សវតានៃការបោះឆ្នោតនៅកម្ពុជា
ចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧០មក ប្រទេសកម្ពុជា បានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ អស់រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩១ ភាគីនៅក្នុងជម្លោះបានឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធ។ ទោះបីជាយ៉ាងណា គេត្រូវរង់ចាំរហូតដក់ឆ្នាំ១៩៩៣ ទើបការបោះឆ្នោតជាតិមួយត្រូវបានរៀបចំឡើង ដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់) ក្រោយកិច្ចសហការជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (ហៅកាត់ថា អេសអិនស៊ី)។
ការបោះឆ្នោតជាតិលើកទី១ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។ បើទោះជាមានអស្ថេរភាពនៅតាមតំបន់ខ្លះគ្រប់គ្រងដោយខ្មែរក្រហម អ្នកទៅបោះឆ្នោតមានចំនួនច្រើន ស្មើនឹង ៨៦.៧៨ ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតសរុបជិត ៥លាននាក់។1 គណបក្សនយោបាយចំនួន ៤ បានឈ្នះអាសនៈនៅក្នុងសភាធម្មនុញ្ញ ប៉ុន្តែគ្មានគណបក្សណា គ្រប់គ្រងអាសនៈភាគច្រើនដាច់ខាត២/៣ ដែលត្រូវការចាំបាច់ សម្រាប់បង្កើរដ្ឋាភិបាលថ្មីនោះទេ ដែលជាហេតុនាំឱ្យមានរដ្ឋាភិបាលចម្រុះ។
បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ១៩៩៨ សភាមួយថ្នាក់ទៀតត្រូវបានបង្កើតឡើង។ ស្ថាប័នព្រឹទ្ធសភា គឺជាផ្លែផ្កានៃការមូលមតិគ្នាខាងនយោបាយ សំដៅដោះស្រាយភាពជាប់គាំងខាងនយោបាយ ដែលអង្គនីតិប្រតិបត្តិមិនអាចបង្កើតបានដោយសារលក្ខខណ្ឌសំឡេងភាគច្រើនដាច់ខាត ២/៣ នៅក្នុងរដ្ឋសភា។ ចាប់តាំងពីឆ្នាំ២០០៦មក ស្ទើរតែទាំងអស់នៃសមាជិកព្រឹទ្ធសភា ត្រូវបានជ្រើសតាំងដោយមិនផ្ទាល់ ដោយសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ខណៈពេលដែលសមាជិក ៤រូប ត្រូវបានតែងតាំងដោយ ព្រះមហាក្សត្រ និងរដ្ឋសភា។
នៅឆ្នាំ២០០២ ការបោះឆ្នោតនៅរដ្ឋបាលក្រោមជាតិ ត្រូវបានធ្វើឡើងជាសកល និងដោយផ្ទាល់ សម្រាប់ឃុំ និងសង្កាត់។ ក្រោយពីការប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ គ្រប់សមាជិកក្រុមប្រឹក្សាត្រូវបានបោះឆ្នោតជ្រើសតាំង ដោយផ្ទាល់ពីប្រជាពលរដ្ឋខ្មែរ ស្របតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ។ ក្រុមប្រឹក្សា ដែលកើតចេញពីការបោះឆ្នោតនេះ នឹងគ្រប់គ្រងមូលនិធិ និងធនធានផ្ទាល់ខ្លួន ព្រមទាំងដឹកនាំចាត់ចែងកិច្ចការក្នុងមូលដ្ឋានខ្លួនរាប់បញ្ចូលទាំងការអភិវឌ្ឍ និង សន្តិសុខ។
ប៉ុន្តែគេត្រូវរង់ចាំរហូតដល់ឆ្នាំ២០០៩ ទើបរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ពង្រីក វិសាលភាពនៃកំណែទម្រង់រដ្ឋបាលរបស់ខ្លួន រហូតទៅដល់រដ្ឋបាលដែនដីថ្នាក់ខ្ពស់។ ជាលទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការបោះឆ្នោត ត្រូវបានរៀបចំ ឡើងសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប៉ុន្តែជាការបោះឆ្នោតអសកល និង មិនផ្ទាល់។
រហូតមកទល់បច្ចុប្បន្ននេះ ការបោះឆ្នោតជាតិសម្រាប់រដ្ឋសភា ត្រូវបានរៀបចំឡើង ចំនួន ៥ដងរួចមកហើយ គឺនៅឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទើបតែត្រូវបានធ្វើឡើង ចំនួន ២លើកប៉ុណ្ណោះ គឺនៅឆ្នាំ២០០៦ និងឆ្នាំ២០០១២ (មើល សភា)។ នៅថ្នាក់មូលដ្ឋាន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានរៀបចំឡើងចំនួន ៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០០៧ និងឆ្នាំ២០១២ ខណៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទើបមានការបោះឆ្នោយជ្រើសរើស ចំនួន ២លើក គឺនៅឆ្នាំ២០០៩ និងឆ្នាំ២០១៤ (មើល ការគ្រប់គ្រង, រដ្ឋបាលមូលដ្ឋាន)។
ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣មក ភាពជាប់គាំងខាងនយោបាយ បានក្លាយ ទៅជាប្រពៃណីទៅហើយ នៅក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោត។ គណបក្សនយោបាយខ្លះមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ដោយអះអាងពីភាពមិន ប្រក្រតី។ គណបក្សឈ្នះឆ្នោត មិនអាចឈានទៅដល់ការបង្កើតរដ្ឋាភិបាលដោយខ្លួន ឯង។ មានន័យថា ការបង្កើតរដ្ឋាភិបាលចំរុះ មិនអាចជៀសផុត ហើយជាវិបាក ការធ្វើសម្បទានខាងនយោបាយ គឺមិនអាចខ្វះបាន។
កំណែទម្រង់ជាច្រើន បានកើតមានឡើងនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ជាពិសេស ទាក់ទងនឹងសភា ច្បាប់បោះឆ្នោត និង គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត។ យោងទៅតាមកិច្ចព្រមព្រៀងនយោបាយ ថៃ្ងទី ២៧ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការពិសេស ត្រូវបានតម្លើងពី ៩ គណៈកម្មាធិការ មក ១០ គណៈកម្មាធិការ ហើយគណបក្សនិមួយៗ ដឹកនាំម្នាក់ ៥ គណៈកម្មាធិការ។2 លើសពីនេះ ដោយសារមានគណបក្សតែ ពីរប៉ុណ្ណោះនៅក្នុងរដ្ឋសភា ការសន្ទនាគ្នាតែងត្រូវធ្វើឡើងរវាងមេដឹកនាំសំឡេងភាគ ច្រើន ជាមួយនឹងមេដឹកនាំសំឡេងភាគតិច ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ។3
ច្បាប់បោះឆ្នោតឆ្នាំ១៩៩៧ ត្រូវបានអនុវត្តរហូតមកដល់ការបោះឆ្នោតរដ្ឋសភា នៅក្នុង ឆ្នាំ២០១៣។ ច្បាប់ថ្មី ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ត្រូវបានប្រកាស ឱ្យប្រើនៅឆ្នាំ២០១៥ ដើម្បីធ្វើវិសោធនកម្មច្បាប់ឆ្នាំ១៩៩៧។ បទប្បញ្ញត្តិគួរជាទីកត់ សម្គាល់ដែលនាំយកមកដោយច្បាប់ថ្មីនេះ គឺ “ការសន្មត់ដោយសង្ងាត់ស្ងៀមពីការបោះបង់ចោលអាសនៈរដ្ឋសភា” ដោយការធ្វើពហិការរបស់គណបក្សនយោបាយ នៅក្នុង សម័យប្រជុំដំបូង សម័យប្រជុំលើកទី១ នៃរដ្ឋសភា និងសច្ចាប្រណិធានចូលកាន់តំណែង។4
កំណែទម្រង់សំខាន់ចុងក្រោយមួយទៀត នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺទាក់ ទងនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (និក)។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានស្តារឡើងវិញឱ្យក្លាយទៅជាស្ថាប័ន មួយក្នុងចំណោមស្ថាប័នកំពូលរបស់ជាតិ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស កម្ពុជា ត្រង់ជំពូកទី១៥ថ្មី (ពីរ)។5 ការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកំណត់នៅក្នុងច្បាប់អង្គការមួយដោយឡែក ជៀសជាង នៅក្នុងច្បាប់បោះឆ្នោត។6
ដំណើរការបោះឆ្នោត នៅកម្ពុជា
ការចូលរួមក្នុងការបោះឆ្នោត
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិចូលរួមបោះឆ្នោត និងអាយុយ៉ាងតិច ២៥ឆ្នាំ មានសិទ្ធិឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត។7 សិទ្ធិទាំងនេះ អាចនឹងត្រូវព្យួក្នុងរយៈពេលជាក់លាក់ណាមួយ សម្រាប់ទណ្ឌិត។
ចាប់តាំងពី ប្រទេសកម្ពុជាទទួលយកប្រព័ន្ធបោះឆ្នោតសមាមាត្រមកអនុវត្ត8 បេក្ខជន ឈរឈ្មោះ ត្រូវតែងតាំងដោយគណបក្សនយោបាយដែលបានចុះឈ្មោះ សម្រាប់ការបោះឆ្នោត។9 គណបក្សនយោបាយ ត្រូវចុះឈ្មោះជាមួយក្រសួងមហាផ្ទៃ សម្រាប់ ការបង្កើត និង បន្ទាប់មក ជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ ការចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោត នៅក្នុងមណ្ឌលជាក់លាក់ ឬនៅទូទាំង ប្រទេស។
ចំនួនប្រជាពលរដ្ឋដល់អាយុបោះឆ្នោត បានកើនឡើងទ្វេរដងនៅរវាងឆ្នាំ១៩៩៣ និងឆ្នាំ២០១៣ ពីប្រមាណជា៤.៦លាននាក់ ទៅ ៩.៥លាននាក់។ ទោះបីជាយ៉ាងណា ភាគរយនៃអ្នកទៅបោះឆ្នោត បង្ហាញពីទំនោរធ្លាក់ចុះ រវាងការបោះឆ្នោតដំបូង និង ការបោះឆ្នោតនៅរយៈពេលចុងក្រោយនេះ។
ការរៀបចំការបោះឆ្នោត
នៅមុនថ្ងៃបោះឆ្នោត ចំនួនអាសនៈសម្រាប់មណ្ឌលបោះឆ្នោតនីមួយៗ ត្រូវបាន មកកំណត់។ ទំហំមណ្ឌលបោះឆ្នោត មានការប្រែរប្រួលអាស្រ័យទៅតាមការបោះឆ្នោតជាតិ ឬការបោះឆ្នោតថ្នាក់ក្រោមជាតិ។ មណ្ឌលសម្រាប់ការបោះឆ្នោតរដ្ឋសភា គឺជារាជធានី និង ខេត្តទាំង ២៤10 ហើយមណ្ឌលបោះឆ្នោតរបស់ព្រឹទ្ធសភា គឺផ្អែកទៅតាមតំបន់ទាំង ៨។11 ឃុំ-សង្កាត់ ក្លាយទៅជាមណ្ឌលបោះឆ្នោតផងដែរ នៅអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។12
ជាធម្មតា ចំនួនអាសនៈសម្រាប់មណ្ឌលបោះឆ្នោតនីមួយៗ ត្រូវកំណត់ដោយច្បាប់។ យោងទៅតាមរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវមានចំនួនអាសនៈយ៉ាងតិច ១២០ ខណៈដែល ព្រឹទ្ធសភា មានអាសនៈតិចជាងពាក់កណ្តាលនៃអាសនៈរដ្ឋសភាសរុប។13 ពីឆ្នាំ១៩៩៣ មកឆ្នាំ២០០៣ រដ្ឋសភាកើនអាសនៈពី ១២០ មក ១២៣។ ចំនួននេះ នៅថេរដោយមិនមានប្រែរប្រួលរហូតដល់ការបោះឆ្នោតឆ្នាំ២០១៣ ប៉ុន្តែនឹងត្រូវបង្កើនឡើងរហូតដល់ ១២៥ អាសនៈ នៅឆ្នាំ២០១៨។14
ប្រជាពលរដ្ឋខ្មែរ អាចបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ហើយកិច្ចការនេះ ជាធម្មតា កើតមានឡើងនៅមុនឆ្នាំបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរ ដែលមាន អាយុមិនក្រោម ១៨ ឆ្នាំ យ៉ាងតិចណាស់៨០នាក់ និងមានលំនៅដ្ឋានអចិន្ត្រៃយ៍ នៅក្នុង ប្រទេសកម្ពុជា គឺជាលក្ខខណ្ឌតម្រូវដើម្បីសុំបង្កើតគណបក្សនយោបាយ ដែលអាចធ្វើ ឡើងតាមរយៈ លិខិតជាលាយលក្ខណ៍អក្សរផ្ញើរទៅ ក្រសួងមហាផ្ទៃ។ នៅមានលក្ខ ខណ្ឌបន្ថែមទៀតសម្រាប់សុពលភាពនៃការបង្កើតគណបក្ស ដូចជាការចុះបញ្ជី និង សមាជិកភាពរបស់គណបក្សយ៉ាងតិចណាស់ ៤,០០០នាក់ នៅទូទាំងប្រទេស។15 ច្បាប់ស្តីពីគណបក្សនយោបាយ បានកំណត់ភាពខុសគ្នារវាងការបង្កើតគណបក្សនយោបាយ និងការផ្តល់សុពលភាពនៃគណបក្សនយោបាយ ដែលត្រូវបានបង្កើតនោះ។ មានន័យថា គណបក្សនយោបាយបង្កើតរួច ប៉ុន្តែមិនមានសុពលភាព មិនអាចូលរួម ទៅក្នុងការបោះឆ្នោតបានទេ។ ការចុះឈ្មោះនៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាលក្ខខណ្ឌសម្រាប់ចូលរួមនៅក្នុងការបោះឆ្នោត។16
ចាប់តាំងពីការបោះឆ្នោតនៅអាណត្តិទី១មក ចំនួនគណបក្សនយោបាយ បានធ្លាក់ចុះគួរកត់សម្គាល់។ ចំនួនសរុប នៃគណបក្សនយោបាយ បានកើនឡើងជិតទ្វេដងពី ២០គណបក្ស នៅក្នុងឆ្នាំ១៩៩៣17 រហូតទៅដល់ ៣៩គណបក្ស នៅឆ្នាំ១៩៩៨18 ប៉ុន្តែបានធ្លាក់ដាំក្បាលចុះមកនៅត្រឹមតែ ៨គណបក្ស នៅក្នុងការបោះឆ្នោតចុងក្រោយឆ្នាំ២០១៣19 នេះ។ គណបក្សឈ្នះអាសនៈនៅក្នុងរដ្ឋសភា ក៏បានធ្លាក់ចុះពីចំនួន ៤គណបក្ស នៅឆ្នាំ១៩៩៣20 មកនៅត្រឹមតែ ២គណបក្ស នៅឆ្នាំ២០១៣21 ។ ដោយហេតុនេះ វាអាចមានចម្ងល់ថា តើប្រព័ន្ធបោះឆ្នោតសមាមាត្ររបស់ប្រទេសកម្ពុជាពិតជាគាំទ្រគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ពេញលេញដែរ ឬទេ?22
នៅក្នុងរបាយការណ៍ឆ្នាំ២០១៣ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកជាយោបល់ថា កំណែទម្រង់ក្របខណ្ឌ ស្ថាប័ន ប្រព័ន្ធបោះឆ្នោត ការគ្រប់គ្រងការបោះឆ្នោត ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោត យុទ្ធនាការបោះឆ្នោត និងនីតិវិធីដោះស្រាយជម្លោះ គឺចាំបាច់សម្រាប់ការបោះឆ្នោត នៅ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។23 អង្គការមិនមែនរដ្ឋាភិបាលខ្លះ ដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅតែបារម្ភអំពីកង្វះខាតនៃភាពជាតំណាងរបស់ស្ត្រី នៅក្នុងវិស័យនយោបាយ និងស្នើឱ្យមានស្ត្រី ៣០ ភាគរយ យ៉ាងតិច នៅក្នុងបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ។24
ដំណើរការបោះឆ្នោត
ជាធម្មតា ដំណាក់កាលនៃដណើរការបោះឆ្នោតត្រូវបានចែកចេញជាច្រើនដំណាក់កាល ចាប់ពីការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត រហូតទៅដល់ការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោត ហើយបណ្តឹងបោះឆ្នោតក៏អាចត្រូវបានធ្វើឡើងទៅតាមដំណាក់កាល នៃការបោះឆ្នោតផងដែរ។ ទាំងនេះ មិនមែនមានន័យថា អង្គបោះឆ្នោត អាចធ្វើបណ្តឹង នៅគ្រប់ដំណាក់កាលនោះទេ។
ការបោះឆ្នោតជាតិ អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរធ្វើការជ្រើសតាំងតំណាងរបស់ខ្លួន សម្រាប់សភា និងរាជរដ្ឋាភិបាល ជាអង្គនីតិប្រតិបត្តិ។ ការបោះឆ្នោតសម្រាប់រដ្ឋសភា កើតឡើង នៅរៀងរាល់៥ឆ្នាំម្តង ខណៈដែលការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នឹងត្រូវរៀបចំនៅរៀងរាល់ ៦ឆ្នាំម្តង។25 នៅក្នុងករណីអាសនៈនៅទំនេរ ក្នុងអំឡុងនីតិកាលនីមួយៗ ដោយសារមរណៈភាព លាលែង ឬបាត់បង់សមាជិកភាព គណបក្សឈ្នះឆ្នោតនីមួយៗ ត្រូវជ្រើសរើសតំណាងរាស្ត្រថ្មីពីបញ្ជីបេក្ខជនរបស់ពួកគេ មកជំនួស ។26
នៅក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋជ្រើសរើសតំណាងនៅតាមមូលដ្ឋានរបស់ពួកគេ។ ខណៈដែលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានបោះឆ្នោតជ្រើស រើស សម្រាប់រយៈពេល៥ឆ្នាំ សមាជិក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន អាណត្តិ ៦ឆ្នាំ។27 សជិកក្រុមប្រឹក្សាជាប់ឆ្នោតនៅតាមឃុំ-សង្កាត់ ត្រូវទៅជ្រើសតាំង សមាជិកព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងន័យថា ការបោះឆ្នោតទាំងនេះ គឺអសកល និងមិនផ្ទាល់។28 ខុសពីការបោះឆ្នោតជាតិ ការបោះ ឆ្នោតថ្នាក់ក្រោមជាតិ អាចត្រូវបានរៀបចំ សម្រាប់ក្រុមប្រឹក្សានីមួយៗបាន ក្នុងករណី អាសនៈរបស់ក្រុមប្រឹក្សាទាំងមូលនៅទំនេរ និងករណីផ្សេងទៀត ដូចមានប្បញ្ញត្តិ នៅក្នុងច្បាប់។29
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាស្ថាប័នជាតិ ទទួលបន្ទុកលើ ការរៀបចំ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត។30 នៅរៀងរាល់ឆ្នាំ គ.ជ.ប ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត និងកំណត់ឯកសារ ដែលត្រូវការចាំបាច់ដើម្បីបង្ហាញពីអត្តសញ្ញាណអ្នកបោះឆ្នោត ដោយធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតអាចចូលរួមនៅក្នុងការបោះឆ្នោត។ លើសពីនេះ នៅក្នុងអំឡុងឆ្នាំបោះឆ្នោត គ.ជ.ប មើលខុសត្រូវលើដំណើរការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងដោះស្រាយបណ្តឹងបោះឆ្នោត។ ការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប ត្រូវបានកំណត់ នៅក្នុងhttp://www.national-assembly.org.kh/tv/kh/ViewLawFile.aspx?LawDID=462 និងច្បាប់បោះឆ្នោត។
ចាប់តាំងពីឆ្នាំ១៩៩៨មក រាល់ការបោះឆ្នោតទាំងអស់ ត្រូវបានមើលខុសត្រូវដោយ គ.ជ.ប។31 ស្ថាប័នបោះឆ្នោតនេះ ក៏ទទួលរងការរិះគន់ជាច្រើនពីគណបក្សប្រឆាំង អង្គការឃ្លាំមើលការបោះឆ្នោត32 និងអង្គការអន្តរជាតិ រាប់បញ្ចូលទាំង សភាសហភាព អឺរ៉ុប33 និង ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស34ផងដែរ នៅពេលថ្មីៗនេះ។ ការរិះគន់ទាំងនោះ រួមមានស្ថាប័នរៀបចំការបោះឆ្នោត ខ្វះ ឯករាជ្យភាព លំអៀងទៅរកគណបក្សកាន់អំណាច និងរៀបចំការបោះឆ្នោតទន់ខ្សោយ មានលក្ខណៈជាប្រព័ន្ធ ដែលអនុគ្រោះគណបក្សកាន់អំណាច។ ជាលទ្ធផលនៃកិច្ចព្រម ព្រៀងនយោបាយ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សសង្គ្រោះជាតិ និង ប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានរៀបចំសារជាថ្មី ដោយមានសមាសភាពសមាជិករបស់ខ្លួន ៤រូបជ្រើសរើសដោយគណបក្សនីមួយៗ និង សមាជិកទី៩ ត្រូវជ្រើសរើសរួមគ្នា ដោយគណបក្សទាំងសងខាង។35
ក្រុមប្រឹក្សាធម្មនុញ្ញ (ក.ប.ធ)
ក្រុមប្រឹក្សាធម្មនុញ្ញ នៃប្រទេសកម្ពុជា គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សានេះ ទើបតែចាប់ដំណើរការសកម្មភាពរបស់ខ្លួន នៅឆ្នាំ១៩៩៨ ដំណាលគ្នាជាមួយនឹងព្រឹទ្ធសភា ហើយចាប់ពីពេលនោះមក ក៏បាន ក្លាយជាសមាជិក នៃសមាគមតុលាការធម្មនុញ្ញប្រើប្រាស់ភាសាបារាំង។36 ស្ថាប័នកំពូលនេះ មានសមាជិក ៩រូប ដែលត្រូវបានតែងតាំងដោយ ព្រះមហាក្សត្រ (ប្រមុខរដ្ឋ) រដ្ឋសភា និង ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់សម្រាប់អាណត្តិ ៩ឆ្នាំ។37 ការរៀបចំ និង ប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានកណត់នៅក្នុងច្បាប់ រីឯនីតិវិធីដំណើរការរបស់ក្រុមប្រឹក្សា មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង។38
ក្នុងការដោះស្រាយបណ្តឹងទាក់ទងនឹងការបោះឆ្នោត និង ការចុះបញ្ជីគណបក្សនយោបាយ ក្រុមប្រឹក្សាដើរតួនាទីដូចជាតុលាការ។ ប្រសិនបើសំណើសុំចុះបញ្ជីនគណបក្សនយោបាយត្រូវបានបដិសេធដោយក្រសួងមហាផ្ទៃ គណបក្សនយោបាយ អាចដាក់បណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រសួងនៅចំពោះមុខក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងត្រូវសម្រេចសេចក្តីលើសំណុំរឿងនេះ ក្នុងរយៈពេល ៣០ថ្ងៃ យ៉ាងយូរ។39 នៅក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលដំណឹង ការបដិសេធការចុះបញ្ជីបេ្ខភាពគណបក្ស ឬបេក្ខជនគណបក្ស ដោយ គ.ជ.ប អាចនឹងប្តឹងឧទ្ធរណ៍ទៅក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។40 ក្រៅពីនេះ បណ្តឹងបោះឆ្នោតអាចធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាផងដែរ បើមានកម្មវត្ថុទាក់ទងនឹងបញ្ជីដំបូងចុះឈ្មោះអ្នកបោះឆ្នោត យុទ្ធនាការបោះឆ្នោត និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។41 នៅគ្រប់ករណីទាំងអស់ ក្រុមប្រឹក្សាសម្រេចសេចក្តីបិទផ្លូវតវ៉ា ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាមានអានុភាពចាប់បង្ខំ ទៅលើគ្រប់អំណាចរដ្ឋទាំងអស់នៅក្នុងរដ្ឋធម្មនុញ្ញ។42
ការឃ្លាំមើល និងការវាយតម្លៃការបោះឆ្នោត
ការសង្កេតការ និងការវាយតម្លៃការបោះឆ្នោត កើតមានឡើងទាំងនៅក្នុង និងរវាងឆ្នាំបោះឆ្នោត។ គណបក្សនយោបាយ និងអង្គការមួយចំនួន ចូលរួមយ៉ាងសកម្ម នៅក្នុងការជម្រុញឱ្យមានតម្លាភាព អព្យាក្រឹត្យភាព និងភាពត្រឹមត្រូវនៃការបោះឆ្នោត រីឯស្ថាប័នផ្សេងទៀត តាមដានពីការបំពេញកិច្ចការរបស់គណបក្សនយោបាយឈ្នះឆ្នោត និងបេក្ខជនតំណាងរាស្ត្ររបស់ពួកគេ នៅក្នុងសភា និងរាជរដ្ឋាភិបាល នៅក្នុងអំឡុងពេលក្រោយការបោះឆ្នោត។ ទោះបីជាយ៉ាងណា ឆ្នាំបោះឆ្នោតទំនងជាឆ្នាំមមាញឹកបំផុតរបស់ពួកគេ។
តាមច្បាប់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងអង្គការអន្តរជាតិ អាចចូលរួមតាមឃ្លាំមើលការរៀបចំ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតមូលដ្ឋាន និងជាតិ។ ខណៈដែលគណបក្សនយោបាយអាចចាត់តាំងភ្នាក់ងាររបស់ខ្លួន ទៅសង្កេតការណ៍បោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ មកពីបណ្តាប្រទេសផ្សេងៗ មកសង្កេតការណ៍ដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។43 គ.ជ.ប អាចអនុម័តបទបញ្ជារសម្រាប់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ស្របតាមច្បាប់។44
គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងអង្គការអន្តរជាតិខ្លះ ដែលចូលរួមតាមឃ្លាំមើលការបោះឆ្នោត ត្រូវបានស្រង់ដាក់ក្នុងបញ្ជីខាងក្រោម។ បញ្ជីនេះ មិនមែនជាបញ្ជីពេញលេញស្តីពីគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងអង្គការអន្តរជាតិ ដែលចូលរួមតាមឃ្លាំមើលការបោះឆ្នោតនៅប្រទេសកម្ពុជាទេ។
គណបក្សនយោបាយ
- គណបក្សប្រជាជនកម្ពុជា
- គណបក្សសង្រ្គោះជាតិ
- គណបក្សហ៊្វុនស៊ិនប៉ិច
- គណបក្ស សម រង្ស៊ី
- គណបក្សសិទ្ធិមនុស្ស
- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
- គណបក្សអំណាចខ្មែរ
- គណបក្សប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន
- គណបក្សយុវជនខ្មែរ
អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគម
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
- វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)
- វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI)
- គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច)
- បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL)
- គណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
ទាក់ទងនឹងការបោះឆ្នោត
បច្ចុប្បន្នភាពចុងក្រោយ ២២ខែធ្នូ ឆ្នាំ២០១៥
ឯកសារយោង
- 1. សហភាពអន្តរសភា. “សភាកម្ពុជា៖ សភាធម្មនុញ្ញ.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.ipu.org/parline-e/reports/arc/2051_93.htm
- 2. បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា, មាត្រា ៦ថ្មី។ រដ្ឋសភា. “បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៥.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.nac.org.kh/group-article/29
- 3. មាស សុខជា. “ស ខេង នឹងក្លាយជាមេដឹកនាំមតិភាគច្រើននៅក្នុងរដ្ឋសភា.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៥។
- 4. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ឆ្នាំ២០១៥), មាត្រា ១៣៨។
- 5. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៧៦ និងគ្រប់មាត្រានៃជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ (ឆ្នាំ២០១៤)។ ក្រុមប្រឹក្សាធម្មនុញ្ញ. “ឯកសារច្បាប់.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.national-assembly.org.kh/tv/kh/ViewLawFile.aspx?LawDID=462
- 6. ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ឆ្នាំ២០១៥)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត. “ច្បាប់បោះឆ្នោត.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.necelect.org.kh/nec_khmer/index.php?option=com_content&view=article&id=1506&Itemid=438
- 7. រដ្ឋធម្មនុញ្ញ, មាត្រា៣៤ថ្មី។
- 8. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា៥។
- 9. ដូចខាងដើម មាត្រា២៣។
- 10. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា៥។
- 11. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា៩។
- 12. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (២០០១), មាត្រា២។
- 13. រដ្ឋធម្មនុញ្ញ, មាត្រា៧៦ថ្មី និងមាត្រា ៩៩ថ្មី។
- 14. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា៦។
- 15. ច្បាប់ស្តីពីគណបក្សនយោបាយ (១៩៩៧), មាត្រា ៩ និងមាត្រា១៩-២០។
- 16. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា២៣-៣៧។
- 17. សហភាពអន្តរសភា. “សភាកម្ពុជា៖ សភាធម្មនុញ្ញ.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.ipu.org/parline-e/reports/arc/2051_93.htm
- 18. ខុមហ្រ្វែល. របាយការណ៍ចុងក្រោយ៖ ការបោះឆ្នោតជាតិឆ្នាំ១៩៩៨ នៅប្រទេសកម្ពុជា. រាជធានីភ្នំពេញ: ខែកុម្ភៈ ឆ្នាំ១៩៩៩ ទំព័រទី ១៥។ ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ https://comfrel.org/english/final-report-on-1998-national-assembly-election-in-cambodia/
- 19. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត. “ឈ្មោះ និងអាសយដ្ឋានគណបក្សនយោបាយ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៥ ឆ្នាំ២០១៣”។ ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.necelect.org.kh/nec_khmer/index.php?option=com_content&view=article&id=1091&Itemid=348
- 20. សហភាពអន្តរសភា. “សភាកម្ពុជា៖ សភាធម្មនុញ្ញ.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.ipu.org/parline-e/reports/arc/2051_93.htm
- 21. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប). “បញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៥នៃរដ្ឋសភា ពីចាស់ ទៅក្មេង.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.necelect.org.kh/nec_khmer/images/stories/Results/2013/05-The%20official%20results%20of%20the%20elections.pdf
- 22. រដ្ឋធម្មនុញ្ញ, មាត្រា៥១ថ្មី។
- 23. ខុមហ្រ្វែល. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣៖ ការវាយតំលៃនិងរបាយការណ៍ចុងក្រោយ. រាជធានីភ្នំពេញ: ខែធ្នូ ឆ្នាំ២០១៣ ទំព័រ១០១-១០៥។ ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ https://comfrel.org/english/2013-national-assembly-elections-final-assessment-and-report/
- 24. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក). “សេចក្តីកំណត់សង្ខេប របស់ ម.ស.ម.ក៖ កំណែទម្រង់នយោបាយ និងការបោះឆ្នោតនៅកម្ពុជា ខែកុម្ភៈ ឆ្នាំ២០១៣.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.cchrcambodia.org/admin/media/analysis/analysis/english/2013_02_11_CCHR%20Briefing%20Note%20Electoral%20and%20Political%20Reform_Eng_u.pdf
- 25. រដ្ឋធម្មនុញ្ញ, មាត្រា៧៨ និងមាត្រា ១០២ថ្មី ។
- 26. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា ១៣៩។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា៣១។
- 27. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (២០០១), មាត្រា៣។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២០០៨), មាត្រា២។
- 28. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា១១។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២០០៨), មាត្រា២៧។
- 29. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា១១។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២០០៨), មាត្រា៥ និងមាត្រា៧២។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (២០០១), មាត្រា១៧៣។
- 30. ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (២០១៥)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប). “ឯកសារច្បាប់: ច្បាប់បោះឆ្នោត.” ចូលអាននៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៥។
- 31. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក). “សេចក្តីកំណត់សង្ខេប របស់ ម.ស.ម.ក៖ កំណែទម្រង់នយោបាយ និងការបោះឆ្នោតនៅកម្ពុជា ខែកុម្ភៈ ឆ្នាំ២០១៣.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.cchrcambodia.org/admin/media/analysis/analysis/english/2013_02_11_CCHR%20Briefing%20Note%20Electoral%20and%20Political%20Reform_Eng_u.pdf
- 32. ឃួន ណារឹម. “អង្គការមិនមែនរដ្ឋាភិបាលស្នើឱ្យមានកំណែទម្រង់បញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ.” ឌឺខេមបូឌាដេលី ចុះថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.cambodiadaily.com/news/ngos-call-for-vote-reform-new-election-50066/
- 33. គង់ សុធារិទ្ធិ. “សភាអឺរុបស្នើឱ្យការស៊ើបអង្កើតលើការបោះឆ្នោតកាលពីខែកក្កដា.” វីអូអេ ខ្មែរ. ចុះថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤ ។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.voacambodia.com/content/eu-parliament-calls-for-investigation-of-cambodia-july-election/1833952.html.
- 34. ឡូរែន ក្លូឌឺ. “តំណាងសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស៊ូប៊ែឌីនិយាយថា កំណែទម្រង់ការបោះ ឆ្នោតមិនគ្រប់គ្រាន់.” ឌឺខេមបូឌាដេលី ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៣។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.cambodiadaily.com/elections/un-rights-envoy-subedi-says-electoral-reform-inadequate-40195/
- 35. ចូស៊ូ លីប. “តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ធ្វើសម្បថមុនកាន់តំណែង.” វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.rfa.org/english/news/cambodia/oath-08052014172933.html
- 36. ក្រុមប្រឹក្សាធម្មនុញ្ញ. “អ្វីទៅជា ក្រុមប្រឹក្សាធម្មនុញ្ញ?” ចូលអាននៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៥។ http://www.ccc.gov.kh/whatisccc_en.php
- 37. ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ (២០០៧), មាត្រា៣ថ្មី។
- 38. ដូចខាងដើម, មាត្រា ១២ថ្មី។
- 39. ច្បាប់ស្តីពីគណបក្សនយោបាយ (១៩៩៧), មាត្រា២៥។
- 40. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ (១៩៩៨), មាត្រា២៦។
- 41. ដូចខាងដើម។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ (២០០៧), មាត្រា២៥ថ្មី និង មាត្រា២៧ថ្មី។
- 42. ដូចខាងដើម, មាត្រា៣៤ថ្មី។ ។
- 43. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា ៧, មាត្រា ១០ និង មាត្រា ២១។
- 44. ដូចខាងដើម, មាត្រា២២។