
ទីតាំងដុតសំរាមមួយកន្លែង នៅក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។ រូបភាព ថតដោយ freshheadfilms, ៦ មករា២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0
នៅប្រទេសកម្ពុជា ការដុតសំរាមនៅតែជាការអនុវត្តជាទូទៅពិសេសនៅតាមជនបទ ដោយសារតែកង្វះខាតទីកន្លែងសម្រាប់ចាក់សំរាម ឬសេវាប្រមូលសំរាម។ ការដុតសំរាម ត្រូវបានទទួលស្គាល់ថាជាវិធីចោលសំរាមដ៏ងាយស្រួលបំផុត។
នៅក្នុងឆ្នាំ២០១៥ អ្នកនាំពាក្យក្រសួងបរិស្ថានលោក សោ សុភាព បានឱ្យដឹងថាកន្លែងចាក់សំរាមនៅកម្ពុជា ភាគច្រើនមិនមានការបែងចែកត្រឹមត្រូវរវាងប្រភេទសំរាមបំបែកសរីរាង្គបាន និងសំរាមមិនអាចបំបែកសរីរាង្គបាននោះទេ។1
យោងតាមការសិក្សាមួយនៅក្នុងឆ្នាំ ២០១៥ ដែលដឹកនាំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) បានឱ្យដឹងថា កាលពីឆ្នាំ ២០១៣ រាជធានីភ្នំពេញបានបញ្ចេញកាកសំណល់ប្រមាណ ១,២៨៦ តោនក្នុងមួយថ្ងៃ។2នៅមុនឆ្នាំ ២០៣០ បរិមាណសំរាមត្រូវបានគេទស្សន៍ទាយថា នឹងកើនឡើងទ្វេរដងរហូតដល់ ៣,១១២ តោនក្នុងមួយថ្ងៃ។3 ការសិក្សានេះក៏បានប្រមើលឃើញថា ទីលានចាក់សំរាមទាំងពីរទីតាំង នៅទីក្រុងភ្នំពេញ ដែលស្ថិតនៅខណ្ឌដង្កោរ នឹងផ្ទុកដល់ចំណុះរបស់វា នៅត្រឹមឆ្នាំ២០២០ ខាងមុខនេះ។4
ឆ្លើយតបទៅនឹងការរកឃើញនេះ នៅចុងឆ្នាំ២០១៥ ឌឹ ខេមបូឌា ដេលី បានរាយការណ៍ថា សាលារាជធានីភ្នំពេញគ្រោងនឹងសាងសង់កន្លែងគ្រប់គ្រងសំរាមថ្មីចំនួនពីរទីតាំងបន្ថែមទៀត ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ និងច្បារអំពៅ។5 ទោះជាយ៉ាងណា មិនមានការបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមនៅពេលណានោះទេ។
គោលនយោបាយ និងការគ្រប់គ្រង
ការគ្រប់គ្រងសំណល់រឹង ស្ថិតនៅក្រោមសមត្ថកិច្ចនៃក្រសួងបរិស្ថាន។6 តាមច្បាប់ ការគ្រប់គ្រងសំណល់រឹង សំដៅលើការដឹកជញ្ជូន ការទុកដាក់ ការចាក់សំរាម និងប្រព្រឹត្តកម្មសំណល់។ ក្រសួងមានតួនាទីទទួលខុសត្រូវលើការបង្កើតច្បាប់ គោលការណ៍ណែនាំ និងវិន័យនានាសម្រាប់ការងារគ្រប់គ្រង និងការងារត្រួតពិនិត្យលើកាកសំណល់ដែលរួមទាំង សំណល់ពីមន្ទីរពេទ្យ សំណល់ពីរោងចក្រ និងសំណល់ដែលបង្កគ្រោះថ្នាក់។7
ដោយមានការគាំទ្រពីសហភាពអ៊ឺរ៉ុប ក្រសួងបរិស្ថាន និងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) បានសហការរួមគ្នា បង្កើតគោលការណ៍ណែនាំបរិស្ថានស្តីពីការគ្រប់គ្រងសំណល់រឹង នៅក្នុងឆ្នាំ ២០០៦។ គោលការណ៍ណែនាំទាំងនេះ បានផ្តល់ដាក់ចុះនូវគោលដៅ និងការចង្អុលបង្ហាញ រួមមាន ការរៀបចំ ការប្រតិបត្តិ ការថែទាំ និងការបិទដំណើរការទីលានចាក់សំរាម វិធីសាស្ត្រធ្វើជីកំប៉ុស្តិ៍ ការគ្រប់គ្រងសំណល់បរិក្ខារពេទ្យ ការអប់រំពីបរិស្ថាន និងគោលការណ៍ណែនាំផ្សេងៗទៀត។8
បទប្បញ្ញាត្តិជាក់លាក់នានាត្រូវបានចែងនៅក្នុងអនុក្រឹត្យចំនួនបី៖
- អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ឆ្នាំ១៩៩៩
- អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹងក្នុងទីក្រុង ឆ្នាំ២០១៥
- អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអេឡិចត្រូនិច ឆ្នាំ២០១៥
ការប្រមូល ការដឹកជញ្ជូន ការកាត់បន្ថយ ការកែច្នៃឡើងវិញ និងការចាក់សំរាម គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត និងក្រុង។ ការអនុវត្ត គឺត្រូវបានចាត់ចែង និងត្រួតពិនិត្យដោយក្រសួងបរិស្ថាន។9
នៅក្នុងរាជធានីភ្នំពេញ សេវាប្រមូលសំរាម គឺត្រូវបានចុះកិច្ចសន្យាដោយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ស៊ិនទ្រី។ សេវាប្រមូលសំរាមនៅកម្ពុជា គឺជាសេវាកម្មដែលទទួលបានការផ្តល់សិទ្ធិផ្តាច់មុខ។ នៅក្នុងឆ្នាំ ២០០២ ក្រុមហ៊ុន ស៊ិនទ្រី ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានកិច្ចសន្យារយៈពេល ៤៧ឆ្នាំ លើការផ្តល់សេវាប្រមូលសំរាមនេះ។10 យ៉ាងនេះក្តី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានព្រមានដល់ក្រុមហ៊ុន ស៊ិនទ្រី ទៅលើប្រតិបត្តិការ និងសេវាកម្មរបស់ក្រុមហ៊ុននេះ ដោយសារតែមានសេចក្តីរាយការណ៍អំពីបញ្ហាកូដកម្មរបស់កម្មករ និងពាក្យបណ្តឹងពីប្រជាពលរដ្ឋ។
ការផ្តួចផ្តើមវិមជ្ឈការ
នៅខែមីនា ឆ្នាំ ២០១៥ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងត្រៀមថវិកាមូលនិធិ ៥លានដុល្លារអាមេរិក ដើម្បីផ្តល់ឱ្យស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ប្រើប្រាស់ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងសំរាមនៅតាមទីក្រុងរបស់ពួកគេ។ ការផ្តួចផ្តើមនេះ គឺត្រូវបានសម្របសម្រួលដោយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ ព្រមទាំងបណ្តាសាលាក្រុង។ អាជ្ញាធរថ្នាក់ក្រោមជាតិនីមួយៗ ត្រូវបានផ្តល់អំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តសម្រាប់ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាមឯកជននានា។11
តាមរយៈការផ្តួចផ្តើមនេះ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៥ អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាមក្នុងទីក្រុង និងការគ្រប់គ្រងសំណល់រឹង ថ្មីមួយទៀតត្រូវបានបង្កើតឡើង។ វាមានគោលបំណងពង្រឹង និងផ្ទេរការទទួលខុសត្រូវទៅរដ្ឋាភិបាលថ្នាក់ក្រោមជាតិលើការគ្រប់គ្រងសំរាម និងសំណល់ នៅតាមបណ្តាក្រុងរបស់ខ្លួន។ វាក៏ចែងលម្អិតអំពីទំនួលខុសត្រូវនានារបស់អាជ្ញាធរពាក់ព័ន្ធដែលរួមមាន ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងអង្គភាពគ្រប់គ្រង នៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះ មិនបានគ្របដណ្តប់លើបញ្ហាសំណល់រោងចក្រ និងសំណល់ដែលបង្កគ្រោះថ្នាក់នោះទេ។12
3Rs ៖ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ
ជាសកល ការអនុវត្ត 3Rs មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវានៅតែជាការអនុវត្តមួយដែលមិនទាន់ត្រូវបានស្គាល់ច្រើនពីសំណាក់មនុស្សទូទៅអំពីការគ្រប់គ្រងសំណល់នៅក្នុងប្រទេសកម្ពុជា។ ប្រភេទសំណល់សរីរាង្គ និងសំណល់ប្លាស្ទិច គឺត្រូវបានដាក់លាយឡំគ្នា។ ការជម្រុញឱ្យមានការយកចិត្តទុកដាក់ជាសាធារណៈអំពីសារៈប្រយោជន៍នៃការបែងចែកសំណល់ ជាបញ្ហាប្រឈមសំខាន់មួយនៅក្នុងប្រទេសនេះ។ ការសិក្សាជាច្រើនបានបង្ហាញថា ប្រទេសកម្ពុជាស្ទើរតែគ្មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការកែច្នៃឡើងវិញនោះទេ។ សំណល់កែច្នៃមួយចំនួនត្រូវបាននាំចេញទៅកែច្នៃឡើងវិញ នៅប្រទេសថៃ និងប្រទេសវៀតណាម។13
ការផ្តួចផ្តើមពីរដែលគួរឱ្យចាប់អារម្មណ៍ត្រូវបានដាក់នៅក្នុង3Rs ៖
- ប្រែក្លាយសំណល់ទៅជាថាមពល៖ តាមរយៈការផ្តល់មូលនិធិដោយ សហភាពអ៊ឺរ៉ុប, SWITCH-Asia, អង្គការSNVកម្ពុជា បានអនុវត្តគម្រោងប្រែក្លាយសំណល់ទៅជាថាមពលសម្រាប់ប្រើប្រាស់ក្នុងរោងកិនស្រូវ (បច្ចេកវិទ្យាដើម្បីបម្លែងថាមពលអគ្គិសនីពីអង្កាម) ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥។ គម្រោងនេះបានសម្រេចជ្រើសរើសខេត្តគោលដៅនៅទូទាំងប្រទេសកម្ពុជាចំនួន៩ មានដូចជា៖ ខេត្តបាត់ដំបង ពោសាតិ៍ កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ធំ សៀមរាប កណ្តាល កំពង់ចាម និងព្រៃវែង។ គម្រោងនេះមានគោលបំណងធ្វើឱ្យ វិស័យឧស្សាហកម្ម កាន់តែមានពណ៌បៃតង កាន់តែស្អាត និងកាត់តែប្រកួតប្រជែង។14
យុទ្ធនាការប្រឆាំងការប្រើប្រាស់ថង់ប្លាស្ទិច៖ អង្គការ យូណេស្កូ កម្ពុជា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និងសហព័ន្ធសហភាពយុវជនកម្ពុជា បានសហការគ្នារៀបចំយុទ្ធនាការប្រឆាំងការប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីជម្រុញឱ្យមានការយកចិត្តទុកដាក់ជាសាធារណៈលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច និងការកែច្នៃប្រើប្រាស់ឡើងវិញ។ យុទ្ធនាការនេះ ក៏មានគោលបំណងដើម្បីឱ្យមានឥទ្ធិពលផ្លាស់ប្តូរលើអាកប្បកិរិយានៅក្នុងចំណោមប្រជាជនកម្ពុជា។15
ការផ្តួចផ្តើមថ្នាក់តំបន់
គម្រោងថ្នាក់តំបន់រយៈពេលប្រាំឆ្នាំ ដែលផ្តោតទៅលើការកែលម្អការគ្រប់គ្រងសំណល់ ត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ ២០១៥។ សមាជិកគម្រោងនេះ រួមមានប្រទេសកម្ពុជា ហ្វីលីពីន វៀតណាម ឡាវ និងម៉ុងហ្គោលី។ មូលនិធិបរិស្ថានសកលលោក បានផ្តល់ថវិកាចំនួន ៧.៥ លានដុល្លារអាមេរិក សម្រាប់គម្រោងនេះ។ នៅប្រទេសកម្ពុជា គម្រោងនេះនឹងត្រូវអនុវត្តដោយក្រសួងបរិស្ថាន អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម (UNIDO) និងសាលារាជធានីភ្នំពេញ ហើយវានឹងត្រូវចាប់ផ្តើមដំបូងជាមួយនឹងទីលានចាក់សំរាមធំបំផុតរបស់ទីក្រុងភ្នំពេញ ជើងឯក។16
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ១៥ កុម្ភៈ ២០១៦
ទាក់ទងនឹងសំណល់រឹង
- ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
- និន្នាការអភិវឌ្ឍទីក្រុង
- ការបំពុលបរិស្ថាន និងកាកសំណល់
ឯកសារយោង
- 1. ឃុត សុភចរិយា, និង Sarah Taguiam. “ទីលានចាក់សំរាមនឹងផ្លាស់ប្តូរមុខមាត់ថ្មី.” ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។ ចូលមើលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/dumpsites-get-makover.
- 2. Henderson, Simon និង ឃួន ណារីម. “អង្គការមិនមែនរដ្ឋាភិបាលលើកយកបញ្ហាសំរាម មកផ្តោតជាសំខាន់”។ ឌឹ ខេមបូឌា ដេលី ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥។ ចូលមើលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។ https://www.cambodiadaily.com/archives/ngo-brings-trash-problem-into-greater-focus-91206/.
- 3. ដូចឯកសារយោងខាងលើ។
- 4. ដូចឯកសារយោងខាងលើ។
- 5. គុច ណារ៉ែន. “សាលារាជធានីភ្នំពេញគ្រោងនឹងសាងសង់ទីលានចាក់សំរាមថ្មី ២កន្លែងទៀត.” ឌឹ ខេមបូឌា ដេលី ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥. ចូលមើលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។ https://www.cambodiadaily.com/news/city-hall-plans-to-build-two-new-dump%E2%80%88sites-103581/.
- 6. អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ឆ្នាំ១៩៩៩។
- 7. ដូចឯកសារយោងខាងលើ។
- 8. ក្រសួងបរិស្ថាន និងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា. “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា.” ចូលមើលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ http://comped-cam.org/Documents/developmentguideline/06_03_25_Environmental%20gl%20on%20swm_END.pdf.
- 9. អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ឆ្នាំ១៩៩៩។
- 10. បុគ្គលិកសារព័ត៌មានប៉ុស្តិ៍. “ស៊ិនទ្រីចុះកុងត្រាសម្រាប់រយៈពេល ៤៧ឆ្នាំ.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៤។ ចូលមើលនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/cintri-contract-solid-47-years.
- 11. Shaun Turton. “មូលនិធិសម្រាប់កែលំអរអនាម័យសាធារណៈនៅតាមទីក្រុង.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥។ ចូលមើលថ្ងៃទី៩ ខែំកុម្ភៈ ឆ្នាំ២០១៦។ http://www.phnompenhpost.com/fund-intended-improve-countrys-urban-sanitation.
- 12. អនុក្រឹត្យស្តីពីសំរាម និងកាកសំណល់រឹងនៅទីក្រុង ឆ្នាំ២០១៥។
- 13. អង្គការសម្លេងទីក្រុង.”កម្ពុជាចូលរួមជាមួយកម្មវិធីUNIDOដើម្បីកាត់បន្ថយបញ្ហាសំរាម.” ចេញផ្សាយ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។ ចូលមើលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។ https://urbanvoicecambodia.net/uv2/cambodia-joins-unido-program-to-cut-garbage/?lang=en.
- 14. អង្គការ អែសអ៊ែនវី កម្ពុជា.”ប្រែរក្លាយសំណល់ទៅជាថាមពល សម្រាប់វិស័យរោងកិនស្រូវនៅកម្ពុជា.” ចូលមើលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ http://eeas.europa.eu/delegations/cambodia/documents/publications/waste_to_energy_en.pdf.
- 15. សែន ដាវីត និង Igor Kossov. “យុទ្ធនាការថ្មីនឹងប្រឆាំងការប្រើប្រាស់ថង់ប្លាស្ទិច.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។ ចូលមើលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/new-campaign-will-fight-plastic-bag-blight.
- 16. សំលេងទីក្រុង. “កម្ពុជាចូលរួមជាមួយកម្មវិធីUNIDOដើម្បីកាត់បន្ថយបញ្ហាសំរាម.” ចេញផ្សាយ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។ ចូលមើលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។ https://urbanvoicecambodia.net/uv2/cambodia-joins-unido-program-to-cut-garbage/?lang=en.