ទឹកបានដើរតួនាទីគ្រឹះសម្រាប់ការអភិវឌ្ឍនានានៃប្រទេសមួយ។ ទោះជាយ៉ាងណាប្រទេសកម្ពុជាពិតជាមានចំណងជាក់លាក់ខ្លាំងទៅនឹងអ្វីដែលត្រូវបានហៅ មាសខៀវ ដូចដែលវាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលអំណោយទានដ៏ពិសិដ្ឋ ជាពិសេសធនធានទឹក។ ភ្នំគូលែននៃអតីតចក្រភពខ្មែរ មានភាពល្បីល្បាញដោយសារទឹកដ៏ពិសិដ្ឋ ហើយរាជធានីអង្គរវត្ត ក៏បានបង្ហាញពីប្រព័ន្ធធារាសាស្ត្រដ៏ទំនើបបំផុតនៃសម័យនោះផងដែរ។1
ប្រជាជនកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងទៅលើទឹកសាបជាជាងតំបន់ឆ្នេរសមុទ្រ ជាពិសេសជលផលទឹកសាប សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅ និងសម្រាប់ជាប្រភពប្រូតេអ៊ីនចម្បងរបស់ពួកគេ យ៉ាងណាមិញក៏ព្រោះតែអាកាសធាតុត្រូពិចរបស់ប្រទេសនេះ វាបាននាំឱ្យមានការឆ្លាស់គ្នានៃរដូវខ្វះទឹក និងរដូវទឹកច្រើនហួស។
ទន្លេមេគង្គ និងទន្លេសាបមានសារៈសំខាន់សម្រាប់ប្រព័ន្ធជលសាស្ដ្រកម្ពុជា ហើយវាជាប្រភពដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រូតេអ៊ីននៅកម្ពុជា ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។2 ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានផ្លាស់ប្តូរ ខណៈពេលដែលចំនួនប្រជាជនកំពុងតែកើនឡើង ហើយតម្រូវការទឹកកំពុងកើនឡើងជាមួយនឹងកង្វះការការពារដែលប្រកបដោយប្រសិទ្ធភាព។ កំណើនសេដ្ឋកិច្ចបាននាំឱ្យមានតម្រូវការទឹកខ្លាំងសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម ដែលធ្វើឱ្យមានការប្រកួតប្រជែងរវាងវិស័យទាំងនេះជាមួយនឹងវិស័យផ្សេងទៀត ហើយវាកំពុងតែធ្វើឱ្យមានការប៉ះពាល់ទាំងបរិមាណ និងគុណភាពទឹក។
ប្រទេសកម្ពុជាមានអត្រានៃការពឹងផ្អែកកម្រិត ៧៤.៧ ភាគរយទៅលើទឹកសាបកកើតឡើងវិញ ដែលចង្អុលបង្ហាញថា ស្ទើរតែ ៣/៤ នៃទឹកទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺបានមកពីប្រទេសផ្សេងទៀត មានដូចជា សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តាមរយៈទន្លេមេគង្គ។3 លំហូររហូតដល់ ៤៧១.៥១ គីឡូម៉ែត្រគូប/មួយឆ្នាំ បានហូរចេញប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមរយៈទន្លេមេគង្គ និងដៃរបស់វា។ នេះសបញ្ជាក់ឱ្យឃើញពី ភាពពឹងផ្អែកយ៉ាងខ្លាំងជារួមនៃបណ្តាប្រទេសទន្លេមេគង្គ និងភាពរងផលប៉ះពាល់របស់ពួកគេ ចំពោះសកម្មភាពនានារបស់ប្រទេសជិតខាងរបស់ពួកគេ ជាពិសេសសកម្មភាពរបស់ប្រទេសខ្សែទឹកខាងលើ។ ទឹកសាប ភាគច្រើនត្រូវបានមកពីទឹកភ្លៀងធ្លាក់ ខណៈពេលដែលតំបន់ព្រៃ និងផ្ទៃរងទឹកភ្លៀង មានសារៈសំខាន់សម្រាប់ផលិតភាព និងភាពទៀងទាត់របស់វា។
ជលវប្បកម្ម ដែលត្រូវបានទ្រទ្រង់ដោយដោយលំហូរទឹកសាបគ្រប់គ្រាន់ និងគ្មានជាតិពុលពីខ្សែទឹកខាងលើ គឺជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។4 មានការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមុន ដោយផលត្រីដែល ផលិតបានតាមរយៈជលវប្បកម្មនៅក្នុងឆ្នាំ២០១៤ មានចំនួន ១២០.៥៥ តោន ដែលជាចំនួនពីរដងនៃតួលេខឆ្នាំ ២០១០។5
កំនល្បាប់
តុល្យភាពនៃកំនល្បាប់នៅក្នុងបឹងបួរ និងទន្លេនៃប្រទេសកម្ពុជា គឺកំពុងមានការប្រែប្រួល។ មួយផ្នែកនៃការប្រែប្រួលនេះ បណ្តាលមកពីការសាងសង់ទំនប់នៅផ្នែកខ្សែទឹកខាងលើ ការហូរច្រោះនៃកំននៅតាមផ្នែកខ្លះនៃដងទន្លេមេគង្គកើនខ្ពស់ខុសពីធម្មតា ដែលនាំឱ្យមានបម្រែបម្រួលនានានៅអេកូឡូស៊ីត្រី និងកែប្រែជីជាតិដី។ កំនល្បាប់មានផ្ទុកនូវជីជាតិនានាសម្រាប់រុក្ខជាតិ និងប្រភេទពូជត្រីជាច្រើន។ ការផ្លាស់ប្តូរនៃតុល្យភាពកំណល្បាប់ អាចនឹងប៉ះពាល់ដល់ផលិតកម្មនៃទន្លេមេគង្គ ជាពិសេសផលិតផលត្រី និងស្រូវ។ បឹងទន្លេសាប មានលក្ខណៈសំខាន់ពិសេសសម្រាប់ទំនាក់ទំនងវារីថាមវន្តរបស់វា ជាមួយនឹងទន្លេមេគង្គ អមជាមួយនឹងដៃនានារបស់វា និងខ្សែទឹកដែលពាក់ព័ន្ធដ៏ទៃទៀត។ ប្រព័ន្ធអេកូទន្លេសាប និងមុខងាររបស់វា ត្រូវបានកំណត់ដោយអន្តរកម្មរបស់ពួកវាជាមួយនឹងទន្លេមេគង្គ។ ប្រព័ន្ធទន្លេទឹកទាំងពីរនេះនឹងមានការផ្លាស់ប្តូរអាស្រ័យតាមរដូវ។6
កំណើនទឹកឡើងខ្លាំងនៃទន្លេអំឡុងរដូវវស្សា បានប្តូលំហូរទឹកពីទន្លេមេគង្គចូលទៅក្នុងបឹងទន្លេសាប បំពេញបឹងនេះជាមួយទឹក និងកំនល្បាប់។ ប្រព័ន្ធជីពចរជំនន់ទឹកដែលមានតែមួយគត់នៅទូទាំងពិភពលោកនេះ មានភាពផុយស្រួយជាពិសេស និងផលប៉ះពាល់អេកូឡូស៊ីរយៈពេលយូរនៃបម្រែបម្រួលទឹក និងការផ្គត់ផ្គង់ដីល្បាប់ នៅតែមិនទាន់មានការស្វែងយល់បានច្បាស់នៅឡើយទេ។7 ជាសរុប ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា គឺកំពុងតែរឹតត្បិតការបន្តដំណើរដីល្បាប់នៅតាមបណ្តោយទន្លេមេគង្គ។8
ការគ្រប់គ្រងធនធានទឹក
ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹកនៅប្រទេសកម្ពុជា និងត្រួតពិនិត្យលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ដ្រ និងការគ្រប់គ្រងទឹកជំនន់។9 ក្រសួងនេះ ទទួលខុសត្រូវលើការគ្រប់គ្រងធនធានទឹកសាប និងសមុទ្រ ខណៈដែលក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកលើការផ្គត់ផ្គង់ទឹកនៅតាមជនបទ។10
ធនធានទឹកនៃប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងក្រោម ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកឆ្នាំ ២០០៧។11 ប្រសិទ្ធិភាព និងនិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធ ធារាសាស្ដ្រ និងការគ្រប់គ្រងធនធានទឹក នៅតែជាបញ្ហាប្រឈម សម្រាប់ភាគីពាក់ព័ន្ធមួយចំនួន រួមមាន ប្រជាកសិករ រដ្ឋាភិបាល វិស័យឯកជន និងអង្គការអភិវឌ្ឍមួយចំនួន។12
បញ្ហាទឹក
ទន្លេមេគង្គ ជាពិសេសអាងទន្លេមេគង្គក្រោម ត្រូវបានកត់សម្គាល់ឃើញថាជាតំបន់មួយដែលងាយទទួលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុខ្លាំង។13 ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យប៉ះពាល់ដល់វដ្តទឹក ដែលនាំឱ្យមានការផ្លាស់ប្តូរជលសាស្ត្រនៃទន្លេធំៗ និងដៃទន្លេ ព្រមទាំងទឹកក្រោមដីផងដែរ។ គ្រោះមហន្តរាយនានាដូចជា គ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួត នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជន និងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ជាឧទាហរណ៍ ក្នុងខែមីនា ឆ្នាំ២០១៦ កម្រិតទឹកទន្លេមេគង្គត្រូវបានធ្លាក់ចុះប្រមាណ ៣០-៥០ភាគរយជាងកម្រិតមធ្យមរបស់វាក្នុងរយៈពេលដដែលនៃឆ្នាំនោះ។14 ក្នុងខែឧសភា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM)បានឱ្យដឹងថា មានប្រជាជនចំនួន ២.៥លាននាក់ដែលបានទទួលរងគ្រោះដោយផ្ទាល់ពីគ្រោះរាំងស្ងួត។15
ប្រព័ន្ធអេកូឡូស៊ីទឹក មានសក្តានុពលនៃការគំរាមកំហែងខ្ពស់ដោយសារបំរែបម្រួលនៃការប្រើប្រាស់ដី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកង្វក់ដែលបណ្តាលមកពីសកម្មភាព កសិកម្ម និងនេសាទដែលមិនមានលក្ខណៈនិរន្តភាព។ ជាពិសេសការគំរាមកំហែងប្រព័ន្ធអេកូជាក់លាក់នៃទន្លេសាប គឺជាការព្រួយបារម្ភបំផុតសម្រាប់ភាពកំសោយរបស់វា។16
គម្រោងទំនប់វារីអគ្គិសនីធំៗ ត្រូវបានបណ្តាប្រទេសមួយចំនួននៃតំបន់ទន្លេមេគង្គ គ្រោង និងកំពុងសាងសង់នៅលើដងទន្លេនេះ រួមទាំងដៃទន្លេនានា នឹងផ្តល់ជាសញ្ញាណប៉ះពាល់អវិជ្ជមានដល់សហគមន៍ និងបណ្តាប្រទេសដទៃទៀតដែលស្ថិតនៅខ្សែទឹកខាងក្រោម ដែលក្នុងនោះរួមមានទាំងប្រទេសកម្ពុជា ផងដែរ។17
កាលពីខែតុលាឆ្នាំ ២០១៧ គណៈកម្មការទន្លេមេគង្គ បានកត់សម្គាល់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា និងប្រទេសវៀតណាមកំពុងខ្វះប្រព័ន្ធមួយ ដើម្បីការព្យាករ និងការគ្រប់គ្រងទឹកជំនន់ដែលមានប្រសិទ្ធិភាព នៅក្នុងអាងទន្លេសេសាន និងស្រែពក។18
បានធ្វើបច្ចុប្បន្នភាព៖ ១៦ វិច្ឆិកា ២០១៧
ទាក់ទងនឹងធនធានទឹក
ឯកសារយោង
- 1. អង្គការUNESCO. “អង្គរ”. ចូលអានថ្ងៃទី ០១ កុម្ភៈ ២០១៧។ http://whc.unesco.org/en/list/668
- 2. អង្គការអភិរក្សអន្តរជាតិ. (២០១៦). បឹងទន្លេសាប៖ ការអភិរក្សប្រភពផលិតត្រីនៅកម្ពុជា. http://www.conservation.org/projects/Pages/tonle-sap-lake-conserving-cambodia-fish-factory-mekong.aspx
- 3. FAO AQUASTATS. http://www.fao.org/nr/water/aquastat/data/query/results.html
- 4. អូច ឡង់. (២០១៤). “ស្ថានភាពបច្ចុប្បន្ននៃការធ្វើជលវប្បកម្មប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា”។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលនៅតំបន់អាស៊ីអាគ្នេយ៍។ ចូលអានថ្ងៃទី ២១ ខែឧសភា ២០១៧។ https://repository.seafdec.org.ph/bitstream/handle/10862/2761/LangO2015.pdf?sequence=1&isAllowed=y
- 5. H. Leap. (2015). “ទិដ្ឋភាពទូទៅនៃវិស័យជលវប្បកម្មជាតិ. ប្រទេសកម្ពុជា. ឯកសារសង្ខេបព័ត៌មានទិដ្ឋភាពទូទៅនៃវិស័យជលវប្បកម្ម”. នាយកដ្ឋានជនផល និងជលវប្បកម្មនៃអង្គការFAO។ ចូលអានថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៧។ http://www.fao.org/fishery/countrysector/naso_cambodia/en
- 6. G. Holtgrieve, M. Arias, K. Irvine, D. Lamberts, E. Ward, M. Kummu, J. Koponen, J. Sarkkula, J. Richey. (២០១៣). “លំនាំនៃប្រព័ន្ធអេកូឡូស៊ីមេតាប៉ូលីក្នុងបឹងទន្លេសាប, ប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ទៅការនេសាទ”។ PLoS ONE។ ចូលអានថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧។ http://journals.plos.org/plosone/article?id=10.1371/journal.pone.0071395#s4
- 7. G. Holtgrieve, and al. (២០១៣). “លំនាំនៃប្រព័ន្ធអេកូឡូស៊ីមេតាប៉ូលីក្នុងបឹងទន្លេសាប, ប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ទៅការនេសាទ” Ed. Z. Daniel Deng. PLoS ONE. ចូលអានថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៧។ https://www.ncbi.nlm.nih.gov/pmc/articles/PMC3742785/
- 8. E. Baran, E. Guerin, J. Nasielski. (២០១៥). “តើវារីអគ្គិសនីនឹងនាំឱ្យប៉ះពាល់ដល់ផលិតភាពទឹក និងការផ្គត់ផ្គង់ស្បៀងអាហារយ៉ាងដូចម្តេច.” អង្គការ WorldFish, និង CGIAR កម្មវិធីស្រាវជ្រាវស្តីពីទឹក,ដី និងប្រព័ន្ធបរិស្ថាន (WLE). https://cgspace.cgiar.org/rest/bitstreams/72883/retrieve
- 9. ច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម. ១៩៩៣.
- 10. ដូចលេខយោងខាងលើ
- 11. ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក. ២០០៧.
- 12. ណង ភីរុណ, ខៀវ ដារ៉ាវី, Philip Hirsch, និង Isabelle Whitehead. “ការកែលម្អអភិបាលកិច្ចធនធានទឹកនៅកម្ពុជា.” វិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជា (CDRI). ១ មិថុនា ២០១១. ដកស្រង់ ២៣ ឧសភា ២០១៥. http://www.cdri.org.kh/webdata/download/wp/wp54e.pdf
- 13. Talberth, John. Reytar, Katie. ការប្រែប្រួលអាកាសធាតុនៅទន្លេមេគង្គក្រោម. ញូវយ៉ក៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ២០១៤. ដកស្រង់ ៧ ឧសភា ២០១៥. http://mekongarcc.net/sites/default/files/usaid_marcc_values_at_risk_report_with_exesum-revised.pdf
- 14. វៀតណាមធ្វើរបាយការណ៍បូកសរុបលើបញ្ហាគ្រោះរាំងស្ងួតនិងការឈ្លានពានទឹកប្រៃ, តុលា ២០១៥–ថ្ងៃទី១០ មីនា ២០១៦, UNDRMT. ចូលអានថ្ងៃទី ២៧ មិថុនា ២០១៦។http://reliefweb.int/sites/reliefweb.int/files/resources/Vietnam%20Consolidated%20Report%20on%20Drought%202015-2016-Final_11%20Mar%202016.pdf
- 15. Igor Kossov, ឧសភា ២០១៦, “ការជីកអណ្តូងកាន់តែជ្រៅទាមទារការចំណាយកាន់តែច្រើន”, ការសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១១ ឧសភា ២០១៦។ចូលអានថ្ងៃទី ២៧ មិថុនា ២០១៦។ http://www.phnompenhpost.com/national/digging-deeper-wells-costs-more
- 16. កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ. ការប្រែប្រួលអាកាសធាតុ និងធនធានទឹក. របាយការណ៍ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ២០១១. ភ្នំពេញ៖ ២០១១. ដកស្រង់ ២២ ឧសភា ២០១៥. http://bit.ly/1Bq9C7y.
- 17. គណៈកម្មាធិការជាតិជីវៈចម្រុះ, ក្រសួងបរិស្ថាន. របាយការណ៍ជាតិលើកទីប្រាំ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ. ភ្នំពេញ៖ ២០១៤. ដកស្រង់ ២០ ឧសភា ២០១៥. https://www.cbd.int/doc/world/kh/kh-nr-05-en.pdf
- 18. Yesenia Amaro, ២០១៧. “កង្វះខាតការគ្រប់គ្រងទឹកជំនន់”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៧។ http://www.phnompenhpost.com/national/flood-control-lacking