គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​ រដ្ឋាភិបាល​បាន​រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​មីក្រូ​ និង​ម៉ាក្រូសេដ្ឋកិច្ច​ ព្រមទាំង​កម្មវិធី​កំណែទម្រង់​រចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ក៏​ដូច​ជា​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​។​1​ ក្នុង​រយៈពេល​ពីរ​ទស​វត្ស​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នោះ​ ប្រទេស​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ផលិតផល​ក្នុងស្រុក​សរុប​ (​ផសស​)​ របស់​ខ្លួន​បាន​កើន​ឡើងជា​មធ្យម​ ៧,៦%​ ក្នុង​មួយ​ឆ្នាំ​ចន្លោះ​ឆ្នាំ​ ១៩៩៥​ និង​២០១៤​។​2

​ជាក់ស្តែង​ទិស​ដៅ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ដោយ​ផែនការ​សេដ្ឋកិច្ចជាតិ​ និង​គោលដៅ​សេដ្ឋកិច្ច​សង្គម​។​ កម្មវិធី​សម្រាប់​ ៥​ ឆ្នាំ​ដំបូង​នៃ​ការ​ស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​គឺ​នៅ​ឆ្នាំ​ ១៩៨៦-១៩៩០​ ដែល​បាន​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​កសាង​ឡើង​វិញ​ផ្សេងៗ​។​3 កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​តាម​កម្មវិធី​ជាតិ​ឆ្នាំ​ ១៩៩៤​ ដើម្បី​ស្តារ​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើង​វិញ​។​ វា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​កម្មវិធី​ជាតិ​ពេញលេញ​ដំបូង​គេ​បង្អស់​ ដែល​បាន​ផ្តល់​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​រយៈពេល​វែង​ ហើយ​វា​បាន​ក្លាយជា​ក្របខ័ណ្ឌ​សម្រាប់​ផែនការ​ជាតិ​ជា​បន្តបន្ទាប់​ទៀត​។​ ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​លើក​ទី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ឆ្នាំ​ ១៩៩៦-២០០០​ ដែល​គាំទ្រ​ដោយ​កម្មវិធី​វិនិយោគសាធារណៈ​ដែល​ជា​កម្មវិធី​វិនិយោគ​រំកិល​ ៣​ ឆ្នាំ​។​4​ បន្ទាប់​ពី​កម្មវិធី​នេះ​ ចក្ខុវិស័យ​ និង​ផែនការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​លើក​ដំបូង​5​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាម​ ក្នុង​នោះ​ក៏​រួម​មានការ​អនុម័ត​ទៅ​លើ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​បាន​ចងក្រង​ឡើង​នៅ​ចុងឆ្នាំ​ ២០០២​ ផង​ដែរ​។​6

​រូបភាព​ទេសភាព​នៃ​ទីក្រុងភ្នំពេញ។​ រូបថត​ដោយ: អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ, ថតនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ អាជ្ញាប័ណ្ណ CC BY-SA 4.0.

​ចាប់តាំងពី​ឆ្នាំ​ ២០០៤​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (NSDPs)​ ត្រូវ​បាន​អនុវត្ត​យោង​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​កំណើន​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​។​ យុទ្ធសាស្ត្រ​ចតុកោណ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​ទៀងទាត់​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ជា​ក្របខ័ណ្ឌ​ណែនាំ​របស់​ជាតិ​។​ យុទ្ធសាស្ត្រ​ចតុកោណ​តំណាង​ឱ្យ​របៀបវារៈ​គោលនយោបាយ​សេដ្ឋកិច្ច​នៃ​វេទិកា​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្នែក​មួយ​នៃ​ក្រប​ខណ្ឌ​គោលនយោបាយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ ស៊ីសង្វាក់​ និង​ប្រទាក់ក្រឡា​គ្នា​ទៅ​វិញ​ទៅ​មក​។​7 នៅ​ក្នុង​នេះ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បាន​សង្កត់ធ្ងន់​លើ​អភិបាលកិច្ច​ល្អ​ ដែល​ត្រូវ​បាន​ចាត់​ថា​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ ក៏​ដូច​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អនុវត្ត​ផ្សេងៗ​ទៅ​លើ​សមតុល្យ​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ថវិកា​ និង​អតិផរណា​ ក៏​ដូច​ជា​ការ​ជំរុញ​កំណើន​ និង​ការ​ធ្វើ​ពិពិធ​កម្ម​។​8​ ក្នុង​នោះ​គោលបំណង​ចម្បង​គឺ​ដើម្បី​ធានា​បាន​នូវ​គុណភាព​ជីវិត​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ និង​ផ្អែក​លើ​ច្បាប់​។​9

​ជា​ការ​ពិត​ណាស់​ ប្រទេស​កម្ពុជា​ប្តេជ្ញា​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​ ដូចនេះ​ គោលនយោបាយ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ​ ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​កំណើនសេដ្ឋកិច្ច​ ៧%​ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ពង្រីក​មូលដ្ឋាន​កំណើន​ និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​ ខណៈ​ពេល​ដែល​រក្សា​សេ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​10​ និង​លើកកម្ពស់​ការ​បង្កើត​គោលនយោបាយ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ត្រឹមត្រូវ​។​11

​គោលនយោបាយ​សារពើពន្ធ​

​គោលនយោបាយ​សារពើពន្ធ​សំដៅ​ទៅ​លើ​ការ​ចាត់ចែង​លើ​ការ​ចំណាយ​ និង​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​សំដៅលើ​ការ​ដឹកនាំ​ចង្កូត​សេដ្ឋកិច្ចជាតិ​។​12 តួយ៉ាង​ ជា​ទូទៅ​រដ្ឋាភិបាល​ប្រើប្រាស់​គោលនយោបាយ​សារពើពន្ធ​នេះ​ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​មាន​លក្ខណៈ​រឹង​មាំ​ និង​ចីរភាព​ ព្រមទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ ជាក់ស្តែង​ នៅ​ប្រទេស​កម្ពុជា​គោលនយោបាយ​សារពើពន្ធ​គឺជា​ឧបករណ៍​គន្លឹះ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ផ្តល់​នូវ​ការ​ជំរុញ​ខាង​ផ្នែក​តម្រូវការ​រយៈពេល​ខ្លី​ក្នុង​បរិបទ​សេដ្ឋកិច្ច​ដុល្លារ​រូប​នី​យ​កម្ម​ខ្ពស់​។​13​ លើស​ពី​នេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្តោត​សំខាន់​លើ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​មហិច្ឆតា​ (PFMRP)​ ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០០៤​។​  ក្នុង​នោះ​ ដំណាក់កាល​ដំបូង​ផ្តោត​ជា​ពិសេស​ទៅ​លើ​ការ​កសាង​ភាព​ជឿជាក់​លើ​ថវិកា​ និង​ដំណាក់កាល​បន្ទាប់​ផ្តោត​លើ​ការ​រៀបចំ​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​។​14

​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ​ គោលបំណង​ចំនួន​ពីរ​ត្រូវ​បាន​ដាក់​ចេញ​ ដូច​ជា​៖

  • ធ្វើ​ស​និទាន​កម្ម​ការ​ចំណាយ​ដោយ​ផ្អែក​លើ​គោលការណ៍​តម្លាភាព​ គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ និង​
  • ​ដើម្បី​កែ​លំអ​ការ​ធ្វើ​សវន​កម្ម​ និង​លទ្ធកម្ម​សាធារណៈ​ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ចំណាយ​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ ព្រមទាំង​ការ​វិនិយោគសាធារណៈ​ ជា​ពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​។​15

​ទន្ទឹម​នេះ​ ប្រតិបត្តិការ​ថវិកា​ទាំង​ផ្នែក​ចំណូល​ និង​ចំណាយ​ត្រូវ​តែ​ប្រតិបត្តិ​ស្រប​តាម​បទដ្ឋាន​ និង​នីតិវិធី​ដែល​បាន​បង្កើត​ឡើង​។​16

​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​លំអ​ការ​ប្រមូល​ពន្ធ​ និង​ចំណូល​មិនមែន​ពន្ធ​រួម​មានការ​អនុវត្ត​យ៉ាង​តឹង​រឹង​នៃ​ច្បាប់​ស្តី​ពី​ពន្ធដារ​ ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​ការ​គេចពន្ធ​ និង​ការ​រុះរើ​វប្បធម៌​លើកលែង​ពន្ធ​ដែល​មិន​ចាំបាច់​។​ ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​បាន​ក៏​ប្តេជ្ញា​ចិត្ត​ពង្រីក​មូលដ្ឋាន​ពន្ធ​ ពង្រឹង​រដ្ឋបាល​ពន្ធគយ​ និង​ការ​គ្រប់គ្រង​តឹង​រឹង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ រួម​មានទ្រព្យ​សម្បត្តិ​រូបី​ និង​អរូបី​ សហគ្រាស​រដ្ឋ​ និង​ការ​បណ្តាក់ទុន​រួម​គ្នា​ផ្សេងៗ​។​17

​ដោយសារ​ការ​ធ្វើ​កំណែទម្រង់រដ្ឋបាល​ពន្ធ​ជា​បន្តបន្ទាប់​ កម្ពុជា​អាច​ជំរុញ​ការ​ប្រមូល​ចំណូល​បាន​យ៉ាងច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ចាប់តាំងពី​ឆ្នាំ​ ២០០៨​ ក្នុង​ចំណោម​កំណែទម្រង់​ផ្សេង​ទៀត​ដែល​មាន​ អគ្គនាយកដ្ឋាន​ពន្ធគយ​ និង​រដ្ឋាករ​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ទិន្នន័យ​ផ្ទាល់ខ្លួន​ (ASYCUDA)​ ក៏​ដូច​ជា​ការ​ពង្រឹង​វិធានការ​ប្រឆាំង​ការ​រត់ពន្ធ​ផ្សេងៗ​។​18​ ថ្មីៗ​នេះ​ដែរ​ នៅ​ក្នុង​បរិបទ​នៃ​យុទ្ធសាស្ត្រ​ជំរុញ​ការ​កៀរគរ​ចំណូល​សម្រាប់​ឆ្នាំ​ ២០១៤-២០១៨​ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​របប​ពន្ធ​ពិត​ ហើយ​បាន​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សវន​កម្ម​ពន្ធ​ និង​សេវាកម្ម​ពន្ធ​ដែល​នាំ​ឱ្យ​មានការ​គោរព​តាម​បាន​ល្អ​ប្រសើរ​។​19

​គោលនយោបាយ​រូបិយ​វត្ថុ​

​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​កម្ពុជា​ត្រូវ​បាន​កំណត់​ និង​អនុវត្ត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ជា​អាជ្ញាធរ​រូបិយ​វត្ថុ​របស់​ប្រទេស​។​ បេសកកម្ម​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ គឺ​ដើម្បី​រក្សា​ស្ថេ​រ​ភាព​តម្លៃ​ និង​អភិវឌ្ឍ​ ព្រមទាំង​ទ្រទ្រង់​វិស័យ​ហិរញ្ញវត្ថុ​ឱ្យ​មាន​ស្ថេ​រ​ភាព​ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ តាម​រយៈ​ការ​កៀរគរ​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​ ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ការ​បង្កើត​ការងារ​ ក៏​ដូច​ជា​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​។​20

​តាម​រយៈ​ការ​បង្កើត​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​ កម្រិត​អតិផរណា​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​អត្រា​ទាប​ ជាមួយនឹង​អត្រា​ប្រចាំឆ្នាំ​តិច​ជាង​ ៥%​ ដែល​ជា​កម្រិត​ទូទៅ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​សម​ស្រប​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ ទោះជា​យ៉ាងណា​ក្តី​ នៅ​ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ដុល្លារ​រូប​នី​យ​កម្ម​ខ្ពស់​ ធនាគារជាតិ​នៃ​កម្ពុជា​មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​។​2122​ បច្ចុប្បន្ន​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​សម្រេច​បាន​នូវ​ស្ថេ​រ​ភាព​តម្លៃ​ គឺ​ផ្អែក​លើ​ការ​កំណត់​អត្រា​ការ​ប្រាក់​បម្រុង​ និង​ការ​ធ្វើ​អន្តរាគមន៍​ប្តូរ​ប្រាក់​បរទេស​នៅ​ក្នុង​ទីផ្សារ​។​ ទន្ទឹម​នឹង​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​បង្កើត​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​បន្ថែម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយ​វត្ថុ​ តាម​រយៈ​ការ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ប្រាក់​បញ្ញើ​ដែល​អាច​ចរចា​បាន​ (NCDs)​ ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​ និង​ទីផ្សារ​រូបិយ​វត្ថុ​ និង​ការ​ជំរុញ​ការ​ប្រើប្រាស់​ក្រដាស់ប្រាក់​រៀល​ជាដើម​។​23

​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ឧបករណ៍​គន្លឹះ​មួយ​នៅ​ក្នុង​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​គោលបំណង​គឺ​ដើម្បី​សម្រេច​បាន​នូវ​ស្ថេ​រ​ភាព​តម្លៃ​។​ តាម​រយៈ​ការ​អនុវត្ត​របប​អណ្តែត​ទឹក​ដែល​បាន​គ្រប់គ្រង​ NBC​ មាន​សមត្ថភាព​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​ដើម្បី​រក្សា​អត្រា​ប្តូរ​ប្រាក់​ស្រប​តាម​គោលដៅ​ដែល​បាន​កំណត់​។​24

​លើស​ពី​នេះ​ ប្រាក់​បម្រុង​កាត​ព្ច​កិច្ច​ក៏​ជា​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​គ្រប់គ្រង​ល្បឿន​នៃ​កំណើន​ឥណទាន​។​ អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយប័ណ្ណ​បរទេស​ (​ដុល្លារ​អា​មេ​រិ​ក​)​ និង​រូបិយប័ណ្ណ​ក្នុងស្រុក​បច្ចុប្បន្ន​ត្រូវ​បាន​អនុវត្ត​ខុស​គ្នា​។​ អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយប័ណ្ណ​បរទេស​ និង​រូបិយប័ណ្ណ​ក្នុងស្រុក​ត្រូវ​បាន​កំណត់​ ១២,៥%​ និង​ ៨%​ រៀងៗ​ខ្លួន​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តល់​អត្រា​ការ​ប្រាក់​លើ​ប្រាក់​បម្រុង​កាតព្វកិច្ច​ចំនួន​ ៤,៥%​ នៃ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​បរទេស​ ខណៈ​ ៨%​ ដែល​នៅ​សល់​មិន​ត្រូវ​បាន​ផ្តល់​ជា​ការ​ប្រាក់​អ្វី​ឡើយ​ ហើយ​ខណៈ​ពេល​ដែល​ការ​ប្រាក់​មិន​ត្រូវ​បាន​ផ្តល់​ជូន​ផង​ដែរ​សម្រាប់​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​រៀល​។​25

​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​

​កសិកម្ម​

​គោលនយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​ គឺ​ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ តាម​រយៈ​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​ដើរតួ​ជា​កម្លាំង​ជំរុញ​សម្រាប់​កំណើនសេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​26 កសិកម្ម​គឺជា​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ទិន្នផល​ទៅ​លើ​វិស័យ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​កំណើន​បរិ​យា​បន្ន​សេដ្ឋកិច្ច​ ពីព្រោះ​ចំនួន​កម្លាំង​ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ស្ថិត​នៅ​ក្នុង​វិស័យ​នេះ​។​27 ក្នុង​ន័យ​នេះ​ ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ពី​ការ​ពង្រីក​ដី​កសិកម្ម​ ឬ​វិបុល​វប្បកម្ម​ ទៅ​ជា​ការ​ពង្រីក​ផលិតភាព​កសិកម្ម​ ឬ​ប្រពលវប្បកម្ម​កសិកម្ម​ ជា​ពិសេស​ដោយ​ការ​បង្កើន​ទិន្នផល​ដោយ​ប្រើ​ដី​ដែល​មាន​ស្រាប់​តាម​រយៈ​ការ​ពង្រឹង​ឲ្យ​បាន​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​ដាំ​ដុះ​ បាន​នឹង​កំពុង​ក្លាយជា​អាទិភាព​កំពូល​របស់​រដ្ឋាភិបាល​កម្ពុជា​។​28

ផែនទីប្រព័ន្ធអេកូឡូស៊ីស្រូវ និងដីដាំដំណាំនៅក្នុងប្រទេសកម្ពុជា

​កាលពី​ពេល​កន្លង​ទៅ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF)​ បាន​ដាក់​ចេញ​គោលនយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​ ដើម្បី​ធានា​ថា​កសិករ​ និង​សហគមន៍​របស់​ពួក​គេ​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ និង​បច្ចេកទេស​កសិកម្ម​កាន់តែ​ប្រសើរ​ឡើង​។​ លើស​ពី​នេះ​រដ្ឋាភិបាល​ក៏​បាន​ណែនាំ​ផង​ដែរ​នូវ​ឯកសារ​គោលនយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​។​ ជា​លទ្ធផល​ បរិមាណ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា​ ៦៧%​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៨​។​29

​ទេសចរណ៍​

​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទិស​ដៅ​ទេសចរណ៍វប្បធម៌​ និង​ធម្មជាតិ​ដ៏​ល្បីល្បាញ​មួយ​។​3031 វិស័យ​ទេសចរណ៍​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ និង​បាន​រួមចំណែក​ដល់​ជាង​ ១០%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ជាតិ​ (​ផសស​)​ ក្នុង​ទស​វត្ស​ឆ្នាំ​ ២០០០​។​ ក្នុង​នោះ​ វា​ត្រូវ​បាន​កំណត់​ថា​ជា​វិស័យ​អាទិភាព​កំពូល​ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ “​មាស​បៃតង​”​ ពីព្រោះ​វា​មិន​ត្រឹមតែ​បង្កើត​ឱកាស​ការងារ​ លើកកម្ពស់​ជីវភាព​ប្រជាជន​ និង​បង្កើត​ប្រាក់​ចំណូល​ជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ក្នុងស្រុក​ និង​បរទេស​ ក៏​ដូច​ជា​លំហូរ​រូបិយប័ណ្ណ​អន្តរជាតិ​ផង​ដែរ​។​ទាំង​អស់នេះ​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា​ទាំងមូល​។​3233

​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​ក្នុង​វិស័យ​នេះ​ ដូច​ជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ២០១២-២០២០​ ជាដើម​។​ ផែនការ​នេះ​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ តាម​រយៈ​យុទ្ធសាស្ត្រ​ជា​ច្រើន​រួម​មានការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ធ្វើ​ទីផ្សារ​ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ការ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​ ការ​ដឹក​ជញ្ជូន​ ការ​គ្រប់គ្រង​ផល​ប៉ះពាល់​ទេសចរណ៍​ សុវត្ថិភាព​ បទ​ប្បញ្ញត្តិ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​34​ ក្រសួងទេសចរណ៍​ក៏​មាន​កាតព្វកិច្ច​អនុវត្ត​គោលនយោបាយ​ផ្សេង​ទៀត​ផង​ដែរ​ ក្នុង​ការ​ធានា​នូវ​កំណើន​ និង​និរន្តរភាព​នៃ​វិស័យ​ទេសចរណ៍​ ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​ ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​ចលនា​ប្រកួតប្រជែង​ ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវាកម្ម​ល្អ​,​ បដិសណ្ឋារកិច្ច​ល្អ​ និង​ចលនា​កម្ពុជា​ស្អាត​រួម​គ្នា​ ជាមួយនឹង​ការ​ពង្រឹង​ឧស្សាហ​កម្មវិស័យ​ទេសចរណ៍​ផ្សេងៗ​ទៀត​ស្ថិត​នៅ​ក្រោម​ស្លាក​ សេវាកម្ម​មួយ​ ស្តង់ដារ​មួយ​។​3536

​ឧស្សាហកម្ម​

​នៅ​ចុង​ទស​វត្ស​ឆ្នាំ​ ១៩៩០​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ឆ្នាំ​ ១៩៩៨-២០០៣​ ដែល​មាន​គោលដៅ​សំខាន់​ពីរ​ គឺ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​តម្រង់​ទិស​ដៅ​នាំ​ចេញ​ និង​ការ​អភិវឌ្ឍ​ផលិតកម្ម​ជំនួស​ការ​នាំ​ចូល​ទំនិញប្រើប្រាស់​ដែល​បាន​ជ្រើសរើស​។​ ផែនការ​ដាក់​ចេញ​ឡើង​ផ្អែក​លើ​ការ​ទទួលស្គាល់​ថា​ កត្តា​ជំរុញ​កំណើន​ដូច​ជា​កសិកម្ម​ ទេសចរណ៍​ ផលិតកម្ម​កាត់ដេរ​ និង​សំណង់​ នឹង​មិន​អាច​ធានា​បាន​នូវ​កំណើន​ខ្ពស់​ក្នុង​រយៈពេល​វែង​នោះ​ទេ​។​37

​ជាមួយ​គោលដៅ​ដូច​គ្នា​នេះ​ដែរ​ រដ្ឋាភិបាល​បាន​បន្ត​រដាក់​ចេញ​ផែនការអភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥​ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​និរន្តរភាព​ និង​បរិ​យា​បន្ន​ តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​លើកកម្ពស់​ផលិតភាព​។​ គោលដៅ​នេះ​ធ្វើ​ឡើង​ផ្អែក​លើ​ការ​យល់​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុងស្រុក​ និង​ប្រជាសាស្ត្រ​ ក៏​ដូច​ជា​ការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង​ និង​ភាព​ងាយ​រង​គ្រោះ​របស់​កម្ពុជា​ទៅ​នឹង​វិបត្ដិ​ខាងក្រៅ​ផ្សេងៗ​។​38

​រដ្ឋាភិបាល​បាន​នឹង​កំពុង​កំណត់​ និង​គាំទ្រ​ប្រភព​សក្តានុពល​នៃ​កំណើន​ថ្មី​ទាំង​ផ្នែក​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ និង​ថ្មី​ ដោយ​ផ្អែក​លើ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥​ នេះ​។​ ជាក់ស្តែង​ ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ដោយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZs)​ រៀបចំ​ផែនការមេ​សម្រាប់​វិស័យ​ទេសចរណ៍​ អភិវឌ្ឍ​សេវាកម្ម​កម្សាន្ត​ និង​ជំរុញ​ការ​អភិវឌ្ឍ​លើ​ធនធានធម្មជាតិ​នៅ​ក្នុង​វិស័យ​ដូច​ជា​ឧស្សាហកម្ម​ប្រេង​ និង​ឧស្ម័ន​ជាដើម​។​39

ផែនទីទីតាំងតំបន់សេដ្ឋកិច្ចពិសេស និងប្លុកប្រែង និងឧស្ម័ននៅកម្ពុជា

​ក្នុង​នោះ​ដែរ​ ការ​លើកលែង​ពន្ធ​ត្រូវ​បាន​ផ្តល់​ជូន​លើ​ទំនិញ​អន្តរការី​នាំ​ចូល​ និង​លើ​ការ​នាំ​ចេញ​ទំនិញ​សម្រេច​។​40 ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ ក្នុង​គោលបំណង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ ដោយ​បង្កើត​ភាព​បើកចំហ​ និង​បរិយាកាស​អំណោយផល​សម្រាប់​វិនិយោគិន​ ឧទាហរណ៍​ការ​ការពារ​ឯកសិទ្ធិ​ និង​ផលប្រយោជន៍​របស់​វិនិយោគិន​។​41

​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​

​វិស័យ​ឯកជន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ដើរតួ​នាទី​ជា​អ្នក​បង្កើត​យុទ្ធសាស្ត្រ​ តួយ៉ាង​ដូច​ជា​ការ​បង្កើត​បរិយាកាស​អំណោយផល​ដល់​សហគ្រាស​ឯកជន​ និង​លើកកម្ពស់​ដំណើរការ​អភិវឌ្ឍន៍​ផ្សេងៗ​ជាដើម​។​4243​ រដ្ឋាភិបាល​បាន​ផ្តួចផ្តើម​យន្តការ​វេទិកា​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ (Government-Private​ Sector​ Forum)​ ដើម្បី​បង្កើត​ជា​វេទិកា​សម្រាប់​វិស័យ​ឯកជន​ដើម្បី​ពិភាក្សា​ និង​លើក​ឡើង​នូវ​ក្តី​កង្វល់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​របស់​ពួក​គេ​។​ គោលបំណង​នៃ​វេទិកា​គឺ​ដើម្បី​ពង្រឹង​ និង​ជួយ​ដល់​វិស័យ​ឯកជន​ឱ្យ​កាន់តែ​មាន​ផលិតភាព​ និង​បម្រើ​ជា​ក្បាលម៉ាស៊ីន​ សម្រាប់​កំណើនសេដ្ឋកិច្ច​។​ លើស​ពី​នេះ​ រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំទ្រ​ផ្សេង​ទៀត​ដូច​ជា​ការ​ធ្វើ​សមា​ហ​រ័​ណ​កម្ម​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ និង​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​សហគ្រាស​ឯកជន​។​ ជាក់ស្តែង​ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ បទ​ប្បញ្ញត្តិ​ និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគឯកជន​ ព្រមទាំង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​ជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​រវាង​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​។​44

​គោលនយោបាយ​សំខាន់​មួយទៀត​របស់​រដ្ឋាភិបាល​ គឺ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដើម្បី​លើកទឹកចិត្ត​ និង​ធ្វើ​ឱ្យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​មានការ​ប្រកួតប្រជែង​ និង​ផលិតភាព​ខ្ពស់​ជាង​មុន​ ដើម្បី​ធ្វើ​សមាហរណកម្ម​ខ្សែ​សង្វា​ក់​តម្លៃ​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ជា​ពិសេស​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម​សហគ្រាស​នៅ​ក្នុង​យុគសម័យ​ឧស្សាហកម្ម​ ៤.០​។​45​ អនុក្រឹត្យ​លេខ​ ១២៤​ អន​ក្រ​ បក​ បាន​ណែនាំ​អំពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ រួម​ទាំង​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ចាប់ពី​ ៣​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ​ សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ថ្មី​46​ ក៏​ដូច​ជា​ការ​បង្កើត​ធនាគារ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ (SME​ Bank)​ ដែល​មាន​គោលបំណង​ជួយ​សម្រួល​ដល់​លទ្ធភាព​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​47

​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​

​ជា​កា​ពិត​ណាស់​ ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​គួរ​ឱ្យ​កត់សម្គាល់​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​អត្ថប្រយោជន៍​ នៃ​ការ​ហូរ​ចូល​នូវ​វិនិយោគ​បរទេស​ (FDI)​។​ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ត្រូវ​បាន​សម្រេច​ តួយ៉ាង​ដោយ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារសេរី​ ជាមួយនឹង​ការ​បើកចំហ​ពាណិជ្ជកម្ម​ និង​លំហូរ​មូលធន​ដែល​គាំទ្រ​ដោយ​ជំនួយ​អភិវឌ្ឍន៍​នា​ន​ ការ​ចូល​ទៅ​កាន់​ទីផ្សារ​អនុគ្រោះ​ពន្ធ​នៃ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​48​ ក៏​ដូច​ជា​ការ​ហូរ​ចូល​នូវ​វិនិយោគ​បរទេស​ ខណៈ​ដែល​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាងច្រើន​ត្រូវ​បាន​ប៉ាន់ស្មាន​ចំនួន​ ១៣%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០១៨​។​ ជាក់ស្តែង​ ចិន​បាន​ក្លាយជា​វិនិយោគិន​ធំ​ជាងគេ​តែ​មួយ​ ឧទាហរណ៍​នៅ​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ប្រទេស​ចិន​មាន​ទំហំ​វិនិយោគ​ចំនួន​ ២៣%​ ស្មើនឹង​ ២,៧​ ពាន់​លាន​ដុល្លារ​ និង​ទំហំ​វិនិយោគ​ឯទៀត​ក្រៅពី​ចិន​នៅ​កម្ពុជា​មាន​ទំហំ​ ២៦%​ ដែល​មាន​តម្លៃ​ស្មើនឹង​ ៣,១​ ពាន់​លាន​ដុល្លារ​។​ បន្ទាប់​មក​ទៀត​គឺ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ រួម​មាន​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​សរុប​ចូល​គ្នា​មាន​ទំហំ​ ២២%​ នៅ​ឆ្នាំ​ ២០១៧​ និង​ទំហំ​ ២៥%​ ក្នុង​ឆ្នាំ​២០១៨​។​49

​លើស​ពី​នេះ​ ប្រទេស​កម្ពុជា​ក្រោម​បរិ​ប័​ទ​ពាណិជ្ជកម្ម​សេរី​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​កំរិតជីវភាព​រស់នៅ​របស់​ប្រជាជន​។​5051​ ចាប់តាំងពី​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​ ក្នុង​ឆ្នាំ​ ២០០៤​ និង​អាស៊ាន​នៅ​ឆ្នាំ​ ១៩៩៩​ ប្រទេស​កម្ពុជា​បាន​បន្ត​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​ខ្លួន​ និង​ធានា​នូវ​លំហូរ​ទំនិញ​ និង​សេវាកម្ម​ដោយ​សេរី​នៅ​ក្នុង​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​។52​ ដូច​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ធ្វើ​កំណែទម្រង់​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​53

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Dt4E7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!