​ បង្កើន​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ក្រោម​រូបភាព​ជា​ការ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដីធ្លី​ និង​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ ជំរុញ​តម្លាភាព​ ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ការ​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​ដីធ្លី​ ព្រមទាំង​ជំរុញ​ការ​បែងចែក​ដីធ្លី​តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច​។​11

វឌ្ឍនភាព និងបញ្ហាប្រឈម

កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ជាទី​កត់សម្គាល់​ ក្នុង​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់​ និង​សមត្ថភាព​ស្ថាប័ន​ ដែល​ត្រូវការ​ចាំបាច់​សម្រាប់​អនុវត្ត​របៀបវារៈ​កំណែទម្រង់​ដីធ្លី​របស់​ខ្លួន​។​ ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ បាន​បង្កើត​យន្តការ​រឹង​មាំ​លើ​វិស័យ​ជា​ច្រើន​ មាន​ដូច​ជា​ ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ ការ​ចុះបញ្ជី​ដី​ជនជាតិ​ដើម និង​ ដី​សម្បទាន​សង្គមកិច្ច​ ទោះបីជា​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ នៅ​តែ​ជា​ការ​ប្រឈម​យ៉ាងណា​ក៏​ដោយ​។​ ក្របខ័ណ្ឌ​ផ្សេង​ទៀត​ ដូច​ជា​សម្រាប់​ការ​គ្រប់គ្រង​ដី​រដ្ឋ​ ត្រូវ​បាន​បង្កើត​ឡើង​ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ជា​ប្រព័ន្ធ​នៅឡើយ​។​ ដូចដែល​មាន​រាយការណ៍​ជា​ញឹកញាប់​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ប្រទេស​កម្ពុជា​ បន្ត​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ និង​ការ​បណ្តេញចេញ​។​ ទន្ទឹម​នឹង​មាន​វឌ្ឍនភាព​ជា​ច្រើន​នៅ​ក្នុង​ការ​បង្កើត​គោលនយោបាយ​ដីធ្លី​ ក្របខ័ណ្ឌគតិយុត្តិ​ និង​រដ្ឋបាល​ដីធ្លី​នៅ​កម្ពុជា​ វា​ច្បាស់​ណាស់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​សម្រេច​បាន​គោលបំណង​គោលនយោបាយ​របស់​ខ្លួន​នៅឡើយ​។​

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖  ១ វិច្ឆិកា ២០១៥

ឯកសារយោង

  1. 1. គណៈរដ្ឋមន្រ្តី (១៩៨៩). អនុក្រឹត្យលេខ ២៥ ស្តីពីការផ្តល់កម្មសិទ្ធិលំនៅដ្ឋានដល់ប្រជាជនកម្ពុជា ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៩៨៩។
  2. 2. គណៈរដ្ឋមន្រ្តីនៃរដ្ឋកម្ពុជា (១៩៨៩). សេចក្តីណែនាំលេខ ០៣ ស្តីពីការអនុវត្តគោលនយោបាយប្រើប្រាស់ និងគ្រប់គ្រងដីធ្លី ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ១៩៨៩។
  3. 3. ច្បាប់ភូមិបាល (១៩៩២), មាត្រា ៥៩។
  4. 4. ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ (១៩៩៩)។
  5. 5. រាជរដ្ឋាភិបាលកម្ពុជា (២០០១), សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពីគោលនយោបាយដីធ្លី, ខែ ឧសភា ឆ្នាំ ២០០១; ក្រសួងបរិស្ថាន “ទស្សនៈវិស័យបរិស្ថានកម្ពុជា” http://geodata.rrcap.unep.org/all_reports/cambodia_081010.pdf
  6. 6. រាជរដ្ឋាភិបាលកម្ពុជា(២០០២), ឯកសារបណ្តោះអាសន្នស្តីពីយុទ្ធសាស្រ្តក្របខ័ណ្ឌគោលនយោបាយដីធ្លី; ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម (២០០២). “យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រី ៖ ២០០៣-២០០៥.” http://www.imf.org/External/NP/prsp/2002/khm/01/122002.pdf
  7. 7. ដូចខាងលើ។
  8. 8. ដូចខាងលើ។
  9. 9. ក្រុមប្រឹក្សាគោលនយោបាយដីធ្លី (២០១២), របាយការណ៍រដ្ឋាភិបាលស្តីពីគោលនយោបាយដីធ្លី, ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១២។
  10. 10. រាជរដ្ឋាភិបាលកម្ពុជា (២០១៣). “យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី III.” ទំព័រ ២០។ http://www.cambodiainvestment.gov.kh/content/uploads/2013/11/2013-Rectangular-Strategy-III-En8.pdf; រាជរដ្ឋាភិបាលកម្ពុជា (២០១៤). “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ៖ ២០១៤-២០១៨.” ទំព័រ ១៣០។
  11. 11. ដូចខាងលើ។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

A5KmP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!