ការអប់រំកម្រិតឧត្តមសិក្សាជាទូទៅសំដៅលើការអប់រំលើសពីកម្រិតមធ្យមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ៖ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្ររង បរិញ្ញាបត្រ ៤ ឆ្នាំ ថ្នាក់អនុបណ្ឌិត ២ ឆ្នាំ និងបណ្ឌិត ៣ ឆ្នាំដល់ ៦ ឆ្នាំ។1
មុនពេលមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាត្រូវបានកម្ទេចចោលក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ហើយទើបតែអាចកសាងឡើងវិញបានបន្ទាប់ពីសម័យកាលបានបញ្ចប់។ សម័យនេះឃើញមានការបើកឡើងវិញនូវសាកលវិទ្យាល័យមួយចំនួនដែលបានសាងសង់មុនសម័យខ្មែរក្រហម ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។2 ចាប់តាំងពីពេលនោះមក ព្រះរាជាណាចក្របានចាប់ផ្តើមពង្រីក និងរៀបចំរចនាសម្ព័ន្ធឧត្តមសិក្សាឡើងវិញដោយបង្កើតគ្រឹះស្ថានឧត្តមសិក្សាឯកជន និងណែនាំកម្មវិធីបង់ថ្លៃសម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន។ នៅឆ្នាំ ១៩៩៧ គ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងគេត្រូវបានបង្កើតឡើងក្រោមគោលនយោបាយនេះ។3 ក្រោយមក ឧត្តមសិក្សាទាំងសាធារណៈ និងឯកជនបានចាប់ផ្តើមកើនឡើងពី ៨ ក្នុងឆ្នាំ ១៩៩៧ ដល់ ៧០ ក្នុងឆ្នាំ ២០០៩ ដល់ ១២៨ ក្នុងឆ្នាំ ២០២០ ដែលមាននៅក្នុងខេត្ត និងរាជធានីចំនួន ២០។4 ជាងនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យគ្រឹះស្ថានឧត្តមសិក្សាចំនួន ៨០ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទាំង ១២៨។5
ការចុះឈ្មោះចូលរៀន
ការចុះឈ្នោះចូលរៀនរបស់សិស្សនៅថ្នាក់ឧត្តមសិក្សាបានកើនឡើងពី ២៨,០៨០ នាក់ក្នុងឆ្នាំ ២០០០ ដល់ ២២៣,២២១ នាក់ក្នុងឆ្នាំ២០១០6 និង ២០១,៩០០ រួមទាំងនិស្សិតអន្តរជាតិចំនួន ១៥៥ នាក់ក្នុងឆ្នាំ ២០២០-២១។ ប៉ុន្តែដោយសារតែជំងឺរាតត្បាតកូវីដ-១៩ មានការធ្លាក់ចុះនៃការចុះឈ្មោះសិស្សក្នុងថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០១៩-២០ ប៉ុន្តែមានការកើនឡើងនៃការចុះឈ្មោះចូលរៀននៅថ្នាក់បណ្ឌិត។7 អត្រាចុះឈ្មោះចូលរៀនសរុប (អាយុពី ១៨ ទៅ ២២ ឆ្នាំ) ក៏បានកើនឡើងពី ៦% ក្នុងឆ្នាំ ២០០៦ ដល់ ១០% ក្នុងឆ្នាំ ២០១៨។8 ទោះជាយ៉ាងណាក៏ដោយ អត្រានេះនៅមានកម្រិតទាបនៅឡើយដោយសារមិនទាន់ឈានដល់គោលដៅ ២៣% ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។9 អត្រាចុះឈ្មោះចូលរៀនទាបអាចបណ្តាលមកពីកង្វះសាកលវិទ្យាល័យនៅតាមខេត្តដែលបង្កការលំបាកដល់សិស្សក្នុងការធ្វើចំណាកស្រុកទៅរាជធានី។ ជាងនេះទៅទៀត ឧបសគ្គភាសាក៏គឺជាកត្តាមួយក្នុងចំនោមបញ្ហាដែលរារាំងដល់ទឹកចិត្តរបស់សិស្សនៅជនបទក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដោយសារសិស្សនៅតាមបណ្តាខេត្តយល់ថាវាពិបាកក្នុងការចូលរៀនវគ្គសិក្សាជាភាសាបរទេស។10 ហេតុផលមួយទៀតគឺ សិស្សមួយចំនួនមិនបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដោយសារកំណែទម្រង់ប្រឡងតឹងរ៉ឹង ដូច្នេះហើយសិស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះចូលរៀននៅឆ្នាំមូលដ្ឋានគ្រឹះនៃថ្នាក់ឧត្តមសិក្សា។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមួយចំនួនជ្រើសរើសសិក្សាសញ្ញាបត្របរិញ្ញាបត្ររង។ យ៉ាងណាក្តី គេរំពឹងថាចំនួនសិស្សដែលបានចុះឈ្មោះចូលរៀននៅឧត្តមសិក្សានៅឆ្នាំ ២០៣០ នឹងកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំ ២០១៨។ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលដៅនៃការចុះឈ្មោះត្រឹម ២២,៧% ក្នុងឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ និង ២៥% នៅឆ្នាំ ២០៣០។11
ទាក់ទងនឹងការរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា និស្សិតភាគច្រើនជ្រើសរើសជំនាញវិទ្យាសាស្ត្រសង្គម ហើយមានតែប្រហែល ៣០% ប៉ុណ្ណោះដែលចុះឈ្មោះចូលរៀនជំនាញស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន វិស្វកម្ម សិល្បៈ គណិតវិទ្យា)។12 ដោយសារចំនួនសិស្សដែលសិក្សាជំនាញស្ទែមមានតិចតួច ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការលើកកម្ពស់ និងបង្កើនលទ្ធភាពចូលរៀនជំនាញស្ទែមរបស់និស្សិតក្នុងកម្រិតឧត្តមសិក្សាដោយបង្កើតវគ្គបណ្តុះបណ្តាល និងកម្មវិធីថ្មីៗផ្តោតលើជំនាញនេះ។ ជាងនេះទៅទៀត កម្ពុជាក៏ប្រឈមមុខនឹងបញ្ហាគម្លាតនៅថ្នាក់អនុបណ្ឌិតដែលទាមទារការវិនិយោគបន្ថែមលើមុខជំនាញទាក់ទងនឹងស្ទែម។13
អាហារូបករណ៍នៅឧត្តមសិក្សា
គ្រឹះស្ថានឧត្តមសិក្សាសាធារណះផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្សក្នុងទម្រង់នៃការពុំបាច់បង់ថ្លៃសិក្សា។ អាហារូបករណ៍រដ្ឋាភិបាលគ្របដណ្តប់ប្រហែល ១៥% នៃការចុះឈ្មោះរបស់សិស្សសរុប។14 ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីដែលផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតបឆ្នាំទី ១ នៅថ្នាក់ឧត្តមសិក្សា។ លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគឺផ្អែកលើភេទ ទីតាំងតំបន់ និងសមិទ្ធផលរបស់សិស្ស ដែលផ្អែកលើការរួមបញ្ចូលគ្នាដូចជា៖ សិស្សក្រីក្រ (២០%) សិស្សស្រី (១៥%) តំបន់ជួបការលំបាក (៥%) សិស្សពូកែ (៦០%) និងការចុះឈ្មោះចូលរៀនជំនាញអាទិភាព។15 ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូ ព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជូននិស្សិតអាហារូបករណ៍កម្ពុជាចំនួន ៤៣៧ នាក់ (ស្រី ១៤៣នាក់) ទៅក្រៅប្រទេសដែលចាប់ពីវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់ថ្នាក់បណ្ឌិត។16 ផែនការអនាគតក៏នឹងត្រូវបានធ្វើឡើងផងដែរ ដើម្បីជួយដល់និស្សិតអាហារូបករណ៍ ខណៈដែលក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំគោលនយោបាយស្តីពីការផ្តល់អាហារូបករណ៍ និងក្រេឌីតសម្រាប់សិស្សានុសិស្សក្នុងកម្រិតឧត្តមសិក្សាជាមួយនឹងការបង្កើនទីស្នាក់អាស្រ័យសម្រាប់និស្សិតស្រីផងដែរ។17
កំណែទម្រង់ឧត្តមសិក្សា
កម្ពុជាមិនទាន់ក្លាយជាសង្គមដែលផ្អែកលើចំណេះដឹងនៅឡើយទេ ប៉ុន្តែប្រទេសនេះសង្ឃឹមថានឹងផ្លាស់ប្តូរពីសង្គមដែលពឹងផ្អែកលើកម្លាំងពលកម្មទៅជាសង្គមផ្អែកលើចំណេះដឹង។ ដោយមើលឃើញថាឧត្តមសិក្សានៅកម្ពុជាកំពុងមានការវិវឌ្ឍន៍ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី ៧៥ ក្នុងចំណោមប្រទេស ១០០ ទាក់ទងនឹងគុណភាពឧត្តមសិក្សា បើយោងតាមរបាយការណ៍ត្រៀមខ្លួនសម្រាប់អនាគតនៃផលិតកម្មឆ្នាំ ២០១៨ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក ចំណែកឯប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដូចជាប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់ទី ២៣ ប្រទេសហ្វីលីពីនទី ២៧ និងប្រទេសថៃទី ២៨។18 ក្រៅពីគុណភាព និងលទ្ធផលនៃសាកលវិទ្យាល័យ កម្ពុជាក៏នៅខ្វះខាតសមត្ថភាពស្រាវជ្រាវក្នុងវិស័យឧត្តមសិក្សាផងដែរ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ ទាក់ទងនឹងលទ្ធផលនៃការបោះពុម្ពផ្សាយស្រាវជ្រាវនៅក្នុងឧត្តមសិក្សារវាងឆ្នាំ ២០១០ ដល់ ២០១៩។19 ហេតុដូច្នេះហើយ កំណែទម្រង់គឺចាំបាច់ខ្លាំងណាស់ដើម្បីជួយកម្ពុជាសម្រេចបាននូវគោលដៅនេះ។20 កំណែទម្រង់ឧត្តមសិក្សាភាគច្រើនក៏ផ្តោត និងឆ្លុះបញ្ចាំងលើការលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពនៃអភិបាលកិច្ច និងការគ្រប់គ្រងក្នុងឧត្តមសិក្សា។ ដោយទទួលស្គាល់សារៈសំខាន់នៃការអប់រំឧត្តមសិក្សាជាយុទ្ធសាស្ត្រគន្លឹះដើម្បីសម្រេចបាននូវគោលដៅ ក៏ដូចជាតម្រូវការសម្រាប់សមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំគោលនយោបាយ និងកំណែទម្រង់សំខាន់ៗមួយចំនួនដូចជា គោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ ២០៣០ គោលនយោបាយស្តីពីអភិបាលកិច្ច និងហិរញ្ញវត្ថុនៃឧត្តមសិក្សាសម្រាប់កម្ពុជា និងផែនទីបង្ហាញផ្លូវនៅឧត្តមសិក្សាកម្ពុជាឆ្នាំ២០៣០ និងក្រោយឆ្នាំ២០៣០។21 ដើម្បីសម្រេចបាននូវគោលបំណងដែលបានរាយនៅក្នុងគោលនយោបាយទាំងនេះ កម្រិតរចនាសម្ព័ន្ធចំនួនបីត្រូវបានជំរុញឱ្យធ្វើការរួមគ្នា រួមមានឧត្តមក្រុមប្រឹក្សាជាតិអប់រំ គណៈកម្មាធិការក្រុមការងារបច្ចេកទេសឧត្តមសិក្សា និងការអនុវត្តក្រសួង/ស្ថាប័ន/វិទ្យាស្ថាន/មាតាបិតានិងសិស្ស/ដៃគូអភិវឌ្ឍន៍។22
នៅឆ្នាំ ២០០៣ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា (គទក) ដែលជាអង្គភាពឯករាជ្យមានភារកិច្ចត្រួតពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាពសិក្សារបស់ស្ថាប័នដែលមានបំណងចង់ផ្តល់ជំនួយថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតនៅកម្ពុជា។ គណៈកម្មាធិការនេះក៏បង្កើតគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការទទួលស្គាល់ដើម្បីបង្កើនគុណភាពនៃគ្រឹះស្ថានអប់រំទាំងអស់នៅក្នុងប្រទេស។23
បន្ទាប់ពីការពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា បានកែសម្រួលគោលនយោបាយអប់រំ និងពង្រឹងគុណភាពនៃឧត្តមសិក្សានៅកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បានកាត់បន្ថយចំនួនគោលនយោបាយអប់រំពី ៣ ទៅត្រឹម ២ ដើម្បីឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤។ គោលនយោបាយទាំងពីរនោះគឺ (១) ធានាការអប់រំប្រកបដោយគុណភាពបរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប និង (២) ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាក់ថ្នាក់។24 លទ្ធផលពីវឌ្ឍនភាពនៃអនុវិស័យបានកត់សម្គាល់ថាការអប់រំឧត្តមសិក្សាក្រោមគោលនយោបាយទាំងពីរនេះសម្រេចបានលទ្ធផលជាក់លាក់មួយចំនួន ដូចជាភាគរយអាយុនៃសិស្សដែលបានចុះឈ្មោះក្នុងកម្មវិធីស្ទែម ចំនួនមជ្ឈមណ្ឌលឧត្តមភាព ចំនួនគ្រឹះស្ថានឧត្តមសិក្សាដែលអនុវត្តប្រព័ន្ធធានាគុណភាពផ្ទៃក្នុង និងចំនួនគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់ទិន្នន័យបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទិន្នន័យឧត្តមសិក្សា រីឯវត្ថុបំណងដែលនៅសល់ផ្សេងៗទៀតទំនងជាត្រូវបានសម្រេច។ របាយការណ៍វឌ្ឍនភាពនេះមានសារៈសំខាន់ណាស់ព្រោះវានឹងត្រូវបានប្រើប្រាស់ដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការណែនាំ និងរៀបចំផែនការថវិកាអនាគតសម្រាប់ការអប់រំឧត្តមសិក្សា។25
ក្រៅពីកំណែទម្រង់ និងការកែលម្អប្រព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តោតទៅលើការកសាងសមត្ថភាពមន្ត្រីឧត្តមសិក្សាដើម្បីធានាថាការទទួលខុសត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពតាមរយៈការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនបុគ្គលិកទៅចូលរួមកិច្ចប្រជុំ សន្និសីទ និងសិក្ខាសាលាក្រៅប្រទេសផ្សេងៗ ដូចជាការអភិវឌ្ឍកម្មវិធីសិក្សា និងការវាយតម្លៃនៅប្រទេសរូម៉ានី អ៊ីតាលី និងម៉ាឡេស៊ី កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិបណ្តាញធានាគុណភាពអាស៊ាន និងតុមូលវិសាមញ្ញនៃបណ្តាញធានាគុណភាពអាស៊ានឆ្នាំ ២០២០ នៅប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំបច្ចេកទេសសមាហរណកម្ម និងទទួលស្គាល់ឧត្តមសិក្សានៅប្រទេសវៀតណាម។ល។26
ការផ្តល់ហិរញ្ញវត្ថុនៅឧត្តមសិក្សា
ការផ្តល់មូលនិធិសម្រាប់ការអប់រំឧត្តមសិក្សាមានតិចតួចនៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់។27 គ្រឹះស្ថានឧត្តមសិក្សាធំៗមួយចំនួនក្នុងរាជធានីភ្នំពេញទទួលបានការគាំទ្រពីរដ្ឋាភិបាលប្រមាណពី ១០% ទៅ ៣០% ដែលបន្សល់ទុកខ្លះសម្រាប់ថ្លៃសិក្សា។28 គ្រឹះស្ថានឧត្តមសិក្សានៅក្នុងប្រទេសអាស៊ានមួយចំនួនដូចជា ម៉ាឡេស៊ី និងថៃ ពឹងផ្អែកទៅលើរដ្ឋាភិបាលប្រហែល ៨០% ទៅ ៩0% នៃការចំណាយលើការអប់រំកម្រិតខ្ពស់របស់ពួកគេ។29 ផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំកម្ពុជា ២០៣០៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ក៏និយាយអំពីគម្លាតថវិកាក្នុងការអប់រំឧត្តមសិក្សាផងដែរ ហើយបានកត់សម្គាល់ថាការអប់រំឧត្តមសិក្សានៅកម្ពុជាមិនទាន់រួចរាល់ក្នុងការទទួលបានការវិនិយោគសំខាន់ៗនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ គ្រឹះស្ថានឧត្តមសិក្សាត្រូវបានលើកទឹកចិត្តឱ្យស្វែងរកមូលនិធិផ្ទាល់ខ្លួនរបស់ពួកគេពីដៃគូ ឬមូលនិធិឯកជន។30
ដៃគូអភិវឌ្ឍន៍ក៏ផ្តល់ការរួមចំណែកតិចតួច ប៉ុន្តែផ្តោតសំខាន់ក្នុងការអភិវឌ្ឍឧត្តមសិក្សា។ យ៉ាងណាមិញ វាស្ថិតនៅកម្រិតអប្បបរមានៅឡើយ ដោយសាររដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើការអប់រំកម្រិតបឋម និងមូលដ្ឋាន (EFA, SDG 4)។31 លំហូរនៃមូលនិធិពីដៃគូអភិវឌ្ឍន៍ជាធម្មតាត្រូវបានបែងចែកសម្រាប់ការអប់រំជាមូលដ្ឋាន។32 ធនាគារពិភពលោកគឺជាដៃគូអភិវឌ្ឍន៍សកម្មមួយរបស់កម្ពុជាក្នុងវិស័យអប់រំ។ គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) (២០១៨-២០២៤) ធ្វើឡើងដោយធនាគារពិភពលោក និងរដ្ឋាភិបាលកម្ពុជា ដោយមានថវិកា ៩០ លានដុល្លារពីធនាគារពិភពលោក និង ២,៥ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា។ គោលដៅនៃគម្រោងគឺដើម្បីអភិវឌ្ឍសមត្ថភាពសិក្សា និងការបង្រៀន ធ្វើការស្រាវជ្រាវស្ទែម និងកសិកម្ម និងពង្រឹងក្របខណ្ឌអភិបាលកិច្ចនៃប្រព័ន្ធអប់រំឧត្តមសិក្សា។33
បញ្ហាប្រឈម
ទោះបីជាមានការរីកចម្រើន និងសមិទ្ធផលក៏ដោយ ការអប់រំឧត្តមសិក្សានៅកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួនរួមមាន លទ្ធភាពទទួលបាន គុណភាព សមធម៌ ភាពពាក់ព័ន្ធ ការផ្តល់មូលនិធិ ការគ្រប់គ្រង និងរដ្ឋបាល។ ក្រសួង និងស្ថាប័នជាច្រើនចូលរួមពាក់ព័ន្ធនឹងការអប់រំឧត្តមសិក្សា ដែលធ្វើឱ្យការសម្របសម្រួលមានបញ្ហាដោយសារការត្រួតពិនិត្យគុណភាព ការងារស្ទួនគ្នាផ្នែករដ្ឋបាល និងការផ្លាស់ប្តូរព័ត៌មាន។34 នៅក្នុងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ការគ្រប់គ្រងការបង្រៀន និងឧបករណ៍នៅខ្វះខាតនៅឡើយ។ មានគ្រូបង្រៀនកម្រិតឧត្តមសិក្សាប្រមាណ ១,៦៦២ នាក់នៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ប៉ុន្តែពួកគេខ្វះប្រវត្តិសិក្សាគ្រប់គ្រាន់។ លើសពីនេះទៀត គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនខ្វះធនធានចាំបាច់សម្រាប់ការស្រាវជ្រាវដែលរារាំងសមាជិកមហាវិទ្យាល័យពីការស្រាវជ្រាវសម្រាប់ការបោះពុម្ពផ្សាយ។35
ជាលទ្ធផល ការវិនិយោគសំខាន់គឺត្រូវបានទាមទារដើម្បីបង្កើនចំនួនសាស្ត្រាចារ្យពេញម៉ោងដែលមានសញ្ញាប័ត្របណ្ឌិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។ នេះនឹងផ្តល់ឱ្យពួកគេនូវពេលវេលាគ្រប់គ្រាន់ និងសមត្ថភាពកម្រិតខ្ពស់ក្នុងការបង្កើតនិស្សិតបញ្ចប់ការសិក្សាដែលមានគុណភាពខ្ពស់ដែលបំពេញតម្រូវការទីផ្សារការងារ និងស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនោះ ដំណើរការផ្តល់ស្វ័យភាពគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានមនុស្សមិនទាន់ត្រូវបានបញ្ចប់ដូចការរំពឹងទុកនោះទេ។ ការដោះស្រាយបញ្ហាអភិបាលកិច្ចនេះគឺមានសារៈសំខាន់សម្រាប់ការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានមនុស្ស និងការធានាស្ថិរភាពហិរញ្ញវត្ថុ និរន្តភាព និងកម្លាំងធនធានរបស់គ្រឹះស្ថានឧត្តមសិក្សា។36
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ការរាតត្បាតក៏បានរារាំងដល់ការសិក្សារបស់សិស្សគ្រប់កម្រិតរួមទាំងសិស្សថ្នាក់ឧត្តមសិក្សាផងដែរ។ ជាការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡា បានសម្របសម្រួលដំណើរការផ្តល់សេវាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដូចជា Microsoft Office 365, Google Meet, Google Classroom, ZOOM និងឧបករណ៍ផ្សេងទៀតដើម្បីជួយសិស្សក្នុងការរៀនសូត្ររបស់ពួកគេ។37
ទាក់ទងនឹងការអប់រំកម្រិតឧត្តមសិក្សា
- គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
- ការអប់រំ និងការបណ្តុះបណ្តាល
- ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា
- ការបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកសារយោង
- 1. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំកម្ពុជា២០៣០ ៖ គោលដៅប្រកបដោយចីរភាពទី៤,» ទំព័រ ៩, ខែកុម្ភៈ ឆ្នាំ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 2. James Williams, Yuto Kitamura & Sopcheak Keng, «ឧត្តមសិក្សានៅកម្ពុជា៖ សេដ្ឋកិច្ចនយោបាយនៃការសិក្សានៅកម្ពុជា,» ទំព័រ ១៦៧-១៨៦, ២០១៦, បានចូលអានខែមេសា ឆ្នាំ២០២២។
- 3. ក្រសួងអប់រំ យុវជន និងកីឡា, «គោលនយោបាយ ស្ដីពី ចក្ខុវិស័យឧត្ដមសិក្សា ២០៣០,» ទំព័រ ២, ខែមេសា ឆ្នាំ២០១៤, បានចូលអានខែមេសា ឆ្នាំ២០២២។
- 4. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំកម្ពុជា២០៣០៖ គោលដៅប្រកបដោយចីរភាពទី ៤,» ទំព័រ ១៥, ខែកុម្ភះ ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 5. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ៨៦, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 6. សាយ សុខ & រិនណា ប៊ុនរី, «ការអប់រំឧត្តមសិក្សាសាធារណៈនៅកម្ពុជាឆ្នាំ ២០៤០៖ សេណារីយ៉ូសក្តានុពល និងតម្រូវការសម្រាប់ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ,» ទំព័រ ២, ២០២១, បានចូលអានខែមេសា ឆ្នាំ ២០២២។
- 7. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ៨៥, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 8. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំកម្ពុជា២០៣០ ៖ គោលដៅប្រកបដោយចីរភាពទី៤,» ទំព័រ ១៥, ខែកុម្ភៈ ឆ្នាំ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 9. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ៨៥, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 10. Lay Sovanak, Lim Vouchsieng, & Man Navy, «បញ្ហាប្រឈមនៃឧត្តមសិក្សានៅកម្ពុជា,» ទំព័រ ៩៧, បានចូលអានខែមេសា ឆ្នាំ២០២២។
- 11. ក្រសួងអប់រំ យុវជន និងកីឡា, «របាយការណ៍ពិនិត្យពាក់កណ្តាលអាណត្តិឆ្នាំ ២០១៦ នៃផែនការយុទ្ធសាស្ត្រអប់រំ ២០១៤-២០១៨ និងការព្យាករណ៍ដល់ឆ្នាំ ២០២០,» ទំព័រ ៥៧, ២០១៦, បានចូលអានខែមេសា ឆ្នាំ២០២២។
- 12. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ៨៨, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 13. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនការយុទ្ធសាស្ត្រអប់រំ ឆ្នាំ២០១៩-២០២៣,» ទំព័រ ៧, ខែមិថុនា ឆ្នាំ ២០១៩, បានចូលអានខែមេសា ឆ្នាំ ២០២២។
- 14. សាយ សុខ, «អភិបាលកិច្ច និងហិរញ្ញវត្ថុសម្រាប់ឧត្តមសិក្សាសាធារណៈនៅកម្ពុជា,» ទំព័រ ៣, ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 15. ក្រសួងអប់រំ យុវជន និងកីឡា, «របាយការណ៍ពិនិត្យពាក់កណ្តាលអាណត្តិឆ្នាំ ២០១៦ នៃផែនការយុទ្ធសាស្ត្រអប់រំ ២០១៤-២០១៨ និងការព្យាករណ៍ដល់ឆ្នាំ ២០២០,» ទំព័រ ៥៨, ២០១៦, បានចូលអានខែមេសា ឆ្នាំ២០២២។
- 16. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ៩០, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 17. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនការយុទ្ធសាស្ត្រអប់រំ ឆ្នាំ២០១៩-២០២៣,» ទំព័រ ១០៧, ខែមិថុនា ឆ្នាំ ២០១៩, បានចូលអានខែមេសា ឆ្នាំ ២០២២។
- 18. វេទិកាសេដ្ឋកិច្ចពិភពលោក, «របាយការណ៍ត្រៀមខ្លួនសម្រាប់អនាគតនៃផលិតកម្មឆ្នាំ ២០១៨,» ទំព័រ ៨៣, ២០១៨, បានចូលអានខែឧសភា ឆ្នាំ២០២២។
- 19. ហេង គីមគង់, «ជំហានជំរុញការសិក្សាស្រាវជ្រាវនៅកម្ពុជា,» ទំព័រ ១, មជ្ឈមណ្ឌលអភិវឌ្ឍន៏កម្ពុជា, ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១, បានចូលអានខែឧសភា ឆ្នាំ២០២២។
- 20. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំកម្ពុជា២០៣០ ៖ គោលដៅប្រកបដោយចីរភាពទី៤,» ទំព័រ ៨, ខែកុម្ភៈ ឆ្នាំ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 21. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនការយុទ្ធសាស្ត្រអប់រំ ឆ្នាំ២០១៩-២០២៣,» ទំព័រ ៤០, ខែមិថុនា ឆ្នាំ ២០១៩, បានចូលអានខែមេសា ឆ្នាំ ២០២២។
- 22. ក្រសួងអប់រំ យុវជន និងកីឡា, «គោលនយោបាយ ស្ដីពី ចក្ខុវិស័យឧត្ដមសិក្សា ២០៣០,» ទំព័រ ៥, ខែមេសា ឆ្នាំ២០១៤, បានចូលអានខែមេសា ឆ្នាំ២០២២។
- 23. រាជរដ្ឋាភិបាលកម្ពុជា, «ព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា,» ឆ្នាំ២០០៣, បានចូលអានខែមេសា ឆ្នាំ២០២២។
- 24. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនការយុទ្ធសាស្ត្រអប់រំ ឆ្នាំ២០១៩-២០២៣,» ទំព័រ ១, ខែមិថុនា ឆ្នាំ ២០១៩, បានចូលអានខែមេសា ឆ្នាំ ២០២២។
- 25. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ៩៤, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 26. ដូចឯកសារយោងខាងដើម។
- 27. Mak Ngoy, សាយ សុខ, Un Leang ជាមួយ Bunry Rinna, Chheng Sokunthy, &កៅ សុវណ្ណសុផល, «ហិរញ្ញវត្ថុក្នុងការអប់រំឧត្តមសិក្សាសាធារណៈនៅកម្ពុជា,» ទំព័រ ៧, វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា, បានចូលអានខែមីនា ២០២២។
- 28. សាយ សុខ, «អភិបាលកិច្ច និងហិរញ្ញវត្ថុសម្រាប់ឧត្តមសិក្សាសាធារណៈនៅកម្ពុជា,» ទំព័រ ៣, ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 29. Mak Ngoy, សាយ សុខ, Un Leang ជាមួយ Bunry Rinna, Chheng Sokunthy, &កៅ សុវណ្ណសុផល, «ហិរញ្ញវត្ថុក្នុងការអប់រំឧត្តមសិក្សាសាធារណៈនៅកម្ពុជា,» ទំព័រ ៧, ២០១៩, វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា, បានចូលអានខែមីនា ២០២២។
- 30. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំកម្ពុជា២០៣០ ៖ គោលដៅប្រកបដោយចីរភាពទី៤,» ទំព័រ ២១, ខែកុម្ភៈ ឆ្នាំ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 31. ដូចឯកសារយោងខាងដើម។
- 32. Mak Ngoy, សាយ សុខ, Un Leang ជាមួយ Bunry Rinna, Chheng Sokunthy, &កៅ សុវណ្ណសុផល, «ហិរញ្ញវត្ថុក្នុងការអប់រំឧត្តមសិក្សាសាធារណៈនៅកម្ពុជា,» ទំព័រ ១៣, ២០១៩, វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា, បានចូលអានខែមីនា ២០២២។
- 33. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ១៥, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 34. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំកម្ពុជា២០៣០ ៖ គោលដៅប្រកបដោយចីរភាពទី៤,» ទំព័រ ១៥, ខែកុម្ភៈ ឆ្នាំ២០១៩, បានចូលអានខែមេសា ឆ្នាំ២០២២។
- 35. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ១៨, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។
- 36. ក្រសួងអប់រំ យុវជន និងកីឡា, «ផែនការយុទ្ធសាស្ត្រអប់រំ ឆ្នាំ២០១៩-២០២៣,» ទំព័រ ៤០, ខែមិថុនា ឆ្នាំ ២០១៩, បានចូលអានខែមេសា ឆ្នាំ ២០២២។
- 37. ក្រសួងអប់រំ យុវជន និងកីឡា, «សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅ ឆ្នាំសិក្សា២០២០-២០២១,» ទំព័រ ៩៤, ខែមេសា ឆ្នាំ២០២១, បានចូលអានខែមេសា ឆ្នាំ២០២២។