សង្គមស៊ីវិល

IMG_0276

កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​ស្តី​ពី​ “​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​” នៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។ រូបភាព ដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0

​សង្គម​ស៊ី​វិល​ តំណាង​ឱ្យ​ចំនាប់អារម្មណ៍​នានា​ដែល​ផុស​ចេញពី​ពលរដ្ឋ​ ដែល​ជា​ផ្នែក​មួយ​នៃ​សង្គម​ មិន​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ ឬ​ពាណិជ្ជកម្ម​។​ អង្គការ​សង្គម​ស៊ី​វិល​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្ថាប័ន​ពុទ្ធ​សាសនា​ សហភាព​ពាណិជ្ជកម្ម​ និង​សមាគម​​ផ្សព្វផ្សាយ​នានា​។​

​អង្គការ​ប្រភេទ​នេះ​មាន​ច្រើន​ណាស់​។​ នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ២០១៦​ លោក​ ​​​ណី សំអុល តំណាង​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​សឺ​ណេ​វ​ ​ ត្រូវ​បាន​រាយការណ៍​ថា លោកមានប្រសាសថា​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៤.៦៣៧​។​1

​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារី​ស​ ឆ្នាំ១៩៩១​ អង្គការសហប្រជាជាតិ​ និង​ប្រទេស​ហត្ថលេខី​ចំនួន​ ១៨​ ទៀត​ បាន​ចងសម្ព័ន្ធ​របស់​ពួក​គេ​ ដើម្បី​លើកកម្ពស់​ និង​លើកទឹកចិត្ត​ដល់​ការ​គោរព​ និងការ​អនុ​វត្ត​សិទ្ធិ​មនុស្ស​ និង​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹងបរិធាន​អន្តរជាតិ​ ជា​ពិសេស​ ដើម្បី​ជៀសវាង​ការ​កើតឡើង​​ជា​ថ្មី​ម្តងទៀតនៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។​2

​ចាប់តាំងពី​ពេល​នោះ​មក​ សិទ្ធិ​សេរី​សំខាន់ៗ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចូល​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​នៅ​ក្នុង​ច្បាប់​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​ក្នុងស្រុក​ និង​អន្តរជាតិ​ បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រៀបចំ​ និង​ការ​អភិវឌ្ឍ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ការ​លេច​រូបរាង​ជា​ថ្មី​របស់​ពួក​គេ​នៅ​ឆ្នាំ​ ១៩៨៩​ ក្នុង​ប្រទេស​នេះ​។​ នៅ​លើ​លិខិត​ស្នាម​នានា​ មាន​យន្តការ​ជា​ច្រើន​ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​អាច​បញ្ចេញ​សម្លេង​របស់​ពួក​គេ​នៅ​ក្នុង​បញ្ហា​នានា​នៃ​ការ​អភិវឌ្ឍ​។​ យ៉ាងណាមិញ​ វា​មាន​ទស្សនៈ​ទូលំទូលាយ​មួយ​ ដែល​ជាក់​ស្តែង​នៃ​ការ​ដាក់​បញ្ជូល​​​ក្រុម​អ្នកតំណាង​ឱ្យ​សង្គម​ស៊ី​វិល​​នៅ​ក្នុង​គោលនយោបាយ​ និង​ទិស​ដៅ​របស់​រដ្ឋាភិបាលពិតជា​នៅ​មាន​កម្រិតនៅ​ឡើយ​។​3

​ច្បាប់​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​ បាន​ដាក់​ចេញ​នៅ​ការ​រឹត​បន្តឹង​ថ្មី​លើសហគមន៍​អង្គការ​​។​ ក្រុម​សកម្មជនមួយចំនួន​ត្រូវ​បាន​គេសម្លាប់ដោយគ្មានការផ្តន្ទាទោសពីបទឧក្រិដ្ឋនោះទេ​ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ ឬ​គម្រាមកំហែង​ចាប់​ដាក់​ពន្ធនាគារ​។​

​ការទទួលស្គាល់សិទ្ធិស៊ីវិល​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ស្របច្បាប់

​សិទ្ធិ​ និង​សេរីភាព​ជា​មូលដ្ឋាន​ជា​ច្រើន​របស់​ពលរដ្ឋ​ខ្មែរ​ និង​សង្គម​ស៊ី​វិល​ ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា4​៖

  • មាត្រា​ ៣៥៖​ ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ​។​
  • ​មាត្រា​ ៣៧៖​ អនុញ្ញាតឱ្យមាន​បាតុកម្មដោយ​សន្តិវិធី​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​។​
  • ​មាត្រា​ ៤១៖​ និយាយ​ពី​សេរីភាពក្នុង​ការ​បញ្ចេញមតិ​ សេរីភាព​ខាង​សារព័ត៌មាន​ សេរីភាព​ខាង​បោះ​ពុ​ម្ព​ផ្សាយ​ សេរី​ភាពក្នុងការជួប​ប្រជុំ​គ្នា។​
  • ​មាត្រា​ ៤២៖​ ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើត​សមាគម​ និង​គណ​បក្សនយោបាយ​។​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ អាច​ចូលរួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ការពារ​ស​មិ​ទ្ធ​ផល​ជាតិ​ និង​សណ្តាប់ធ្នាប់​សង្គម​។​

​ប្រព័ន្ធ​ច្បាប់​ និង​ច្បាប់​បុគ្គល​ជា​ច្រើន​ទាក់ទង​នឹង​ក្រុម​សង្គម​ស៊ី​វិល​។​ ក្រមរដ្ឋប្បវេណី​ ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​ ២០០៧​ ទទួលស្គាល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ ជា​ស្ថាប័ន​ស្របច្បាប់​ និង​ធ្វើឱ្យ​អង្គការ​ទាំងនោះ​ឆ្ពោះទៅ​រក​សកម្មភាព​ប្រតិបត្តិ​ការណ៍​របស់​ខ្លួន​។

​យោង​តាម​ច្បាប់​ស្តី​ពី​ សារពើពន្ធ​ ឆ្នាំ​ ១៩៩៧​ (​មាត្រា​ ៩)​ អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បាន​លើកលែង​ពន្ធ​លើប្រាក់​ចំណូល​ ប្រសិនបើ​អង្គការ​របស់​ពួក​គេ​ត្រូវ​បាន​ដំណើរការ​សម្រាប់​គោលដៅ​ខាង​សាសនា​ សប្បុរសធម៌​ វិទ្យាសាស្ត្រ​ អក្សរសាស្ត្រ​ ឬ​អប់រំ​។​

​នៅ​ក្នុង​លក្ខ​ខ​ណ្ឌ​ជាក់លាក់​មួយ​ចំនួន​នៃ​សិទ្ធិ​ និង​សេរីភាព​ ត្រូវ​បាន​គ្របដណ្តប់​ដោយ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​។​ ជា​បញ្ញត្តិ​ទូទៅ​មួយ​ សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូលផ្តុំ​គ្នា​ គឺ​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ច្បា​ប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ដែល​ត្រូវ​បានប្រកាសឱ្យប្រើ​នៅ​ចុងឆ្នាំ​ ២០០៩​។​

​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​ច្បាប់​មួយ​នៃ​ច្បាប់​សំខាន់ៗ​ដែល​គ្រប់គ្រង​លើ​វិស័យ​សង្គម​ស៊ី​វិល​ គឺ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO)​ ដែល​បាន​ចូលជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​ ២០១៥​។5​ ច្បាប់​នេះ​ត្រូវ​បាន​ស្ថិត​ក្រោម​ទំនួល​ខុស​ត្រូវ​នៃ​ក្រសួងមហាផ្ទៃ​។​ សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ត្រូវ​តែ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។​ សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ណា​ដែល​មិន​បាន​ចុះបញ្ជី​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។

​សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ ដែល​មាន​បំណង​ធ្វើ​សកម្មភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក្រោម​ទម្រង់​ជា​ការ​ចុះ​អនុស្សរណៈយោគយល់​។​

​ប្រសិនបើ​ សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ ដែល​មាន​បំណង​អនុវត្ត​គម្រោង​រយៈពេល​ខ្លី​ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្ទាល់​ ឬ​តាម​រយៈ​ដៃគូ​ក្នុងស្រុក​។

​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ត្រូវ​ប្រកាន់​ជំហ​អ​ព្យា​ក្រឹត្យ​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ពួក​គេ​អាច​នឹង​ត្រូវ​សម្រេច​លុប​ចេញពី​បញ្ជី​ ប្រ​សិន​បើ​ពួក​គេ​ “ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ​ ស្ថិរភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ ឯកភាព​ជាតិ​ វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ជាតិ​កម្ពុជា …​”6

​ការ​រិ​ត​បន្តឹងលើ​សកម្មភាព​នយោបាយ​ ក៏​ត្រូវ​បានរកឃើញ​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ខែ​មិ​នា​ ឆ្នាំ​ ២០១៥​។​ ច្បាប់​នេះ​ ហាម​ប្រាម​ដល់​អង្គការ​សង្គម​ស៊ី​វិល​នានា​ពី​ការ​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ រួម​ទាំង​មុន​ និង​ក្រោយ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៧​  ​ក្រសួង​មហា​ផ្ទៃ​ បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ​ ស្តី​​ពី​​ការ​​ធ្វើ​​សកម្មភាព​​របស់​​សមាគម​​ ​និង​​អង្គការ​​មិនមែន​​រដ្ឋាភិបាល​​ក្នុង​ស្រុក​​ ដែល​សេចក្តី​ណែនាំ​នេះ​បាន​បញ្ជាក់​ថា​  ​ទាំង​​សមាគម​​ ​និង​​ ​អង្គការ​​មិន​មែន​​រដ្ឋា​​ភិបាល​​ក្នុង​ស្រុក​​ ​ដែល​​បើក​​សាខា​​ប្រតិ​បត្តិ​ការ​​ ឬ​ ​អនុវត្ត​​សកម្មភាព​​របស់​​ខ្លួន​​នៅ​​រាជធានី​​ខេត្ត​​នោះ​​ អាច​​ជូន​​ដំណឹង​​ដោយ​​ផ្ទាល់​​ទៅ​រដ្ឋបាល​​រាជធានី​​ខេត្ត​​ក្នុង​​រយៈពេល​​ ៣ ​​ថ្ងៃ​​មុន​​ចាប់​ផ្តើម​​ ​​អនុវត្ត​​សកម្មភាព​​របស់​​ខ្លួន​។7​ ក្រៅ​ពីនោះ​ ​ក្រសួង​ក៏បាន​​​ណែនាំ​​ឱ្យ​​រដ្ឋបាល​​រាជធានី​​ខេត្ត​​ និង​​ ​អាជ្ញា​ធរ​មាន​​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​​ត្រូវ​​ចាត់​​វិធាន​​ការ​​បញ្ឈប់​​ជា​​បន្ទាន់​​ចំពោះ​​សមាគម​​ និង​​អង្គការ​​មិន​មែន​​រដ្ឋា​ភិបាល​​ក្នុង​​ស្រុក​​ទាំង​​ឡាយ​ណា​​ដែល​​​ធ្វើ​​សកម្ម​ភាព​​ដោយ​​ពុំ​បាន​​ចុះ​​បញ្ជី​​នៅ​​ក្រសួង​​មហា​ផ្ទៃ​​ស្រប​​តាម​​ច្បាប់​​កំណត់​​និង​​ចំពោះ​​សមា​គម​ ​និង​​អង្គការ​​មិន​មែន​​រដ្ឋា​ភិបាល​​ក្នុង​​ស្រុក​​ដែល​​ត្រូវ​បាន​​ក្រសួង​​មហា​ផ្ទៃ​​សម្រេច​​លុប​​ឈ្មោះ​​ចេញ​ពី​​បញ្ជី​​ ឬ​​ផ្អាក​​សកម្ម​ភាព​​ហើយ​​នៅ​តែ​បន្តធ្វើ​​សកម្មភាព​​ទៀត​។8​ ​​

​ច្បាប់​ស្តី​ពី​សហជីព​

​នៅ​ក្នុង​ខែមេសា​ ឆ្នាំ​២០១៦​ ច្បាប់​មួយ​ស្តី​ពី​សហជីព​ ត្រូវ​បាន​អនុម័ត​ ដែល​បាន​ដាក់​ចេញ​នូវ​ការ​ផ្តល់​សិទ្ធិ​ និង​សេរីភាព​ដល់​ជន​ទាំងឡាយ​ណា​ក្នុង​ការ​បង្កើត​ និង​ការ​ចូលរួម​នៅ​ក្នុង​សហជីព​។​ ច្បាប់​នេះ​ក៏​បាន​ផ្តល់​ឱ្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នូវ​ការ​គ្រប់គ្រង​មួយ​ចំនួន​លើ​សហជីព​ រួម​មាន​សិទ្ធិ​ក្នុង​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​សហជីព​ និង​ ពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​ជំនួយ​គាំទ្រ​ពី​អន្តរជាតិ​។​ ច្បាប់​នេះ​ ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​សហជីព​ ប៉ុន្តែ​យ៉ាងណាមិញ​វា​ត្រូវ​បាន​គាំទ្រ​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​។​ សមាគម​ GMAC​ បាន​និយាយ​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ មាន​រោងចក្រ​នាំ​ចេញ​សំលៀក​បំពាក់​ និង​វាយនភ័ណ្ឌ​ចំនួន​ ៥៥៧​ និង​ រោងចក្រ​ស្បែកជើង​ ចំនួន​ ៥៨​ ប៉ុន្តែ​សហជីព​មាន​ចំនួន​តែ​ ៣.១៦៦​ ប៉ុណ្ណោះ​។9

​មាត្រា​ទី​ ១៣​ នៃ​ច្បាប់​នេះ​ និយាយ​ថា​ សហជីព​មួយ​ត្រូវ​កំណត់​ចំនួន​កូរ៉ុម​ប្រជុំ​ចំនួន​ភាគច្រើន​ដាច់ខាត​ ពី​ចំនួន​យ៉ាងតិច​ ៥០​ ភាគរយ​បូក​១​ នៃ​សមាជិក​សហជីព​សរុប​សម្រាប់​រាល់​កិច្ចប្រជុំ​សម្រេច​ធ្វើ​កូដកម្ម​។​ សហជីព​មួយ​ចំនួន​អាច​នឹង​មានការ​លំបាក​ក្នុង​ការ​អនុវត្តន៍​ដើម្បី​សម្រេច​បាន​នៅ​លក្ខខណ្ឌ​នេះ​។​

​នៅ​ក្នុង​មាត្រា​ ១៥​ ក្រសួង​​ការងារ​មាន​ចំណាត់ការ​ទៅ​លើ​ការ​ចេញ​សេចក្តីណែនាំ​ (​ប្រកាស​)​ ដែល​អនុញ្ញាត​អោយ​ក្រសួង​ធ្វើ​សេចក្តីសម្រេច​ថា​តើ​គួរ​ ឬ​មិន​គួរ​ដើម្បី​ការ​អនុញ្ញាត​ដល់​សហជីព​មួយ​អាច​ដាក់​ពាក្យសុំ​ចុះបញ្ជី​។​10

​កំណើន​ និង​ការ​អភិវឌ្ឍ​

​កំណើន​ និង​ការ​អភិវឌ្ឍ​នៃ​សង្គម​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ទទួល​ការ​គាំទ្រ​ពី​ប្រភព​ធនធាន​ជា​ច្រើន​ ជា​ពិសេស​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​។​

​ឧទាហរណ៍​ នៅ​ក្នុង​ខែ​មក​រា​ ឆ្នាំ​២០១៦​ សហភាព​អឺរ៉ុប​ បាន​ផ្តល់​ថវិកា​ជាង​ ៨,២​ លាន​អឺ​រ៉ូ​ សម្រាប់​ជំនួយ​ឥត​សំណង​ថ្មី​ចំនួន​ ១១​ ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​ ដើម្បី​ពង្រឹង​អង្គការ​សង្គម​ស៊ី​វិល​ និង​ដើម្បី​លើកកម្ពស់​សិទ្ធិ​មនុស្ស​ (​នយោបាយ​​ ជន​ស៊ី​វិល​ សេដ្ឋកិច្ច​ សង្គម​ និង​ សិទ្ធិ​វប្បធម៌​)​ ដែល​បាន​កំណត់​ ក្នុងគណនេយ្យភាព ​អភិបាលកិច្ច​ល្អ​ និងប្រជាធិបតេយ្យនីយកម្ម​។11

​នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​ ២០១៦​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បាន​បើក​ប្រកាស​ផ្តល់​ជំនួយ​ ៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​ពង្រឹងសមត្ថភាព​សង្គម​ស៊ី​វិល​កម្ពុជា​ រយៈ​ពេល ៥​ ឆ្នាំ​។​ ការងារ​នៃ​គម្រោង​នេះ​ នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​រចនាសម្ព័ន្ធ​គ្រប់គ្រង​នានា​ ដូច​ជា​ នាយក​ក្រុមប្រឹក្សាភិបាល​ បណ្តាញ​ទំនាក់ទំនង ​នីតិវិធី​ប្រតិបត្តិការ​ស្ដង់ដារ​ និង​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​។​

​ការ​គម្រាមកំហែង​សុវត្ថិភាព​រាង​កាយ​

​សុវត្ថិភាព​នៃ​សកម្មជន​សង្គម​ស៊ី​វិល​ ត្រូវ​បាន​គម្រាមកំហែង​ជា​ច្រើន​ដង​ ហើយ​សកម្មជន​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៦​ អ្នកវិភាគ​នយោបាយ​ លោក​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៧០​ បាន​​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ដើម្បី​ថ្កោលទោស​ការ​សម្លាប់​នេះ​ និង​ដើម្បី​ស្នើ​ឱ្យ​អ្នកវិភាគ​អាច​បន្តការងារ​របស់​ពួក​គេ​ដោយ​ “​គ្មាន​ការ​ប្រើ​អំពើ​ហឹ​ង្សា បំភិតបំភ័យ​​ និង​ការ​ភ័យខ្លាច​​”​។12

​សកម្មជន​សិទ្ធិ​មនុស្ស​សង្គម​ស៊ី​វិល​ជា​ច្រើន​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​លើ​បទចោទប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ និង​ ២០១៦​។​ អ្នកតំណាង​ក្រុម​សង្គម​ស៊ី​វិល​ប្រាំពីរ​នាក់​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ស៊ើបសួរ​នៅ​ការិយាល័យ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​

​នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១៦​ អ្នករាយការណ៍​អង្គការសហប្រជាជាតិ​ ៤​ នាក់​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បញ្ឈប់​គោលដៅ​លើ​សង្គម​ស៊ី​វិល​៖​ “​ការ​កើនឡើង​នៃ​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ ការ​ស៊ើបសួរ​ នីតិវិធី​​តុលាការ​ និង​សេចក្តីថ្លែងការណ៍​សាធារណៈ​ប្រឆាំង​ទៅ​កាន់​ពួក​គេ​ត្រូវ​តែ​បញ្ឈប់​។13​ យើង​ច​ម្រុ​ញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ធានា​ដល់​សុវត្ថិភាព​ និង​បង្ក​បរិយាកាស​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សង្គម​ស៊ី​វិល​ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ និង​នាំ​មក​នូវ​គុណប្រយោជន៍​សិទ្ធិ​មនុស្ស​ដល់​សង្គម​កម្ពុជា​ទាំងមូល​។​14

​ព្រះពុទ្ធ​សាសនា​ និង​សង្គម​ស៊ី​វិល​

​ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះពុទ្ធ​សាសនា​ គឺជា​សាសនា​របស់​រដ្ឋ​។​ ព្រះ​ភិក្ខុសង្ឃ​ ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ និង​សាសនា​ដូច​ជា​ អាពាហ៍ពិពាហ៍​ និង​បុណ្យសព​ ហើយ​បន្ត​ជំនឿ​វប្បធម៌​នានា​។​ នៅ​ក្នុង​សង្គម​ស៊ិ​វិល​ អង្គភាព​ពុទ្ធសាសនិក​ បាន​ដើរតួ​នាទី​ក្នុង​ការ​អភិវឌ្ឍ​អត្តសញ្ញាណ​ជាតិខ្មែរ​ នៅ​ក្នុង​សតវត្សរ៍​ទី​ ២០​ នេះ​ រួម​ទាំង​ចលនា​ដើម្បី​ឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​សតវត្សរ៍​ទី​ ២១​ នេះ​ ព្រះសង្ឃ​មួយ​ចំនួន​ (​លោក​នេន​)​ បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នានា​ ខណៈ​បព្វជិត​ជាន់ខ្ពស់​ជា​ច្រើន​ ទំនង​ហាក់ដូចជា​ ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​។​

បានធ្វើបច្ចុប្បន្នភាព៖ ៣១ តុលា ២០១៧

ឯកសារយោង

  1. 1. Ben Paviour, “សង្គមស៊ីវិលរិះគន់ការឆ្លើយតបរបស់ឯកអគ្គរដ្ឋទូតចំពោះមន្ត្រីអង្គការសហប្រជាជាតិ”, កាសែតខេមបូឌា ដេលី, ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។ http://bit.ly/2lcjlQB
  2. 2. ចក់ សុភាព. “ក្រោកឈរជាមួយសង្គមស៊ីវិលនៅកម្ពុជា”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦. http://www.phnompenhpost.com/analysis-and-op-ed/standing-civil-society-cambodia
  3. 3. មជ្ឈមណ្ឌលអន្តរជាតិច្បាប់មិនសម្រាប់ប្រាក់ចំណេញ, ចេញផ្សាយថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ http://www.icnl.org/research/monitor/cambodia.html
  4. 4. “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” ចូលអានថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។ https://data.opendevelopmentmekong.net/km/laws_record/the-constitution-of-united-kingdom-of-cambodia
  5. 5. “ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល,” ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស, ចូលអានថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦, http://cambodia.ohchr.org/~cambodiaohchr/sites/default/files/Unofficial_Translation_of_5th_LANGO_ENG.pdf
  6. 6. ដូចឯកសារយោងខាងដើម, មាត្រាទី ៣០។
  7. 7. ម៉ិច ដារ៉ា, “ក្រសួង​​ចេញ​សេចក្តី​ណែនាំ​​មួយ មាន​លក្ខណៈ​រឹតត្បិត​ការ​ជួបជុំ​របស់​អង្គការ​ក្នុង​ស្រុក,” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧។ ចូលអានថ្ងៃទី ២០​ ខែតុលា ឆ្នាំ ២០១៧។ http://www.phnompenhpost.com/national/ministry-ups-scrutiny-ngos
  8. 8. អង្គការទិន្នន័យអំពីការអភិវឌ្ឍ, “ក្រសួងមហាផ្ទៃ​ ណែនាំ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ស្តី​ពី​ការ​ធ្វើ​សកម្មភាព​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​,” ចេញថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧។ https://opendevelopmentcambodia.net/km/announcements/interior-ministry-instructs-provincial-officials-to-urgently-report-any-instances-in-which-activities-carried-out-by-any-ngos-or-grassroots-associations-without-prior-notification/
  9. 9. ឌី ខាំបូលី, “ក្រុម​សហជីព​ និង​ក្រុម​និយោជក​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ជុំវិញ​ច្បាប់​ស្តី​ពី​សហជីព​នៅ​កម្ពុជា”, សារព័ត៌មានវីអូអេខ្មែរ, ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៦។ http://bit.ly/2kDC1K5
  10. 10. ដូចឯកសារយោងខាងដើម។
  11. 11. សហភាពអឺរ៉ុប”សហភាពអឺរ៉ុបគាំទ្រអង្គការសង្គមស៊ីវិលជាមួយនឹងថវិកា ៨,២ លានអឺរ៉ូ ដើម្បីបំពេញគម្លាតអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា (១៨/០១/២០១៦),” គេហទំព័រ Reliefweb (២០១៦). ចូលអានថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ http://reliefweb.int/report/cambodia/eu-supports-civil-society-organisation-82-million-euros-fill-development-gap
  12. 12. Jack Davies និង មាស សុជា, “​នៅ​មិន​ទាន់​​​ចោទ​ជន​​​បាញ់​សម្លាប់​​លោក​ កែម ឡី​ ខណៈ​មាន​ការ​បារម្ភចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ http://bit.ly/2m3q1i5
  13. 13. ប៊ុន សេងគង់, “USAID បើកកម្មវិធីកញ្ចប់ថវិកាថ្មី ៩ លានដុល្លារដើម្បីគាំទ្រដល់សង្គមស៊ីវិល”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/usaid-launches-new-9m-program-benefit-civil-society
  14. 14. អង្គការសហប្រជាជាតិ,ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស, ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦, ចូលអានថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៦។ http://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID=19954&LangID=E
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CNtcP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!