ធនាគារអភិវឌ្ឍន៏អាស៊ី (ADB)

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៦​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ម៉ា​នី​ឡា​ ហើយ​បច្ចុប្បន្ន​នេះ​មាន​សមាជិក​ចំនួន​ ៦៨​ ស្ថិត​ក្រោម​ស្ថាប័ន​របស់​ខ្លួន​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​គោលបំណង​ជួយ​សមាជិក​ និង​ដៃគូ​ដោយ​ផ្តល់​ឥណទានសម្បទាន ជំនួយ​បច្ចេកទេស​ ហិរញ្ញប្បទានឥតសំណង​ និង​ការ​វិនិយោគ​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​1​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ផ្តល់​ជំនួយ​ និង​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៦​ ហើយ​ជា​ដៃគូ​អភិវឌ្ឍន៍​ពហុភាគី​ដ៏​សំខាន់​មួយ​សម្រាប់​ព្រះរាជាណាចក្រ​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ ការ​បង្កើន​ការ​ប្រកួតប្រជែង​ ការ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ កំណើន​បៃតង​ កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​អភិបាលកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​2​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​មាន​គោលបំណង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​3​ ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​គោលបំណង​បន្ត​ផ្តល់​នូវ​លទ្ធផល​ល្អ​តាម​រយៈ​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ប្រទេស​។​ ចាប់តាំងពី​ឆ្នាំ​ ១៩៩៦​ មក​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ផ្តល់​ជូន​ប្រហែល​ ៤,៥​ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ដូច​ជា​ឥណទានសម្បទាន ជំនួយ​បច្ចេកទេស​ ហិរញ្ញប្បទានឥតសំណង​ដែល​ក្នុង​នោះ​ ៧៨២,៧​ លាន​ដុល្លារ​ជា​ផ្នែក​នៃ​សហ​ហិរញ្ញប្បទាន​។​4​ ចាប់ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​២០២១​ គម្រោង​ និង​កម្មវិធី​ជំនួយ​បច្ចេកទេស​ប្រហែល​ ៤០៣​ ត្រូវ​បាន​អនុវត្ត​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​រួម​មាន​ដូច​ជា​5

  • ​ផ្នែក​អប់រំ​
  • ​ផ្នែក​ទឹក​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​
  • ​ផ្នែក​ថាមពល​
  • ​ផ្នែក​ដឹក​ជញ្ជូន​
  • ​ផ្នែក​កសិកម្ម​ និង​ការ​អភិវឌ្ឍន៍ជនបទ​
  • ​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ​
  • ​ផ្នែក​ហិរញ្ញវត្ថុ​
  • ​ផ្នែក​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​
  • ​ផ្នែក​សុខភាព​ជាដើម​ ល​។​

​ជំនួយ​ និង​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា​

ក្នុង​វិស័យ​អប់រំ​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​គាំទ្រ​គម្រោង​មួយ​ចំនួន​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដូច​ជា​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​លើក​ទី​ ៣​ (Third​ Education​ Sector​ Development​ Program)​ (២០១៣-២០១៨)6​ គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​ ២​ (Second​ Upper​ Secondary​ Education​ Sector​ Development​ Program)​ (២០១៨-២០២៥)​ 7​ និង​ការ​ពង្រឹង​បច្ចេកទេស​ និង​គម្រោង​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ (Strengthening​ Technical​ and​ Vocational​ Education​ and​ Training​ Project)​ (២០០៩-២០១៥)​។​ បរិក្ខារ​អប់រំ​ថ្មីៗ​ និង​កែ​លម្អ​ក៏​ត្រូវ​បាន​សាងសង់​នៅ​តាម​តំបន់​ជនបទ​ និង​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្សានុសិស្ស​ប្រមាណ​ ៤០០,០០០​ នាក់​ដែល​ក្នុង​នោះ​មាន​និស្សិត​ស្រី​ចំនួន​ ១៨០,០០០​ នាក់​។​8​ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​លើ​ការ​លើកកម្ពស់​ជំនាញ​ សមត្ថភាព​ និង​ចំណេះដឹង​របស់​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​ តាម​រយៈ​គម្រោង​លើកកម្ពស់​គុណភាព​អប់រំ​ (Enhancing​ Education​ Quality​ Project)​ ចំនួន​ ២៧​ លាន​ដុល្លារ​។​ (២០០៨-២០១៤)​។​9

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ធនធានទឹក​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​អនុវត្ត​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​រួម​មាន​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​នៅ​ទន្លេសាប​ (Tonle​ Sap​ Rural​ Water​ Supply​ and​ Sanitation​ Sector​ Project)​ (២០០៦-២០១០)10​ គម្រោង​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ជនបទ​លើក​ទី​ ២​ (Second​ Rural​ Water​ Supply​ and​ Sanitation​ Sector​ Project)​ (២០០៩-២០១៥)​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ជួយ​ដល់​គ្រួសារ​ជនបទ​ជាង​ ១០០,០០​ ដើម្បី​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ ខណៈ​ដែល​ ៥០,០០០​ គ្រួ​សារបាន​ដំឡើង​អនាម័យ​ថ្មី​ ឬ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​រវាង​ឆ្នាំ​២០១១​ និង​ ២០១៧​។​11​ ទន្ទឹម​នឹង​នោះ​ នៅ​ឆ្នាំ​២០១៩​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​ផ្តល់​ប្រាក់​កម្ចី​បន្ថែមចំនួន​ ៤៩​ លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ជនបទ​លើក​ទី​ ៣​ (Third​ Rural​ Water​ Supply​ and​ Sanitation​ Services​ Sector​ Development​ Program)​ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​ផ្តល់​ទឹក​ស្អាត​នៅ​ទី​ជនបទ​។​12

កសិករ​ពីរ​នាក់កំពុងប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ។ រូបភាព​ ដោយ​ ធនាគារពិភពលោក, ថត​នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៣​។ ក្រោម​អាជ្ញាប័ណ្ណ​ CC​ BY-NC-ND​ 2.0​។​

​ ​ដើម្បី​រួមចំណែក​ដល់​វិស័យ​កសិកម្ម​របស់​កម្ពុជា​ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ជនបទ​ វិនិយោគ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ទឹក​ ដែល​នាំ​មក​នូវ​ដំណាំ​ដែល​មាន​តម្លៃ​ខ្ពស់​ និង​បច្ចេកទេស​ដាំ​ដុះ​ស្រូវ​ដល់​កសិករ​។​13​កសិករ​ច្រើន​ជាង​ ៤០០,០០០​ នាក់​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​ការ​អនុវត្ត​កសិកម្ម​ និង​អាជីវកម្ម​ល្អ​ពី​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​ពង្រីក​ការ​យល់​ដឹង​របស់​ពួក​គេ​នៃ​ឱកាស​ទីផ្សារ​ និង​ពត៍​មាន​។​ លើស​ពី​នេះ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ផ្តួចផ្តើម​ និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍ជនបទ​នៅ​តំបន់​ទំនាប​បឹង​ទន្លេសាប​ (Tonle​ Sap​ Lowlands​ Rural​ Development​ Project)14​ និង​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​បឹង​ទន្លេសាប​ និង​អភិវឌ្ឍន៍​ខ្នាត​តូច​ (Tonle​ Sap​ Poverty​ Reduction​ and​ Smallholder​ Development​ Project)​ ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជនបទ​ប្រកបដោយ​និរន្តរភាព​។​15

ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ប្រកបដោយ​និរន្តរភាព​ដែល​ទាមទារ​ឱ្យ​មានការ​កែ​លម្អ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​កំណត់​ថា​ការ​ភ្ជាប់​តំបន់​ជនបទ​ និង​ទីក្រុង​មាន​សារៈសំខាន់​សម្រាប់​ការ​កែ​លម្អ​ការ​ដឹក​ជញ្ជូន​។​ ចាប់ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​២០១៨​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បែងចែក​ប្រាក់​កម្ចី​ជំនួយ​ និង​សហ​ហិរញ្ញប្បទាន​ចំនួន​ ៦៩២,១៨​ លាន​ដុល្លារ​ដែល​ស្មើនឹង​ ១៨%​ នៃ​ជំនួយ​សរុប​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដល់​កម្ពុជា​។​16​ គម្រោង​ដូច​ជា​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ (Rural​ Road​ Improvement​ Project)​ (២០១១-២០១៥)​ និង​គម្រោង​កែ​លម្អ​ផ្លូវ​ខេត្ត​ (Provincial​ Roads​ Improvement​ Project)​ (២០១២-២០១៧)17​ ត្រូវ​បាន​អនុវត្ត​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ផ្លូវថ្នល់​ ផ្លូវដែក​ និង​កំពង់​ផែ​។​ ផ្លូវ​ជនបទ​ និង​ផ្លូវ​ខេត្ត​ប្រមាណ​ ១,៧១០​ គីឡូម៉ែត្រ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ដើម្បី​បង្កើន​កា​រត​ភ្ជាប់​រវាង​តំបន់​ជនបទ​ និង​ទីក្រុង​ ខណៈ​ពេល​ដែល​ផ្តល់​ឱ្យ​អ្នកស្រុក​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​សុខភាព​ កន្លែងធ្វើការ​ កន្លែង​សិក្សារ​ និង​ផ្សារ​។​18 ​ប្រជាពលរដ្ឋ​ប្រហែល​ ៣០០,០០០​ នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​ និង​រុក្ខ​គិរី​ក្នុង​ខេត្តបាត់ដំបង​មាន​សិទ្ធិ​ចូល​ទៅ​កាន់​ផ្លូវជាតិ​លេខ​ ៥​ និង​ភ្នំពេញ​ និង​ប៉ោយ​ប៉ែ​ត​នៅ​ព្រំដែន​ថៃ​ ហើយ​ប្រជាពលរដ្ឋ​ ៥០០,០០០​ នាក់​ផ្សេង​ទៀត​នៅ​ជុំវិញ​បឹង​ទន្លេសាប​មាន​លទ្ធភាព​ប្រើប្រាស់​ផ្លូវថ្នល់​ដែល​ល្អ​ជាង​មុន​។​19

កម្ចី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩

បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​បណ្តាល​ឱ្យ​មានការ​បាត់បង់​ការងារ​ប្រមាណ​ ៣៩​ ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២០​ ហើយ​បាន​រារាំង​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ បើ​ធៀប​នឹង​ការ​រីក​ចម្រើន​កាលពី​ឆ្នាំ​មុនៗ​។​20​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​បែប​នេះ​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ២៥០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០21​ ជាមួយនឹង​ទឹកប្រាក់​បន្ថែមចំនួន​ ៣០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ប្រព័ន្ធ​ថែទាំ​សុខភាព​ ផ្តល់​កញ្ចប់​ថវិការ​ដល់​អាជីវកម្ម​ និង​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​។​22

​បញ្ហា​ប្រឈម​ក្នុង​ប្រតិបត្តិការ​

​ទោះបីជា​សម្រេច​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​លើ​គម្រោង​ភាគច្រើន​ក៏​ដោយ​ របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បង្ហាញ​ថា​ប្រតិបត្តិការ​នេះ​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​មួយ​ចំនួន​ដូច​ជា​ការ​ពន្យារពេល​គម្រោង​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​កម្រិត​សមត្ថភាព​នៃ​ភ្នាក់ងារ​ប្រតិបត្តិ​។​23​ ដោយ​ទទួលស្គាល់​ពី​តម្រូវការ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ ធនាគារអភិវឌ្ឍន៍អាស៊ី​សហការ​ជាមួយ​រដ្ឋាភិបាល​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ និង​ធនាគារពិភពលោក​កំពុង​អនុវត្ត​ផែនការ​សកម្មភាព​រួម​គ្នា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​គម្រោង​របស់​ខ្លួន​នៅ​កម្ពុជា​។​ លើស​ពី​នេះ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​ចូលរួម​ជាមួយ​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​ការ​ប្រើប្រាស់​ធនធាន​សម្រាប់​ប្រតិបត្តិការ​ និង​ការ​ថែទាំ​អោយ​មាន​ប្រសិទ្ធភាព​។​24

​ទាក់ទង​នឹង​ធនាគារអភិវឌ្ឍន៍អាស៊ី​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rWV6C
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!